លោក ហ៊ុន សែន គំរាមធ្ងន់ៗថានឹងវាយខ្នោះអ្នកដែលរិះគន់រដ្ឋសភាជាតិថាការកែរដ្ឋធម្មនុញ្ញកម្ពុជាពី «២ភាគ៣» ទៅ «៥០%+១» គឺជាការរំលោភកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ លោក ហ៊ុន សែន ចាត់ទុកការរិះគន់នេះថាជាការប្រមាថស្ថាប័នជាតិ។
ពាក្យគំរាមរបស់លោក ហ៊ុន សែន ដូច្នេះ ធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃចន្ទ ទី៨ ខែវិច្ឆិកា។
លោកបានរំឭកថា ប្រសិនបើរដ្ឋកម្ពុជាមិនព្រមអនុម័តរដ្ឋធម្មនុញ្ញទេ កម្លាំងអ៊ុនតាក់ (UNTAC) នឹងជាប់គាំងនៅកម្ពុជារហូតដល់បច្ចុប្បន្ន។ ចំណែកអ្នកដែលចង់សើរើពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ គឺជាអ្នកចង់ឱ្យបរទេសមកត្រួតត្រាកម្ពុជា។
លោក ហ៊ុន សែន បានផ្ដាំផ្ញើទៅអ្នកអត្ថាធិប្បាយដែលសំដៅទៅអ្នកដែលធ្លាប់វិភាគពីស្ថានភាពនយោបាយនៅកម្ពុជា ឲ្យមានការប្រុងប្រយ័ត្ន ព្រោះថាលោកមិនញញើតក្នុងការចាប់វាយខ្នោះអ្នកដែលបញ្ចេញមតិរិះគន់លោកឡើយ។
លោករំឭកទៀតថា លោកហ៊ានវាយខ្នោះអ្នកនយោបាយម៉ោង ១២យប់ ដូច្នេះមិនខ្លាចនឹងវាយខ្នោះអ្នករិះគន់ដើម្បីឱ្យមកបកស្រាយជាមួយតុលាការ ហេតុអីហ៊ានចោទរដ្ឋសភាជាតិថាខុសក្នុងករណីកែរដ្ឋធម្មនុញ្ញពី ២ភាគ៣ មក ៥០%+១។
ទោះយ៉ាងណា អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ធ្លាប់បានរិះគន់ថា ការធ្វើវិសោធនកម្មច្បាប់ ២/៣ ទៅ ៥០%+១ រវាងលោក ហ៊ុន សែន និងលោក សម រង្ស៊ី ដែលជាល្បិចកលនយោបាយខ្ចីដៃគ្នាប្រើដើម្បីសម្រេចមហិច្ឆតារបស់ខ្លួន ក្នុងការគ្រប់គ្រងអំណាចតែប៉ុណ្ណោះ។ អតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លោក មាជ សុវណ្ណារ៉ា ធ្លាប់លើកឡើងថា នៅក្នុងប្រទេសក្រីក្រដែលប្រកាន់យករបបដឹកនាំប្រទេសបែបលទ្ធិប្រជាធិបតេយ្យ គឺតម្រូវឲ្យយករូបមន្តសំឡេង ២ភាគ៣ សម្រាប់បង្កើតរដ្ឋាភិបាល ដើម្បីទាមទារឲ្យមានពេលវេលាគ្រប់គ្រាន់ក្នុងការកសាងនូវមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យឲ្យបានរឹងមាំ និងរក្សានិរន្តរភាព។
លោកបញ្ជាក់ថា ព្រោះតែគំនុំបុគ្គល និងមហិច្ឆតាចង់ក្តោបក្តាប់អំណាច អ្នកនយោបាយខ្មែរបានលេងល្បែងនយោបាយមួយចានទឹក មួយចានគោក ក្នុងការផ្តួលគ្នាទៅវិញទៅមកដោយបន្លំភ្នែករាស្ត្រ និងយករដ្ឋធម្មនុញ្ញជាចំណាប់ខ្មាំងនយោបាយ ធ្វើវិសោធនកម្ម កែប្រែប្រព័ន្ធគ្រប់គ្រងប្រទេសពី ២/៣ មក ៥០%+១ ចាប់ពីឆ្នាំ២០០៦ មក។
អ្នកវិភាគសង្គមបានសម្គាល់ឃើញថា ក្នុងរយៈពេល ១៤ឆ្នាំមកនេះ ក្រោយពីវិសោធនកម្មរដ្ឋធម្មនុញ្ញពី ២ភាគ៣ មក ៥០%+១ គោលការណ៍ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សបានធ្លាក់ចុះយ៉ាងខ្លាំង ក្នុងនោះមានការគំរាមកំហែង និងបំភិតបំភ័យទៅលើសកម្មជននយោបាយ សកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន ការរំលាយគណបក្សសង្គ្រោះជាតិ និងការបំផ្លាញមូលដ្ឋានគ្រឹះនៃប្រជាធិបតេយ្យបច្ចុប្បន្ននេះតាមគ្រប់រូបភាពជាដើម។
អ្នកវិភាគនយោបាយ សង្គម និងជាប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ លោក គឹម សុខ បានប្រតិកម្មនៅលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃចន្ទ ទី៨ វិច្ឆិកា នេះថា កាលណាពលរដ្ឋគ្រាន់តែសម្ដែងមតិថាការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញខុសនឹងស្មារតីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយបែរជាគំរាមវាយខ្នោះពួកគាត់នោះ វាគឺជាទង្វើបំពានស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងខ្លឹមសាររដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ទៅវិញទេ។
រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់កម្ពុជា បានធ្វើវិសោធនកម្មចំនួន ៩លើកមកហើយ ហើយការធ្វើវិសោធនកម្មចុងក្រោយនេះ បន្ទាប់ពីលោក ហ៊ុន សែន បានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ សិក្សារៀបចំធ្វើសេចក្ដីព្រាងច្បាប់ស្ដីពី «វិសោធនកម្មរដ្ឋធម្មនុញ្ញ» កំណត់ឱ្យថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជានាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយ៕