35 C
Phnom Penh

ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​វៀតណាម​មិត្តហ្វូន​នឹង​គ្រប​ដណ្តប់​សេវា​ទូរស័ព្ទ​នៅ​កម្ពុជា​គ្រប់​តំបន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អគ្គនាយក​រង​ទូរស័ព្ទ​ចល័ត​របស់​វៀតណាម អះអាង​ថា ក្រុមហ៊ុន​ទូរស័ព្ទ​មិត្តហ្វូន (Metfone) គ្រោង​នឹង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​សេវាកម្ម​ជា​សកល ដើម្បី​គ្រប​ដណ្ដប់​សេវា​គ្រប់​ជ្រុងជ្រោយ​នៅ​កម្ពុជា ខណៈ​អ្នក​សង្កេតការណ៍​អះអាង​ថា ក្រុមហ៊ុន​មិត្តហ្វូន​កំពុង​គ្រប់គ្រង​ទូរគមនាគមន៍ និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​នៅ​កម្ពុជា​ឱ្យ​រដ្ឋាភិបាល​វៀតណាម។

អគ្គនាយក​រង​នៃ​ក្រុមហ៊ុន​មិត្តហ្វូន លោក ញ៉ុង ឌីនថន បាន​អះអាង​ដោយ​ភ្ជាប់​ជាមួយ​យុទ្ធសាស្ត្រ ៥​ឆ្នាំ​របស់​ខ្លួន​ចាប់ពី​ឆ្នាំ​២០២១ ដល់​ឆ្នាំ​២០២៥ កាលពី​ពេល​ថ្មីៗ​នេះ​ថា ក្រុមហ៊ុន​មិត្តហ្វូន​បាន​ប្ដេជ្ញា​ថា​នឹង​មិន​ទុក​អ្នក​ណា​ម្នាក់​ឱ្យ​នៅតែ​ឯង​ក្នុង​សង្គម​ឌីជីថល​នោះ​ឡើយ គឺ​មាន​ន័យ​ថា ពលរដ្ឋ​ខ្មែរ​គ្រប់​តំបន់​នឹង​មាន​លទ្ធភាព​គ្រប់​គ្នា​ដើម្បី​ទទួល​បាន​ការ​អភិវឌ្ឍ​ខាង​ឌីជីថល​ប្រកប​ដោយ​និរន្តរភាព​គ្រប់​ពេលវេលា។

ក្រុមហ៊ុន​មិត្តហ្វូន​របស់​ប្រទេស​វៀតណាម បាន​បើក​ដំណើរការ​ជា​ផ្លូវការ​នូវ​សេវា​ទូរស័ព្ទ​ចល័ត​របស់​ខ្លួន​ដែល​មាន​សេវា​គ្រប​ដណ្តប់​ទូទាំង ២៥​ខេត្ត-ក្រុង​នៅ​កម្ពុជា តាំងពី​ឆ្នាំ​២០០៩ មកទល់​ឆ្នាំ​២០២១ នេះ គឺ​មាន​រយៈពេល ១២​ឆ្នាំ​ហើយ ដែល​មាន​ពលរដ្ឋ​ខ្មែរ​ប្រើប្រាស់​សេវា​របស់​ខ្លួន​ប្រមាណ​ជាង ៩​លាន​នាក់។ លើស​ពី​នេះ ក្រុមហ៊ុន​មិត្តហ្វូន​បាន​ពង្រីក​ស្ថានីយ​ផ្សាយ​សេវា​របស់​ខ្លួន​ជាង ១​ម៉ឺន​អង់តែន និង​ប្រើ​ខ្សែកាប​អុបទិក​គ្រប​ដណ្តប់​តាម​ទីប្រជុំជន និង​តំបន់​ដាច់ស្រយាល​នៅ​កម្ពុជា​មាន​ប្រវែង​ជាង ២​ម៉ឺន​គីឡូម៉ែត្រ​ផង​ដែរ។

ក្រុម​អ្នក​សង្កេតការណ៍​បង្ហាញ​ថា ក្រុមហ៊ុន​មិត្តហ្វូន គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Viettel ដែល​ជា​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​កងទ័ព​របស់​វៀតណាម ដែល​សិក្សា​លើ​អាជីវកម្ម​ទូរគមនាគមន៍ ការ​ផលិត​ថាមពល​វារីអគ្គិសនី ការ​ស្ទាបស្ទង់​ដី និង​ដើម្បី​រុករក​រ៉ែ ជាដើម។

ប្រភព​ដដែល​អះអាង​ថា ក្រុមហ៊ុន Viettel បាន​ប្តូរ​ឈ្មោះ​ទៅ​ជា​ក្រុមហ៊ុន​មិត្តហ្វូន ក្នុង​បំណង​លាក់​បាំង​ទំនាក់ទំនង​ក្នុង​វិស័យ​យោធា​វៀតណាម ប៉ុន្តែ​ក្រុមហ៊ុន​នេះ​កំពុង​ទទួល​បាន​សិទ្ធិ​ផ្ដាច់មុខ​គ្រប់​បែប​យ៉ាង​ក្នុង​ការ​កម្រិត​ជីវិត​របស់​ប្រជាជន​កម្ពុជា ចាប់ពី​កម្រិត​នៃ​ទូរគមនាគមន៍​របស់​រដ្ឋាភិបាល​ខ្មែរ​រហូត​ដល់​ពាណិជ្ជកម្ម​អេឡិចត្រូនិក​លើ​គ្រប់​វិស័យ​របស់​កម្ពុជា​ថែម​ទៀត។

ប្រភព​ដដែល​ព្រមាន​ថា ក្រុមហ៊ុន​បណ្ដាញ​ទូរស័ព្ទ​ចល័ត​របស់​យោធា​វៀតណាម​នេះ កំពុង​បោះ​ជំហាន​ទៅ​គ្រប់គ្រង​ផ្នែក​ទាំងអស់​នៃ​មុខងារ​រដ្ឋាភិបាល​របស់​កម្ពុជា ដូចជា​គ្រប់គ្រង​លើ​វិស័យ​អប់រំ វិស័យ​សុខាភិបាល និង​វិស័យ​ផ្សេង​ដទៃ​ជាច្រើន​ទៀត ក្នុង​នោះ​ក៏​នឹង​គ្រប់គ្រង​ជីវិត​សេដ្ឋកិច្ច និង​ស៊ីវិល​របស់​ប្រទេស​កម្ពុជា​ទាំងមូល​ផង​ដែរ។

របាយការណ៍ Hostile Takeover របស់​អង្គការ​ឃ្លាំមើល​អន្តរជាតិ (Global Witness) បាន​ចេញ​ផ្សាយ​កាលពី​ពេល​កន្លងទៅ​ថា ក្រុម​គ្រួសារ​ត្រកូល ហ៊ុន គឺ​អ្នកស្រី ហ៊ុន ម៉ាណា ដែល​ជា​កូនស្រី​លោក ហ៊ុន សែន មាន​ភាគហ៊ុន​ដែល​មាន​តម្លៃ ៤៤​លាន​ដុល្លារ​អាមេរិក​ក្នុង​ក្រុមហ៊ុន Viettel កម្ពុជា ដែល​ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន Viettel Group គ្រប់គ្រង​ដោយ​កងទ័ព​វៀតណាម ដែល​ជា​ម្ចាស់​ប្រព័ន្ធ​ទូរស័ព្ទ​ចល័ត​មិត្តហ្វូន ហើយ​កំពុង​ប្រតិបត្តិការ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស