27 C
Phnom Penh

សកម្មជន​បរិស្ថាន​និង​សមាជិក​ខ្មែរ​ថាវរៈ​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​ឱ្យ​មាន​សេរីភាព​ឡើងវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជន​បរិស្ថាន និង​សមាជិក​ខ្មែរ​ថាវរៈ កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​ព្រៃស ឱ្យ​មាន​សេរីភាព​ឡើងវិញ​ហើយ​នៅ​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ប៉ុន្តែ​កុមារា កាក់ សុវណ្ណច្ឆ័យ នឹង​ត្រូវ​ដោះលែង​នៅ​ថ្ងៃ​ទី​១០ វិញ។ ក្រុម​មន្ត្រី​សិទ្ធិមនុស្ស​ចោទ​ថា ការ​ធ្វើ​បែប​នេះ គឺ​រំលោភ​លើ​ឆន្ទានុសិទ្ធិ​របស់​តុលាការ​ទាំងស្រុង។

កញ្ញា អេង ម៉ាឡៃ បាន​រិះគន់​ភ្លាមៗ​នៅ​មុខ​ពន្ធនាគារ​ថា ការ​កាត់ក្តី​លើ​សំណុំរឿង​របស់​កញ្ញា គឺជា​រឿង​អយុត្តិធម៌​យ៉ាង​ធ្ងន់ធ្ងរ ប៉ុន្តែ​ទោះជាយ៉ាងណា​ក៏ដោយ កញ្ញា​ប្ដេជ្ញា​ថា​នៅតែ​បន្ត​សកម្មភាព​បរិស្ថាន​បន្ត​ទៀត​លុះដល់​ថ្ងៃ​បាត់បង់​ជីវិត ព្រោះ​ថា​ការ​ជួយ​សង្គម​ជាតិ គឺជា​កាតព្វកិច្ច​របស់​យុវជន​ខ្មែរ​ទាំងអស់​គ្នា ដូច្នេះ​គ្មាន​ហេតុផល​ណា​មួយ​ធ្វើ​ឱ្យ​កញ្ញា​បញ្ឈប់​សកម្មភាព​របស់​កញ្ញា​បាន​ឡើយ។

សកម្មជន​បរិស្ថាន​រូប​នេះ​រៀបរាប់​ថា ក្នុង​អំឡុង​ពេល​នៅ​ក្នុង​ពន្ធនាគារ កញ្ញា​បាន​មើល​ឃើញ​រឿងរ៉ាវ​អយុត្តិធម៌ និង​ការ​ប្រព្រឹត្ត​អំពើពុករលួយ​ក្នុង​ពន្ធនាគារ​រាប់​មិន​អស់ ដែល​រឹត​តែ​ធ្វើ​ឱ្យ​កញ្ញា​មាន​ការ​តស៊ូ​បន្ត​កិច្ចការ​ដើម្បី​សង្គម​ជាតិ​ថែម​ទៀត បើ​ទោះបីជា​ក្នុង​ពេល​ជាប់​ឃុំ បាន​ធ្វើ​ឱ្យ​កញ្ញា​រង​ការ​លំបាក និង​ចុះ​ខ្សោយ​សុខភាព​ធ្ងន់ធ្ងរ​ក៏ដោយ ក៏​នាង​មិន​រាថយ​ជាដាច់ខាត ដើម្បី​ឱ្យ​សង្គម​ខ្មែរ​មាន​យុត្តិធម៌​ឡើងវិញ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​កញ្ញា អេង ម៉ាឡៃ ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរីភាព​ឡើងវិញ​នៅ​ថ្ងៃ​ចន្ទ ដើម​សប្តាហ៍​នេះ ខណៈ​កុមារា កាក់ សុវណ្ណច្ឆ័យ ត្រូវ​មន្ត្រី​ពន្ធនាគារ​ពន្យារ​ពេល​នៃ​ការ​ដោះលែង​ទៅ​ថ្ងៃ​ក្រោយ។

នៅ​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០២១ អ្នកស្រី ព្រុំ ចាន់ថា បាន​ទៅ​ដល់​មុខ​ពន្ធនាគារ​ព្រៃស ដើម្បី​ទៅ​ទទួល​កុមារា កាក់ សុវណ្ណច្ឆ័យ ដែល​តុលាការ​បាន​ប្រកាស​ថា​នឹង​ត្រូវ​ដោះលែង​នៅ​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០២១ រួម​ជាមួយ​ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស​ជាច្រើន​នាក់​ផ្សេង​ទៀត ប៉ុន្តែ​មន្ត្រី​ពន្ធនាគារ​បាន​អះអាង​ថា នឹង​ត្រូវ​ប្តូរ​ទៅ​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ជំនួស​វិញ។

ម្តាយ​បង្កើត​របស់​ក្មេងប្រុស​រូប​នេះ បាន​ប្រតិកម្ម​ធ្ងន់ៗ​លើ​បណ្ដាញ​សង្គម​តាមរយៈ​ខ្សែ​វីដេអូ​ដែល​ផ្សាយ​ចេញពី​មុខ​មន្ទីរ​ឃុំឃាំង​ព្រៃស ថា អ្នកស្រី​នឹង​មិន​បញ្ឈប់​ការ​តវ៉ា​ជាដាច់ខាត ប្រសិនបើ​មន្ត្រី​ទាំងនោះ​នៅតែ​និយាយ​ដោះសា​មិនព្រម​ដោះលែង​កូន​គាត់​ឱ្យ​មាន​សេរីភាព​ឡើងវិញ​ទេ​នោះ។

មន្ត្រី​ជាន់ខ្ពស់​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៨ វិច្ឆិកា នេះ​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​កំពុង​យកចិត្ត​ទុកដាក់​លើ​ករណី​នេះ​យ៉ាង​ខ្លាំង ព្រោះ​មិន​ដឹង​មូលហេតុ​ពិតប្រាកដ ថា​តើ​ហេតុ​អ្វី​អាជ្ញាធរ​មិន​ដោះលែង​កុមារា កាក់ សុវណ្ណច្ឆ័យ តាម​សាលដីកា​ដូច​ដែល​តុលាការ​បាន​ប្រកាស​ដោះលែង​កាលពី​ពេល​ថ្មីៗ​នេះ។

កុមារា កាក់ សុវណ្ណច្ឆ័យ ដែល​មាន​ជំងឺ​អូទីហ្សឹម ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០២១ កន្លងទៅ ដោយ​ចោទប្រកាន់​ពី​បទ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​បទ​ប្រមាថ​ចំពោះ​អ្នក​រាជការ​សាធារណៈ» ខណៈ​កញ្ញា អេង ម៉ាឡៃ ឬ​កញ្ញា សូ មេត្តា ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០២០ ពី​បទ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ផង​ដែរ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស