31 C
Phnom Penh

ស្ត្រី​បេក្ខជន​ប្រធានាធិបតី​ហ្វីលីពីន​ចាប់ផ្ដើម​ផ្ដោត​លើ​ការ​បញ្ចប់​ការ​ឈ្លានពាន​ពី​សំណាក់​ចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខណៈ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​ហ្វីលីពីន កំពុង​តែ​ប្រព្រឹត្ត​ទៅ គេ​សង្កេត​ឃើញ​បេក្ខជន​ជាច្រើន​បាន​កំណត់​គោល​នយោបាយ​សំខាន់ៗ ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាជន​របស់​ប្រទេស​នេះ។

បេក្ខជន​ខ្លះ​ផ្ដោត​សំខាន់​លើ​បញ្ហា​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ។ បេក្ខជន​ខ្លះ​សន្យា​បោស​សម្អាត​អំពើ​អយុត្តិធម៌ និង​អំពើពុករលួយ។ តែ​សម្រាប់​អ្នកស្រី Leni Robredo ចាប់ផ្ដើម​ផ្ដោត​លើ​ជម្លោះ​ដែនសមុទ្រ​ជាមួយ​នឹង​ប្រទេស​ចិន។ បើ​ទោះ​ជា​បច្ចុប្បន្ន អ្នកស្រី Leni Robredo ជា​អនុ​ប្រធានាធិបតី​ពិតមែន តែ​អ្នកស្រី​គឺជា​អនុ​ប្រធានាធិបតី​មកពី​បក្ស​ប្រឆាំង។ អ្នកស្រី​មិន​គាំទ្រ​គោល​នយោបាយ​របស់​លោក​ប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ (Rodrigo Duterte) ដែល​មាន​ភាព​ទោរទន់​ទៅ​រក​ចិន នោះ​គឺ​ករណី​ជម្លោះ​ដែនសមុទ្រ​ជាមួយ​ប្រទេស​ធំ​នេះ។

បណ្ដាញ​ផ្សាយ​ព័ត៌មាន ABS និង CBN News បាន​ចុះផ្សាយ​នូវ​សេចក្ដី​រាយការណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ វិច្ឆិកា នេះ​ថា អ្នកស្រី Leni Robredo បាន​បើក​ពិភាក្សា​ជាមួយ​ឧត្តមសេនីយ៍​ហ្វីលីពីន​ចូល​និវត្តន៍ គឺ​រយៈពេល​ពីរ​ថ្ងៃ​បន្ទាប់មក​នេះ​អំពី​នាវា​ចិន​ដែល​បាន​បាញ់​កាំភ្លើង​បាញ់​ទឹក​ទៅលើ​នាវា​ហ្វីលីពីន នៅ​សមុទ្រ​ហ្វីលីពីន​ខាងលិច។

បេក្ខជន​ប្រធានាធិបតី អ្នកស្រី Robredo បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា បើ​យោង​តាម​ទស្សនៈ​របស់​ឧត្តមសេនីយ៍​ទាំងនេះ និង​អ្នក​យុទ្ធសាស្ត្រ គឺ​ពួកគាត់​ទទួលស្គាល់​ចំពោះ​ការ​គំរាមកំហែង​ពី​សំណាក់​កងទ័ព​ចិន មក​លើ​ដែន​អធិបតេយ្យ​របស់​ហ្វីលីពីន ឃើញ​ថា​មាន​ការ​វិវឌ្ឍ​កាន់តែ​ធ្ងន់ និង​ស្មុគស្មាញ ដែល​ចាំបាច់​ត្រូវ​រក​យុទ្ធវិធី និង​វិធីសាស្ត្រ​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ​ដ៏​ទូលំទូលាយ ដើម្បី​ការពារ​សន្តិសុខ​ជាតិ។

នៅ​ក្នុង​កិច្ចពិភាក្សា​អំពី​សន្តិសុខ​ជាតិ ក៏​មាន​ព្រឹទ្ធសមាជិក Kiko Pangilinan ដែល​ជា​បេក្ខជន​ប្រជែង​របស់​អ្នកស្រី Robredo នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០២២ ក៏​បាន​ចូលរួម​ប្រជុំ​ផង​ដែរ។

ចំពោះ​បញ្ហា​ជម្លោះ​ដែនទឹក​ជាមួយ​ប្រទេស​ចិន ទីប្រឹក្សា​សន្តិសុខ​ជាតិ Hermogenes Esperon បាន​បញ្ជាក់​ថា នាវា​ឆ្មាំ​សមុទ្រ​ចិន កាលពី​ថ្ងៃ​អង្គារ ទី​១៦ ខែ​វិច្ឆិកា បាន​រារាំង និង​ប្រើ​កាណុង​បាញ់​ទឹក​រាំង​ខ្ទប់​នាវា​ផ្គត់ផ្គង់​ស្បៀង​របស់​ហ្វីលីពីន ដែល​កំពុង​ដឹកជញ្ជូន​ស្បៀង​ទៅ​ឱ្យ​បុគ្គលិក​យោធា​ដែល​មាន​មូលដ្ឋាន​នៅ Ayungin Shoal។

ចំណែក​អ្នកស្រី Robredo បាន​និយាយ​ថា ការ​ព្យាបាទ​របស់​ចិន​មក​លើ​ហ្វីលីពីន ត្រូវតែ​បញ្ឈប់ ដែល​អ្នកស្រី​អះអាង​ថា សមុទ្រ​ហ្វីលីពីន​ខាងលិច គឺជា​ដែន​អធិបតេយ្យ​ហ្វីលីពីន គឺ​ដូច​តុលាការ​មជ្ឈត្តការ​អន្តរជាតិ​បាន​សម្រេច​កាលពី​ខែ​កក្កដា ឆ្នាំ​២០១៦ ដោយ​ផ្ដល់​សិទ្ធិ​ឱ្យ​ហ្វីលីពីន​កាន់កាប់​តំបន់​នោះ។

សេចក្តី​សម្រេច​របស់​តុលាការ​ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​មួយ បាន​ធ្វើ​ឱ្យ​ចិន​ជំទាស់ ដែល​ក្រុង​ប៉េកាំង​ប្រកាស​ថា សាលដីកា​នេះ​ពុំ​មាន​អំណាច​បង្ខំ​ឱ្យ​ចិន​អនុវត្ត​តាម​នោះ​ទេ។

ទីក្រុង​ម៉ានីល បាន​តវ៉ា​ផ្នែក​ការទូត និង​ថ្កោលទោស​ជា​ខ្លាំង​ចំពោះ​សកម្មភាព​របស់​នាវា​ចិន ដែល​បាន​ឃារឃាំង​នាវា​ដឹក​ស្បៀង​របស់​ហ្វីលីពីន។

អ្នកស្រី Robredo ដែល​ជា​បេក្ខជន​តំណែង​ប្រធានាធិបតី​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០២២ បាន​និយាយ​ថា ពេលវេលា​ដែល​ត្រូវ​រៀបចំ​ផែនការ​គោល​នយោបាយ និង​យុទ្ធសាស្ត្រ​សន្តិសុខ​ជាតិ​ហ្វីលីពីន​ទាក់ទង​នឹង​ជម្លោះ​ដែនសមុទ្រ និង​ទឹកដី​របស់​ខ្លួន​ជាមួយ​ប្រទេស​ចិន ត្រូវតែ​មាន​ភាព​រឹងមាំ និង​ច្បាស់លាស់ ក្នុង​ការ​អនុវត្ត​ប្រកប​ដោយ​និរន្តរភាព ដោយ​មិន​គិត​អំពី​ការ​ផ្លាស់ប្ដូរ​រដ្ឋការ​របស់​មេដឹកនាំ​ឡើយ។

តាម​អ្នកស្រី ការ​ចុះ​សម្រុង​គ្នា​ក្នុង​ផែនការ​សន្តិសុខ​ជាតិ និង​ផែនការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​មាន​សារសំខាន់ គឺ​ត្រូវ​ដើរ​ទន្ទឹម​គ្នា។ តាម​អ្នកស្រី Robredo ឧត្តមសេនីយ៍​ដែល​មាន​វត្តមាន​ចូលរួម​ប្រជុំ​ជាមួយ​អ្នកស្រី អំពី​សន្តិសុខ​ជាតិ និង​ការ​រិះរក​យុទ្ធសាស្ត្រ​បញ្ចប់​ការ​ឈ្លានពាន​ពី​សំណាក់​ប្រទេស​ចិន មក​លើ​ដែនទឹក​របស់​ហ្វីលីពីន មាន​ចំនួន ៧​រូប គឺ​ពួកគាត់​បាន​ផ្ដល់​យោបល់​ឱ្យ​មាន​យុទ្ធសាស្ត្រ​សន្តិសុខ​ជាតិ​រឹងមាំ​ប្រឆាំង​នឹង​ចិន។

ស្ត្រី​អនុ​ប្រធានាធិបតី​ដែល​ជា​អ្នក​រិះគន់​ឥត​សំចៃ​ចំពោះ​គោល​នយោបាយ​របស់​ប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ ក្នុង​ការ​ទុក​ចោល​សាលដីកា​របស់​តុលាការ​អន្តរជាតិ បែរជា​សំដៅ​ពង្រឹង​ទំនាក់ទំនង​មិត្តភាព​ជាមួយ​ទីក្រុង​ប៉េកាំង បាន​និយាយ​ថា បញ្ហា​សមុទ្រ​ហ្វីលីពីន​ខាងលិច គឺ​មិន​អាច​ចរចា​ជាមួយ​ចិន​ម្ដង​ទៀត​ឡើយ។

អ្នកស្រី Robredo បាន​និយាយ​ថា ប្រសិនបើ​អ្នកស្រី​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​នៅ​ឆ្នាំ​២០២២ អ្នកស្រី​នឹង​បើក​ចំហ​ក្នុង​ការ​ធ្វើការ​ជាមួយ​ប្រទេស​ចិន ប៉ុន្តែ​ឈរ​លើ​គោលការណ៍​ស្មើ​ភាព និង​ឯករាជ្យ។ ប៉ុន្តែ​នៅ​ពេល​និយាយ​អំពី​សមុទ្រ​ហ្វីលីពីន​ខាងលិច អ្នកស្រី​ថា​មិន​អាច​ដោះស្រាយ​ជាមួយ​ចិន ដោយ​គ្មាន​ការ​ទទួលស្គាល់​ពី​ការ​សម្រេច​ចិត្ត​របស់​អាជ្ញាកណ្ដាល​នៃ​មជ្ឈត្តការ​អន្តរជាតិ​ឡើយ។

អ្នកស្រី Robredo សង្កត់​ធ្ងន់​ថា ចំពោះ​កិច្ចការ​ពាណិជ្ជកម្ម​ជាមួយ​ចិន នឹង​មិន​មាន​បញ្ហា​ឡើយ ប៉ុន្តែ​ទីក្រុង​ប៉េកាំង ត្រូវតែ​ទទួល​យក​ការ​សម្រេច​របស់​មជ្ឈត្តការ​អន្តរជាតិ ដែល​ស្ត្រី​បេក្ខជន​ប្រធានាធិបតី​ហ្វីលីពីន​រូប​នេះ​គិត​ថា ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី នឹង​កាន់តែ​មាន​សន្ទុះ​ខ្លាំង​ឡើង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស