34 C
Phnom Penh

បក្ស​ក្រៅ​រដ្ឋាភិបាល​ចាប់ផ្តើម​ស្ទង់​មតិ​អំពី​ការ​អភិវឌ្ឍ​ដោយ​ការ​លុប​បឹង​និង​ការ​រក្សា​បឹង​សម្រាប់​ទេសចរណ៍​និង​រំដោះ​ទឹក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល អះអាង​ថា បឹង​ធម្មជាតិ​ក្នុង​ទីក្រុង​ភ្នំពេញ ត្រូវ​បាន​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ឯកជន​ចាក់​ដី​លុប​អស់​ខ្លះ​ហើយ​ដើម្បី​អភិវឌ្ឍ​ពង្រីក​ទីក្រុង ប៉ុន្តែ​នៅ​ពេលនេះ រដ្ឋាភិបាល​មិន​គួរ​លុប​បឹង​ធម្មជាតិ​ដែល​នៅ​សេសសល់​បន្ត​ទៀត​នោះ​ទេ ខណៈ​លោក ហ៊ុន សែន តែង​ប្រតិកម្ម​ថា កាល​ពី​មុន​គេ​លុប​បឹង​ធម្មជាតិ​ទាំងនោះ​បាន ហេតុ​អ្វី​ពេលនេះ​លោក​លុប​បឹង​ទាំងនោះ​មិន​បាន​ទៅវិញ?

ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១១ វិច្ឆិកា នេះ​ថា ការ​រក្សា​ទុក​បឹង​ធម្មជាតិ​ឱ្យ​បាន​ច្រើន គឺ​មាន​គុណសម្បត្តិ​ច្រើន​ណាស់​សម្រាប់​ទីក្រុង​ភ្នំពេញ ដូចជា​ការ​ជួយ​រំដោះ​ទឹកជំនន់​ពេល​មាន​ភ្លៀង​ធ្លាក់​ម្តងៗ ហើយ​បឹង​ទាំងនេះ​ក៏​ដើរ​តួនាទី​ជា​អាង​ស្តុក​ទឹក​ធម្មជាតិ​ផង​ដែរ ដើម្បី​ជួយ​សម្អាត​ទឹក​កខ្វក់​គ្រប់​ប្រភេទ​មុន​នឹង​ទឹក​ទាំងនោះ​ហូរ​ធ្លាក់​ចូល​ទៅ​ក្នុង​ទន្លេ។

បណ្ឌិត យ៉ង សាំងកុមារ លើកឡើង​ថា ក្រៅពី​ដើរ​តួនាទី​ជា​អាង​ស្តុក​ទឹក​ធម្មជាតិ បឹង​ទាំងនេះ​ក៏​មាន​តួនាទី​ជួយ​ការពារ​បរិស្ថាន​កាត់បន្ថយ​កម្ដៅ​ក្នុង​ទីក្រុង​ដែល​បំភាយ​ឡើង​ដោយ​គ្រឿងយន្ត​គ្រប់​ប្រភេទ និង​អាច​បង្កើត​នូវ​សោភណភាព​ទីក្រុង​ឲ្យ​ក្លាយ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​ផង​ដែរ។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ក្រៅ​រដ្ឋាភិបាល​រូប​នេះ បាន​ធ្វើការ​ស្ទង់មតិ​លើ​បណ្ដាញ​សង្គម Facebook នៅ​ថ្ងៃ​ទី​១១ វិច្ឆិកា នេះ ដោយ​ដាក់​ប្រធានបទ​ពីរ ក្នុង​នោះ​គឺ​ទី​១ ការ​អភិវឌ្ឍ​ដោយ​លុប​បឹង​ធម្មជាតិ និង​ទី​២ គឺ​ការ​អភិវឌ្ឍ​ដោយ​រក្សា​បឹង​ធម្មជាតិ​ក្នុង​ទីក្រុង​ភ្នំពេញ​បន្ត​ទៀត ក្នុង​នោះ​គណនី Facebook ខុសៗ​គ្នា​ប្រមាណ​ជិត ២០០​គណនី បាន​ចូលរួម​បញ្ចេញ​មតិ​យោបល់​ក្នុង​ប្រអប់​បញ្ចេញ​មតិ​ដូចៗ​គ្នា ដោយ​គាំទ្រ​ឱ្យ​មាន​ការ​អភិវឌ្ឍ​ដោយ​ការ​រក្សា​បឹង​ធម្មជាតិ​ក្នុង​ទីក្រុង​ភ្នំពេញ​ទៅ​ថ្ងៃ​មុខ។

ការ​ស្ទង់មតិ​បែប​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ប្រកាស​លុប​បឹង​ធម្មជាតិ​ក្នុង​ទីក្រុង​ភ្នំពេញ​បន្ថែម​ទៀត ដើម្បី​អភិវឌ្ឍ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ក្នុង​អាណត្តិ​ដឹកនាំ​របស់​លោក​កាលពី​ពេល​ថ្មីៗ​នេះ។

កាលពី​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០២១ លោក ហ៊ុន សែន អះអាង​ថា អ្នក​រិះគន់​ពី​ការ​លុប​បឹង​ធម្មជាតិ​ក្នុង​ទីក្រុង​ភ្នំពេញ គឺ​ដោយសារ​ពួកគេ​ច្រណែន​នឹង​ការ​អភិវឌ្ឍ​របស់​លោក​តែប៉ុណ្ណោះ ព្រោះ​ថា​នៅ​ពេល​ទឹក​ហក់​ឡើង​កម្ពស់​ចាប់ពី ១០០ ទៅ ២០០​មិល្លីម៉ែត្រ​នៅ​ផ្នែក​ខាងលើ កុំ​ថា​ឡើយ​ដល់​ទៅ​ប្រព័ន្ធ​លូ និង​ព្រែក សូម្បីតែ​ទន្លេ​មេគង្គ​ក៏​ត្រូវ​ជន់​ឡើង​ដោយសារ​ទឹកភ្លៀង​ធ្លាក់​ពី​ខាងលើ​ដែរ ដូច្នេះ​សូម​កុំ​បន្ត​រិះគន់​ជុំវិញ​ការ​ជន់​លិច​រាជធានី​ភ្នំពេញ ដោយសារតែ​ការ​លុប​បឹង​ទាំងនោះ​បន្ត​ទៀត​ទៅ។

លោក ហ៊ុន សែន កាលពី​ចុង​ខែ​មករា ឆ្នាំ​២០២១ ធ្លាប់​បាន​លើកឡើង​ថា លោក​ធុញទ្រាន់​នឹង​ការ​រិះគន់​ច្រំដែល​របស់​មនុស្ស​មួយ​ចំនួន​ពី​ការ​លុប​បឹង​ធម្មជាតិ​ក្នុង​ទីក្រុង​ភ្នំពេញ​ណាស់។ លោក ហ៊ុន សែន បន្ថែម​ថា ការ​លុប​បឹង​សម្រាប់​ការ​អភិវឌ្ឍ​មិនមែន​មាន​តែ​កម្ពុជា​នោះ​ទេ នៅ​បណ្តា​ប្រទេស​ខ្លះ​លុប​រហូត​ដល់​សមុទ្រ​ថែមទៀត​ដើម្បី​យក​ដី​ទៅ​អភិវឌ្ឍ។

យ៉ាងណាក៏ដោយ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ រដ្ឋាភិបាល​ឯក​បក្ស​ដែល​ដឹកនាំ​ដោយ​បក្ស​កាន់​អំណាច​សព្វថ្ងៃ បាន​សម្រុក​បើក​ដៃ​ឲ្យ​ក្រុមហ៊ុន​ឯកជន​វិនិយោគ លុប​បឹង​ធម្មជាតិ​ជាច្រើន​កន្លែង រួម​មាន​បឹង​ទំពុន បឹង​ជើងឯក និង​បឹងកក់ ជាដើម ដែល​បឹង​ទាំងនេះ​ធ្លាប់​ជា​កន្លែង​ស្តុក​ទឹក និង​រំដោះ​ទឹក​ដ៏​សំខាន់​ក្នុង​រដូវវស្សា ដើម្បី​កុំ​ឱ្យ​ជន់​លិច​ទីក្រុង​ភ្នំពេញ​នា​ពេល​កន្លងមក។

របាយការណ៍​សមាគម​ធាងត្នោត បាន​បង្ហាញ​កាលពី​ពេល​កន្លងទៅ​ឲ្យ​ដឹង​ថា បឹង​ធម្មជាតិ និង​តំបន់​ដី​សើម​ទឹកសាប ដូចជា​បឹង​ធម្មជាតិ និង​តំបន់​ដី​សើម​នៅ​ជុំវិញ​ទីក្រុង​ភ្នំពេញ ជាដើម គឺជា​ប្រភព​ទឹក​សម្រាប់​ផ្តល់​អត្ថប្រយោជន៍​ដ៏​ចម្បង​ដល់​ប្រជាជន និង​មាន​ឥទ្ធិពល​ដល់​គុណភាព​ខ្យល់ តាមរយៈ​រុក្ខជាតិ​ដែល​រស់នៅ​លើ​ទឹក​ផង​ដែរ ដែល​អាច​កាត់បន្ថយ​នូវ​ជាតិ​គីមី​ពុល ដូចជា​ការ​ស្រូប​យក​ឧស្ម័ន​កាបូនិច ហើយ​បញ្ចេញ​មក​វិញ​នូវ​ឧស្ម័ន​អុកស៊ីហ្សែន ដើម្បី​បន្សុទ្ធ​ខ្យល់​ក្នុង​បរិយាកាស និង​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​លើ​ផែនដី​ថែមទៀត។

បឹង​ធម្មជាតិ​ក្នុង​ទីក្រុង​ភ្នំពេញ​មាន ២៦​កន្លែង ក្នុង​នោះ​មាន​បឹង​ត្របែក១ បឹងកក់ បឹងស្នោ បឹងឈូក បឹងសាឡាង និង​បឹង​ចំនួន ១១​កន្លែង​ផ្សេង​ទៀត ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ឯកជន​លុប​បាត់​ទាំងស្រុង ខណៈ​បឹងទំពុន បឹងជើងឯក និង​បឹងតាមោក ជាដើម ត្រូវ​បាន​ចាក់​ដី​លុប​ផ្នែក​ខ្លះ ហើយ​ក៏​កំពុង​បន្ត​លុប​បន្ថែម​ទៀត​ដែរ​នា​ពេល​បច្ចុប្បន្ន​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស