កូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានចាប់យកតួនាទីដ៏ធំមួយក្នុងគណបក្សប្រឆាំងធំជាងគេក្នុងប្រទេសថៃ គឺបក្សភឿថៃ។
ការណ៍នេះ មានពាក្យចចាមអារ៉ាមថា ត្រកូល ស៊ីណាវ៉ាត្រា ចេញមុខមកប្រឡូកនយោបាយវិញហើយ។ តំណែងរបស់ស្ត្រីរូបនេះនៅក្នុងបក្សភឿថៃ គឺជាប្រធាននៃគណៈកម្មការប្រឹក្សានវានុវត្តន៍ និងបរិយាប័ន្នរបស់បក្ស។
ស្ត្រីស្រស់សោភារូបនេះមានឈ្មោះថា Paetongtarn “Ing” Shinawatra។ បើតាម The strait times ឲ្យដឹងថា ការបង្ហាញខ្លួនលើកដំបូងរបស់អ្នកស្រី បាននាំឱ្យមានការលេចឮថា លទ្ធភាពក្នុងពេលអនាគត អ្នកនយោបាយស្ត្រីវ័យក្មេងរូបនេះអាចនឹងក្លាយជាបេក្ខជនតំណែងនាយករដ្ឋមន្ត្រីនៃបក្សភឿថៃ។
លោក Duncan McCargo ដែលជាអ្នកជំនាញនយោបាយថៃ មានប្រសាសន៍ថា បក្សភឿថៃ មានបញ្ហាផ្ទៃក្នុងអំពីអ្នកនយោបាយខ្លះរត់ចោលបក្ស ហើយក៏មានការលេចឮថាលោក ថាក់ស៊ីន ប៉ុនប៉ងបញ្ចូលគ្រួសារដ៏មានឥទ្ធិពលសម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៣ តែអ្នកវិភាគរូបនេះថា លោកមិនភ្ញាក់ផ្អើលនឹងព័ត៌មាននេះទេ។
បើទោះបីជាមិនបានកាន់តំណែងផ្លូវការណាមួយនៃអតីតបក្សក្រោមឥទ្ធិពលរបស់លោក ថាក់ស៊ីន នៅពីក្រោយបក្សភឿថៃ នៅតែគេដឹងថាអតីតភរិយារបស់លោក ថាក់ស៊ីន ដែលជាម្ដាយរបស់កូនស្រីពៅរូបនេះ គឺអ្នកស្រី Potjaman Na Pombejra ជាអ្នកគ្រប់គ្រងហិរញ្ញវត្ថុរបស់បក្សភឿថៃ។
លោក Isra Sunthornvut នាយកប្រតិបត្តិប្រឹក្សា Vriens & Partners ដែលជាសមាជិកបក្សប្រជាធិបតេយ្យ បាននិយាយថា ការតែងតាំងកូនស្រីលោក ថាក់ស៊ីន គឺជាការកាន់តែបង្ហាញថាវាជារឿងរ៉ាវរបស់គ្រួសារមួយនេះ។
លោក ថាក់ស៊ីន បច្ចុប្បន្នមានអាយុ ៧២ឆ្នាំហើយ។ លោកធ្លាប់ត្រូវបានគេទម្លាក់ពីអំណាចនយោបាយដោយរដ្ឋប្រហារ នៅឆ្នាំ២០០៦ ហើយបានរស់នៅដោយនិរទេសអស់រយៈពេលជាច្រើនឆ្នាំ។ យ៉ាងនេះក្ដី អំណាចនយោបាយរបស់លោកនៅតែជួយជំរុញឱ្យសមាជិកគ្រួសារបានឡើងខ្ពស់ដដែល។ តួយ៉ាងដូចជាប្អូនថ្លៃរបស់លោក គឺលោក Somchai Wongsawat និងប្អូនស្រីពៅរបស់លោក គឺអ្នកស្រី Yingluck Shinawatra បានក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់ពីលោក Somchai ហើយអ្នកទាំងពីររូបចុងក្រោយ ត្រូវបានទាញចេញពីអំណាចដោយអំណាចច្បាប់មុននឹងអាណត្តិចូលមកបញ្ចប់។
លោក ថាក់ស៊ីន ត្រូវគេដឹងថារស់នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដើម្បីគេចចេញពីអាជ្ញាយុកាលនៃទោសនៅប្រទេសថៃ លើសំណុំរឿងពុករលួយដែលលោកថាការចោទប្រកាន់មកលើរូបលោក គឺជារឿងនយោបាយ។
កាលពីខែកក្កដា លោក ថាក់ស៊ីន ដែលអំឡុងការចូលរួមវេទិកាមួយក្នុងបណ្ដាញសង្គមនៃ Clubhouse លោកប្រកាសថាលោកចង់ចូលមកថៃវិញតាមផ្លូវមុខ គឺមិនមែនផ្លូវក្រោយទេ គឺក្នុងពេលឆាប់ៗនេះ។
បណ្ឌិត Punchada Sirivunnabood អ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថាន YUSOF ISHAK មានប្រសាសន៍ថា តួនាទីថ្មីរបស់អ្នកស្រី Paetongtarn អាចបញ្ជាក់អំពីនយោបាយថ្មើរជើងសម្រាប់លោក ថាក់ស៊ីន វិលមកកាន់ថៃ ហើយទំនងជាផ្លូវតែមួយគត់ដែលបក្សភឿថៃ អាចក្លាយជាបក្សកាន់អំណាចឡើងវិញបាននោះ។
កូនស្រីពៅក្នុងចំណោមកូនបីនាក់របស់លោក ថាក់ស៊ីន គឺអ្នកស្រី Paetongtarn បម្រើការជាមន្ត្រីគ្រប់គ្រងប្រតិបត្តិនៃអចលនទ្រព្យផ្ទាល់ខ្លួនមួយឈ្មោះថា Rende។ ប្ដីរបស់អ្នកស្រី គឺលោក Pidok “Por” Sooksawas ដែលជាអ្នកបើកយន្តហោះពាណិជ្ជកម្ម។
អ្នកវិភាគថាត្រកូល ស៊ីណាវ៉ាត្រា កំពុងដាក់គោលដៅដល់កូនស្រីត្រកូល ស៊ីណាវ៉ាត្រា នេះមានអាយុ ៣៥ឆ្នាំ ក្រោយពីអ្នកស្រីបានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ ជូឡាឡុងកន នៃមហាវិទ្យាល័យវិទ្យាសាស្ត្រនយោបាយ ហើយបានទៅសិក្សានៅសាកលវិទ្យាល័យ Surrey នៃប្រទេសអង់គ្លេស។
លោក ថាក់ស៊ីន នៅតែជាទ្រព្យកាត់ថ្លៃមិនបាននៃបក្សភឿថៃ ដែលជាបេះដូងរបស់ប្រជាជននៅភាគខាងជើងប្រទេស។ នេះបើយោងតាមការយល់ឃើញរបស់សាស្ត្រាចារ្យ McCargo។ លោកបន្តថា ភឿថៃ ធ្លាប់ទទួលបានប្រយោជន៍ចំពោះកេរ្តិ៍ឈ្មោះដ៏ល្អនៃការគ្រប់គ្រងសេដ្ឋកិច្ចនៅដើមឆ្នាំ២០០០ ហើយផ្ទុយពីការដឹកនាំបច្ចុប្បន្ននៃរដ្ឋាភិបាលលោក ប្រាយុទ្ធ។
សម្រាប់អ្នកវិភាគ Isra Sunthornvut បន្ថែមថា ឱ្យតែឮឈ្មោះត្រកូល ស៊ីណាវ៉ាត្រា គឺល្បីតែម្ដង ហើយបើកូនស្រីមកទៀត វាទាក់ទាញយុវជនធ្វើឱ្យកាន់តែល្បីថែមទៀត។
សម្រាប់ការបោះឆ្នោតសភាអាណត្តិថ្មីនៅខែមីនា ឆ្នាំ២០២៣ មានពាក្យលេចឮថា គណបក្សកំពុងកាន់អំណាច Palang Pracharath និងក្រុមគណបក្សផ្សេងៗទៀត បានត្រៀមរួចហើយបេក្ខជនសម្រាប់តំណែងនាយករដ្ឋមន្ត្រី។ តែសម្រាប់គណបក្សភឿថៃ ដែលជាគណបក្សនយោបាយធំជាងគេ នៅមិនទាន់ប្រាប់ឈ្មោះអ្នកនយោបាយរូបណានឹងត្រូវបានលើកឱ្យក្លាយជាបេក្ខជនតំណែងនាយករដ្ឋមន្ត្រីពិតប្រាកដនោះទេ ខណៈមានការលេចឮថា យ៉ាងតិចមានអ្នកនយោបាយ ៣រូបដែលត្រូវស្នើឡើង ក្នុងនោះមានទាំងកូនស្រីពៅលោក ថាក់ស៊ីន គឺអ្នកស្រី Paetongtarn ផងដែរ។
នៅពេលអ្នកសារព័ត៌មានចោទសួរថា អ្នកស្រីនឹងឈរឈ្មោះជាបេក្ខជនសម្រាប់តំណែងនាយករដ្ឋមន្ត្រីដែរឬទេ? អ្នកស្រី Paetongtarn និយាយថា គឺរឿងសម្រាប់ថ្ងៃខាងមុខ។ តែអ្នកស្រីថានៅពេលនេះ អ្នកស្រីកំពុងតែផ្ដោតតែលើតួនាទីរបស់អ្នកស្រីនាពេលនេះតែប៉ុណ្ណោះ។
តែអ្នកវិភាគ Punchada មើលឃើញថា បេក្ខជនសម្រាប់តំណែងនាយករដ្ឋមន្ត្រីនៃបក្សភឿថៃ ទំនងបានទៅលើអ្នកស្រី Paetongtarn។ អ្នកវិភាគរូបនេះលើកយកឈ្មោះអ្នកស្រី Yingluck Shinawatra មកធ្វើការផ្ទៀងផ្ទាត់ ដែលលោកថា អ្នកស្រី យីងឡាក់ គឺការពិតនាងពុំមានបទពិសោធន៍នយោបាយច្រើនឡើយ។ អ្នកស្រីបានប្រឡូកនយោបាយនៃបក្សភឿថៃ បានជាង ២ខែបន្តិច គឺមុនការបោះឆ្នោតឆ្នាំ២០១១ គឺអ្នកស្រីក៏ក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់បក្សភឿថៃ។
លោកបន្តថា សម្រាប់អ្នកស្រី Paetongtarn គឺរាប់ពីពេលនេះរហូតដល់ថ្ងៃជិតបោះឆ្នោត នៅខែមីនា ឆ្នាំ២០២៣ គឺសមល្មមដែលស្ត្រីអ្នកនយោបាយវ័យក្មេងរូបនេះអាចនឹងត្រូវបក្សតែងតាំងជាបេក្ខជនសម្រាប់បក្សភឿថៃ ក្នុងតំណែងនាយករដ្ឋមន្ត្រី។
តាមមើលទៅ អ្នកវិភាគរូបនេះចង់និយាយថា ឥទ្ធិពលរបស់លោក ថាក់ស៊ីន និងត្រកូលស៊ីណាវ៉ាត្រា នៅតែមាននៅលើបក្សភឿថៃ។
តែយ៉ាងណា បើយោងតាមរដ្ឋធម្មនុញ្ញ ឆ្នាំ២០១៧ ដែលពួកយោធារៀបរៀងឡើងក្នុងអន្តរកាលនៃរដ្ឋាភិបាលកើតចេញពីរដ្ឋប្រហារ ឆ្នាំ២០១៤ ដឹកនាំដោយនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចារ គឺរដ្ឋធម្មនុញ្ញនេះបានកំណត់ថា បក្សឈ្នះឆ្នោតត្រូវយកបេក្ខជននាយករដ្ឋមន្ត្រីរបស់ខ្លួនមកបោះឆ្នោតនៅក្នុងរដ្ឋសភា ប៉ុន្តែមិនមែនមានតែសមាជិកសភាជាប់ឆ្នោតចំនួន ៥០០រូបនោះទេជាអ្នកសម្រេច គឺមានសមាជិកព្រឹទ្ធសភាជ្រើសតាំងចំនួន ២៥០រូបក៏មានសិទ្ធិបោះឆ្នោតផងដែរ។
ករណីនេះហើយបាននាំឱ្យបក្សភឿថៃ មិនមានលទ្ធភាពបង្កើតរដ្ឋាភិបាល ព្រោះតែបេក្ខជនសម្រាប់តំណែងនាយករដ្ឋមន្ត្រីមិនទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ ហើយក៏បានទៅលើលោក ប្រាយុទ្ធ មកពីបក្ស Palang Pracharath ដែលជាបក្សឈ្នះឆ្នោតលំដាប់ទី២ នៃការបោះឆ្នោតសភាកាលពីខែមីនា ឆ្នាំ២០១៩។ បច្ចុប្បន្ន លោក បា្រយុទ្ធ ជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលចម្រុះ ១៩គណបក្ស។
អតីតមេរដ្ឋប្រហារឆ្នាំ២០១៤ បានឡើងកាន់តំណែងនាយករដ្ឋមន្ត្រីដោយសារតែសំឡេងឆ្នោតរបស់សមាជិកព្រឹទ្ធសភា ២៥០រូប បានបោះឆ្នោតជួយបង្គ្រប់សំឡេងសមាជិកសភារបស់បក្ស Palang Pracharath និងបក្សផ្សេងៗទៀត ១៨គណបក្ស ដែលអ្នកវិភាគយល់ថា គឺជាការផ្ទុយនឹងឆន្ទៈម្ចាស់ឆ្នោត។
ក្រុមយុវជនថៃ កំពុងរុញច្រានមិនឱ្យមានស្ថានភាពដូចនេះសម្រាប់ការបោះឆ្នោតសភាអាណត្តិក្រោយនេះទេ គឺក្រុមយុវជនថៃ កំពុងទាមទារឱ្យរំលាយសមាសភាពព្រឹទ្ធសភាទាំង ២៥០រូបនេះចោលវិញ៕