ក្រុមអាជ្ញាធរបានឲ្យដឹងថា ទឹកជំនន់ស្ទឹងព្រែកត្នោតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្ដាល កាលពីសប្ដាហ៍មុននេះ បានបណ្ដាលឲ្យពលរដ្ឋប្រមាណជាង ៣ពាន់គ្រួសាររងផលប៉ះពាល់ បើទោះបីជាទឹកជំនន់បានស្រកហើយបន្តិចក៏ដោយ។
ជំនន់ស្ទឹងព្រែកត្នោតដែលហក់ឡើងដល់ចំណុចកំពូលអតិបរមា ៦,៥៨ម៉ែត្រ កាលពីពេលកន្លងទៅ បង្កគ្រោះទឹកជំនន់ដល់ពលរដ្ឋដែលរស់នៅក្នុងខណ្ឌកំបូល និងខណ្ឌដង្កោ ជាដើម ត្រូវបានអាជ្ញាធររៀបចំទំនប់ទប់ស្កាត់បានជោគជ័យហើយ ខណៈទឹកជំនន់ចេះតែស្រកចុះជាលំដាប់ ប៉ុន្តែវិធីទប់ស្កាត់ទឹកជំនន់របស់អាជ្ញាធរនេះ ត្រូវគេមើលឃើញថាមិនមែនជាដំណោះស្រាយបញ្ចៀសទឹកជំនន់នោះទេ គ្រាន់តែជាវិធានការបណ្ដោះអាសន្នមួយគ្រាប៉ុណ្ណោះ។
ស្ទឹងព្រែកត្នោតដែលតែងតែបង្កជាគ្រោះទឹកជំនន់ជារៀងរាល់ឆ្នាំ បានបណ្តាលឱ្យប៉ះពាល់ដល់លំនៅឋានរបស់ពលរដ្ឋរាប់ពាន់គ្រួសារ នៅពេលមានភ្លៀងធ្លាក់ខ្លាំងក្នុងរដូវវស្សា ខណៈអាជ្ញាធរនៅមិនទាន់មានវិធានការជាក់លាក់ណាមួយដើម្បីទប់ស្កាត់បញ្ហានេះនៅឡើយទេ។
កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ជំនន់ដែលបង្កឡើងដោយទឹកភ្លៀងក្នុងស្ទឹងព្រែកត្នោត បានស្ទុះឡើងរយៈពេល ១សប្តាហ៍ ដែលមានកម្ពស់អតិបរមា ៦,៥៨ម៉ែត្រ ក្នុងកម្រិតប្រកាសអាសន្ន ប៉ុន្តែទឹកជំនន់នេះបានថយចុះទៅវិញកាលពីថ្ងៃទី២៨ ខែតុលា កន្លងទៅនេះ។ យ៉ាងណាក៏ដោយ ទឹកជំនន់ស្ទឹងព្រែកត្នោតនេះបានបង្កការលិចលង់ដល់ខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ ដូចជាខណ្ឌដង្កោ និងខណ្ឌកំបូល ជាដើម។
ជុំវិញជំនន់ស្ទឹងព្រែកត្នោតនេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២៨ ខែតុលា កន្លងទៅថា ដើម្បីដោះស្រាយបញ្ហាទឹកជំនន់ស្ទឹងព្រែកត្នោត រដ្ឋាភិបាលកម្ពុជាត្រូវតែសាងសង់ទំនប់ ប្រឡាយរំដោះទឹក និងអាងស្តុកទឹកនៅផ្នែកខាងលើនៃស្ទឹងព្រែកត្នោតនេះឱ្យបានដាច់ខាត។ ជាងនេះទៀត រដ្ឋត្រូវតែដាំដើមឈើនៅតំបន់ជំរាលខេត្តកំពង់ស្ពឺ ផងដែរ។
ប្រភពដដែលបញ្ជាក់ថា ផ្នែកខាងក្រោមនៃស្ទឹងព្រែកត្នោត ដូចជាខណ្ឌដង្កោ និងស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ត្រូវតែមានផ្លូវរំដោះទឹកបន្ថែមទៀត។ លើសពីនេះ រដ្ឋត្រូវផ្អាកលុបបឹងនានាក្នុងរាជធានីភ្នំពេញ ជាពិសេសក្នុងខណ្ឌដង្កោ តែម្តង ដើម្បីជាមធ្យោបាយជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា។
ស្ទឹងព្រែកត្នោត មានប្រភពមកពីភ្នំឱរ៉ាល់ ហូរកាត់តាមខេត្តកំពង់ស្ពឺ លាតសន្ធឹងតាមព្រំប្រទល់ខេត្តកណ្ដាល និងរាជធានីភ្នំពេញ ត្រង់ចំណុចខណ្ឌដង្កោ ព្រមទាំងក្រុងតាខ្មៅ មុននឹងហូរចូលទៅទន្លេបាសាក់។ ក្នុងនោះ មួយចំណែកបានហូរចូលទៅក្នុងបឹងទំពុន និងមួយចំណែកទៀត បានហូរតាមព្រែកហូរធ្លាក់ទៅស្ទឹងក្របៅ បន្ទាប់មកក៏ចូលទៅបឹងធំៗ មុននឹងហូរចូលទៅទន្លេបាសាក់ តាមរយៈប្រឡាយតូចៗ ប៉ុន្តែបឹងមួយចំនួនក្នុងទីក្រុងភ្នំពេញបច្ចុប្បន្ននេះ ត្រូវបានលុបស្ទើរតែអស់ទៅហើយ ដូច្នេះទើបបង្កទៅជាទឹកជំនន់លិចទីក្រុងភ្នំពេញដូចសព្វថ្ងៃនេះ៕