41.3 C
Phnom Penh

លោក ស ខេង បញ្ជា​ឱ្យ​ចេញ​លិខិត​ព្រមាន​មន្ត្រី​ជាន់ខ្ពស់​នគរបាល​៤​រូប​ដែល​ប្រើ​អំណាច​លើសលប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ចេញ​បទបញ្ជា​ភ្លាមៗ​ដោយ​តម្រូវ​ឱ្យ​ប្រធាន​គណៈកម្មាធិការ​ប្រឆាំង​ទារុណកម្ម​នៃ​ក្រសួង​មហាផ្ទៃ ចេញ​លិខិត​ព្រមាន​មន្ត្រី​នគរបាល​ជាន់ខ្ពស់ ៤​រូប​ទៅតាម​វិន័យ​នគរបាល ក្រោយ​ពី​រក​ឃើញ​នូវ​បទល្មើស​ដែល​ពួកគេ​បាន​ប្រើប្រាស់​អំណាច​លើសលប់ និង​គំរាមកំហែង​បាញ់​សម្លាប់​ដោយ​អនុវត្ត​ផ្ទុយពី​គោលការណ៍ និង​បទដ្ឋាន​នានា​នៃ​កងកម្លាំង​នគរបាល។

ប្រតិកម្ម​របស់​លោក ស ខេង នៅ​ពេលនេះ ធ្វើឡើង​ក្រោយ​ពី​មាន​ជម្លោះ​ផ្ទៃក្នុង​នៅ​ក្នុង​គណៈកម្មាធិការ​ប្រឆាំង​ទារុណកម្ម​នៃ​ក្រសួង​មហាផ្ទៃ កាលពី​ខែ​មិថុនា ឆ្នាំ​២០២០ រវាង​មន្ត្រី​នគរបាល​ជាន់ខ្ពស់ ៤​រូប​ជាមួយ​នឹង​លោក គង់ ឆាន ជា​អតីត​សមាជិក​នៃ​គណៈកម្មាធិការ​ប្រឆាំង​ទារុណកម្ម ហើយ​បច្ចុប្បន្ន​លោក​ជា​ទីប្រឹក្សា​ក្រសួង​មហាផ្ទៃ។

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ចេញ​បញ្ជា​កាលពី​ខែ​មីនា ឆ្នាំ​២០២១ ទៅ​លោក នុត សាអាន ប្រធាន​គណៈកម្មាធិការ​ប្រឆាំង​ទារុណកម្ម ឱ្យ​រៀបចំ​លិខិត​ព្រមាន​មន្ត្រី​នគរបាល​ទាំង ៤​រូប រួម​មាន​លោក​ឧត្តមសេនីយ៍ទោ នុត សត្យា លោក​វរសេនីយ៍ឯក ភោគ វឌ្ឍនា លោក​វរសេនីយ៍ត្រី ភួន សុខនី ជា​ប្រធាន​ការិយាល័យ​របាយការណ៍ និង​លោក អ៊ឹម ផល្លា ជា​អនុប្រធាន​ការិយាល័យ​ទំនាក់ទំនង​នៃ​ក្រសួង​មហាផ្ទៃ។

បើ​យោង​តាម​លិខិត​របស់​លោក ស ខេង មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​មហាផ្ទៃ​ពីរ​រូប គឺ​លោក នុត សត្យា និង​លោក ភោគ វឌ្ឍនា គឺជា​មន្ត្រី​ដែល​ប្រើ​អំណាច​ខ្លាំង​ជាងគេ​រហូត​គំរាមកំហែង​ប្រមាថ​ជីវិត​ទៅលើ​គូ​ទំនាស់ គឺ​លោក គង់ ឆាន ដែល​ជា​ថ្នាក់​ដឹកនាំ និង​ជា​អ្នក​ដាក់​ផែនការ​ឱ្យ​អនុវត្ត។

តាមរយៈ​កិច្ច​អន្តរាគមន៍​កាលពី​ខែ​មិថុនា ឆ្នាំ​២០២០ របស់​លោក គង់ ឆាន ជា​អតីត​សមាជិក​នៃ​គណៈកម្មាធិការ​ប្រឆាំង​ទារុណកម្ម ផ្ញើ​ទៅ​លោក ស ខេង បញ្ជាក់​ថា លោក នុត សត្យា មាន​អាកប្បកិរិយា និង​សម្ដី​សំដៅ​មិន​សមរម្យ​ទៅកាន់​ថ្នាក់​ដឹកនាំ និង​មន្ត្រី​ក្រោម​បង្គាប់។ ចំណែក​លោក ភោគ វឌ្ឍនា វិញ​បាន​ជេរប្រមាថ និង​គំរាម​ប្រមាថ​អាយុជីវិត​លោក នៅ​ពេល​អង្គភាព​តម្រូវ​ឱ្យ​ពួកគេ​បំពេញ​ការងារ​ដែល​ស្ថាប័ន​ដាក់​ផែនការ​ឱ្យ​អនុវត្ត។

បើ​តាម​លិខិត​របស់​លោក ស ខេង ដែល​ចេញ​កាលពី​ខែ​មីនា ឆ្នាំ​២០២១ ផ្ញើ​ទៅ​លោក នុត សាអាន ប្រធាន​គណៈកម្មាធិការ​ប្រឆាំង​ទារុណកម្ម ហើយ​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០២១ បញ្ជាក់​ថា ផ្អែកលើ​របាយការណ៍​អង្កេត​ស្រាវជ្រាវ ពិតជា​រក​ឃើញ​ថា មន្ត្រី​នគរបាល​ទាំង ៤​រូប ជាពិសេស​លោក នុត សត្យា និង​លោក ភោគ វឌ្ឍនា បង្ក​ជម្លោះ និង​មិន​ស្ដាប់​បង្គាប់​ថ្នាក់​ដឹកនាំ មាន​អាកប្បកិរិយា​ចចេស​រឹងរូស និង​ប្រើ​អំណាច​លើសលប់ ពេល​ដាក់​ការងារ​ឱ្យ​អនុវត្ត​ពិតមែន។

មិន​តែប៉ុណ្ណោះ លោក ស ខេង ក៏​បញ្ជា​ឱ្យ​លោក នុត សាអាន ក្នុង​តួនាទី​ជា​ប្រធាន​នៃ​គណៈកម្មាធិការ​ប្រឆាំង​ទារុណកម្ម ត្រូវ​ចេញ​លិខិត​ព្រមាន​ទៅ​មន្ត្រី​នៅ​ក្នុង​សំណុំរឿង​នេះ​ទៅ​តាម​វិន័យ​នៃ​កងកម្លាំង​នគរបាល៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស