29 C
Phnom Penh

អង្គការ​សមាគម​ជាច្រើន​បន្ត​ធ្វើ​យុទ្ធនាការ​ស្នើសុំ​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន និង​សកម្មជន​សង្គម​ផ្សេង​ទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស​នៅ​កម្ពុជា បាន​នាំគ្នា​ធ្វើ​យុទ្ធនាការ​នៅ​សប្តាហ៍​ទី​១១ នេះ ស្នើសុំ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ខណៈ​ក្រុម​អ្នក​ឃ្លាំមើល​លើកឡើង​ថា ការ​ចាប់​ខ្លួន​សកម្មជន​សង្គម​នេះ នាំ​ឲ្យ​មាន​ក្តី​បារម្ភ​ជា​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ។

អង្គការ​សមាគម​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា បាន​ធ្វើ​យុទ្ធនាការ​របស់​ខ្លួន​លើ​បណ្ដាញ​សង្គម​បន្ត​ទៀត​ហើយ​នៅ​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០២១ នេះ ដើម្បី​សុំ​ឱ្យ​មាន​ការ​ដោះលែង​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ដែល​តែងតែ​ធ្វើការ​បញ្ចេញ​មតិ​ដើម្បី​សិទ្ធិ​សេរីភាព លើ​សិទ្ធិ​គ្រូបង្រៀន សិទ្ធិ​កម្មករ​និយោជិត និង​លើក​កម្ពស់​សិទ្ធិមនុស្ស​នា​ពេល​កន្លងមក។

អង្គការ​សមាគម​ទាំងនេះ​រួម​មាន មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) បណ្ដាញ​យុវជន​កម្ពុជា (CYN) មជ្ឈមណ្ឌល​សិទ្ធិមនុស្ស និង​ការងារ ដែល​ហៅ​កាត់​ថា សង់ត្រាល់ និង​អង្គការ​សមាគម​ជាច្រើន​ផ្សេង​ទៀត។

ក្រុម​អង្គការ​សមាគម​អះអាង​ថា ការ​ដឹកនាំ​សម្ដែង​មតិ​របស់​លោក រ៉ុង ឈុន កន្លងមក​មិន​មែន​ដើម្បី​ប្រឆាំង​ទៅ​នឹង​ការ​អនុវត្ត​ច្បាប់​ណា​មួយ​របស់​កម្ពុជា​នោះ​ទេ គឺ​លោក​ដឹកនាំ​ពលរដ្ឋ​ធ្វើ​សកម្មភាព​ដើម្បី​ប្រយោជន៍​សង្គម​ជាតិ​ទាំងមូល​ប៉ុណ្ណោះ ប៉ុន្តែ​សកម្មជន​សង្គម​ទាំងនោះ​ត្រូវ​រង​ការ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ទាំង​អយុត្តិធម៌​ពី​សំណាក់​អាជ្ញាធរ​កម្ពុជា​ទៅវិញ។

ពួកគេ​ទាមទារ​ឱ្យ​អាជ្ញាធរ​កម្ពុជា ចូលរួម​លើក​ទឹកចិត្ត​ដល់​សកម្មជន និង​សកម្មភាព​ដែល​ជា​ប្រយោជន៍​ដល់​សង្គម​ជាតិ​គ្រប់​រូបភាព ដើម្បី​បណ្ដុះ​ស្មារតី​ស្នេហា​ជាតិ​ទៅ​ដល់​យុវជន​ជំនាន់​ក្រោយ ជាជាង​ការ​បំភិតបំភ័យ និង​ការ​គំរាម​ចាប់​ខ្លួន​ដូច​ពេល​កន្លងមក ដែល​ធ្វើ​ឱ្យ​សកម្មជន​នានា​រង​ការ​ភ័យ​ខ្លាច និង​គំរាមកំហែង​នូវ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​ផង​ដែរ។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ត្រូវ​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន​កាលពី​ខែ​កក្កដា ឆ្នាំ​២០២០ កន្លងទៅ ជុំវិញ​ការ​ធ្វើ​អត្ថាធិប្បាយ​ទាក់ទង​នឹង​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម ក្នុង​ខេត្ត​ត្បូងឃ្មុំ។ រហូត​ដល់​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០២១ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្ដន្ទាទោស​ប្រធាន​សហជីព​រូប​នេះ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២​ឆ្នាំ តាម​បញ្ញត្តិ​មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ និង​ត្រូវ​ពិន័យ​ជា​ទឹកប្រាក់​ចំនួន ៤០០​លាន​រៀល​ថែម​ទៀត។

មេដឹកនាំ​សហជីព និង​ជា​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន

អ្នក​នាំពាក្យ​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៥ តុលា នេះ​ថា ការ​ចាប់​ខ្លួន​សកម្មជន​សង្គម​ជាបន្តបន្ទាប់​កន្លងមក​នេះ គឺជា​ភស្តុតាង​ដែល​មិន​អាច​ប្រកែក​បាន ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​រឹតត្បិត​សេរីភាព​មូលដ្ឋាន​របស់​ពលរដ្ឋ ជាពិសេស​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ដោយ​អហិង្សា។

លោក ស៊ឹង សែនករុណា អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ងាក​ទៅ​រក​ការ​អនុវត្ត​ច្បាប់​របស់​ខ្លួន​ឲ្យ​ស្រប​តាម​គន្លង​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ឲ្យ​បាន​ល្អ​ប្រសើរ​ឡើងវិញ ព្រោះ​ថា​នៅ​ពេល​ដែល​កម្ពុជា​អាច​ធានា​បាន​នូវ​ការ​ការពារ​សិទ្ធិមនុស្ស​បាន​ត្រឹមត្រូវ​ហើយ​នោះ សហគមន៍​អន្តរជាតិ​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ពលរដ្ឋ​តាម​វិធី​ផ្សេងៗ​ឡើងវិញ​ជា​មិនខាន ត្បិត​ការ​រឹតត្បិត​សេដ្ឋកិច្ច​របស់​ពួកគេ​កន្លងមក គឺ​ក្នុង​បំណង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បើក​លំហ​សិទ្ធិ​សេរី​ដល់​ពលរដ្ឋ​ខ្មែរ​ឲ្យ​បាន​ទូលំទូលាយ​ឡើងវិញ​តែប៉ុណ្ណោះ។

កាលពី​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០២១ អង្គការ​សង្គម​ស៊ីវិល​មកពី​គ្រប់​ស្ថាប័ន បាន​អះអាង​ថា ពួកគេ​នឹង​ធ្វើ​យុទ្ធនាការ​ស្នើសុំ​ឲ្យ​ដោះលែង​សកម្មជន​សង្គម មុន​នឹង​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ ឆ្នាំ​២០២១ ចូល​មក​ដល់ ខណៈ​សកម្មជន​សង្គម​ជាច្រើន​កំពុង​រង​ការ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ទាំង​អយុត្តិធម៌​ពី​សំណាក់​អាជ្ញាធរ​កម្ពុជា​សព្វថ្ងៃ​នេះ។

រដ្ឋធម្មនុញ្ញ​មាត្រា​៣១ ចែង​ថា កម្ពុជា​ទទួលស្គាល់ និង​គោរព​សិទ្ធិមនុស្ស​ដូច​ដែល​មាន​ចែង​ក្នុង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ សេចក្តី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស និង​កតិកាសញ្ញា ព្រមទាំង​អនុសញ្ញា​ទាំងឡាយ​ទាក់ទង​នឹង​សិទ្ធិមនុស្ស សិទ្ធិ​នារី និង​សិទ្ធិ​កុមារ ដែល​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​១៩៤៨ មក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស