25 C
Phnom Penh

លោក ហ៊ុន សែន សម្រេច​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន​នៅ​ដើម​ឆ្នាំ​២០២២​ឲ្យ​បាន​១០​ពាន់​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន សម្រេច​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា-ចិន នៅ​ខែ​មករា ឆ្នាំ​២០២២ ខាងមុខ​ឲ្យ​បាន​កើន​ឡើង​ដល់ ១០​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ ខណៈ​ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិ​ការងារ​នៅ​កម្ពុជា​មើល​ឃើញ​ថា ចិន​គ្រាន់តែ​ចាត់ទុក​កម្ពុជា​ជា​ទីផ្សារ​នាំចេញ​របស់​ខ្លួន​តាម​មធ្យោបាយ​នានា ដើម្បី​ផល​ចំណេញ​របស់​គេ​តែ​ប៉ុណ្ណោះ។

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ Facebook របស់​ខ្លួន​កាលពី​ថ្ងៃ​ចន្ទ ដើម​សប្តាហ៍​នេះ​ថា កម្ពុជា-ចិន​បាន​ពិភាក្សា​គ្នា​ពី​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ ក៏ដូចជា​ពិភាក្សា​លើ​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ និង​អន្តរជាតិ​លើ​បញ្ហា​សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម និង​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ។

បុរស​ខ្លាំង​នៅ​កម្ពុជា​អះអាង​ថា រដ្ឋាភិបាល​ចិន​បាន​យល់ស្រប​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​សហការ​គ្នា​រវាង​ភាគី​ទាំង​ពីរ ដើម្បី​នាំ​អង្ករ និង​កសិផល​នានា​របស់​កម្ពុជា​ចូល​ទៅ​ប្រទេស​ចិន​ដោយ​ផ្ទាល់ តាមរយៈ​ការ​បង្កើត​យន្តការ​រួម​គ្នា​មួយ គឺ​ត្រូវ​នាំចេញ​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​ឱ្យ​បាន​កាន់តែ​ច្រើន​តាម​លទ្ធភាព​ដែល​កម្ពុជា​អាច​ធ្វើ​បាន។

លោក ហ៊ុន សែន បញ្ជាក់​ថា ក្នុង​ក្របខ័ណ្ឌ​សហប្រតិបត្តិការ​តំបន់ និង​អន្តរជាតិ រដ្ឋាភិបាល​ប្រជាមានិត​ចិន​នឹង​ផ្ដល់​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ដែល​ជា​ជំនួយ​ដ៏​សំខាន់​បំផុត​សម្រាប់​កម្ពុជា ក្នុង​នៅ​ពេល​ដែល​កម្ពុជា​ដើរ​តួនាទី​ធ្វើជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២២ ខាងមុខ​នេះ។

ការ​អះអាង​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា​បែប​នេះ ធ្វើឡើង​ដើម្បី​បង្ហាញ​ពី​ចំណង​មិត្តភាព​កម្ពុជា-ចិន​ក្នុង​ការ​សហការ​ជា​ដៃគូ​ពាណិជ្ជកម្ម និង​ជា​មិត្ត​ដែកថែប​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​របស់​ខ្លួន​ទៅ​ថ្ងៃ​មុខ។

កាលពី​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០២១ លោក ហ៊ុន សែន បាន​ជួប​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន លោក លី ខឺឈាង (Li Keqiang) តាម​ប្រព័ន្ធ​វីដេអូ​ដែល​បាន​ឯកភាព​គ្នា​ដាក់​ឱ្យ​ចូល​ជា​ធរមាន​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​ចិន នៅ​ខែ​មករា ឆ្នាំ​២០២២ ខាងមុខ​ឱ្យ​កើន​ឡើង​ដល់ ១០​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង ១​ឆ្នាំ។

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន ជួប​សន្ទនា​ជាមួយ​លោក លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន តាម​ប្រព័ន្ធ​វីដេអូ នៅ​រសៀល​ថ្ងៃ​ចន្ទ ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០២១។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៦ វិច្ឆិកា នេះ​ថា ការ​ធ្វើ​ឲ្យ​មាន​ពាណិជ្ជកម្ម​សេរី FTA គឺជា​រឿង​ល្អ​ហើយ​សម្រាប់​កម្ពុជា ប៉ុន្តែ​ចំពោះ​លក្ខខណ្ឌ​ពាណិជ្ជកម្ម​រវាង​ចិន និង​កម្ពុជា គឺជា​ការ​សហការ​មួយ​ដែល​មិន​ស្មើ​មុខ​គ្នា​ទាល់តែសោះ ព្រោះ​ថា​ចិន​ទំនង​គ្រាន់តែ​ចាត់ទុក​កម្ពុជា​ជា​ទីផ្សារ​សម្រាប់​នាំចេញ​របស់​ខ្លួន​ទៅ​កម្ពុជា​ផង និង​ជា​កន្លែង​ដែល​ចិន​អាច​នាំចេញ​ទៅកាន់​ទីផ្សារ​អឺរ៉ុប​ផង​ប៉ុណ្ណោះ ដោយ​ពឹង​លើ​លក្ខខណ្ឌ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដែល​កម្ពុជា​ទទួល​បាន​ពី​សហគមន៍​អឺរ៉ុប​សព្វថ្ងៃ​នេះ។

លោក​បន្ត​ថា ប្រទេស​ចិន គឺជា​ប្រទេស​ដែល​នាំចេញ​ដ៏​ធំ​មួយ​ដែរ ដូច្នេះ​ក្នុង​ការ​ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម​របស់​ចិន​ជាមួយ​ប្រទេស​ជា​មិត្ត ចិន​ក៏​សម្លឹង​មើល​ពី​ផល​ចំណេញ​របស់​ខ្លួន​ពី​ការ​នាំចេញ​ទៅកាន់​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​ផង​ដែរ។ ដូច្នេះ កម្ពុជា​គួរតែ​ពិចារណា​ពី​លទ្ធភាព​ដែល​ខ្លួន​អាច​ធ្វើ​បាន​ក្នុង​នាម​ជា​ដៃគូ​ពាណិជ្ជកម្ម​ជាមួយ​ចិន​ទៅ​ថ្ងៃ​មុខ ខណៈ​ទំនិញ​ចិន​ដែល​ហូរ​ចូល​ទៅ​កម្ពុជា គឺ​ច្រើន​មុខ​ច្រើន​ប្រភេទ និង​មាន​ទំហំ​ច្រើន​លើសលប់​ជាង​កម្ពុជា​នាំ​ទៅកាន់​ប្រទេស​ចិន ដូច​ដែល​ធ្លាប់​មាន​នា​ពេល​កន្លងមក។

លោក មឿន តុលា បញ្ជាក់​ថា កម្ពុជា​នៅតែ​អាច​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ចិន​បាន ប៉ុន្តែ​ត្រូវតែ​សិក្សា​ឲ្យ​បាន​ច្បាស់លាស់​លើ​ផលិតផល​នាំចេញ​របស់​ខ្លួន​ថា តើ​មុខ​ទំនិញ​អ្វី​ខ្លះ​ដែល​ខ្លួន​អាច​នាំចេញ​ទៅ​ចិន​បាន​ច្រើន​បំផុត ចៀសវាង​ការ​ចុះ​កិច្ចព្រមព្រៀង​មួយ​ដែល​គ្រាន់តែ​បម្រើ​ផល​ប្រយោជន៍​ឲ្យ​គេ ខណៈ​ខ្លួនឯង​ទទួល​បាន​ផល​តិចតួច​ពី​ការ​សហការ​នេះ។

កាលពី​ចុង​ឆ្នាំ​២០២០ ចិន​និង​កម្ពុជា គ្រោង​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​បាន​ដល់ ១០​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​២០២៣ ខាងមុខ​នេះ ខណៈ​កាលពី​ឆ្នាំ​២០១៩ កម្ពុជា​បាន​នាំចេញ​ទំនិញ​ទៅ​ប្រទេស​ចិន​គិត​ជា​ទឹកប្រាក់​មាន​ចំនួន ១​ពាន់​លាន​ដុល្លារ ប៉ុន្តែ​ការ​នាំចូល​ពី​ចិន​វិញ​មាន​ទំហំ​ទឹកប្រាក់​ដល់​ទៅ​ជិត ៧​ពាន់​លាន​ដុល្លារ​ឯណោះ ហើយ​ទំនិញ​ដែល​នាំ​ពី​ចិន​នោះ គឺ​មាន​ច្រើន​ប្រភេទ ដូចជា​សម្ភារៈ​សំណង់ ជាដើម រីឯ​ទំនិញ​កម្ពុជា​នាំចូល​ទៅ​ចិន​វិញ ភាគច្រើន​ជា​ផលិតផល​កសិកម្ម​តែ​ប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស