35 C
Phnom Penh

លោក សម រង្ស៊ី ចាត់ទុក​ការ​ចោទប្រកាន់​លើ​គណបក្ស​បេះដូង​ជាតិ​ថា​បន្លំ​ស្នាមមេដៃ​គឺ​មិន​សម​ហេតុផល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​ប្រធាន​បក្ស​ប្រឆាំង លោក សម រង្ស៊ី ចាត់ទុក​ការ​ចោទប្រកាន់​របស់​ក្រសួង​មហាផ្ទៃ ថា​គណបក្ស​បេះដូង​ជាតិ ជា​គណបក្ស​កើត​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​បាន​ក្លែង​បន្លំ​ស្នាមមេដៃ​សមាជិក​បក្ស​របស់​ខ្លួន គឺជា​ការ​ចោទប្រកាន់​ដែល​មិន​សម​ហេតុផល ខណៈ​អ្នកវិភាគ​បង្ហាញ​ទស្សនៈ​អវិជ្ជមាន​ថា អ្នក​នយោបាយ​ទាំងនោះ​មិន​គួរ​ខ្វល់ខ្វាយ​ពី​រឿង​បើក​បក្ស​ថ្មី​នោះ​ទេ​ក្នុង​កាលៈទេសៈ​នេះ។

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ថា រដ្ឋអំណាច​លោក ហ៊ុន សែន បាន​ចោទប្រកាន់​អ្នក​ដែល​បាន​ដាក់​ពាក្យ​សុំ​បង្កើត​គណបក្ស​បេះដូង​ជាតិ ថា​ធ្វើការ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ព្រមទាំង​បាន​ក្លែង​បន្លំ​ស្នាមមេដៃ​ដែល​បាន​ប្រមូល​ដើម្បី​បំពេញ​បែបបទ គឺជា​ការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ពិតប្រាកដ។

លោក សម រង្ស៊ី អះអាង​ថា ប្រសិនបើ​គណបក្ស​បេះដូង​ជាតិ​កើត​ចេញ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ មែន​នោះ គណបក្ស​បេះដូង​ជាតិ មិន​ពិបាក​ប្រមូល​ស្នាមមេដៃ​ពី​អ្នកគាំទ្រ​ឱ្យ​គ្រប់​ចំនួន ៥​ពាន់​នាក់​នោះ​ទេ ពីព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​អ្នកគាំទ្រ​យ៉ាង​តិច ៣​លាន​នាក់​តាំងពី​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៧ មក ដូច្នេះ​ការ​ចោទ​ថា​គណបក្ស​នេះ​កើត​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ និង​បាន​បន្លំ​ស្នាមមេដៃ​ដើម្បី​បង្កើន​សមាជិក​ខ្លួនឯង​នោះ គឺជា​ការ​ចោទប្រកាន់​ដែល​មិន​អាច​ទទួល​យក​បាន​នោះ​ទេ។

ការ​អះអាង​របស់​អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ បន្ទាប់ពី​ក្រសួង​មហាផ្ទៃ បាន​សម្រេច​ច្រានចោល​ការ​ស្នើសុំ​ចុះឈ្មោះ​គណបក្ស​បេះដូង​ជាតិ​ក្នុង​បញ្ជី​គណបក្ស​នយោបាយ ដោយ​ចោទប្រកាន់​ថា បក្ស​នេះ​ប្រព្រឹត្ត​ផ្ទុយពី​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ។

កាលពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ក្រសួង​មហាផ្ទៃ បដិសេធ​សំណើ​ចុះឈ្មោះ​របស់​គណបក្ស​បេះដូង​ជាតិ ក្នុង​បញ្ជី​គណបក្ស​នយោបាយ និង​សម្រេច​ប្តឹង​តំណាង​ស្ថាបនិក​គណបក្ស​នេះ​ទៅ​តុលាការ​ថែមទៀត ក្រោយ​រក​ឃើញ​ស្នាមមេដៃ​របស់​សមាជិក​គណបក្ស​នេះ​ចំនួន​ជាង ៤​ពាន់​នាក់​ថា​ជា​ស្នាមមេដៃ​ក្លែង​បន្លំ។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD) លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៥ វិច្ឆិកា នេះ​ថា អ្នក​នយោបាយ និង​អតីត​មន្ត្រី​បក្ស​ប្រឆាំង​នាំគ្នា​ចេញ​ទៅ​បើក​បក្ស​ថ្មី​ដូច​សព្វថ្ងៃ​នេះ គ្រាន់តែ​ជា​យុទ្ធនាការ​ចូលរួម​ដង្ហែ​ការ​បោះឆ្នោត​ដ៏​អយុត្តិធម៌​មួយ​ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន រៀបចំ​ទុក ដើម្បី​សម្ដែង​ឲ្យ​ល្អ​មើល​ប៉ុណ្ណោះ ប៉ុន្តែ​មិន​បាន​ចូលរួម​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទេ។

អ្នកវិភាគ​រូប​នេះ​ចោទ​សួរ​ថា តើ​ក្រុម​ប្រឆាំង​គួរ​នាំគ្នា​ស្រប​តាម​បក្ស​កាន់​អំណាច​ដែល​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ​ទេ ឬ​ត្រូវ​ប្រមូល​គ្នា​ជា​កម្លាំង​ធំ​មួយ​ដើម្បី​តវ៉ា​ជា​សាធារណៈ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើងវិញ?

លោក គឹម សុខ លើកឡើង​ថា បើ​ពួកគេ​នាំគ្នា​ទៅ​បើក​បក្ស​ថ្មី គឺ​ស្នើ​នឹង​ធ្វើ​តាម​ការ​ចង់​បាន​របស់​លោក ហ៊ុន សែន ដែល​បាន​រំលាយ​បក្ស​ប្រឆាំង​ដ៏​ធំ​របស់​ខ្លួន​កាលពី​ពេល​កន្លងទៅ​ទាំងស្រុង ខណៈ​ការ​រំលាយ​នោះ​ត្រូវ​បាន​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​មើល​ឃើញ​ថា​ជា​រឿង​អយុត្តិធម៌​យ៉ាង​ធ្ងន់ធ្ងរ​សម្រាប់​បក្ស​ប្រឆាំង​មួយ​នេះ។

លោក គឹម សុខ លើកឡើង​ថា បើ​គង់តែ​គេ​រារាំង​ការ​ចាប់​កំណើត​បក្ស​ថ្មី​ដែល​មាន​មន្ត្រី​បក្ស​ប្រឆាំង​នៅ​ពីក្រោយ​ដដែល ជម្រើស​ល្អ​បំផុត​គឺ​ការ​បង្ហាញ​ជំហរ​ម៉ឺងម៉ាត់​ទាមទារ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើងវិញ ព្រោះ​ថា​ប្រជាពលរដ្ឋ​ខ្មែរ​នៅតែ​រង់ចាំ​តែ​ក្បាលម៉ាស៊ីន​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរការ​ឡើងវិញ​ប៉ុណ្ណោះ ប៉ុន្តែ​បញ្ហា​គឺ​នៅ​ត្រង់​ថា ហេតុ​អ្វី​បាន​ជា​ក្រុម​មន្ត្រី​ទាំងនេះ​មិន​រក្សា​ជំហរ​ទាមទារ​ឲ្យ​បក្ស​របស់​ខ្លួន​រស់​ឡើងវិញ​បែប​នេះ។

អនុប្រធាន​ក្រុមប្រឹក្សាភិបាល PMD រូប​នេះ​បញ្ជាក់​ថា កាលៈទេសៈ​នេះ​គឺជា​ឱកាស​ល្អ​សម្រាប់​ពួកគេ​ធ្វើការ​ទាមទារ​ទ្រង់ទ្រាយ​ធំ និង​បើក​ចំហ​ឲ្យ​កាន់តែ​ទូលំទូលាយ​ហើយ ព្រោះ​ថា​កម្ពុជា​នៅ​ពេលនេះ​កំពុង​ត្រៀម​ខ្លួន​ដឹកនាំ​អាស៊ាន ក្នុង​ឆ្នាំ​២០២២ ខាងមុខ ដូច្នេះ​ក្នុង​នាម​ជា​ប្រទេស​ដឹកនាំ​ប្រទេស​ក្នុង​តំបន់ គឺ​ត្រូវតែ​ជា​ប្រទេស​ដែល​មាន​គំរូ​ល្អ ដើម្បី​បង្ហាញ​ដល់​ប្រទេស​ជា​សមាជិក​អាស៊ាន​ផ្សេង​ទៀត​នូវ​ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​ខ្លួន ដូច្នេះ​ក្រុម​ប្រឆាំង​គួរតែ​ក្តាប់​ឱកាស​នេះ​ឲ្យ​បាន។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ការ​នាំគ្នា​ទៅ​បើក​បក្ស​នយោបាយ​ថ្មីៗ គ្រាន់តែ​បម្រើ​ល្បែង​នយោបាយ​របស់​បក្ស​កាន់​អំណាច​ដែល​គេ​រៀប​ខ្សែ​ញាក់​តាម​ក្រសួង​មហាផ្ទៃ​ប៉ុណ្ណោះ ព្រោះ​ថា​ការ​សម្រេច​ប្តឹង​គណបក្ស​បេះដូង​ជាតិ ថា​បាន​ក្លែង​បន្លំ​ស្នាម​ម្រាមដៃ​គ្រាន់តែ​ជា​ការ​អះអាង​របស់​រដ្ឋាភិបាល​ឯក​បក្ស​ដែល​តែងតែ​ប្រើ​ល្បិច ដើម្បី​យក​ឈ្នះ​គូប្រជែង​នយោបាយ​ខ្លួន​លើ​គ្រប់​មធ្យោបាយ​តែប៉ុណ្ណោះ។

ប្រភព​ដដែល​អះអាង​ថា គណបក្ស​ថ្មីៗ​ក៏​មាន​វាសនា​មិន​ខុស​ពី​គណបក្ស​បេះដូង​ជាតិ​ដែរ ត្បិត​នៅ​ពេល​គណបក្ស​ណា​មួយ​ក្លាយ​ជា​គូប្រជែង​របស់​បក្ស​កាន់​អំណាច​ហើយ​នោះ ក្រសួង​មហាផ្ទៃ​នឹង​ប្រើ​លេស​មិន​ចេះ​ចប់​របស់​ខ្លួន​ចោទប្រកាន់​ដូចជា​គណបក្ស​បេះដូង​ជាតិ ជាមិនខាន ព្រោះ​ថា​ការ​អនុវត្ត​ការងារ​របស់​ក្រសួង​មហាផ្ទៃ មិន​ដែល​បង្ហាញ​ពី​តម្លាភាព​ក្នុង​ការ​គ្រប់គ្រង​គណបក្ស​នយោបាយ​កន្លងមក​នោះ​ទេ។

យ៉ាងណាក៏ដោយ នៅ​ពេលនេះ​ក្រុម​មន្ត្រី​បក្ស​ប្រឆាំង​ភាគី​លោក សម រង្ស៊ី បាន​បង្វែរ​ការ​គាំទ្រ​ពី​គណបក្ស​បេះដូង​ជាតិ ទៅ​ជ្រោមជ្រែង​គណបក្ស​ភ្លើង​ទៀន ដែល​ជា​អតីត​បក្ស​ចាស់​របស់​ខ្លួន​វិញ​ម្តង ដោយ​សកម្មជន​ឆ្នើម​ភាគី​លោក សម រង្ស៊ី នាំគ្នា​សរសេរ​លើ​បណ្ដាញ​សង្គម Facebook ថា តោះ​យើង​នាំគ្នា​ត្រឡប់​ទៅ​ទ្រនំ​ភ្លើង​ទៀន​ចាស់​យើង​វិញ ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០២២ ខាងមុខ​នេះ ខណៈ​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​ត្រូវ​ពួកគេ​ទុក​ចោល​ដដែល។

គណបក្ស​នយោបាយ​ដែល​បង្កើត​ឡើង​ថ្មីៗ​ដោយ​អតីត​មន្ត្រី​បក្ស​ប្រឆាំង​មាន ៥​គណបក្ស​ហើយ រួម​មាន៖

  • គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ
  • គណបក្ស​ឆន្ទៈ​ខ្មែរ
  • គណបក្ស​ខ្មែរ​អភិរក្ស
  • គណបក្ស​កែទម្រង់​កម្ពុជា
  • និង​គណបក្ស​កម្ពុជា​និយម

ដោយឡែក​គណបក្ស​បេះដូង​ជាតិ ត្រូវ​គេ​អះអាង​ថា​មាន​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី នៅ​ពីក្រោយ និង​ត្រូវ​ក្រសួង​មហាផ្ទៃ​បដិសេធ​ការ​ចុះបញ្ជី​ឈ្មោះ​ជា​ផ្លូវការ​ហើយ​នៅ​ពេលនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស