35 C
Phnom Penh

លោក ហ៊ុន សែន កាត់​ដី​ជិត ៩​ពាន់​ហិកតារ​ឱ្យ​ឧកញ៉ា គិត ម៉េង នៅ​ឧទ្យាន​ជាតិ​បុទុមសាគរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន បាន​កាត់​ដី​ក្នុង​ឧទ្យាន​ជាតិ​បុទុមសាគរ​ក្នុង​ខេត្ត​កោះកុង ទំហំ​ជិត ៩​ពាន់​ហិកតារ​ឱ្យ​ទៅ​ក្រុមហ៊ុន Royal Group របស់​អ្នក​ឧកញ៉ា គិត ម៉េង ដើម្បី​រៀបចំ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស។

លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ និង​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ព្រមទាំង​រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា និង​គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ខេត្ត​កោះកុង ត្រូវ​នាំគ្នា​អនុវត្ត​តាម​គោលការណ៍​របស់​រដ្ឋាភិបាល​ដាច់ខាត ក្នុង​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ។

ក្រុម​អ្នក​ឃ្លាំមើល​និយាយ​ថា ឧទ្យាន​ជាតិ​នេះ​អាច​នឹង​ត្រូវ​រលាយ​បាត់​ពី​ខេត្ត​កោះកុង នៅ​ថ្ងៃ​ខាងមុខ បើ​រដ្ឋាភិបាល​នៅតែ​បន្ត​សម្បទាន​ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​បន្ត​ទៀត​នោះ។

កាលពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២១ លោក ហ៊ុន សែន បាន​សម្រេច​កាត់​ផ្ទៃដី​ទំហំ ៨៦៣១​ហិកតារ​ស្ថិតនៅ​ក្នុង​ឧទ្យាន​ជាតិ​បុទុមសាគរ ក្នុង​ភូមិសាស្ត្រ​ឃុំ​តានួន ស្រុក​បុទុមសាគរ ខេត្ត​កោះកុង ឱ្យ​ទៅ​ក្រុមហ៊ុន Royal Group របស់​អ្នក​ឧកញ៉ា គិត ម៉េង ដើម្បី​បង្កើត និង​អភិវឌ្ឍ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស។

កន្លងមក លោក ហ៊ុន សែន ក៏​ធ្លាប់​បាន​សម្រេច​កាត់​ផ្ទៃដី​ទំហំ​ជាង ១៦០​ហិកតារ​ក្នុង​ឧទ្យាន​ជាតិ​បុទុមសាគរ ស្ថិត​ក្នុង​ភូមិ​ថ្មស និង​ភូមិ​ចម្លងគោ ឃុំ​ថ្មស ស្រុក​បុទុមសាគរ ខេត្ត​កោះកុង នេះ​ផង​ដែរ ដើម្បី​ជួល​ឱ្យ​ទៅ​ក្រុមហ៊ុន Royal Group របស់​អ្នក​ឧកញ៉ា គិត ម៉េង សម្រាប់​បម្រើ​ការ​ក្នុង​គម្រោង​អភិវឌ្ឍន៍​រោងចក្រ​អគ្គិសនី​ធ្យូងថ្ម​ក្នុង​រយៈពេល ៣៨​ឆ្នាំ កាលពី​ដើម​ខែ​សីហា ឆ្នាំ​២០២០ កន្លងទៅ។

ឧទ្យាន​ជាតិ​បុទុមសាគរ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ព្រះករុណា​ព្រះបាទ នរោត្តម សីហនុ កាលពី​ថ្ងៃ​ទី​០១ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៣ ដែល​មាន​ផ្ទៃដី ១៨​ម៉ឺន ៣​ពាន់​ហិកតារ ជា​តំបន់​ធម្មជាតិ និង​ជា​ដែន​ជម្រក​សត្វ​ព្រៃ និង​ជា​ដែន​ជម្រក​មច្ឆជាតិ​គ្រប់​ប្រភេទ​ស្ថិត​ក្នុង​ទឹកដី​ខេត្ត​កោះកុង ដែល​មាន​ព្រំប្រទល់​ត្រឹម​ផ្លូវជាតិ​លេខ​៤៨ ពី​ចំណុច​ឃុំ​អណ្ដូងទឹក រហូត​ទៅ​ដល់​ឃុំ​ត្រពាំងរូង ក្រៅពី​នោះ​គឺ​មាន​ព្រំប្រទល់​ជាប់​មាត់សមុទ្រ​ទាំងអស់។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD) លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា នេះ​ថា អំណាច​ដែល​លោក ហ៊ុន សែន ក្ដោបក្ដាប់​ពេញ​ដៃ​រហូត​ហ៊ាន​បំផ្លាញ​ជាតិ​ឱ្យ​ហិនហោច​ព្រៃឈើ លុប​បឹង លក់​រ៉ែ ប្លន់​ដី​រាស្ត្រ រំលោភ​យក​ដី​រដ្ឋ លក់​កោះ ឆ្នេរសមុទ្រ និង​សម្លាប់​ទាំង​ប្រជាធិបតេយ្យ​របស់​កម្ពុជា​ដោយ​គ្មាន​កោត​ញញើត​ច្បាប់​បែប​នេះ ក៏​មាន​ចំណែក​ខុស​របស់​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ដែរ។

អ្នកវិភាគ​រូប​នេះ​អះអាង​ថា ដោយសារតែ​ចង់​ឈ្នះ​គំនុំ​ផ្ទាល់ខ្លួន មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី សុខ​ចិត្ត​ជួយ​លោក ហ៊ុន សែន ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​កែប្រែ​រូបមន្ត​បង្កើត​រដ្ឋាភិបាល​ពី ២​ភាគ​៣ ទៅជា ៥០​ភាគរយ​បូក​១ ដែល​ជា​រូបមន្ត​បង្កើត​គ្រឹះ​អំណាច​ឱ្យ​អតីត​មេ​កម្មាភិបាល​ខ្មែរក្រហម​រូប​នេះ​វិល​ទៅ​រក​ការ​ក្ដោបក្ដាប់​អំណាច​នៅ​កម្ពុជា​សាជាថ្មី ក្នុង​រូបភាព​ប្រជាធិបតេយ្យ​ដូច​សព្វថ្ងៃ​នេះ ហើយ​នៅ​ទីបំផុត ទុក្ខសោក​ទាំងអស់​បាន​ធ្លាក់​លើ​សង្គម​ជាតិ​ខ្មែរ​ទាំងមូល។

លោក គឹម សុខ បញ្ជាក់​ថា ទោះជាយ៉ាងណា​ក៏ដោយ លោក ហ៊ុន សែន នឹង​មិន​អាច​បន្ត​កាន់កាប់​អំណាច​កុម្មុយនីស្ត​ក្នុង​រូបភាព​ប្រជាធិបតេយ្យ​បាន​រហូត​ទេ ប្រសិនបើ​ពួក​អ្នក​នយោបាយ​ប្រជាធិបតេយ្យ​និយម​នាំគ្នា​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ច្បាស់លាស់​នៅ​លើ​សមរភូមិ​នយោបាយ​កម្ពុជា ដើម្បី​ផ្លាស់ប្ដូរ​ការ​ដឹកនាំ​នយោបាយ​បំផ្លាញ​ជាតិ​បច្ចុប្បន្ន​នេះ ប៉ុន្តែ​មិនមែន​ជា​យុទ្ធសាស្ត្រ​ស្រែក​ពី​ចម្ងាយ​ដូច​ក្រុម​ប្រឆាំង​ធ្វើ​រាល់​ថ្ងៃ​នេះ​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស