37 C
Phnom Penh

សភា​ថៃ​ច្រានចោល​សេចក្ដី​ព្រាងច្បាប់​របស់​ក្រុម​ប្រឆាំង​ស្នើ​លុបចោល​អំណាច​ពួក​យោធា​ក្នុង​ឆាក​នយោបាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សភា​ជាតិ​ប្រទេស​ថៃ នៅ​ថ្ងៃ​ពុធ ទី​១៧ ខែ​វិច្ឆិកា នេះ បាន​ច្រានចោល​សេចក្ដី​ព្រាងច្បាប់​ថ្មី​មួយ​ដែល​មាន​គោលដៅ​លុបបំបាត់​ចោល​កេរដំណែល​របស់​ក្រុម​រដ្ឋប្រហារ ឆ្នាំ​២០១៤ ដែល​ផ្ដល់​សិទ្ធិ​ឲ្យ​ពួក​យោធា​ពាក់ព័ន្ធ​ក្នុង​វិស័យ​នយោបាយ។

ចំពោះ​សេចក្ដី​ព្រាងច្បាប់​របស់​សកម្មជន​ប្រជាធិបតេយ្យ គឺ​សំដៅ​លុបបំបាត់​អំណាច និង​តួនាទី​របស់​យោធា​ថៃ នៅ​ក្នុង​ឆាក​នយោបាយ។

បណ្ដាញ​ផ្សាយ​ព័ត៌មាន BNN Bloomberg បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ពុធ ទី​១៧ ខែ​វិច្ឆិកា នេះ​ថា ការ​ច្រានចោល​សេចក្ដី​ព្រាងច្បាប់​របស់​ក្រុម​ប្រឆាំង ធ្វើឡើង​នៅ​ក្នុង​សម័យ​ប្រជុំ​រួម​មួយ​របស់​សភា​ជាន់​ទាប និង​ព្រឹទ្ធសភា​ថៃ ដែល​បាន​បោះឆ្នោត​ជំទាស់​នឹង​សេចក្ដី​ព្រាងច្បាប់​នេះ​ក្នុង​សំឡេង​ជំទាស់ ៤៧៣ ទល់​នឹង ២០៦​សំឡេង​គាំទ្រ និង​អនុប្បវាទ ៦​សំឡេង។

សេចក្ដី​ព្រាងច្បាប់​នេះ មាន​គោលដៅ​លុបបំបាត់​អំណាច និង​តួនាទី​របស់​យោធា​ថៃ នៅ​ក្នុង​ឆាក​នយោបាយ តាមរយៈ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដែល​ត្រូវ​បាន​អនុម័ត​នៅ​ក្រោម​ការ​ដឹកនាំ​នៃ​របប​រដ្ឋប្រហារ​កាលពី​ឆ្នាំ​២០១៧។ សេចក្ដី​ព្រាងច្បាប់​ថ្មី​នេះ​ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​អ្នក​ដាក់​ញត្តិ​ចំនួន ១៥​ម៉ឺន​នាក់ ក៏​មាន​បំណង​លុប​ចោល​អាសនៈ​សមាជិក​ព្រឹទ្ធសភា​តែងតាំង​ដោយ​យោធា​ថៃ ចំនួន ២៥០​រូប​ផង​ដែរ។

នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​សេចក្ដី​ព្រាងច្បាប់​របស់​ក្រុម​ប្រឆាំង ត្រូវ​បាន​ទាត់ចោល​ដោយ​សមាជិក​សភា​បក្ស​កាន់​អំណាច និង​ព្រឹទ្ធសភា​លើក​បន្តុប។

សេចក្ដី​ព្រាងច្បាប់​លើកដំបូង​របស់​ក្រុម​ប្រឆាំង បាន​ស្នើ​ឲ្យ​មាន​ការ​កែទម្រង់​អំណាច​របស់​ព្រះរាជា និង​ក្រុមប្រឹក្សា​រាជបល្ល័ង្គ ក៏​ត្រូវ​បាន​ទាត់ចោល​ដែរ។

តាមរយៈ​សំឡេង​ឆ្នោត​នៅ​ក្នុង​សភា​ទាំង​នេះ ឃើញ​ថា​កម្លាំង​ប្រឆាំង​នៅ​ថៃ ចំនួន ៦​បក្ស​រួបរួម​គ្នា​ពុំ​មាន​ការ​បែកបាក់​នោះ​ទេ ហើយ​ក្រុម​សភា​រដ្ឋាភិបាល​ចម្រុះ ១៩​គណបក្ស ក៏​មិន​បាន​ចុះ​ខ្សោយ​ដែរ។ តែ​អ្វី​ដែល​សំខាន់ ព្រឹទ្ធសភា ២៥០​រូប គឺជា​កម្លាំង​ដ៏​ធំ​មួយ​គាំទ្រ​លោក​នាយករដ្ឋមន្ត្រី បា្រយុទ្ធ ចាន់អូចា និង​ក្រុម​បក្ស​កាន់​អំណាច។

ក្រុម​បាតុករ និង​បក្ស​ប្រឆាំង កំពុងតែ​គាប​សង្កត់​ឱ្យ​បញ្ចប់​អាណត្តិ​ព្រឹទ្ធសភា ដែល​ជា​ឧបករណ៍​នយោបាយ​របស់​ពួក​យោធា។

នៅ​ក្នុង​ព្រឹត្តិការណ៍​បាតុកម្ម​ដ៏​ធំ​មួយ​កាលពី​ថ្ងៃ​អាទិត្យ កន្លងទៅ​នេះ ក្រុម​បាតុករ​បាន​ទាមទារ​ឲ្យ​មាន​ការ​កែទម្រង់​របប​រាជា​និយម ដោយ​កំណត់​ច្បាស់លាស់​អ្វី​ទៅ​ជា​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ និង​ប្រជាធិបតេយ្យ សេរី ពហុ​បក្ស។ ពួក​បាតុករ​ក៏​បាន​ទាមទារ​ថា អំណាច​របស់​ពួក​យោធា​កើត​ចេញពី​ព្រឹទ្ធសភា​ដែល​មិន​ឆ្លងកាត់​ការ​បោះឆ្នោត​របស់​ប្រជាជន ដែល​បាតុករ​ថា​ត្រូវ​លុបចោល​ស្ថាប័ន​មួយ​នេះ។

ក្រៅពី​នេះ បាតុករ​ទាមទារ​ឱ្យ​លោក ប្រាយុទ្ធ ចុះ​ចេញពី​តំណែង ដោយ​ចោទ​ថា​អតីត​មេ​រដ្ឋប្រហារ​ឆ្នាំ​២០១៤ តោង​អំណាច​បាន​ជា​ថ្មី​ម្ដង​ទៀត​ដោយសារ​ពួក​ព្រឹទ្ធសភា ២៥០​រូប​នេះ​ជា​អ្នក​បោះឆ្នោត​គាំទ្រ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស