យើងបានផ្សាយកាលពីសប្តាហ៍មុនថា ប្រទេសអូស្ត្រាលី ជាប្រទេសដែលក្រុមការងារយុវជនបក្សប្រជាជនកម្ពុជាក្រៅប្រទេសមានសកម្មភាពគគ្រឹកគគ្រេងជាងប្រទេសនៅទ្វីបដទៃ ដូចជាទ្វីបអឺរ៉ុប អាមេរិកខាងជើង និងអាស៊ី។
យើងបានលាតត្រដាងឈ្មោះមនុស្សជាច្រើន មានចាស់ មានក្មេងដែលចូលជាសមាជិកក្រុមការងារយុវជនបក្សប្រជាជនកម្ពុជាក្រៅប្រទេស (CPP Overseas Youth Working Groups) ហើយនៅមានឈ្មោះជាច្រើនទៀត យើងទើបនឹងទទួល ដែលបានជួយជ្រោមជ្រែងក្រុមការងារយុវជនបក្សដឹកនាំដោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។ ប្រភពឲ្យដឹងថា ដារ៉ាវី វ៉ាញ ជាមនុស្សសំខាន់នៅប្រទេសបារាំង ដែលស្វែងរកជំនួយពីសហភាពអឺរ៉ុប ជួយដល់ប្រទេសកម្ពុជា។
នៅប្រទេសអូស្ត្រាលី ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ដើរតួដ៏សំខាន់ក្នុងការប្រមូលចងក្រងពលរដ្ឋអូស្ត្រាលីដើមកំណើតពីប្រទេសកម្ពុជា ទោះជាខ្មែរក្តី ចិនក្តី ឬជនជាតិដទៃក្តី ឲ្យចូលជាសមាជិកបក្សប្រជាជនកម្ពុជា តាមរយៈក្រុមការងារយុវជនបក្សក្រៅប្រទេសប្រចាំប្រទេសអូស្ត្រាលី។
លោក កុយ គួង អតីតនិស្សិតនៃសកលវិទ្យាល័យជាតិ កង់ប៊ែរ៉ា ឆ្នាំ២០០៣ បានរៀបចំបណ្ដាញទំនាក់ទំនងនយោបាយរួចជាស្រេច។ ឆ្នាំ២០១៥ ពេលជំនួសឯកអគ្គរាជទូត ជុំ សុន្ទរី គឺលោក កុយ គួង មានបណ្ដាញរួចជាស្រេចសម្រាប់ជួយក្រុមការងារយុវជនបក្ស ដែលភារកិច្ចរើសសមាជិកជាភារកិច្ចថ្មីមួយបន្ថែមលើភារកិច្ចកិច្ចការទូតនៅប្រទេសមានចំណងការទូតជាមួយប្រទេសកម្ពុជា។ សមាសភាពដឹកនាំដំបូងនៃក្រុមការងារយុវជនបក្សប្រជាជនកម្ពុជាក្រៅប្រទេស មានរាប់បញ្ចូលទាំងអ្នកស្រី កុយ ពិសី នៃគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ក្រោមការដឹកនាំដោយលោក វ៉ា គឹមហុង។ បន្ទាប់មកមាន ម៉ឹង ពន្លក,ហេង សួរ និង គឹម សន្តិភាព។
សមាសភាពថ្នាក់ដឹកនាំក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនបក្សប្រជាជនកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ មាន៖
- គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាប្រធាន
- ឡាវ វ៉ាន់ ឧត្តមសេនីយ៍ទោមេបញ្ជាការរងកងអង្គរក្សកងពលលេខ៧០ ជាអនុប្រធាន
- ឧត្តមសេនីយ៍ទោប៉ូលិស សុខ វាសនា ជាអនុប្រធាន
- ឱក បូរ៉ា, អ៊ុក ពញ្ញា និង ប៊ុន ជា ជាសមាជិក។
សមាសភាពឈ្មោះទាំងអស់នេះ ត្រូវបានបញ្ចូលទៅជាសមាជិកគណៈកម្មាធិការកណ្តាល ឬមជ្ឈិមបក្សប្រជាជនកម្ពុជា នៅក្នុងមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ប្រព្រឹត្តទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨។
ស្ថានរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសអូស្ត្រាលី មានរឿងអាស្រូវនៅក្នុងឆ្នាំ២០១៦ បន្ទាប់ពីឯកអគ្គរាជទូត កុយ គួង ទៅកាន់តំណែងជំនួសឯកអគ្គរាជទូត ជុំ សុន្ទរី បានប្រមាណមួយឆ្នាំ។
តាមការចុះផ្សាយក្នុងសារព័ត៌មានអូស្ត្រាលី Fairfax Media រយៈពេល ៦ខែចាប់ពីដើមឆ្នាំ២០១៦ អាជ្ញាធរមានសមត្ថកិច្ចអូស្ត្រាលី ហៅថាកម្លាំងព្រំដែនអូស្ត្រាលី (Australian Border Force = ABF) បានស៊ើបអង្កេតអ្នកការទូតខ្មែរក្នុងស្ថានទូតប្រទេសកម្ពុជាប្រចាំប្រទេសអូស្ត្រាលី នាធានីកង់ប៊ែរ៉ា អំពីករណីប្រើអភ័យឯកសិទ្ធិការទូតប្រព្រឹត្តអំពើទុច្ចរិតខុសច្បាប់អូស្ត្រាលី។
អាជ្ញាធរអូស្ត្រាលី សង្ស័យថា មន្ត្រីស្ថានទូតខ្មែរបញ្ជាទិញស្រា ប៊ីយែរ និងបារី ដោយប្រើកម្មវិធីឲ្យរួចពន្ធដារ អនុញ្ញាតឲ្យមន្ត្រីទូតបរទេសអាចទិញគ្រឿងស្រវឹង និងបារីថ្នាំជក់មានកម្រិតរៀងរាល់ ៦ខែម្តង លើកលែងតែមានកម្មវិធីពិសេសនៅក្នុងស្ថានទូតដែលត្រូវការបញ្ជាទិញលើសពីកម្រិតអនុញ្ញាត។
ច្បាប់ប្រទេសអូស្ត្រាលី អនុញ្ញាតឲ្យស្ថានទូតបរទេសនាំចូលគ្រឿងស្រា ១២០លីត្រ ប៊ីយែរ ៥០០លីត្រ និងបារី ១ម៉ឺនដើមសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន។
គេចោទថា ស្ថានទូតខ្មែរនៅកង់ប៊ែរ៉ា បញ្ជាទិញវត្ថុទាំងនោះតាមរយៈហាងលក់ស្រារួចពន្ធ Duty Free ឈ្មោះ Unique International Duty Free ថៅកែហាងឈ្មោះ សេង តាំង ហើយស្តុកទុកវត្ថុទាំងអស់នោះនៅក្នុងហាងដោយមិនយកចេញទៅប្រើការតាមសេចក្តីត្រូវការ។ ថៅកែហាង សេង តាំង យកវត្ថុទាំងនោះលក់យកចំណេញកប់ពពក ព្រោះជារបស់រួចពន្ធបញ្ជាទិញដោយស្ថានទូត។ គេយកផលចំណេញចែកគ្នា។
ទោះជាយ៉ាងក៏ដោយ ទាំងឯកអគ្គរាជទូត កុយ គួង ទាំងម្ចាស់ហាងឈ្មោះ សេង តាំង បដិសេធថាគ្មានរឿងរំលោភច្បាប់អូស្ត្រាលីឡើយ។ រឿងគេមិនបានដឹងច្បាស់នោះ គឺតើល្បិចកលទុច្ចរិតរំលោភច្បាប់បែបនោះកើតមានក្នុងអាណត្តិលោក ជុំ សុន្ទរី ជាឯកអគ្គរាជទូត ឬមួយក្នុងអាណត្តិលោក កុយ គួង ជាឯកអគ្គរាជទូត?
ទោះជាក្នុងអាណត្តិណាក៏ដោយ មធ្យោបាយឆ្លៀតគៃយកផលប្រយោជន៍ចែកគ្នានោះ មិនត្រឹមតែដើម្បីបំពេញបំណងផ្ទាល់ខ្លួន ឬក្រុមបក្សពួកប៉ុណ្ណោះទេ ប៉ុន្តែគេក៏អាចប្រើប្រាស់ធនធានក្រៅប្រទេសសម្រាប់ការចំណាយ ដើម្បីជួយពង្រឹងការងារគាំទ្របក្សដោយមិនបាច់យកធនធានពីប្រទេសកម្ពុជាផងដែរ។
ដោយឡែកពីការចងទំនាក់ទំនងជាមួយពាណិជ្ជករ ម្ចាស់អាជីវកម្មដើម្បីរកស៊ី រកផលកម្រៃចែកគ្នាតាមតំបន់នីមួយៗ មន្ត្រីស្ថានទូតខ្មែរប្រចាំប្រទេសខ្លះក៏ប្រើឈ្មោះស្ថានទូតរៀបចំចូលរួមក្នុងពិធីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនាតាមទីអារាមផងដែរ។ គេយកហេតុផលថា គេផ្សារភ្ជាប់ចំណងមេត្រីភាពជាមួយសហគមន៍ ជួយឧបត្ថម្ភ អភិវឌ្ឍវត្តខ្មែរឲ្យកាន់តែមានមុខមាត់ល្អស្អាតនៅបរទេស។ គេបន្ថែមពាក្យ កឋិនទាន ជាកឋិនទានសាមគ្គី ក្រៅពីពាក្យថា បុណ្យផ្កាសាមគ្គី។
កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ឯកអគ្គរាជទូត ចាន់ រតនា ប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ បានផ្ដួចផ្ដើមអង្គកឋិនទានជាមួយឈ្មោះ លឹម សំអាត ប្រធានសាខាបក្ស និងឈ្មោះ លី ម៉េង ប្រធានក្រុមយុវជនបក្ស ហែទៅកាន់វត្តរតនៈ ហៅវត្តរ៉ស់ម័រ (Rossmore Temple) នៅក្រុងស៊ីដនី ជាមួយនឹងបច្ច័យប្រមាណ ៥ពាន់ដុល្លារ។ ក្រៅពីនេះ ព្រះបរមរាជវាំងក៏ចូលរួមក្នុងសកម្មភាពបង្កើតសាខាក្រុមការងារយុវជនបក្សប្រជាជនកម្ពុជាក្រៅប្រទេសដែរ តាមរយៈការប្រគល់ ប្រកាសនីយបត្រ គ្រឿងឥស្សរិយយស ថ្នាក់ធិបឌិន្ទពីព្រះមហាក្សត្រ ចុះហត្ថលេខាដោយសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល។ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ ប្រគល់ឲ្យឈ្មោះ លី បថាវី ធ្វើការជាមួយក្រុមការងារយុវជនបក្សប្រចាំក្រុងម៉ែលប៊ន អង្គការអាជីវកម្មអូស្ត្រាលី សមាគមខ្មែរ-អូស្ត្រាលីប្រចាំរដ្ឋវ៉ិកតូរីយ៉ា អង្គការនិស្សិតខ្មែរនៅរដ្ឋវ៉ិកតូរីយ៉ា។
មុននោះ នាឆ្នាំ២០១៩ គ្រឿងឥស្សរិយយសពីព្រះបរមរាជវាំង បានប្រគល់ឲ្យឈ្មោះ Jason Sara ហៅ ណារី សារ៉ា តំណាងប្រចាំតំបន់២ ក្រុងម៉ែលប៊ន និងភរិយាឈ្មោះ Suzette ឬ Suzanne Ting ហៅ បូរ៉ាមី ទីង ឧត្តមសេនីយ៍ត្រី កាន់ វឌ្ឍនា នាយរងនៃលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងនាយកដ្ឋានអន្តោប្រវេសន៍ ហើយអ្នកជួយរៀបចំសាខាបក្សនៅក្រុងម៉ែលប៊ន ផងដែរ។ ឆ្នាំដដែល ខុង ណាមធី ហៅ ណាម លី តំណាងបក្សនៅក្រុងអាដឺឡែត និង លី ម៉េង ប្រធានសាខាបក្សនៅក្រុងស៊ីដនី បានទទួលគ្រឿងឥស្សរិយយសពីព្រះបរមរាជវាំង។ ខែមីនា ឆ្នាំ២០១៨ គ្រឿងឥស្សរិយយសពីព្រះបរមរាជវាំង ប្រគល់ឲ្យឧត្តមសេនីយ៍ត្រី ដេវិដ ចាន់ មេបញ្ជាការរងកងអង្គរក្ស និងកងអន្តរាគមន៍លេខ៩ ដោយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង។ ឧត្តមសេនីយ៍ត្រី ដេវិដ ចាន់ ធ្លាប់សរសេរអក្សរខ្មែរបង្ហោះតាមហ្វេសប៊ុកដៀមដាមផ្លែផ្កាដាក់គូបដិបក្ខរបស់ខ្លួននៅអូស្ត្រាលី ជារបៀបគំរាមប្រមាថជីវិតទៀតផង។
ក្នុងខណៈដែលបក្សប្រជាជនកម្ពុជា បង្កើនសកម្មភាពយុទ្ធនាការពង្រីកវត្តមាននៅបរទេស ក្រុមអ្នកតាមដានក៏បានលើកយកការមន្ទិលសង្ស័យមិនទាន់មានភស្តុតាង ថាតើការប្រើប្រាស់ថវិកាបរិច្ចាគទានដល់វត្តអារាម ដល់ពិធីបុណ្យកឋិន បុណ្យផ្កាសាមគ្គី បុណ្យសពសមាជិក ដល់ពិធីជប់លៀង ការបើកមុខរបរ ឬសមាគមនោះ ជាវិធីបង្វែងដានលុបដានការលាងលុយកខ្វក់ ឬយ៉ាងណា។ តាមការចុះផ្សាយក្នុងសារព័ត៌មានអូស្ត្រាលី ABC ខែតុលា ឆ្នាំ២០១៨ សមាជិកក្រុមគ្រួសារ និងមន្ត្រីក្នុងរដ្ឋាភិបាលលោក ហ៊ុន សែន មានជាប់ឈ្មោះក្នុងការមន្ទិលសង្ស័យច្រើនជាងគេអំពីរឿងទិញអចលនទ្រព្យនៅអូស្ត្រាលី៖
- ហ៊ុន តូ និងភរិយាជនជាតិថៃ ជាក់គី ធីតៀន (Jackie Thy Tien) ទិញភូមិគ្រឹះនៅក្រុងម៉ែលប៊ន តម្លៃប្រមាណ ១លាន ៣សែនដុល្លារ។
- ហ៊ុន ម៉ាណា និងស្វាមី ឧត្តមសេនីយ៍ឯកប៉ូលិស ឌី វិជ្ជា មានដីសម្រាប់ឃ្លាំងទំនិញមុខរបរលក់ម៉ូតូតម្លៃជាង ១លាន ៣សែនដុល្លារ និងភូមិគ្រឹះតម្លៃ ១លាន ៥សែនដុល្លារ។ មុខរបររបស់ត្រកូល ហ៊ុន មានតម្លៃសរុបប្រមាណ ១០លានដុល្លារ។ នៅប្រទេសកម្ពុជា ឌី វិជ្ជា និង ហ៊ុន ម៉ាណា មានសម្បត្តិទ្រព្យតម្លៃប្រមាណ ៦៦លានដុល្លារ។
- ហ៊ុន តូ និង ជាក់គី ធីតៀន មានសម្បត្តិទ្រព្យតម្លៃប្រមាណ ៧លានដុល្លារ។
- ក្រៅពីត្រកូល ហ៊ុន មន្ត្រីរាជរដ្ឋាភិបាលក្រោមបង្គាប់លោក ហ៊ុន សែន ដូចជាលោក គង់ វិបុល នៃនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ធ្លាប់មានឈ្មោះជំពាក់ជំពិនក្នុងរឿងដីធ្លីតម្លៃជាង ២១លានដុល្លារក្នុងឆ្នាំ២០០៧។
នៅសហរដ្ឋអាមេរិកវិញ រឿងយកលុយទិញអចលនទ្រព្យ ឬបើកមុខរបរអាជីវកម្មផ្ទាល់ខ្លួន មិនទាន់មានឈ្មោះត្រកូល ហ៊ុន ដូចនៅប្រទេសអូស្ត្រាលី នៅឡើយទេ។ បើទោះជាមាន ក៏មានតាមរយៈមនុស្សផ្សេងឈរឈ្មោះឲ្យប៉ុណ្ណោះ។ ទោះជាយ៉ាងក៏ដោយ នៅសហរដ្ឋអាមេរិកនោះដែរ អ្នកដឹកនាំក្រុមការងារយុវជនបក្សប្រជាជន បង្កើនសកម្មភាពសប្បុរសធម៌ខាងសង្គមកិច្ចចំសមាជិកបក្ស។
ក្នុងពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២១ នេះ៖
- លោក ហ៊ុន ម៉ាណែត ផ្ញើសារចូលរួមមរណទុក្ខឲ្យឈ្មោះ ងួន រស្មី ប្រធានរដ្ឋបាលក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនបក្សប្រជាជនកម្ពុជានៅសហរដ្ឋអាមេរិកប្រចាំរដ្ឋកាលីហ្វ័នីញ៉ា ឆ្នេរខាងលិច ក្នុងនាមជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល។
- ម៉ឹង ពន្លក ផ្ញើសារចូលរួមមរណទុក្ខឲ្យឈ្មោះ តុប គីមសាយ ទីប្រឹក្សានៃគណៈកម្មាធិការសាខាបក្សប្រជាជនកម្ពុជាប្រចាំរដ្ឋវ៉ាស៊ីនតុន ក្នុងនាមជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនបក្សប្រជាជនកម្ពុជានៅសហរដ្ឋអាមេរិក។
- ម៉ឹង ពន្លក ក៏បានផ្ញើសារចូលរួមមរណទុក្ខឲ្យឈ្មោះ ឧកញ៉ា ប៉ោ សួន ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនបក្សប្រជាជនកម្ពុជានៅសហរដ្ឋអាមេរិក ទទួលបន្ទុករដ្ឋនេវ៉ាដា (Nevada)។
- ម៉ឹង ពន្លក ផ្ញើសារចូលរួមមរណទុក្ខឲ្យឈ្មោះ ហម សុវណ្ណពេជ្រ សមាជិកក្រុមការងារបដិសណ្ឋារកិច្ចនៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនបក្សប្រជាជនកម្ពុជា ទទួលបន្ទុករដ្ឋនេវ៉ាដា ឆ្នេរខាងលិច។
- ម៉ឹង ពន្លក ផ្ញើសារចូលរួមមរណទុក្ខឲ្យឈ្មោះ ឈុំម សារាសាឫទ្ធិ ប្រធានគណៈកម្មាធិការអនុសាខាបក្សប្រជាជនកម្ពុជាប្រចាំក្រុង Rochester រដ្ឋ Minnesota។
ភាគបន្ត សូមជូននៅសប្តាហ៍ក្រោយ៕