28 C
Phnom Penh

មន្ត្រី​សិទ្ធិមនុស្ស៖ បើ​រដ្ឋាភិបាល​ពិតជា​ចង់​ការពារ​ព្រៃឈើ​មែន ត្រូវតែ​ការពារ​សុវត្ថិភាព​សកម្មជន​ព្រៃឈើ​ឱ្យ​បាន​ល្អ​ប្រសើរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​នៅ​កម្ពុជា លើកឡើង​ថា បើ​រដ្ឋាភិបាល​កម្ពុជា​ពិត​ជា​ចង់​ការពារ​ព្រៃឈើ​ឱ្យ​គង់វង្ស​ប្រាកដ​មែន ត្រូវតែ​ការពារ​សុវត្ថិភាព​សកម្មជន​ព្រៃឈើ និង​ផ្តល់​សិទ្ធិ​អំណាច​ឲ្យ​ពួកគេ​អាច​ចូល​ព្រៃ ដើម្បី​ការពារ​ព្រៃឈើ​ទាំងនោះ ជាជាង​គំរាមកំហែង និង​ចាប់​ខ្លួន​ពួកគេ​បន្ត​ទៀត ខណៈ​សកម្មជន​ព្រៃឈើ​ត្រូវ​អាជ្ញាធរ​កម្ពុជា​នៅតែ​បន្ត​ចាប់​ខ្លួន​ឥត​ស្រាកស្រាន្ត​សព្វថ្ងៃ​នេះ។

អ្នក​នាំពាក្យ​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ថា បើ​រដ្ឋាភិបាល​ពិតជា​មាន​ឆន្ទៈ​ថែរក្សា​ព្រៃឈើ​ពី​ការ​កាប់​បំផ្លាញ​មែន មិន​ចាំបាច់​ចំណាយ​ពេលវេលា​យូរ​រហូត​ដល់​ឆ្នាំ​២០៣០ ទេ ព្រោះ​ថា​ព្រៃឈើ​អាច​នឹង​ហិនហោច​កាន់តែ​ខ្លាំង​ថែមទៀត បើ​ផ្អែក​តាម​រូបភាព​បំផ្លាញ​យ៉ាង​អណាធិបតេយ្យ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

មន្ត្រី​ការពារ​សិទ្ធិមនុស្ស​រូប​នេះ​អះអាង​ថា រដ្ឋាភិបាល​គួរតែ​ដោះលែង​សកម្មជន​ព្រៃឈើ​នានា ដូចជា​លោក ឆន ផល្លា ដែល​ជា​សកម្មជន​ដីធ្លី ព្រៃឈើ និង​បរិស្ថាន​ដ៏​ឆ្នើម​ម្នាក់​នៅ​ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី ជាដើម ឱ្យ​មាន​សេរីភាព​ឡើងវិញ​ទៅ នោះ​ទើប​អាច​បញ្ជាក់​ពី​ការ​តាំងចិត្ត​របស់​រដ្ឋាភិបាល​ចំពោះ​ការ​ថែរក្សា​ព្រៃឈើ​ដូច​ដែល​ខ្លួន​បាន​អះអាង​មែន បើ​មិន​ដូច្នោះ​ទេ ការ​អះអាង​របស់​រដ្ឋាភិបាល​អំពី​ការ​ទប់ស្កាត់​ការ​បំផ្លាញ​ព្រៃឈើ​នៅ​ឆ្នាំ​២០៣០ នៅតែ​មិន​ទទួល​បាន​ការ​ទុកចិត្ត​ពី​ពលរដ្ឋ​ដដែល។

ការ​អះអាង​របស់​មន្ត្រី​ការពារ​សិទ្ធិពលរដ្ឋ​នៅ​កម្ពុជា​នេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ប្ដេជ្ញា​ថា កម្ពុជា​នឹង​បញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃ​ឱ្យ​បាន​នៅ​ឆ្នាំ​២០៣០ ខាងមុខ​នេះ។

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ បាន​អះអាង​កាលពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី​២៦ នៃ​បណ្តា​ភាគី​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្ដីពី​ការ​ប្រែប្រួល​អាកាសធាតុ (COP26) នៅ​ទីក្រុង​ក្លាហ្កូ ចក្រភព​អង់គ្លេស ថា កម្ពុជា​នឹង​កាត់បន្ថយ​ការ​បាត់បង់​ព្រៃឈើ​ត្រឹម​ពាក់កណ្តាល​ត្រឹម​ឆ្នាំ​២០៣០ ឱ្យ​បាន​ដាច់ខាត។ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​រូប​នេះ​អះអាង​ថា កម្ពុជា​បាន​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ដោះស្រាយ​ការ​ប្រែប្រួល​អាកាសធាតុ ដើម្បី​ការ​អភិវឌ្ឍ​ដោយ​ការ​លើក​កម្ពស់​ស្ថានភាព​របស់​បុគ្គល និង​ក្រុម​នានា​ឱ្យ​មាន​ការ​ចូលរួម និង​ទទួល​ផល​ពី​សកម្មភាព​នានា​របស់​សង្គម​ស៊ីវិល​ដោយ​មិន​រើសអើង។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) បាន​សរសេរ​លើ​ទំព័រ Facebook របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៤ វិច្ឆិកា ថា រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​គណបក្ស​កាន់​អំណាច បាន​ប្ដេជ្ញា​ថា​នឹង​ទប់ស្កាត់​ការ​បាត់បង់​ព្រៃឈើ​ឱ្យ​បាន​ពាក់កណ្តាល​ត្រឹម​ឆ្នាំ​២០៣០ ក៏ប៉ុន្តែ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​នេះ​នៅតែ​មិន​ហ៊ាន​ចុះហត្ថលេខា​លើ​សេចក្តី​ប្រកាស​រួម​ទីក្រុង Glasgow ជាមួយ​មេដឹកនាំ​ពិភពលោក​មកពី ១៤១​ប្រទេស ដើម្បី​ការពារ​ព្រៃឈើ​ដដែល​រហូត​មកដល់​ពេលនេះ។

ចាប់ពី​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០២១ មក ប្រទេស​ដែល​បាន​ចុះហត្ថលេខា​លើ​សេចក្តី​ប្រកាស​ទីក្រុង Glasgow COP26 ស្ដីពី​ការ​រួម​គ្នា​បញ្ឈប់​ការ​បាត់បង់​ព្រៃឈើ ដើម្បី​ទប់ទល់​ការ​ផ្លាស់ប្ដូរ​អាកាសធាតុ​មាន​ចំនួន ១៤១​ប្រទេស​ហើយ​នៅ​ពេលនេះ ខណៈ​ចាប់ផ្តើម​ដំបូង​មាន​ត្រឹម​តែ ១៣១​ប្រទេស​ប៉ុណ្ណោះ ក្នុង​នោះ​រួម​មាន​ចក្រភព​អង់គ្លេស សហរដ្ឋ​អាមេរិក ប្រទេស​ចិន និង​ប្រទេស​វៀតណាម ជាដើម ប៉ុន្តែ​រហូត​មក​ទល់​នឹង​ពេលនេះ ប្រទេស​កម្ពុជា​នៅតែ​មិន​ទាន់​បាន​ចុះហត្ថលេខា​លើ​សេចក្តី​ប្រកាស​នេះ​ជាមួយ​ប្រទេស​ទាំងនោះ​នៅឡើយ​ទេ។

កាលពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០២១ អង្គការ​សមាគម​ជិត ២០​ស្ថាប័ន​ដែល​ធ្វើការ​លើ​វិស័យ​បរិស្ថាន​នៅ​កម្ពុជា ដូចជា​សមាគម​ព្រៃឈើ​ភ្នំ​សេះ ខេត្ត​ក្រចេះ សមាគម​ការពារ​ដីធ្លី​ខេត្ត​កោះកុង និង​សមាគម​ជនជាតិ​ដើម​ភាគតិច​កួយ ខេត្ត​ព្រះវិហារ ជាដើម បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​បញ្ជាក់​ថា រដ្ឋាភិបាល​គួរតែ​បង្កើត​បរិយាកាស​អំណោយ​ផល​ដល់​ការ​ចូលរួម​របស់​សហគមន៍​មូលដ្ឋាន អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន​បរិស្ថាន ក្នុង​ការ​អភិរក្ស ថែរក្សា ការពារ​ធនធាន​ធម្មជាតិ ស្រប​តាម​រដ្ឋធម្មនុញ្ញ​មាត្រា​៣៥ នៃ​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ និង​ច្បាប់​ស្ដីពី​ព្រៃឈើ ជាដើម។

ជុំវិញ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា អង្គការ​ឃ្លាំមើល​ព្រៃឈើ​ពិភពលោក The Global Initiative Against Transnational Organized Crime បាន​ចេញ​របាយការណ៍​កាលពី​ចុង​ខែ​មីនា ឆ្នាំ​២០២១ ស្ដីពី​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នៅ​កម្ពុជា​ថា បើ​ទោះបី​ប្រទេស​កម្ពុជា​មាន​ច្បាប់​សម្រាប់​ការពារ​ព្រៃឈើ​ក៏ដោយ ក៏​កម្ពុជា​បាន​ទទួល​រង​នូវ​អត្រា​កាប់​បំផ្លាញ​ព្រៃឈើ​ខ្ពស់​បំផុត​ក្នុង​ចំណោម​ប្រទេស​មួយ​ចំនួន ចាប់តាំង​ពី​ទសវត្សរ៍​ឆ្នាំ​១៩៧០ មក ខណៈ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្បទាន​ដី​ឱ្យ​ក្រុមហ៊ុន​ឯកជន​ឥត​ឈប់ឈរ ដែល​បណ្តាល​ឱ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខ្មែរ​កាន់តែ​ខ្លាំង​ថែមទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស