31 C
Phnom Penh

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ជំរុញ​ឱ្យ​បិទ​បញ្ចប់​អំពើ​ហិង្សា​នៅ​ភូមា ដោយ​ស្នើ​ឱ្យ​មាន​ការ​ស្ដារ​ស្ថានភាព​ឡើងវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ សម្ដែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ជុំវិញ​អំពើ​ហិង្សា​ដែល​កំពុង​កើន​ឡើង​នៅ​ទូទាំង​ប្រទេស​ភូមា ខណៈ​ប្រទេស​គ្រប់គ្រង​ដោយ​របប​សឹក​មួយ​នេះ​ធ្លាក់​ក្នុង​សង្គ្រាម​ស៊ីវិល​យ៉ាង​ធ្ងន់ធ្ងរ។

ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​បាន​ធ្វើ​សេចក្ដី​រាយការណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែ​វិច្ឆិកា នេះ បាន​ឱ្យ​ដឹង​ថា សេចក្ដី​ថ្លែងការណ៍​រួម​របស់​ក្រុមប្រឹក្សា​សន្តិសុខ ធ្វើឡើង​បន្ទាប់ពី​ក្រុមប្រឹក្សា​នេះ​ទទួល​បាន​របាយការណ៍​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ អំពី​ហិង្សា​នៅ​ក្នុង​ប្រទេស​ភូមា កាន់តែ​ធ្ងន់ធ្ងរ​ឡើង ដោយ​បណ្ដាល​ឱ្យ​មាន​ជនភៀសខ្លួន​កើន​ឡើង ២៣​ម៉ឺន​នាក់​ចាប់តាំង​ពី​ប្រទេស​សមាជិក​អាស៊ាន​មួយ​នេះ​ធ្លាក់​ក្នុង​របប​សឹក​នៅ​ថ្ងៃ​រដ្ឋប្រហារ ទី​១ កុម្ភៈ កន្លង​មក​នេះ។

របាយការណ៍​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស បាន​ឱ្យ​ដឹង​ថា មនុស្ស​ស្លាប់​ដោយសារ​ពួក​យោធា​បាញ់​សម្លាប់​កើន​ឡើង​ជាង ១៣០០​នាក់ និង​ចាប់​ខ្លួន​ជិត ១​ម៉ឺន​នាក់ ហើយ​ហិង្សា​ដែល​ផ្ទុះ​ខ្លាំង​នៅ​រដ្ឋ​ឈិន និង​រដ្ឋ​អារ៉ាកាន ដោយសារ​ការ​វាយប្រហារ​ខ្លាំងក្លា​ពី​សំណាក់​កងទ័ព​តាតម៉ាដាវ នៃ​របប​សឹក​ភូមា ទៅលើ​ភូមិ​របស់​អ្នកស្រុក។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ដ៏​កម្រ​មួយ​ដែល​បាន​ឯកភាព​ដោយ​សមាជិក​ទាំង ១៥​ប្រទេស បាន​ជំរុញ​ឱ្យ​គ្រប់​ភាគី​នៅ​ក្នុង​ប្រទេស​ភូមា ត្រូវ​បិទ​បញ្ចប់​ការ​ប្រយុទ្ធ​ជាបន្ទាន់ ហើយ​ពួក​យោធា​តាម៉ាដាវ ត្រូវ​អនុវត្ត​ការ​អត់ធ្មត់​ជា​អតិបរមា។

បើ​តាម​ក្រុមប្រឹក្សា​សន្តិសុខ គឺ​សមាជិក​ទាំងអស់​នៃ​ក្រុមប្រឹក្សា​នេះ​បាន​ពិនិត្យ​មើល​របាយការណ៍​នានា​អំពី​ការ​ដាក់​ពង្រាយ​កងកម្លាំង​យោធា និង​សព្វាវុធ​ធុន​ធ្ងន់​នៅ​ក្នុង​រដ្ឋ​ឈិន និង​រដ្ឋ​អារ៉ាកាន ដើម្បី​ត្រៀម​កម្ទេច​កង​ជីវពល ឬ​កងកម្លាំង​ការពារ​ប្រជាជន ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្រោយ​រដ្ឋាភិបាល​អ្នកស្រី អ៊ុងសាន ស៊ូជី ត្រូវ​បាន​ពួក​យោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ចេញពី​អំណាច​កាលពី​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ។

សេចក្តី​ថ្លែងការណ៍​រួម​របស់​ក្រុមប្រឹក្សា​សន្តិសុខ ធ្វើ​ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ពុធ ទី​១០ វិច្ឆិកា បាន​បញ្ជាក់​ថា សមាជិក​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ពិត​ជា​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អំពើ​ហិង្សា​ដែល​កំពុង​កើតឡើង និង​អាច​កើន​ឡើង​ថែមទៀត​នៅ​ទូទាំង​ប្រទេស​ភូមា។ ក្នុង​ន័យ​នេះ ក្រុមប្រឹក្សា​សន្តិសុខ​បាន​ទទូច​ឲ្យ​បញ្ឈប់​អំពើ​ហិង្សា​ជាបន្ទាន់ និង​ធានា​សុវត្ថិភាព​ដល់​ជនស៊ីវិល។

រហូត​មក​ទល់នឹង​ពេលនេះ របប​សឹក​ភូមា​នៅ​មិន​ទាន់​ឃើញ​បកស្រាយ​នៅឡើយ​ជុំវិញ​ស្ថានការណ៍​នៅ​ក្នុង​រដ្ឋ Chin និង​រដ្ឋ​អារ៉ាកាន ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​កំពុង​ធ្លាក់​ក្នុង​អំពើ​ហិង្សា និង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។

ក្រៅពី​ការ​អំពាវនាវ​ឲ្យ​បិទ​បញ្ចប់​អំពើ​ហិង្សា ក្រុមប្រឹក្សា​សន្តិសុខ​ក៏​បាន​ជំរុញ​បន្ថែម​ទៀត​ឱ្យ​គ្រប់​ភាគី​រៀបចំ​កិច្ច​សន្ទនា និង​ផ្សះផ្សា​គ្នា​ឡើងវិញ ដើម្បី​ជា​ផលប្រយោជន៍​នៃ​ប្រជាជន​ភូមា។

នៅ​មុន​មួយ​ថ្ងៃ​នៃ​កិច្ចប្រជុំ​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Antony Blinken អំពាវនាវ​ឱ្យ​របប​យោធា​ឆ្ពោះ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ និង​រួម​បញ្ចូល​គ្នា​ឡើងវិញ។ លោក​ថ្លែង​ដូច្នេះ​នៅ​ចំ​ខួប​មួយ​ឆ្នាំ​នៃ​ជ័យជម្នះ​ការ​បោះឆ្នោត​សភា​របស់​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (NLD) ដែល​លទ្ធផល​នេះ​ត្រូវ​បាន​ពួក​យោធា​ប្លន់​ទៅ​ហើយ។

គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ បាន​ឈ្នះ​អាសនៈ​សភា​ចំនួន ៣៩៦ នៃ​អាសនៈ​ចំនួន ៤៩៨ នៅ​ក្នុង​ការ​បោះឆ្នោត​កាលពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ដោយ​ឈ្នះ​គណបក្ស​សហភាព និង​សាមគ្គីភាព គាំទ្រ​ដោយ​យោធា ក្នុង​ការ​បោះឆ្នោត​ឡើងវិញ​តាម​ប្រជាធិបតេយ្យ​ជា​លើក​ទី​ពីរ បន្ទាប់ពី​យោធា​យល់ព្រម​ឱ្យ​មាន​ការ​ដឹកនាំ​តាម​បែប​ប្រជាធិបតេយ្យ។

លោក​រដ្ឋមន្ត្រី Blinken បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា រដ្ឋប្រហារ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ និង​ការ​បង្ក្រាប​ដោយ​ហិង្សា​ជាបន្តបន្ទាប់ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​សិទ្ធិមនុស្ស និង​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាជន។ លោក Blinken បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​ផ្តល់​កិត្តិយស​ដល់​ប្រជាជន​ភូមា ដែល​ខិតខំ​តស៊ូ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស និង​នីតិរដ្ឋ​ក្នុង​ប្រទេស​នេះ​ឡើងវិញ។

យ៉ាងណា នេះ​គឺ​ជា​លើកដំបូង​ហើយ​ដែល​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ដ៏​ពិសេស​របស់​ខ្លួន ដោយ​ពុំ​មាន​ការ​ជំទាស់​ពី​ប្រទេស​ចិន និង​រុស្ស៊ី ដែល​តែងតែ​ប្រើ​សិទ្ធិ​វេតូ​ករណី​ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​ប្រឆាំង​របប​សឹក​ភូមា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស