34 C
Phnom Penh

កម្ពុជា​ប្រកាស​បើក​ឱ្យ​មាន​ទេសចរណ៍​វ៉ាក់សាំង​លើកដំបូង​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​បើក​ឱ្យ​មាន​ទេសចរណ៍​វ៉ាក់សាំង​លើកដំបូង​នៅ​ក្រុង​ព្រះសីហនុ ក្រុង​កោះរ៉ុង នៃ​ខេត្ត​ព្រះសីហនុ និង​នៅ​តំបន់​ទេសចរណ៍​តារាសាគរ នៃ​ខេត្ត​កោះកុង ហើយ​និង​ខេត្ត​ផ្សេងៗ​ទៀត​ដែល​កំពុង​ត្រៀម​ខ្លួន​បើក​ជាបន្តបន្ទាប់ ខណៈ​ក្រុម​អ្នក​ឃ្លាំមើល​សាទរ​លើ​ដំណើរការ​នេះ ប៉ុន្តែ​ពួកគេ​ថា​កម្ពុជា​ត្រូវ​ជំរុញ​វិស័យ​ទេសចរណ៍​នេះ​ឱ្យ​បាន​ច្រើន​ផ្នែក។

លោក ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ទំព័រ Facebook របស់​ខ្លួន​កាលពី​ថ្ងៃ​អង្គារ ទី​២៦ តុលា ថា បន្ទាប់ពី​រង​នូវ​វិបត្តិ​ជំងឺ Covid-19 ជាង​ពីរ​ឆ្នាំ​មក​នេះ ទីបំផុត​កម្ពុជា​សម្រេច​ប្រកាស​បើក​ទទួល​ទេសចរ​អន្តរជាតិ​ឡើងវិញ​ហើយ ក្រោម​ទម្រង់​ជា​ទេសចរណ៍​វ៉ាក់សាំង។

លោក ហ៊ុន សែន អះអាង​ថា ការ​បើក​ទទួល​ទេសចរណ៍​វ៉ាក់សាំង​នេះ គឺ​ចាប់ផ្ដើម​ដំបូង​នៅ​ក្រុង​ព្រះសីហនុ ក្រុង​កោះរ៉ុង នៃ​ខេត្ត​ព្រះសីហនុ និង​នៅ​តំបន់​វិស្សមកាល​តារាសាគរ នៃ​ស្រុក​បុទុមសាគរ ខេត្ត​កោះកុង ចាប់ពី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ខាងមុខ​នេះ​តទៅ។

បុរស​ខ្លាំង​នៅ​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា ក្រោយ​ពី​បើក​ទេសចរណ៍​វ៉ាក់សាំង​នៅ​តំបន់​ទេសចរណ៍​ខាងលើ​នេះ​ហើយ នឹង​បន្ត​បើក​ទទួល​នៅ​ខេត្ត​សៀមរាប អំឡុង​ខែ​មករា ឆ្នាំ​២០២២ ខាងមុខ​ក្នុង​ក្របខ័ណ្ឌ​នៃ​កម្មវិធី​ទេសចរណ៍​វ៉ាក់សាំង ដែល​អនុញ្ញាត​ឱ្យ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ស្នាក់នៅ និង​ទស្សនា​ក្នុង​តំបន់ ឬ​គោលដៅ​ទេសចរណ៍​សុវត្ថិភាព​រយៈពេល ៥​ថ្ងៃ ដោយ​មិន​តម្រូវ​ឱ្យ​ធ្វើ​ចត្តាឡីស័ក​ក្នុង​សណ្ឋាគារ​ឡើយ។

ការ​អះអាង​នេះ ធ្វើឡើង​ក្រោយ​ពេល​កម្ពុជា​បាន​ត្រៀម​បើក​ប្រទេស​ឡើងវិញ​កាលពី​ពាក់កណ្តាល​ខែ​តុលា ឆ្នាំ​២០២១ កន្លងទៅ​នេះ ដែល​នឹង​តម្រូវ​ឱ្យ​ពលរដ្ឋ​រៀន​រស់​ជាមួយ​នឹង Covid-19 ផង​ដែរ។

ក្រសួង​ទេសចរណ៍​កម្ពុជា ក៏​បាន​ចេញ​សេចក្តី​ជូនដំណឹង​ស្ដីពី​ការ​បើក​ទទួល​ទេសចរណ៍​វ៉ាក់សាំង​កាលពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០២១ កន្លងទៅ​ថា ភ្ញៀវ​ទេសចរ​ដែល​ទៅ​កម្ពុជា​ក្នុង​កម្មវិធី​ទេសចរណ៍​វ៉ាក់សាំង នឹង​តម្រូវ​ឱ្យ​ធ្វើ​តេស្ដ​រហ័ស​រក​អង់ទីហ្សែន Covid-19 តែប៉ុណ្ណោះ នៅ​ពេល​ពួកគេ​ទៅ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ភ្លាមៗ។

ប្រភព​ដដែល​អះអាង​ថា ករណី​ភ្ញៀវ​ទាំងនោះ​ទទួល​បាន​លទ្ធផល​អវិជ្ជមាន ពួកគេ​អាច​ដើរ​កម្សាន្ត​ដោយ​សេរី​នៅ​ក្នុង​តំបន់​ទេសចរណ៍​សុវត្ថិភាព​ទាំងអស់។ បន្ថែម​ពី​នេះ ភ្ញៀវ​ទេសចរ​វ៉ាក់សាំង​អាច​ស្នើសុំ​ប្រភេទ​ទិដ្ឋាការ​ទេសចរណ៍​តាម​ស្ថានទូត ឬ​ស្ថានកុងស៊ុល​របស់​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​របស់​ពួកគេ​រៀងៗ​ខ្លួន​ផង​ដែរ។

ក្រសួង​ទេសចរណ៍​បញ្ជាក់​ថា សម្រាប់​ភ្ញៀវ​ទេសចរ​ទាំងអស់​ត្រូវ​ស្នើសុំ​លិខិត​អនុញ្ញាត​ចូល​កម្ពុជា ដោយ​ភ្ជាប់​វិញ្ញាបនបត្រ​ចាក់​វ៉ាក់សាំង Covid-19 កន្លែង​ស្នាក់​នៅ​ដែល​បាន​កក់​ទុក​មុន លិខិត​ធានា​រ៉ាប់រង​សុខភាព លិខិត​ធានា​រ៉ាប់រង​ការ​ព្យាបាល​ជំងឺ Covid-19 សំបុត្រ​យន្តហោះ វិញ្ញាបនបត្រ​បញ្ជាក់​ថា​គ្មាន​ជំងឺ និង​ព័ត៌មាន​លម្អិត​ពី​ប្រវត្តិ​ធ្វើ​ដំណើរ ១៤​ថ្ងៃ មុន​ពេល​ចូល​ទៅ​កម្ពុជា​ផង​ដែរ។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៧ ខែ​តុលា នេះ​ថា នេះ​គឺជា​ពេលវេលា​សមរម្យ​បំផុត​សម្រាប់​កម្ពុជា​ក្នុង​ការ​បើក​ទទួល​ទេសចរ​ឡើងវិញ ព្រោះ​ថា​កម្ពុជា​អាច​យល់ដឹង​ពី​វិធី​ទប់ស្កាត់ ការពារ និង​ព្យាបាល​ចំពោះ​ការ​ឆ្លង​នៃ​វីរុស Covid-19 បាន​គ្រប់គ្រាន់​ហើយ ខណៈ​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​ក៏​បាន​ទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​នេះ​ដែរ​ហើយ​នោះ។

លោក​អះអាង​ថា ការ​បើក​ទទួល​ទេសចរ​បរទេស​ជា​រឿង​ល្អ​ហើយ ប៉ុន្តែ​កម្ពុជា​ត្រូវ​ជំរុញ​វិស័យ​នេះ​ឱ្យ​ខ្លាំងក្លា ដែល​មិន​ត្រឹមតែ​ផ្ដោត​តែ​ទៅលើ​ទេសចរណ៍​វប្បធម៌​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​បើក​ឱ្យ​មាន​ទេសចរណ៍​ធម្មជាតិ ឬ​ទេសចរណ៍​កសិកម្ម ជាដើម ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទាំង​បរទេស និង​ភ្ញៀវ​ក្នុង​ស្រុក​ឱ្យ​ងើប​ឡើង​វិញ ដើម្បី​បង្កើន​ចំណូល​ជាតិ​ឱ្យ​កាន់តែ​ខ្លាំង​ក្រោយ​វិបត្តិ Covid-19៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស