ក្រុមយុវជនគណបក្សប្រជាជនកម្ពុជាក្រៅប្រទេស ក្រោមមគ្គុទ្ទេសក៍ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មានបណ្ដាញនៅក្នុងប្រទេសជាច្រើន ប៉ុន្តែសកម្មភាពលេចធ្លោជាងគេ គឺនៅប្រទេសអូស្ត្រាលី។
បញ្ហានេះ អាចកើតមានទៅបានដោយសារមេដឹកនាំសាខាមួយចំនួនធំជានាយទាហាន និងនាយប៉ូលិសដែលមានការជួយជ្រោមជ្រែងពីមន្ត្រីក្នុងក្រសួង។
អ្នកសង្កេតការណ៍មើលឃើញថា គណបក្សប្រជាជនកម្ពុជាបង្កើនសកម្មភាព យុទ្ធនាការច្រើនទិស ឬមុខព្រួញទាំងក្នុង ទាំងក្រៅស្រុក មានចាប់ពីការចាត់តាំងក្រុមយុវជនឲ្យដើរវាស់ដីចែកដីឲ្យប្រជាពលរដ្ឋអត់ដី បង្កើនសមាជិកសមាសភាពក្នុងគណៈកម្មាធិការកណ្តាល ឬមជ្ឈិមបក្ស ជួលក្រុមជំនាញអាមេរិកាំងខាងផ្តល់ឱវាទ (lobbying firms) ពង្រីក បំបែកបណ្ដាញ សាខាក្រុមយុវជនគាំទ្របក្សក្រៅប្រទេសជាដើម។
នេះទំនងជាអាចមកពីគេដឹងខ្លួនថា គេទទួលរងការរិះគន់របៀបរបបគ្រប់គ្រងប្រទេសដោយរាជរដ្ឋាភិបាលដឹកនាំដោយមន្ត្រីបក្សប្រជាជនកម្ពុជា មិនមែនមានតែរឿងអំពើពុករលួយ អយុត្តិធម៌ រំលោភសិទ្ធិមនុស្ស បំផ្លាញធនធានធម្មជាតិ លួចជាតិប៉ុណ្ណោះទេ ប៉ុន្តែមានរឿងដែលបក្សប្រឆាំងតែងតែចោទគឺរឿងបោះឆ្នោតអត់ប្រក្រតី ក្លែងបន្លំ លួចសន្លឹកឆ្នោត បញ្ជីបោះឆ្នោតឈ្មោះខ្មោច ជនបរទេសមានសិទ្ធិបោះឆ្នោត ពោលគឺការបោះឆ្នោតរាល់សម័យប្រព្រឹត្តទៅមិនដោយសេរី មិនយុត្តិធម៌ មិនសុចរិត មិនស្មើភាព ហើយថែមទាំងសម្បូរករណីគំរាមកំហែង បំភិតបំភ័យទៀតផង។ ទីបំផុត មជ្ឈដ្ឋានជាតិ និងអន្តរជាតិចាត់ទុកថាជារាជរដ្ឋាភិបាលកើតមកមិនស្របច្បាប់ (illegitimate government)។
មានពលរដ្ឋខ្មែរមួយចំនួនសួរថា តើមូលហេតុអ្វីបក្សប្រជាជនកម្ពុជាដែលមានឫសគល់ពីបក្សកុម្មុយនីស្តឥណ្ឌូចិន បង្កើតដោយមេដឹកនាំកុម្មុយនីស្តយៀកណាម នៅឆ្នាំ១៩៣០ ចំណាយធនធានដ៏សម្បើមពង្រីកឥទ្ធិពលខ្លួននៅបរទេស ឥតកោតក្រែងការរំលោភច្បាប់ទម្លាប់ប្រទេសដទៃយ៉ាងដូច្នេះ?
មជ្ឈដ្ឋានអ្នកវិភាគនយោបាយខ្មែរមួយ ផ្តល់ចម្លើយខ្លីមួយដែលពលរដ្ឋខ្មែរម្ចាស់ប្រទេសទាំងក្នុង ទាំងក្រៅប្រទេស ទាំងអ្នកប្រជាធិបតេយ្យ អ្នកប្រឆាំងនឹងកណ្តាប់អំណាចផ្ដាច់ការ ផ្ដាច់មុខ ទាំងសកម្មជននយោបាយ ទាំងអព្យាកតជន (ឬអ្នកអល់អែក ស្ទាក់ស្ទើរ រេរា ចាំមើលសិន អព្យាក្រឹតនិយមកណ្តាលមិនកាន់ខាងណា) គិតមិនឃើញនោះ គឺថារាជរដ្ឋាភិបាលដឹកនាំដោយបក្សប្រជាជនកម្ពុជា ព្យាយាមបញ្ឈប់ឲ្យបាននូវការរិះគន់គ្រប់បែបយ៉ាងពីមជ្ឈដ្ឋានដទៃ ចំពោះការដឹកនាំរបស់ខ្លួននៅប្រទេសកម្ពុជា ដោយបើកផ្លូវឲ្យជនជាតិខ្មែរនៅបរទេស (diaspora) មានសិទ្ធិអាចបោះឆ្នោតពេញលេញ។ គេនឹងធ្វើច្បាប់ផ្តល់សិទ្ធិនេះ ល្គឹកណាគេដឹងថាមានអ្នកគាំទ្របក្សក្តាប់អំណាចច្រើនលើសលប់នៅបរទេស។
ល្គឹកណាខ្មែរនៅបរទេសភាគច្រើនលើសលប់គាំទ្រ និងអាចបោះឆ្នោតឲ្យបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាលនៃបក្សនេះនឹងប្រកាសប្រាប់សហគមន៍អន្តរជាតិឲ្យទៅសង្កេតការណ៍ដំណើរការបោះឆ្នោតនៅប្រទេសកម្ពុជា រួចចេញសេចក្តីថ្លែងការណ៍រួមថា វាប្រកបដោយសេរី យុត្តិធម៌ ដោយសុចរិត ដោយស្មើភាព។ ពេលនោះ អ្នកគាំទ្របក្សនេះនឹងចេញមុខព្រោងព្រាតការពារលទ្ធផលឈ្នះឆ្នោតរបស់គេយ៉ាងប្រត្យក្ស (ប្រចក្ស) យ៉ាងដាច់អហំមមំការ។ អ្នកប្រឆាំងគ្មានលេសអ្វីតវ៉ាឡើយ ហើយរាជរដ្ឋាភិបាលថ្មីនោះក៏ស្របច្បាប់សម្រាប់អាណត្តិតទៅមុខជារៀងរហូត។ នេះជាវិធីរៀបចំខ្លួនពីចោរាធិបតេយ្យទៅជាប្រជាធិបតេយ្យបែបថ្ពឹនភ្នែក (pseudo democracy ឬ illiberal democracy)។
តាមការស្រាវជ្រាវ ចលនា សកម្មភាព និងវត្តមាននៃបណ្ដាញសាខាក្រុមការងារយុវជនបក្សប្រជាជនកម្ពុជាក្រៅប្រទេស (CPP Overseas Youth Working Groups) មានសន្ទុះខ្លាំងក្លាបំផុតគួរឲ្យចាប់អារម្មណ៍ជាងភូមិសាស្ត្រតំបន់ដទៃក្នុងពិភពលោក គឺនៅប្រទេសអូស្ត្រាលី។ សកម្មភាព និងយុទ្ធនាការគាំទ្រក្រុមយុវជនបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដឹកនាំដោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ពីក្រុមការងាររៀបចំចាត់តាំងយុវជនបក្សប្រជាជនកម្ពុជា និងក្រុមការងារយុវជនបក្សប្រជាជនកម្ពុជាក្រៅប្រទេស គ្រប់គ្រង ចាត់ចែង ដឹកនាំដោយនាយទាហានថ្នាក់ឧត្តមសេនីយ៍នៃកងយោធពលខេមរភូមិន្ទ និងកងរាជតម្រួត ឬនគរបាលជាតិជាច្រើនរូប។
ក្នុងទស្សនកិច្ចលើកដំបូងរបស់ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នៅខែតុលា ឆ្នាំ២០១៥ នៅក្រុងស៊ីដនី (Sydney) ហ៊ុន ម៉ាណែត បានជួបប្រជុំជាមួយសមាជិកសហគមន៍ខ្មែរជាច្រើនរយនាក់ មានក្រុមនិស្សិត មានអាជីវករ ជនសាមញ្ញដែលចាំទទួលហែហម និងចូលរួមក្នុងពិធីរៀបចំបណ្ដាញគាំទ្របក្ស ព្រមទាំងបរិភោគអាហាររួមជាមួយមន្ត្រីអូស្ត្រាលីថ្នាក់ក្រុងថ្នាក់ខេត្ត។ ក្នុងកិច្ចប្រជុំនៅក្រុងស៊ីដនីគ្រានោះ គេបានស្លៀកពាក់ឯកសណ្ឋានសម្គាល់សមាជិកភាពបក្សយ៉ាងប្រត្យក្ស គឺពាក់អាវពណ៌ពងក្រសារ មួកមានផ្លាកសញ្ញាបក្ស បង់កក្រមាសញ្ញាបក្ស។
គម្រោងរៀបចំបង្កើតក្រុមការងារយុវជនបក្សប្រជាជនកម្ពុជានៅអូស្ត្រាលី និងនូវែលហ្សេឡង់ ផ្តើមនៅខែមេសា ហើយត្រួសត្រាយផ្លូវដោយឈ្មោះ គឹម សន្តិភាព ប្រធានក្រុមការងារយុវជនសម្រាប់អូស្ត្រាលី និងនូវែលហ្សេឡង់ និងឯកអគ្គរាជទូត កុយ គួង នៅខែឧសភា និងខែមិថុនា ឆ្នាំ២០១៥ មុននឹងលោក ហ៊ុន ម៉ាណែត ធ្វើទស្សនកិច្ចនៅខែតុលា ក្នុងឆ្នាំដដែលនោះ។ កុយ គួង ឥឡូវនេះជំនួសដោយឯកអគ្គរាជទូត ចាន់ រតនា។
តាមការផ្សាយក្នុងហ្វេសប៊ុក លោក គឹម សន្តិភាព អះអាងថា ដំណើររបស់ខ្លួនទៅកាន់អូស្ត្រាលីរាប់សិបដងកន្លងទៅជា “បេសកកម្ម” ដើម្បីអនុវត្តការងារក្នុងនាមរាជរដ្ឋាភិបាល។ គឹម សន្តិភាព នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ ថ្លែងទាំងក្តីរំភើបថា៖ «បក្សប្រជាជនកម្ពុជាបានបង្ហាញខ្លួនស្រស់ប្រិមប្រិយលើទឹកដីអូស្ត្រាលី ហើយ។ យុវជនបក្សប្រជាជនកម្ពុជា ធ្វើសកម្មភាពគ្រប់ទិសទី រួមទាំងក្រៅប្រទេសផង។ ជូនពរចំពោះជោគជ័យក្នុងបេសកកម្មយើង»។
គឹម សន្តិភាព ជារដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌ ជាអនុប្រធានក្នុងក្រុមបន្ទប់សង្គ្រាមយកការណ៍តាមដានអន្តរបណ្ដាញ នាំចូលសមាជិកគណៈកម្មាធិការកណ្តាលមជ្ឈិមបក្សដោយ ហ៊ុន ម៉ាណែត ជាកូនលោក គឹម សាង៉ាន ជាកូនប្រសាលោក ជាម យៀប ប្រធានគណៈកម្មការហិរញ្ញវត្ថុ និងធនាគារនៃរដ្ឋសភា រៀបការនឹងកូនស្រីឈ្មោះ ជាម ចន្ទសុផារ៉ា ប្រើក្នុងហ្វេសប៊ុកឈ្មោះ វីរយុទ្ធ លក្ខណ៍ ដែលជាអនុប្រធាននាយកដ្ឋានសវនកម្មនៃរដ្ឋសភា។ កូនស្រី ជាម ចន្ទរស្មី ជាអនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុសម្រាប់ការសិក្សាក្រៅប្រទេស។
លោក ជាម យៀប មានកូន ៥នាក់ រួមមាន ជាម ចន្ទសោភ័ណ ជាអភិបាលខេត្តត្បូងឃ្មុំ ដែលអមដំណើរ ហ៊ុន ម៉ាណែត ទៅកាន់អូស្ត្រាលីនៅឆ្នាំ២០១៦ និងដំណើរលោក ហ៊ុន សែន ឆ្នាំ២០១៨។ កូនលោក ជាម យៀប ទាំងអស់មានចំណែកហ៊ុនក្នុងក្រុមហ៊ុន V-Star Group Ltd. ចុះបញ្ជីពាណិជ្ជកម្មឆ្នាំ២០០៨ គ្រប់គ្រងដោយឈ្មោះ ជាម ក្រឹស្នា និង ជាម សុជាតា។
ក្រុមយុវជនបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ក្រុមការងាររៀបចំចាត់តាំងយុវជនបក្សប្រជាជនកម្ពុជា និងក្រុមការងារយុវជនបក្សប្រជាជនកម្ពុជាក្រៅប្រទេស បោះទីតាំងលើទឹកដីប្រទេសទាំងពីរ (អូស្ត្រាលី និងនូវែលហ្សេឡង់) បានដ៏សស្រាក់សស្រាំជាងប្រទេសដទៃ មកពីប្រទេសទាំងពីរមានច្បាប់ធូររលុងជាបង្គួរ អនុគ្រោះ អធ្យាស្រ័យ អត់ឱនដល់ពលរដ្ឋខ្មែរ ជាពិសេសអ្នកដែលមានធនធានចាក់ធារមកដាក់ទុនបើកមុខរបរ ឬទិញអចលនទ្រព្យទីនោះ។
ក្រុមអ្នកមានអំណាចប្រើធនធានរបស់គេ ប្រើរូបភាពយកសមាជិកគ្រួសារធ្វើជាពាណិជ្ជករដាក់ទុនរកស៊ីធ្វើជារនាំងវាំងននបិទបាំងសកម្មភាពបម្រើបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលផង ប្រើផ្លាកស្ថានទូតនៅទីកន្លែងនីមួយៗនោះផង។
គេរៀបចំបែងចែកប្រទេសទាំងពីរនេះជាទិស ជាតំបន់គ្រប់គ្រង ចាត់ចែងដាក់លេខសម្គាល់ស្រដៀងក្នុងសម័យខ្មែរក្រហមដែរ។
ធានីកង់ប៊ែរ៉ា (Canberra=ACT) ទិសអាគ្នេយ៍ជាតំបន់១ មានពលរដ្ឋដើមកំណើតខ្មែរប្រមាណ ៥០០នាក់ ស្ថិតក្រោមការគ្រប់គ្រងឈ្មោះ វិន ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។
តំបន់២ ក្រុងម៉ែលប៊ន រដ្ឋវិកទ័រីយ៉ា (Melbourne, Victoria) ទិសទក្សិណ (ខាងត្បូង) ពលរដ្ឋដើមកំណើតខ្មែរសរុបប្រមាណជាង ២ម៉ឺននាក់ គ្រប់គ្រងដោយឧត្តមសេនីយ៍ទោ ឡាវ វ៉ាន់ មេបញ្ជាការរងកងពលតូចអង្គរក្សលេខ៧០ និងជានាយកចាត់ចែងក្រុមហ៊ុនទឹកបរិសុទ្ធ Vital Premium Water រួមនឹងឧត្តមសេនីយ៍ឯក ហេង វុទ្ធី ទីប្រឹក្សានាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាអនុប្រធានអាជ្ញាធរជាតិអាវុធគីមីនៃក្រសួងការពារជាតិ ព្រមទាំងឧត្តមសេនីយ៍ត្រី ដេវិដ ចាន់ (David Chan) មេបញ្ជាការកងកម្លាំងអន្តរាគមន៍លេខ៩ ការពារទីស្ដីការគណៈរដ្ឋមន្ត្រី និងនាយករដ្ឋមន្ត្រី ហើយនិងឧត្តមសេនីយ៍នគរបាល កាន់ វឌ្ឍនា នាយរងលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ។
គួរកត់សម្គាល់ថា តាមប្រភពអូស្ត្រាលី ឡាវ វ៉ាន់ ជាកូនប្រុសឧកញ៉ា ឡាវ ម៉េងឃិន ជាមួយនឹងប្រពន្ធមុន រួចរៀបការនឹងឈ្មោះ ជឹង សុគន្ធាវី ជាកូនស្រីអ្នកស្រី ជឹង សុភាព ហៅយាយ ភូ ប្រពន្ធឧកញ៉ា ឡាវ ម៉េងឃិន បច្ចុប្បន្ន។ ឡាវ វ៉ាន់ និង ជឹង សុគន្ធាវី ជាម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ វ៉ាន់ វី (Vann Vy Property Ltd.) រួមគ្នា។ រីឯ ជឹង សុគន្ធាវី ជាម្ចាស់អគារល្វែងសម្រាប់ជួល Melbourne Apartment តម្លៃជាង ៤លានដុល្លារ ជាម្ចាស់ហាងដុតនំឈ្មោះ One More Bakery PTY, Ltd. ជាមួយកូនស្រីឈ្មោះ ឡាវ ជៀហ្សិន (Lau Jia Zhen) ដែលមានមុខតំណែងជានាយិកាក្រុមហ៊ុន។
ខាងជើងធានីកង់ប៊ែរ៉ា តំបន់៣ ក្រុងស៊ីដនី មានពលរដ្ឋដើមកំណើតខ្មែរប្រមាណជាង ១ម៉ឺន ២ពាន់នាក់ គ្រប់គ្រងដោយឧត្ដមនាវីឯក ហួរ ហាប់ មេបញ្ជាការរងនៃបញ្ជាការដ្ឋានកលយុទ្ធនៃកងនាវាចរណ៍ខេមរភូមិន្ទ។ ឯកអគ្គរាជទូត ចាន់ រតនា ដែលជំនួសលោក កុយ គួង ជាប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជា ប្រចាំអូស្ត្រាលី និងនូវែលហ្សេឡង់។ ស្ថាបនិកគាំទ្រក្រុមយុវជនសាខាបក្សនៅក្រុងស៊ីដនី មានបណ្ឌិត ជុង តារា, អ៊ិម វណ្ណៈ សាន់ដុស, លឹម សាម៉ាត, ស សាម៉េត, សុខ តុលា, បាន សីហា ហៅ ខល (Karl), លី ម៉េងលិក ហៅ លី ម៉េង, ឃុត ពិចិត្រ, អេង រតនា, ហេង ម៉េងហួត, តេ វ៉េងសួ, អ៊ុយ ប៉ូនី, រស់ សុខ, កញ្ញា ស្តេហ្វានី ហ្គូវ (Stephanie Guv), អ្នកស្រី វណ្ណា, លីណា ជឹង (Lina Tjoeng) និង អេរិក ជឹង (Eric Tjoeng)។
តំបន់៤ Queensland ទិសបូព៌ ក្រុងប្រ៊ីស្បេន (Brisbane) មានពលរដ្ឋជាដើមកំណើតខ្មែរជាង ២ពាន់នាក់ គ្រប់គ្រងដោយឧត្តមសេនីយ៍ទោយោធា វង្ស វិសិទ្ធ ប្រធានក្រុមការងារយុវជនបក្ស បច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងព័ត៌មាន និងឧត្តមសេនីយ៍ឯក គឹម រស្មី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ជាអនុប្រធាន។
តំបន់៥ សម្រាប់ក្រុង Auckland និង Hamilton ប្រទេសនូវែលហ្សេឡង់ គ្រប់គ្រងដោយ កាវ ថាច ប្រធានអគ្គនាយកក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងសមាជិកក្រុមប្រឹក្សាជាតិជាន់ខ្ពស់សេដ្ឋកិច្ច។
តំបន់៦ ក្រុងអាដឺឡែដ (Adelaide) ទិសទក្សិណ មានពលរដ្ឋដើមកំណើតខ្មែរជាង ៣ពាន់នាក់គ្រប់គ្រងដោយ អ៊ិន មាត្រា ប្រធាននាយកដ្ឋានធានារ៉ាប់រង និងធនចូលនិវត្តន៍ ហើយនិងវរសេនីយ៍ឯក អែម សុផល ផងដែរ ដែលបានបញ្ចប់វគ្គសិក្សាហ្វឹកហ្វឺនខាងកាំភ្លើងធំនៅក្រុងហាណូយ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០។
តំបន់៧ ដែនដីទិសឧត្តរ ក្រុង Darwin មានពលរដ្ឋដើមកំណើតខ្មែរជាង ២០០នាក់ គ្រប់គ្រងដោយឧត្តមសេនីយ៍ទោប៉ូលិស សុខ វាសនា ប្រធាននាយកដ្ឋានអន្តោប្រវេសន៍ និងបច្ចេកវិជ្ជា ជាប្រធានក្រុមការងារយុវជនបក្ស ឧត្តមសេនីយ៍ឯកប៉ូលិស យូ សារុំ ប្រធាននាយកដ្ឋានក្រសួងមហាផ្ទៃ រួមនឹងវរសេនីយ៍ទោប៉ូលិសអន្តោប្រវេសន៍ មាស ឌី នាយត្រួតពិនិត្យទិដ្ឋាការនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ជាសមាជិកគណៈកម្មាធិការក្រុមការងារយុវជនបក្សប្រចាំក្រុង Darwin។
តំបន់៨ ទិសនិរតី ក្រុងភើត្ស៍ (Perth) មានពលរដ្ឋដើមកំណើតខ្មែរជាង ១២០០នាក់ គ្រប់គ្រងដោយឈ្មោះ ខាន់ វណ្ណៈ អគ្គលេខាធិការរងនៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់សេដ្ឋកិច្ច ជាប្រធានក្រុមការងារយុវជនបក្សប្រជាជនកម្ពុជា ដែលផ្តើមជួយរៀបចំឡើងដោយឯកអគ្គរាជទូតប្រចាំអូស្ត្រាលី កុយ គួង។
នៅក្រុងហូបត (Hobart) ទិសខាងត្បូងឆៀងខាងកើតលើកោះ Tasmania ដែលមានពលរដ្ឋដើមកំណើតខ្មែរ ២៩នាក់ មិនទាន់រៀបចំឲ្យមានតំណាងក្រុមការងារយុវជនបក្សប្រជាជនកម្ពុជានៅឡើយទេ។
តំបន់៩ ក្រុង Wellington, Christchurch, Palmerston ភាគខាងជើងប្រទេសនូវែលហ្សេឡង់ ស្ថិតក្រោមការគ្រប់គ្រងឧត្តមសេនីយ៍ វង្ស ប៊ុនឥន្រ្ទាវុធ អគ្គនាយករតនាគារជាតិ ដោយមានឈ្មោះ ជឺ ឃន ជាជំនួយការបច្ចេកទេសខាងបច្ចេកវិទ្យា។
ភាគបន្តអំពីអូស្ត្រាលី និងនូវែលហ្សេឡង់ នឹងជម្រាបជូនបន្ថែមនៅសប្តាហ៍ក្រោយ៕