31 C
Phnom Penh

មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង៖ វិបត្តិ​នយោបាយ​កម្ពុជា​នឹង​ត្រូវ​បញ្ចប់ ប្រសិនបើ​មាន​ការ​ចរចា​ត្រីភាគី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​លើកឡើង​ថា វិបត្តិ​នយោបាយ​របស់​កម្ពុជា​នឹង​ត្រូវ​បញ្ចប់​គ្រប់យ៉ាង ប្រសិនបើ​មាន​ការ​ចរចា​មួយ​ដែល​ធ្វើឡើង​ជា​លក្ខណៈ​ត្រីភាគី​រវាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​សង្គ្រោះ​ជាតិ តាមរយៈ​លោក កឹម សុខា ដែល​មាន​ការ​ចូលរួម​ពី​អន្តរការី​របស់​សហគមន៍​អន្តរជាតិ ខណៈ​លោក ហ៊ុន សែន តែង​ច្រានចោល​ការ​ចរចា​នយោបាយ​ជាមួយ​ក្រុម​ប្រឆាំង​រហូត​មក និង​ហាម​មិន​ឱ្យ​បរទេស​លូកដៃ​ពី​បញ្ហា​នេះ​ថែមទៀត។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា នេះ​ថា ការ​ចរចា​ដោយ​ការ​សម្បទាន​គ្នា​ទៅវិញ​ទៅមក​ដែល​ចេញពី​ការ​អត់ឱន​ឱ្យ​គ្នា គឺជា​ក្តី​សង្ឃឹម​ថ្មី​មួយ​នៃ​ការ​វិវឌ្ឍ​ផ្នែក​នយោបាយ​របស់​កម្ពុជា នៅ​ឆ្នាំ​២០២១ នេះ និង​ជា​ការ​ផ្លាស់ប្ដូរ​មុខមាត់​របស់​ខ្លួន​ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន ឆ្នាំ​២០២២ ផង​ដែរ ដែល​អាច​ឱ្យ​កម្ពុជា​ស្ដារ​កិត្តិយស​របស់​ខ្លួន​ឡើងវិញ បន្ទាប់ពី​ការ​រិះគន់​របស់​សហគមន៍​អន្តរជាតិ​ជាបន្តបន្ទាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។

មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​អះអាង​ថា នៅ​ពេល​ដែល​កម្ពុជា​បោះ​ជំហាន​ដល់​ដំណាក់កាល​មួយ​ដែល​អ្នក​នយោបាយ​ខ្មែរ​ចាប់ដៃ​គ្នា​ដើម្បី​សាង​សាមគ្គីភាព​ឡើងវិញ​ហើយ​នោះ កម្ពុជា​នឹង​ឆ្ពោះ​ទៅ​រក​ការ​ដឹកនាំ​ប្រកប​ដោយ​តម្លាភាព យុត្តិធម៌​សង្គម និង​មាន​ការ​បោះឆ្នោត​មួយ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដែល​អាច​ឱ្យ​អ្នក​នយោបាយ​គ្រប់​ភាគី​ទាំងអស់​អាច​ទទួល​យក​បាន​នោះ បញ្ហា​គ្រប់​យ៉ាង​នឹង​ត្រូវ​បញ្ចប់​ភ្លាមៗ ដូចជា​ការ​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​កាលពី​ពេល​ថ្មីៗ​នេះ​ជាដើម។

លោក មាជ សុវណ្ណារ៉ា បញ្ជាក់​ថា ប្រជាពលរដ្ឋ​ខ្មែរ​ពិតជា​ត្រូវការ​ដំណោះស្រាយ​ដ៏​សមស្រប​មួយ​ពី​ក្រុម​អ្នក​នយោបាយ​ទាំងនោះ ដើម្បី​បញ្ចប់​ទណ្ឌកម្ម​សេដ្ឋកិច្ច​នានា​ដែល​កម្ពុជា​មាន​សព្វថ្ងៃ​នេះ ដើម្បី​បើក​ផ្លូវ​ទំនាក់ទំនង​សេដ្ឋកិច្ច និង​នយោបាយ​ការទូត​ពី​មជ្ឈដ្ឋាន​អន្តរជាតិ​ឲ្យ​បាន​ល្អ​ប្រសើរ​ឡើងវិញ ដែល​ជា​អនាគត​ដ៏​ភ្លឺស្វាង​សម្រាប់​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប ដូច្នេះ​បក្ស​កាន់​អំណាច​មិន​គួរ​បន្ត​នយោបាយ​ដែល​រុញច្រាន​កម្ពុជា​ឱ្យ​ធ្លាក់​ទៅ​ក្នុង​ជ្រោះ​កាន់តែ​ជ្រៅ​បន្ថែម​ទៀត​នោះ​ទេ។

កាលពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២០ កន្លងទៅ លោក ហ៊ុន សែន អះអាង​ថា លោក​នឹង​មិន​ចរចា​ជាមួយ​អ្នក​នយោបាយ​ណា​ទេ ត្បិត​លោក​មិន​មាន​ជម្លោះ​ជាមួយ​អ្នក​ទាំងនោះ​ឡើយ តែ​ផ្ទុយទៅវិញ អ្នក​ទាំងនោះ​មាន​ជម្លោះ​ជាមួយ​ផ្លូវច្បាប់​តែប៉ុណ្ណោះ ដូច្នេះ​អ្នក​ដែល​មាន​ទោស​ត្រូវ​អនុវត្ត​ជាមួយ​ផ្លូវច្បាប់​ជាដាច់ខាត។ ជាង​នេះ​ទៀត លោក ហ៊ុន សែន ហាម​មិន​ឱ្យ​បរទេស​លូកដៃ​លើ​បញ្ហា​នេះ​ថែមទៀត​ផង។

មេ​បក្ស​កាន់​អំណាច​ដែល​ឧស្សាហ៍​គំរាម និង​ប្រមាថ​អាយុជីវិត​គូប្រជែង​នយោបាយ​របស់​ខ្លួន​រូប​នេះ ធ្លាប់​បាន​គូសបញ្ជាក់​ថា ករណី​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា អាច​នឹង​ត្រូវ​ពន្យារ​ពេល ៤​ឆ្នាំ​ទៀត គឺ​ត្រូវ​ពន្យារ​រហូត​ដល់​ក្រោយ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០២២ និង​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ក្នុង​ឆ្នាំ​២០២៣ ឯណោះ។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ការ​ដឹកនាំ​នយោបាយ​របស់​លោក ហ៊ុន សែន ចាប់តាំង​ពី​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ពី​ឆ្នាំ​១៩៨៥ មក បាន​ប្រើ​អំណាច​ហួស​ដែន​កំណត់ ដូចជា​ការ​ចាប់​សកម្មជន​សង្គម រំលោភ​រដ្ឋធម្មនុញ្ញ រំលោភ​ព្រះមហាក្សត្រ រំលាយ​បក្ស​ប្រឆាំង និង​ចាប់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​ពន្ធនាគារ​ទាំង​អយុត្តិធម៌ ជាដើម។

ប្រភព​ដដែល​បន្ថែម​ថា កម្ពុជា​នឹង​មិន​អាច​រក​សាមគ្គី​ជាតិ​រវាង​ខ្មែរ និង​ខ្មែរ​បាន​ទេ បើ​បក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន នៅតែ​បន្ត​នយោបាយ​ដឹកនាំ​តាម​របប​កុម្មុយនីស្ត​ដូច​សព្វថ្ងៃ​នេះ ដូច្នេះ​ដើម្បី​មាន​ការ​រួបរួម​មួយ​ដោយ​ពិតប្រាកដ ក្រុម​អ្នក​នយោបាយ​ដែល​ស្រឡាញ់​ប្រជាធិបតេយ្យ ត្រូវតែ​ប្រមូល​ផ្តុំ​កម្លាំង​គ្នា​ផ្លាស់ប្ដូរ​ទម្រង់​រដ្ឋាភិបាល​ផ្ដាច់ការ​ជា​មុន​សិន នោះ​ទើប​កម្ពុជា​មាន​ពន្លឺ​នៃ​ការ​ផ្សះផ្សា​ជាតិ​ឡើងវិញ។

បែប​នេះ​ក្តី ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​គូសបញ្ជាក់​ថា លោក​គឺជា​នាយករដ្ឋមន្ត្រី​ដែល​ពលរដ្ឋ​ខ្មែរ​គោរព​ស្រឡាញ់ និង​គាំទ្រ​ខ្លាំង​បំផុត ដូច្នេះ​ហើយ​ទើប​លោក​អាច​រក្សា​តំណែង​នាយករដ្ឋមន្ត្រី​បាន​រហូត​ដល់​សព្វថ្ងៃ​នេះ ហើយ​ក៏​គ្មាន​អ្នក​ណា​អាច​មក​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​លោក​បាន​ឡើយ ដូច្នេះ​លោក​នឹង​បន្ត​គ្រប់គ្រង​កម្ពុជា​យូរអង្វែង​ទៅមុខ​ទៀត។

កាលពី​ចុង​ឆ្នាំ​២០២០ សហភាព​អឺរ៉ុប និង​បណ្តា​ប្រទេស​លោកសេរី​ជាច្រើន នៅតែ​ជំរុញ​ឱ្យ​អ្នក​នយោបាយ​ខ្មែរ​វិល​ទៅ​រក​ការ​ចរចា​បញ្ចប់​ជម្លោះ​នយោបាយ ដោយ​តម្កល់​ផល​ប្រយោជន៍​ជាតិ​ឱ្យ​ធំ​ជាង​ផលប្រយោជន៍​បុគ្គល ឬ​បក្ស​របស់​ខ្លួន ប៉ុន្តែ​មកទល់​ពេលនេះ ពន្លឺ​នៃ​កិច្ចចរចា​នយោបាយ​នៅ​កម្ពុជា​នៅ​មិនទាន់​មាន​ច្រក​ចេញ​នៅឡើយ​ទេ ខណៈ​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​បាន​បង្កើន​កាន់តែ​ខ្លាំង​បន្ថែម​ទៀត​លើ​មន្ត្រី​រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន នៅ​ពេលនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស