មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលកម្ពុជា ប្រកាសឱ្យពលរដ្ឋដែលមានវ័យចំណាស់ ស្ត្រីមានផ្ទៃពោះ ស្ត្រីបំបៅកូនដោយទឹកដោះ អ្នកដែលបានព្យាបាលជាសះស្បើយពីជំងឺផ្សេងៗ អ្នកកំពុងមានជំងឺ Covid-19 និងអ្នកមានជំងឺប្រចាំកាយផ្សេងទៀតទៅចាក់វ៉ាក់សាំងប្រឆាំងវីរុស Covid-19 ដើម្បីបញ្ចៀសពីស្លាប់ដោយសារជំងឺឆ្លងនេះឱ្យបានទាន់ពេល។
អ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃអង្គារ សប្តាហ៍នេះថា ដើម្បីកាត់បន្ថយសភាពធ្ងន់ធ្ងរនៃជំងឺ និងកាត់បន្ថយអត្រានៃអ្នកស្លាប់ដោយសារជំងឺ Covid-19 ពលរដ្ឋខ្មែរត្រូវតែនាំគ្នាទៅចាក់ថ្នាំបង្ការជំងឺ Covid-19 ឱ្យបានគ្រប់ៗគ្នា ព្រោះថាក្រសួងបានសង្កេតឃើញថា អ្នកដែលស្លាប់ដោយសារជំងឺ Covid-19 ភាគច្រើនពួកគេមិនបានចាក់ថ្នាំបង្ការជំងឺ Covid-19 នោះទេនាពេលកន្លងមក។
មន្ត្រីដដែលអះអាងថា វិធានការចាក់វ៉ាក់សាំងបង្ការដល់ពលរដ្ឋ គឺដើម្បីបង្កើតភាពស៊ាំក្នុងខ្លួន និងក្នុងសហគមន៍ ដើម្បីទប់ទល់ពីការវាយលុកនៃជំងឺ Covid-19 ដែលកំពុងរាតត្បាតនៅកម្ពុជានៅពេលនេះ ជាពិសេសជំងឺ Covid-19 បំប្លែងខ្លួនថ្មីប្រភេទ DELTA ដែលកំពុងវាយលុកក្នុងសហគមន៍។
នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាលកម្ពុជា បានអំពាវនាវឱ្យពលរដ្ឋដែលមានវ័យចំណាស់ ស្ត្រីមានផ្ទៃពោះ ស្ត្រីបំបៅកូនដោយទឹកដោះ អ្នកដែលបានព្យាបាលជាសះស្បើយពីជំងឺផ្សេងៗ អ្នកកំពុងមានជំងឺ Covid-19 និងអ្នកមានជំងឺប្រចាំកាយផ្សេងទៀត នាំគ្នាចាក់វ៉ាក់សាំងប្រឆាំងវីរុស Covid-19 ឱ្យបានគ្រប់ៗគ្នានៅតាមមូលដ្ឋានរបស់ខ្លួន។
ការអំពាវនាវឱ្យអ្នកមានជំងឺ Covid-19 និងអ្នកមានផ្ទៃពោះ ជាដើម ទៅទទួលយកវ៉ាក់សាំងប្រឆាំងវីរុស Covid-19 នេះ គឺជាការប្រកាសលើកដំបូងហើយរបស់ក្រសួងសុខាភិបាលកម្ពុជា បន្ទាប់ការប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងលើមនុស្សពេញវ័យ និងកុមារក្រោមអាយុ ១២ឆ្នាំរួចមក។
ទាក់ទិននឹងការទប់ស្កាត់ការឆ្លងវីរុស Covid-19 នេះ ក្រសួងសុខាភិបាលបានអះអាងកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ នេះថា ក្រសួងបានចាក់វ៉ាក់សាំង Covid-19 ដល់មនុស្សពេញវ័យដូសទី១ បានជាង ១៣លាន ៦សែននាក់ហើយ រីឯដូសទី២ បានជាង ១២លាន ៧សែននាក់ ចំណែកអ្នកចាក់ដូសទី៣ មានចំនួនជាង ១លាន ៤សែននាក់ផងដែរ។ ដោយឡែកកុមារក្រោមអាយុ ១៨ឆ្នាំ ចាក់បាន ៩០,៣៣% និងកុមារក្រោមអាយុ ១២ឆ្នាំចាក់បានចំនួន ៩៩,០៤% ហើយនៅពេលនេះ។
ជុំវិញបញ្ហានេះ ក្រសួងបង្ហាញរបាយការណ៍របស់ខ្លួននៅថ្ងៃទី១៩ ខែតុលា នេះថា អ្នកដែលបានស្លាប់ដោយសារជំងឺ Covid-19 នៅថ្ងៃអង្គារ នេះ មានចំនួន ១១នាក់ ក្នុងនោះមាន ៨នាក់មិនបានចាក់វ៉ាក់សាំងប្រឆាំងវីរុស Covid-19 នោះទេ ដោយឡែកអ្នកស្លាប់ដោយសារជំងឺ Covid-19 កាលពីថ្ងៃចន្ទ មានចំនួន ១២នាក់ ក្នុងនោះមាន ៨នាក់មិនបានចាក់ថ្នាំបង្ការជំងឺ Covid-19 នេះផងដែរ។
ក្រសួងបញ្ជាក់ថា មកទល់នឹងពេលនេះ អ្នកស្លាប់ដោយសារវីរុស Covid-19 សរុបបានកើនឡើងជាង ២៦០០នាក់ ខណៈអ្នកឆ្លងសរុបបានកើនឡើងជាង ១សែន ១ម៉ឺននាក់ និងអ្នកដែលជាសះស្បើយសរុបមានចំនួនជាង ១សែន ១ម៉ឺននាក់៕