33 C
Phnom Penh

ទីភ្នាក់ងារ​ជំនួយ​របស់​អាមេរិក​ចង់​ឃើញ​កម្ពុជា​មាន​ការ​បើក​ទូលាយ​លំហ​នយោបាយ សារព័ត៌មាន និង​សេរីភាព​ពលរដ្ឋ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទីភ្នាក់ងារ​ផ្តល់​ជំនួយ​អាមេរិក (USAID) ឲ្យ​ដឹង​ថា ខ្លួន​បាន​ប្រារព្ធ​ពិធី​អបអរ​ខួបកំណើត​លើក​ទី​៦០ កាលពី​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា។ ដោយ​ធ្វើ​សកម្មភាព​នៅ​គ្រប់​ខេត្ត-ក្រុង​ទាំង​២៥ នៃ​ប្រទេស​កម្ពុជា USAID ធ្វើការ​ជាមួយ​ដៃគូ​កម្ពុជា និង​អន្តរជាតិ​ក្នុង​ការ​អនុវត្ត​គម្រោង​ដែល​ជា​ប្រយោជន៍​រួម​សម្រាប់​ពលរដ្ឋ​កម្ពុជា។

USAID បាន​អះអាង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដែល​ចេញផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​សុក្រ ទី​៥ វិច្ឆិកា ថា ខ្លួន​បាន​ជួយ​កសិករ​ខ្មែរ​ជាង ២៣​ម៉ឺន​នាក់ និង​គ្រួសារ​របស់​គេ​ឲ្យ​ចាក​ផុត​ពី​ភាព​អត់ឃ្លាន និង​ភាព​ក្រីក្រ តាមរយៈ​គម្រោង​កសិកម្ម និង​បរិស្ថាន​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ក្នុង​សហគមន៍​នៅ​តាម​ទីជនបទ​មាន​ចំណូល​បន្ថែម​ចំនួន ៩០​លាន​ដុល្លារ​ជួយ​ដល់​សេដ្ឋកិច្ច​កម្ពុជា។

USAID អះអាង​ថា ខ្លួន​ក៏​បាន​ជួយ​កម្ពុជា​ឱ្យ​ឈាន​ទៅ​សម្រេច​គោលដៅ​របស់​ប្រទេស​ក្នុង​ការ​លុប​បំបាត់​ជំងឺ​អេដស៍ និង​ជំងឺ​គ្រុនចាញ់​នៅ​ត្រឹម​ឆ្នាំ​២០២៥ ខាងមុខ។ ចាប់តាំង​ពី​ឆ្នាំ​២០១៧ មក កម្ពុជា​ពុំ​មាន​មនុស្ស​ណា​ម្នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​គ្រុនចាញ់​ទៀត​ឡើយ។

ទីភ្នាក់ងារ​ជំនួយ​របស់​អាមេរិក​មួយ​នេះ​អះអាង​ថា ពួកគេ​បាន​ជួយ​កាត់បន្ថយ​អត្រា​ភាព​ក្រិន​ក្នុង​ចំណោម​កុមារ​ដែល​មាន​អាយុ​ក្រោម ៥​ឆ្នាំ​ឱ្យ​នៅ​ត្រឹម​ចំនួន ២៧% នៅ​ក្នុង​ឆ្នាំ​២០១៨ ពី​ចំនួន ៣៥%។ ក្រៅពី​នេះ USAID ក៏​បាន​ជួយ​ធ្វើ​ឱ្យ​កុមារ​ជាទូទៅ​ឲ្យ​ទទួល​បាន​ការ​សិក្សា​ថ្នាក់​បឋម ហើយ​បាន​កែលំអ​ជំនាញ​សិក្សា​នៅ​ថ្នាក់​ដំបូងៗ​របស់​កុមារ ទាំង​កុមារ​មាន និង​គ្មាន​ពិការភាព។

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក លោក Patrick Murphy បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់ USAID ថា USAID គឺជា​ទីភ្នាក់ងារ​ជំនួយ​អភិវឌ្ឍន៍​អន្តរជាតិ​ឈាន​មុខ​គេ​មួយ និង​ជា​តួអង្គ​ជំរុញ​ដល់​លទ្ធផល​នៃ​ការ​អភិវឌ្ឍ។ ការងារ​របស់​ទីភ្នាក់ងារ USAID បង្ហាញ​ឱ្យ​ឃើញ​នូវ​ភាព​សប្បុរស​របស់​ប្រជាជន​អាមេរិក ជំរុញ​ទៅ​រក​ការ​ទទួល​បាន​នូវ​ភាព​ម្ចាស់ការ​លើ​ខ្លួនឯង និង​ភាព​ធន់។ លោក​បន្ត​ថា កម្មវិធី​ជំនួយ​របស់​អាមេរិក​នៅ​កម្ពុជា​មួយ​នេះ តំណាង​ឱ្យ​ការ​ប្ដេជ្ញា​ចិត្ត​យូរអង្វែង​របស់​អាមេរិក​ចំពោះ​ពលរដ្ឋ​កម្ពុជា ភាព​ស៊ីជម្រៅ និង​ទំហំ​នៃ​ភាព​ជា​ដៃគូ​រវាង​កម្ពុជា និង​អាមេរិក។

ក្នុង​ពេល​ដែល​ជំងឺ​កូវីដ-១៩ ចោទ​ជា​បញ្ហា​ប្រឈម រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​តាមរយៈ​ទីភ្នាក់ងារ USAID បាន​ផ្តល់​ថវិកា​ចំនួន​ជាង ១៥​លាន​ដុល្លារ​ជា​ជំនួយ​គាំទ្រ​ដោយ​ផ្ទាល់​សម្រាប់​បន្ធូរបន្ថយ​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​កូវីដ-១៩ នៅ​កម្ពុជា ដោយ​រួម​មាន​ធនធាន​សម្រាប់​ជួយ​ឱ្យ​ប្រជាជន​កម្ពុជា​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​បាន​ឆាប់ និង​ប្រកប​ដោយ​សុវត្ថិភាព។ លើស​ពី​នេះ​ទៀត រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​ផ្តល់​វ៉ាក់សាំង Johnson & Johnson ជាង​មួយ​លាន​ដូស​ជូន​ដល់​រដ្ឋាភិបាល​កម្ពុជា​តាមរយៈ​យន្តការ COVAX។

គោលដៅ​របស់​ទីភ្នាក់ងារ USAID នៅ​កម្ពុជា គឺ​ប្រទេស​កម្ពុជា​មួយ​ដែល​មាន​វិបុលភាព លទ្ធិប្រជាធិបតេយ្យ និង​ឯករាជ្យ ដែល​ស្តាប់ និង​គោរព​សំឡេង​នៃ​ក្រុម​មនុស្ស​ទាំងអស់ ហើយ​អធិបតេយ្យភាព​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​បាន​ការពារ។

តាមរយៈ​កម្មវិធី​ជំនួយ​របស់ USAID គឺ​មាន​បំណង​ជួយ​ដល់​ការ​អភិវឌ្ឍ​នៃ​សង្គម និង​សេដ្ឋកិច្ច​របស់​កម្ពុជា ដោយ​ទន្ទឹម​នឹង​នោះ រក្សា​លំហ​ដែល​បាន​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​ក្នុង​ផ្នែក​នយោបាយ សារព័ត៌មាន និង​សេរីភាព​ពលរដ្ឋ ដែល​ថា​រាល់​មនុស្ស​គ្រប់​រូប​ដោយ​មិន​គិត​ពី​អត្តសញ្ញាណ​ឡើយ ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​កែប្រែ​ប្រទេស​កម្ពុជា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស