27 C
Phnom Penh

ក្រុម​អ្នក​តស៊ូ​មតិ៖ សកម្មជន​បក្ស​ប្រឆាំង​ត្រូវ​ចាប់​ខ្លួន​ដោយសារ​មន្ត្រី​បក្ស​នេះ​បោះបង់​សមរភូមិ​នយោបាយ​ចោល

បទវិភាគ

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ឯនាយ​សមុទ្រ​លើកឡើង​ថា សកម្មជន​បក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ គឺ​ដោយសារតែ​មន្ត្រី​បក្ស​ប្រឆាំង​នាំគ្នា​ទុក​សមរភូមិ​នយោបាយ​នៅ​កម្ពុជា​ចោល ដែល​ធ្វើ​ឱ្យ​បក្ស​កាន់​អំណាច​ហ៊ាន​រំលោភ​ច្បាប់​រឹតត្បិត​សេរីភាព​នយោបាយ​របស់​សកម្មជន និង​មន្ត្រី​បក្ស​ប្រឆាំង​ទាំងនោះ​យ៉ាង​អានាធិបតេយ្យ​ដូច​សព្វថ្ងៃ​នេះ។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (PMD) លោក គឹម សុខ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២២ វិច្ឆិកា នេះ​ថា លោក​ធ្លាប់​បាន​ផ្តាំ​តាមរយៈ​មនុស្ស​ជំនិត​អតីត​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី កាល​នៅ​ក្នុង​ពន្ធនាគារ​ថា បើ​មន្ត្រី​បក្ស​នាំគ្នា​ចាកចេញ​ពី​កម្ពុជា គឺ​ស្មើ​នឹង​ទុក​សមរភូមិ​នយោបាយ​ឲ្យ​បក្ស​កាន់​អំណាច​អុកឡុក​តាម​ទំនើង​ចិត្ត ជាពិសេស​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​សកម្មជន​នៅ​មូលដ្ឋាន​របស់​ខ្លួន។

អ្នកវិភាគ​រូប​នេះ​អះអាង​ថា ប្រសិន​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​កុំ​ប្រមូល​គ្នា​ចេញពី​កម្ពុជា ហើយ​បែរជា​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​ពលីកម្ម​ដឹកនាំ​តវ៉ា​ជា​ចំហ​ទល់​នឹង​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​នៅ​ពេល​នោះ រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន នឹង​មិន​អាច​រំលោភ​ច្បាប់ រំលោភ​សិទ្ធិមនុស្ស​យ៉ាង​គឃ្លើន​ស្រេច​តែ​នឹង​អំពើ​ចិត្ត​នោះ​ទេ។

លោក គឹម សុខ បញ្ជាក់​ថា ក្រោយ​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាល់ច្រក​នយោបាយ​នៅ​ក្រៅ​ប្រទេស ហើយ​ចង់​ចូល​ស្រុក​វិញ​នោះ គឺ​មាន​តែ​រៀប​ខ្លួន​ចូលរួម​ការ​បោះឆ្នោត​ដ៏​អយុត្តិធម៌ ដើម្បី​បំពេញ​អំណាច​ឲ្យ​រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន បន្ត​ទៀត​តែប៉ុណ្ណោះ។ ប៉ុន្តែ​សកម្មជន​បក្ស​ប្រឆាំង​ទាំងអស់​នឹង​ត្រូវ​រដ្ឋ​អំណាច​កម្ពុជា​បំបិទ​សេរីភាព​ម្តង​មួយៗ ដូច​ករណី​ចាប់​បញ្ជូន​សកម្មជន​បក្ស​ប្រឆាំង​ស្ងាត់ៗ​ពី​ប្រទេស​ថៃ ជា​ឧទាហរណ៍​ជាក់ស្តែង។

អ្នកស្រី ឡាញ់ ថាវរី អតីត​មេឃុំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​អាជ្ញាធរ​ថៃ ចាប់​បញ្ជូន​មក​កម្ពុជា​វិញ។ (រូប​ពី​ហ្វេសប៊ុក Thavry Lanh – ឡាញ់ ថាវរី)

សង្គម​ស៊ីវិល​ធ្លាប់​បាន​បង្ហាញ​ទិន្នន័យ​របស់​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ​ថា ចាប់តាំង​ពី​ដើម​ឆ្នាំ​២០១៩ មក សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​នាក់​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​លប​វាយប្រហារ​បណ្តាល​ឲ្យ​មាន​របួស​យ៉ាង​ធ្ងន់ធ្ងរ រហូត​មាន​អ្នក​ខ្លះ​បាក់​ដៃ បាក់​ជើង បាក់​ឆ្អឹងជំនីរ និង​បែក​ក្បាល​ជាដើម។

សកម្មជន​បក្ស​ប្រឆាំង​តែង​រង​ការ​វាយប្រហារ​ដោយ​ជន​មិន​ស្គាល់​មុខ ខណៈ​សំណុំរឿង​ទាំងនោះ​មិន​ត្រូវ​បាន​សមត្ថកិច្ច​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន បើក​ការ​ស៊ើបអង្កេត​វែកមុខ​ជន​ដៃដល់​ទាំងនោះ​ឡើយ ទោះ​មាន​ខ្សែ​វីដេអូ​តាម​កាមេរ៉ា​សុវត្ថិភាព បង្ហាញ​ពី​ភិនភាគ​ជនល្មើស​ទាំងនោះ​យ៉ាង​ណា​ក្តី។

ជាក់ស្តែង ប្រធាន​ក្រុម​អង្គរក្ស​លោក សម រង្ស៊ី គឺ​លោក ពួក ចិន្តា កាលពី​ចុង​ខែ​កញ្ញា ឆ្នាំ​២០១៩ ត្រូវ​ជន​មិន​ស្គាល់​មុខ​ពីរ​នាក់​ពាក់​មួក​ការពារ​សុវត្ថិភាព​ដើម្បី​កុំ​ឲ្យ​ស្គាល់​ភិនភាគ លប​វាយ​ក្បាល​ពីក្រោយ​នឹង​ដំបង​នៅ​ក្បែរ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​រាជធានី​ភ្នំពេញ។

ជាង​នេះ​ទៀត អតីត​ចៅសង្កាត់​កោះដាច់ របស់​បក្ស​ប្រឆាំង លោក ស៊ិន បូណា ត្រូវ​ជន​មិន​ស្គាល់​មុខ​ពីរ​នាក់​ធាក់​ផ្តួល​ម៉ូតូ ហើយ​យក​កំណាត់​ដែក​វាយ​សំពង​លើ​រូបលោក​រហូត​បណ្តាល​ឲ្យ​បាក់​ដៃ​ខាង​ឆ្វេង ខណៈ​លោក​កំពុង​ធ្វើ​ដំណើរ​តាម​ម៉ូតូ​លើ​ដងផ្លូវ​មួយ​កន្លែង​ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ចុង​ឆ្នាំ​២០១៩៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស