លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញពីការគោរពដល់វិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តម សីហនុ ក្នុងពិធីរំឭកខួប ៩ឆ្នាំនៃការយាងសោយទិវង្គតព្រះបរមរតនកោដ្ឋសម្ដេចព្រះនរោត្ដម សីហនុ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ និងសូមឱ្យព្រះអង្គយាងបដិសន្ធិក្នុងព្រះបរមសុគតិភព។
ទោះជាលោក ហ៊ុន សែន បានសម្ដែងការគោរពបែបនេះក្តី ប៉ុន្តែអតីតព្រះមហាក្សត្រខ្មែរអង្គនេះក៏ធ្លាប់រងការគំរាមកំហែងពីមេដឹកនាំដែលរដ្ឋាភិបាលវៀតណាមលើកបន្តុបរូបនេះដែរ។
ប្រមុខរដ្ឋាភិបាលកម្ពុជា បានសរសេរលើទំព័រ Facebook របស់ខ្លួននៅថ្ងៃនេះថា ប្រជារាស្ត្រទូទាំងប្រទេស ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ បាននាំគ្នាសម្ដែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតចំពោះព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ និងបូជាព្រះរាជកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា។
ក្រៅពីលោក ហ៊ុន សែន សរសេរសារបែបនេះនៅលើបណ្ដាញសង្គមរបស់គាត់ គឺនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ នេះ មន្ត្រីរាជការគ្រប់ក្រសួងស្ថាប័នកំពូលៗរបស់កម្ពុជាទាំងអស់ ដូចជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង និងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ជាដើម បាននាំគ្នាទៅគោរពបូជារូបសំណាកព្រះករុណាព្រះបាទនរោត្តម សីហនុ ដែលតម្កល់នៅជិតវិមានឯករាជ្យក្នុងទីក្រុងភ្នំពេញ។
ព្រះបាទនរោត្តម សីហនុ ប្រសូតនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២១ ហើយព្រះអង្គបានសោយរាជ្យលើកទី១ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៤១ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ១៩៥៥ និងសោយរាជ្យលើកទី២ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០០៤។ ព្រះអង្គបានសុគតនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងទីក្រុងប៉េកាំង ប្រទេសចិន ដោយរោគាពាធ។
ជុំវិញថ្ងៃខួប ៩ឆ្នាំនៃអតីតព្រះមហាក្សត្រខ្មែរអង្គនេះ ប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ លោក ម៉ែន ណាត បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃនេះថា ខួប ៩ឆ្នាំនៃការសោយទិវង្គតរបស់ព្រះបាទនរោត្តម សីហនុ ធ្វើឲ្យពលរដ្ឋ និងបញ្ញវន្តខ្មែរជាច្រើនបានរំឭកដល់ព្រះរាជគុណ និងស្នាព្រះហស្តរបស់ព្រះអង្គដែលបានជួយកម្ពុជាឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដើម្បីថែរក្សាបូរណភាពទឹកដីរបស់កម្ពុជាដល់សព្វថ្ងៃនេះ។
លោកលើកឡើងថា បើអ្នកនយោបាយខ្មែរគ្រប់ភាគីពិតជានៅចងចាំព្រះរាជសកម្មភាព វីរភាព និងគោរពដឹងព្រះរាជគុណពីកិច្ចខិតខំប្រឹងប្រែងរបស់ព្រះអង្គក្នុងការបង្រួបបង្រួមជាតិពិតមែននោះ ពួកគេគួរតែនាំគ្នាបញ្ចប់នយោបាយវាយប្រហារគ្នាទៅវិញទៅមក ដែលធ្វើឱ្យមានការបែកបាក់ជាតិកាន់តែខ្លាំង។ ផ្ទុយទៅវិញ ពួកគេគួរតែងាកទៅរកការចរចាដើម្បីបង្រួបបង្រួម សាមគ្គីជាតិ ដូចព្រះរាជតម្រិះព្រះករុណា ព្រះបាទនរោត្តម សីហនុ ធ្លាប់បានដឹកនាំរកការផ្សះផ្សាជាតិកន្លងមក។
ចំណែកប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី១៥ ខែតុលា នេះផងដែរថា លោកសូមរំឭកដឹងគុណដល់ស្នាព្រះហស្តរបស់អតីតព្រះមហាវីរក្សត្រខ្មែរ ក្រោមព្រះរាជសកម្មភាពខិតខំប្រឹងប្រែងរបស់ព្រះអង្គ អាចជួយឱ្យកម្ពុជាទទួលបានឯករាជ្យជាតិពីអាណានិគមបារាំង នៅឆ្នាំ១៩៥៣ ការឈ្នះក្តីលើប្រាសាទព្រះវិហារពីប្រទេសថៃ នៅឆ្នាំ១៩៦២ និងការបង្រួបបង្រួមជាតិឡើងវិញពីឆ្នាំ១៩៩១ ផងដែរ។
បណ្ឌិត យ៉ង សាំងកុមារ លើកឡើងថា ក្រោយអវត្តមានព្រះករុណាព្រះបាទនរោត្តម សីហនុ ពេលនេះកម្ពុជាហាក់ដូចជាបាត់បង់នូវភាពជាអ្នកដឹកនាំដើម្បីបង្រួបបង្រួមជាតិ និងរកការឯកភាពជាតិតាមគោលការណ៍សេរីពហុបក្សពិតប្រាកដ ដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ។
ជុំវិញបញ្ហានេះ មេដឹកនាំកម្ពុជាដែលប្តូរផ្តាច់កាន់អំណាចគ្មានពេលកំណត់ លោក ហ៊ុន សែន ធ្លាប់បានប្រកាសនៅខេត្តត្បូងឃ្មុំ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ថា មានតែត្រកូល «ហ៊ុន» ប៉ុណ្ណោះដែលជាអ្នកធានាការពារប្រទេសកម្ពុជា រដ្ឋធម្មនុញ្ញ ជាពិសេសរបបរាជានិយម។
យ៉ាងណាក៏ដោយ កាលពីឆ្នាំ២០០៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់បានគំរាមរំលាយរបបរាជានិយម ហើយដាក់ជំនួសមកវិញនូវរបបសាធារណរដ្ឋផងដែរ ប្រសិនបើសម្ដេចព្រះនរោត្តម សីហនុ មិនព្រមឡាយព្រះហស្តលេខាលើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ស្ដីពីព្រំដែនកម្ពុជា-វៀតណាម ដើម្បីឱ្យបក្សកាន់អំណាចអាចចុះកិច្ចព្រមព្រៀងខុសច្បាប់នានាជាមួយរដ្ឋាភិបាលវៀតណាម បានបន្តទៀតទេនោះ៕