34 C
Phnom Penh

ទណ្ឌិត​ដែល​លួច​រត់​ចេញ​ពី​ពន្ធនាគារ​ខេត្ត​ស្ទឹងត្រែង​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​បញ្ជូន​ទៅ​ពន្ធនាគារ​វិញ​ហើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ អះអាង​ថា ទណ្ឌិត​ដែល​សុទ្ធតែ​ជា​ឧក្រិដ្ឋជន​គ្រឿងញៀន​ដែល​បាន​លួច​រត់​ចេញ​ពី​ពន្ធនាគារ​ខេត្ត​ស្ទឹងត្រែង កាលពី​ពេល​កន្លងទៅ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​បញ្ជូន​ទៅ​ពន្ធនាគារ​វិញ​បាន​គ្រប់​ចំនួន​អស់​ហើយ ប៉ុន្តែ​នៅតែ​មាន​មតិ​រិះគន់​ថា ឧកញ៉ា គិត ធាង ម្ចាស់​ក្លឹប​កម្សាន្ត Rock ដែល​ត្រូវ​បាន​ចោទ​ពី​បទ​ពាក់ព័ន្ធ​នឹង​ការ​ចែកចាយ​គ្រឿងញៀន​ជិត ៥០​គីឡូក្រាម នៅតែ​អាច​ដើរ​ហើរ​សេរី​ក្រៅ​ច្បាប់​បាន​ដដែល។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​១៧ វិច្ឆិកា នេះ​ថា លទ្ធផល​ជោគជ័យ​នៃ​ប្រតិបត្តិការ​នេះ គឺ​ដោយសារតែ​មាន​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ដែល​បាន​ជួយ​ស្រាវជ្រាវ និង​រាយការណ៍​ជូន​សមត្ថកិច្ច​រហូត​ឈាន​ទៅដល់​ការ​ចាប់​បាន​មក​វិញ​នូវ​ទណ្ឌិត​ដែល​បាន​វាយ​ទម្លុះ​ជញ្ជាំង​ពន្ធនាគារ​លួច​រត់​គេច​ខ្លួន កាលពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០២១ កន្លងទៅ​នោះ។

លោក ស ខេង អះអាង​ថា បេសកកម្ម​នៃ​ការ​ចាប់​ខ្លួន​អ្នកទោស​ចូល​ពន្ធនាគារ​វិញ​នេះ គឺ​ដោយសារ​មាន​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​យ៉ាង​ខ្លាំង ដែល​ជា​មោទកភាព​មួយ​បង្ហាញ​ថា ប្រជាពលរដ្ឋ​ខ្មែរ​ពិតជា​មាន​ការ​យល់ដឹង និង​បាន​ចូលរួម​ក្នុង​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ក៏ដូចជា​ការ​ថែរក្សា​សន្តិសុខ​សុវត្ថិភាព​សង្គម​យ៉ាង​ម៉ឺងម៉ាត់​ផង​ដែរ។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​រូប​នេះ​បញ្ជាក់​ថា ដំណើរការ​អធិការកិច្ច​ចំពោះ​បញ្ហា​ដែល​បាន​កើតឡើង ធ្វើ​ឲ្យ​ជន​ជាប់ឃុំ​រត់​រួច​ពី​ពន្ធនាគារ​នោះ គឺ​នៅ​កំពុង​ដំណើរការ​នៅឡើយ ហើយ​ក្រសួង​មហាផ្ទៃ​នឹង​ធ្វើ​កិច្ចការ​នេះ​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ តម្លាភាព និង​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ធានា​នូវ​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​កម្ពុជា​កាន់តែ​ល្អ​ប្រសើរ​ថែមទៀត។

កាលពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០២១ អ្នកទោស​គ្រឿងញៀន ៧​នាក់ បាន​ទម្លាយ​របង​ថ្ម​ពន្ធនាគារ​ខេត្ត​ស្ទឹងត្រែង ដើម្បី​រត់​គេច​ខ្លួន ស្ថិត​ក្នុង​ភូមិ​បាចុង សង្កាត់​ព្រះបាទ ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង ដែល​ពួកគេ​មាន​ទោស​ជាប់​ពន្ធនាគារ​ចាប់ពី ២០​ឆ្នាំ​រហូត​ដល់​មួយ​ជីវិត។ អ្នកទោស​ទាំងនោះ​ត្រូវ​អនុវត្ត​ទោស​ចាប់ពី ៥​ឆ្នាំ​រហូត​អស់​មួយ​ជីវិត​ពី​បទ​ចោរកម្ម​មាន​ស្ថាន​ទម្ងន់​ទោស និង​ខ្លះ​ទៀត​ជួញដូរ​គ្រឿងញៀន។

អ្នកទោស​ទាំង ៧​នាក់​ដែល​វាយ​ទម្លុះ​ជញ្ជាំង​របង​ពន្ធនាគារ​ខេត្ត​ស្ទឹងត្រែង

សារព័ត៌មាន​ក្នុង​ស្រុក VOD បាន​ដកស្រង់​សម្ដី​ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី កាលពី​ពេល​ថ្មីៗ​នេះ​ថា រឿង​ដែល​សំខាន់​ជាងគេ គឺ​អាជ្ញាធរ​ត្រូវ​បើក​ការ​ស៊ើបអង្កេត​មួយ​ជាក់លាក់ ដោយ​ឯករាជ្យ ហើយ​មាន​សុចរិតភាព​បំផុត ដើម្បី​ឱ្យ​រក​ឃើញ​ថា តើ​ការ​ហែក​គុក​ចេញ​អាច​មាន​មូលហេតុ​ចម្បង​អ្វី​ខ្លះ? ហើយ​មកពី​បញ្ហា​អ្វី? ដើម្បី​រក​ឱ្យ​ឃើញ​ការពិត និង​ដោះស្រាយ​បញ្ហា​ទាំងនោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ គណនី Facebook មួយ​ឈ្មោះ នី នឿន Ny Noeun បាន​ចូល​ទៅ​សរសេរ​ក្នុង​ប្រអប់​បញ្ចេញមតិ​ក្រោយ​ការ​អះអាង​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថា ទោស​ជួញដូរ​គ្រឿងញៀន​ត្រូវ​បាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​យូរៗ​ណាស់ ក្នុង​នោះ​មាន​អ្នក​ខ្លះ​ជាប់​ពន្ធនាគារ​ដល់​ទៅ ២០​ឆ្នាំ ៣០​ឆ្នាំ និង​មួយ​ជីវិត ប៉ុន្តែ​ឧកញ៉ា​ស្រុក​ខ្មែរ​ខ្លះ​នៅតែ​អាច​ដើរ​ហើរ​សេរី​ក្រៅ​ច្បាប់​បាន​ដដែល បើ​ទោះបី​រក​ឃើញ​ថា បាន​ជួញដូរ​គ្រឿងញៀន​ហើយ​ក៏ដោយ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩ អាជ្ញាធរ​ក្រុង​ភ្នំពេញ​បាន​ចាប់​ខ្លួន​ឧកញ៉ា គិត ធាង ម្ចាស់​ក្លឹប​កម្សាន្ត Rock ដែល​ត្រូវ​បាន​ចោទ​ពី​បទ​ពាក់ព័ន្ធ​នឹង​ការ​ចែកចាយ​គ្រឿងញៀន​ជិត ៥០​គីឡូក្រាម។ ជុំវិញ​បញ្ហា​នេះ ឧកញ៉ា គិត ធាង ដែល​គេ​ស្គាល់​ថា​ជា​បងប្អូន​បង្កើត​របស់​ឧកញ៉ា គិត ម៉េង ត្រូវ​តុលាការ​សម្រេច​ដាក់​ពន្ធនាគារ PJ បណ្ដោះអាសន្ន កាលពី​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១៩ កន្លងទៅ ស្រប​តាម​មាត្រា​៤៤ ច្បាប់​ស្ដីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន។

អ្នកទោស​ទាំង ៧​នាក់​ដែល​វាយ​ទម្លុះ​ជញ្ជាំង​របង​ពន្ធនាគារ​ខេត្ត​ស្ទឹងត្រែង

យ៉ាងណាក៏ដោយ តុលាការ​ក្រុង​ភ្នំពេញ​បាន​សម្រេច​បន្ធូរបន្ថយ​ទោស​ដល់​ឧកញ៉ា​រូប​នេះ ដោយ​ប្រកាស​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ ៤​ឆ្នាំ​ប៉ុណ្ណោះ ក្នុង​នោះ​គឺ​ត្រូវ​អនុវត្ត​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​មួយ​រយៈពេល​ខ្លី និង​សម្រេច​ឲ្យ​ព្យួរ​ទោស​រយៈពេល ២​ឆ្នាំ​ផង​ដែរ។

ក្រុម​អ្នក​សង្កេតការណ៍​រិះគន់​ថា អ្នក​មាន​លុយ និង​មាន​អំណាច​នៅ​កម្ពុជា បាន​យក​ច្បាប់​របស់​ជាតិ​ធ្វើជា​ឧបករណ៍​ដើម្បី​បម្រើ​មហិច្ឆតា ការពារ​ទ្រព្យសម្បត្តិ និង​អំណាច​បក្ខពួក​របស់​ពួកគេ ដូច្នេះ​អំពើ​និទ្ទណ្ឌភាព​នៅ​កម្ពុជា​មិន​អាច​លុបបំបាត់​បាន​ទេ នៅ​ពេល​ដែល​ប្រព័ន្ធ​យុត្តិធម៌​នៅតែ​ជា​ឧបករណ៍​របស់​អ្នក​មាន​អំណាច​ដូច​សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស