30 C
Phnom Penh

ក្រសួង​មហាផ្ទៃ​បដិសេធ​សំណើ​ចុះឈ្មោះ​គណបក្ស​បេះដូង​ជាតិ និង​សម្រេច​ប្ដឹង​តំណាង​ស្ថាបនិក​បក្ស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​មហាផ្ទៃ បដិសេធ​សំណើ​ចុះឈ្មោះ​របស់​គណបក្ស​បេះដូង​ជាតិ ក្នុង​បញ្ជី​គណបក្ស​នយោបាយ ក្រោយ​រក​ឃើញ​ស្នាមមេដៃ​របស់​សមាជិក​គណបក្ស​នេះ​ជា​ស្នាមមេដៃ​ក្លែង​បន្លំ និង​សម្រេច​ប្តឹង​តំណាង​ស្ថាបនិក​គណបក្ស​នេះ​ទៅ​តុលាការ​ថែមទៀត។

ក្រុម​អ្នក​ឃ្លាំមើល​ប្រតិកម្ម​ថា លោក ហ៊ុន សែន បិទ​ខ្ទប់​មិន​ឲ្យ​គណបក្ស​បេះដូង​ជាតិ ចេញ​រួច​ដោយសារតែ​ដឹង​ថា​លោក សម រង្ស៊ី នៅ​ពីក្រោយ។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ដាក់​របាយការណ៍​ទៅកាន់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១២ វិច្ឆិកា នេះ​ថា អគ្គស្នងការ​នគរបាល​ជាតិ​នៃ​ក្រសួង​មហាផ្ទៃ បាន​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​លើ​ស្នាមមេដៃ​របស់​សមាជិក​គណបក្ស​បេះដូង​ជាតិ ចំនួន​ជាង ៤៧០០​នាក់ ដែល​រក​ឃើញ​ថា​ជា​ស្នាមមេដៃ​មិន​ប្រក្រតី​កាលពី​កន្លងទៅ​នេះ។

ប្រភព​ដដែល​អះអាង​ថា អគ្គស្នងការ​នគរបាល​ជាតិ​បាន​សន្និដ្ឋាន​ថា បញ្ជី​រាយនាម​ចូល​ជា​សមាជិក​របស់​គណបក្ស​បេះដូង​ជាតិ មាន​ការ​រៀបចំ​ពី​ប្រភព​តែ​មួយ ព្រោះ​ថា​រូបភាព​ផ្ដិត​ស្នាមមេដៃ​ក្នុង​បញ្ជី​រាយនាម​ចូល​ជា​សមាជិក គឺ​ក្នុង​ចេតនា​ទុច្ចរិត​បង្កើន​បរិមាណ​សមាជិក​ឱ្យ​បាន​ច្រើន ដោយ​ការ​ផ្ដិត​ស្នាមមេដៃ​ជំនួស និង​ព្យាយាម​ក្លែង​បន្លំ​អត្តសញ្ញាណ​សមាជិក​លើ​បញ្ជី​នៃ​គណបក្ស​ខ្លួន​ផង​ដែរ។

របាយការណ៍​ដដែល​បញ្ជាក់​ថា ក្រសួង​មហាផ្ទៃ​បាន​សម្រេច​ឱ្យ​អគ្គស្នងការ​នគរបាល​ជាតិ​ស្រាវជ្រាវ​បុគ្គល​ដែល​មាន​ចេតនា​ទុច្ចរិត​ក្នុង​ការ​ផ្ដិត​ស្នាមមេដៃ​ជំនួស ការ​ក្លែង​បន្លំ​អត្តសញ្ញាណ​បុគ្គល និង​ការ​ផ្ដិត​ស្នាមមេដៃ​ឱ្យ​ខូច​គុណភាព។ ជាង​នេះ​ទៀត ក្រសួង​បាន​សម្រេច​ដាក់​ពាក្យ​បណ្តឹង​ប្តឹង​តំណាង​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​តាម​ផ្លូវច្បាប់​ផង​ដែរ។

របាយការណ៍​ក្រសួង​មហាផ្ទៃ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០២១ បាន​អះអាង​ថា សមាជិក​ជាង ៤​ពាន់​នាក់​បាន​ផ្ដិត​ស្នាមមេដៃ​សុំ​ចុះឈ្មោះ​គណបក្ស​បេះដូង​ជាតិ ទៅ​ក្នុង​បញ្ជី​គណបក្ស​នយោបាយ។ ក្នុង​នោះ ក្រសួង​បាន​បញ្ជាក់​ថា ស្នាមមេដៃ​របស់​សមាជិក​ចំនួន ២០​រូប គឺ​ខុស​ពី​ស្នាមមេដៃ​ក្នុង​អត្តសញ្ញាណប័ណ្ណ និង ២០​រូប​ផ្សេង​ទៀត​បាន​ផ្ដិត​ជំនួស​ឈ្មោះ​មនុស្ស​ក្នុង​បញ្ជី​ដល់​ទៅ​ជាង ៥០​នាក់ ខណៈ​ស្នាមមេដៃ ៧៤​នាក់​ទៀត​ជា​ស្នាមមេដៃ​ក្លែង​បន្លំ​ទាំងអស់។

នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១២ វិច្ឆិកា នេះ​ថា ខ្លឹមសារ​នៃ​លិខិត​របស់​ក្រសួង​មហាផ្ទៃ​នេះ​បាន​ព្រមាន​ដោយ​ចំៗ​ថា ក្រុម​ស្ថាបនិក​ដែល​ចេញ​មុខ​បង្កើត​គណបក្ស​បេះដូង​ជាតិ អាច​ប្រឈម​នឹង​ការ​ចោទប្រកាន់ ឬ​ចាប់​ខ្លួន​ពី​សំណាក់​រដ្ឋាភិបាល​លោក ហ៊ុន សែន ដោយ​ចៀស​មិន​ផុត​នោះ​ទេ។

នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) រូប​នេះ​រិះគន់​ថា ក្រុម​លោក សម រង្ស៊ី គួរតែ​រៀន​គិត និង​រៀន​វិភាគ​ដើម្បី​រៀបចំ​យុទ្ធសាស្ត្រ​ឲ្យ​ស៊ីជម្រៅ ច្បាស់លាស់​ជាង​នេះ មុន​នឹង​ធ្វើ​អ្វី​មួយ ដើម្បី​ការពារ​សុវត្ថិភាព​អ្នក​អនុវត្ត​ការងារ​ដោយ​ផ្ទាល់​នៅ​មូលដ្ឋាន ព្រោះ​ថា​បើ​តាម​ច្បាប់​គណបក្ស​នយោបាយ​បច្ចុប្បន្ន និង​ចរិត​នយោបាយ​របស់​លោក ហ៊ុន សែន ការ​ប្រកាស​គាំទ្រ​របស់​លោក កឹម សុខា ឬ​លោក សម រង្ស៊ី លើ​សកម្មភាព​នយោបាយ​ណា​មួយ នឹង​នាំ​ឲ្យ​មាន​ផលវិបាក​ដល់​គណបក្ស​ដែល​ពួកគាត់​បាន​គាំទ្រ​នោះ​ជាមិនខាន។

លោក ប៉ា ងួនទៀង បញ្ជាក់​ថា ករណី​នេះ​អាច​ជា​តឹកតាង​គ្រប់គ្រាន់​សម្រាប់​អ្នក​នយោបាយ ជាពិសេស​អតីត​មន្ត្រី​បក្ស​ប្រឆាំង​ដែល​កំពុង​បើក​គណបក្ស​ថ្មីៗ និង​បណ្តា​អ្នកវិភាគ​ខ្លះ​ដែល​តែងតែ​ចង់​ឲ្យ​លោក កឹម សុខា ឬ​លោក សម រង្ស៊ី ប្រកាស​គាំទ្រ​ក្រុម​របស់​ខ្លួន ប៉ុន្តែ​ជាក់ស្តែង គណបក្ស​បេះដូង​ជាតិ គឺ​ជា​ឧទាហរណ៍​ស្រាប់ បើ​ទោះបី​លោក សម រង្ស៊ី លួច​នៅ​ពីក្រោយ​ខ្នង​ដោយ​អាថ៌កំបាំង​ក៏ដោយ ក៏​នឹង​ត្រូវ​រារាំង​ពី​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែរ។

តំណាង​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ លោក សៀម ភ្លុក បាន​ដាក់​ពាក្យ​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​ស្នើសុំ​បង្កើត​គណបក្ស​បេះដូង​ជាតិ កាលពី​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០២១ កន្លងទៅ ប៉ុន្តែ​ការ​បង្កើត​គណបក្ស​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា​មាន​ការ​ជ្រោមជ្រែង​ពី​អតីត​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី យ៉ាង​ពេញ​ទំហឹង។

កាលពី​ចុង​ឆ្នាំ​២០២០ លោក សម រង្ស៊ី ធ្លាប់​បាន​អះអាង​ថា មន្ត្រី​បក្ស​ប្រឆាំង​ដែល​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ និង​អ្នក​ដែល​ទៅ​បង្កើត​បក្ស​ថ្មីៗ គឺជា​ការ​ចាញ់បោក និង​លក់​ខ្លួន​ឲ្យ​លោក ហ៊ុន សែន តែប៉ុណ្ណោះ ប៉ុន្តែ​នៅ​ពេលនេះ លោក សម រង្ស៊ី កំពុងតែ​នៅ​ពីក្រោយ​នៃ​ការ​បង្កើត​គណបក្ស​បេះដូង​ជាតិ​ទៅវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស