សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ផ្ដន្ទាទោសសកម្មជនសង្គម និងសកម្មជននយោបាយដែលកំពុងជាប់ឃុំសព្វថ្ងៃនេះឱ្យជាប់ពន្ធនាគាររយៈពេល ២០ខែ និងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន ២លានរៀល ខណៈក្រុមអ្នកឃ្លាំមើលសង្គមសម្ដែងទស្សនៈទុទ្ទិដ្ឋិនិយមលើសាលក្រមរបស់តុលាការចំពោះសកម្មជនសង្គមទាំងនោះ។
តុលាការក្រុងភ្នំពេញ បានប្រកាសសាលក្រមនៅថ្ងៃអង្គារ ទី២៦ តុលា នេះ ដោយសម្រេចកាត់ទោសសកម្មជនសង្គម ដូចជាអ្នកស្រី ឈឿន ដារ៉ាវី លោក ហ៊ុន វណ្ណៈ និងព្រះតេជព្រះគុណ កើត សារ៉ាយ ជាដើម តម្រូវឱ្យអនុវត្តទោសជាប់ពន្ធនាគារក្នុងម្នាក់ៗពី ១៤ ទៅ ១៥ខែ ខណៈទោសនៅសល់ផ្សេងទៀតត្រូវបានអនុញ្ញាតឱ្យព្យួរ។
ប្រភពដដែលអះអាងថា សកម្មជនសង្គមចំនួន ១០នាក់ដែលត្រូវបានឃុំខ្លួនក្នុងពន្ធនាគារអស់រយៈពេលជាងមួយឆ្នាំមកនេះ នឹងត្រូវដោះលែងឱ្យមានសេរីភាពឡើងវិញនៅខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ ប៉ុន្តែពួកគេត្រូវបានដាក់ឱ្យស្ថិតក្រោមការព្យួរទោសសាកល្បងរយៈពេល ២ឆ្នាំ ដែលនឹងត្រូវស្ថិតក្រោមការឃ្លាំមើលរបស់តុលាការជាប្រចាំ។
ការសម្រេចផ្ដន្ទាទោសលើសកម្មជនបរិស្ថាននេះ ធ្វើឡើងក្រោយតុលាការបានចោទប្រកាន់អ្នកទាំងនោះពីបទបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបានឃុំខ្លួនអ្នកទាំងនោះអស់រយៈពេលជាង ១ឆ្នាំមកហើយ។
ចំណែកឯមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង រួមមានលោក សេង ម៉េងប៊ុនរ៉ុង លោក ហូ វ៉ាន់ លោក អ៊ូ ចាន់រិទ្ធ និងលោក គង់ សភា ត្រូវបានចោទប្រកាន់ដោយកំបាំងមុខពីបទញុះញង់ តាមបញ្ញត្តិមាត្រា២៨ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ដោយកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ព្រមទាំងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន ៤លានរៀលថែមទៀត។
ដោយឡែកអតីតតំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរប្រចាំរដ្ឋ Victoria ប្រទេសអូស្ត្រាលី លោក ហុង លីម ត្រូវបានតុលាការទម្លាក់ចោលបទចោទប្រកាន់មកលើរូបលោក ករណីផ្ដើមគំនិតញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គមកាលពីពេលកន្លងទៅ។
សកម្មជនបរិស្ថានដូចជា អ្នកស្រី ឈឿន ដារ៉ាវី លោក ហ៊ុន វណ្ណៈ លោក មាន ព្រហ្មមុនី និងព្រះតេជព្រះគុណ កើត សារ៉ាយ ជាដើម ត្រូវអាជ្ញាធរចាប់ខ្លួនកាលពីខែសីហា និងខែកញ្ញា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងការជួបជុំគ្នាដោយសន្តិវិធីដើម្បីអំពាវនាវឱ្យមានការដោះលែងប្រធានសហជីពកម្ពុជា លោក រ៉ុង ឈុន ដែលសមត្ថកិច្ចចាប់ខ្លួនទាំងអយុត្តិធម៌ ហើយនឹងត្រូវផ្ដន្ទាទោសពីបទញុះញង់កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។
អ្នកនាំពាក្យរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៦ តុលា នេះថា លោកមានការសោកស្តាយណាស់ដែលតុលាការសម្រេចផ្ដន្ទាទោសលើសកម្មជនសង្គមទាំងនោះ ក្រោយពួកគេធ្វើសកម្មភាពដើម្បីប្រយោជន៍សង្គមជាតិដែលជាការអនុវត្តនូវសិទ្ធិសេរីភាពរបស់ខ្លួនដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។
លោកបញ្ជាក់ថា ការកាត់ទោសលើសកម្មជនដែលអនុវត្តសិទ្ធិសេរីភាពដោយស្របច្បាប់បែបនេះ គឺជាការបំភិតបំភ័យយ៉ាងធ្ងន់ធ្ងរទៅដល់សកម្មជនសង្គមដែលមានបំណងចូលរួមកិច្ចការសង្គមជាតិ។ ជាងនេះទៀត វាក៏ជាការបំបាក់ស្មារតីយុវជនដែលជាធនធានសំខាន់របស់ប្រទេសជាតិ ក្នុងការចូលរួមអនុវត្តសិទ្ធិសេរីភាពរបស់ពួកគេក្នុងសង្គមដែលប្រកាន់យករបបលទ្ធិប្រជាធិបតេយ្យសេរី។
លោក ស៊ឹង សែនករុណា អំពាវនាវឱ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ពិនិត្យឡើងវិញចំពោះចំណាត់ការផ្លូវច្បាប់ទៅលើសកម្មជនសង្គមទាំងនោះ ហើយប្រសិនបើរកមិនឃើញនូវបទល្មើសណាមួយលើពួកគេទេ អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ គួរតែមានភាពក្លាហានលើកលែងការចោទប្រកាន់ និងផ្តល់នូវសំណងផ្សេងៗស្របតាមច្បាប់ ដើម្បីលើកស្ទួយការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
គម្រោងយុត្តិធម៌ពិភពលោក (The World Justice Project) បានបង្ហាញរបាយការណ៍របស់ខ្លួនកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ថា កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់លេខទី១៣៨ ក្នុងចំណោមប្រទេស១៣៩ ដែលតួលេខនេះបង្ហាញឱ្យឃើញថា កម្ពុជារឹតតែធ្លាក់ចុះកាន់តែធ្ងន់ធ្ងរថែមទៀតនូវការលើកស្ទួយនីតិរដ្ឋរបស់ខ្លួន៕