26 C
Phnom Penh

លោក សម រង្ស៊ី ប្រកាស​រក​ការ​រួបរួម​ជាមួយ​បក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន ដើម្បី​ជាតិ​ខ្មែរ​រុងរឿង

បទវិភាគ

អតីត​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ចង់​ឱ្យ​មាន​ការ​រួបរួម​ជាមួយ​នឹង​គណបក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន ដើម្បី​ជាតិ​ខ្មែរ​រុងរឿង និង​ខ្លាំងក្លា​ទៅ​ថ្ងៃ​អនាគត ខណៈ​សកម្មជន​បក្ស​ប្រឆាំង​ឯកភាព​នឹង​ការ​រួបរួម​នេះ ប៉ុន្តែ​ត្រូវតែ​រួបរួម​ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​សម្រាប់​កម្ពុជា មិនមែន​រួបរួម​ដើម្បី​បុគ្គល ឬ​ក្រុម​ណា​មួយ​នោះ​ទេ។

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​អះអាង​នៅ​ក្នុង​ពិធី​ជួបជុំ​អ្នកគាំទ្រ​របស់​ខ្លួន​នៅ​សហរដ្ឋ​អាមេរិក កាលពី​ពេល​ថ្មីៗ​នេះ​ថា លោក​ចង់​ឱ្យ​មាន​ការ​រួបរួម​រវាង​ខ្មែរ​និង​ខ្មែរ ដើម្បី​រៀបចំ​ប្រទេស​មួយ​ដែល​អាច​ការពារ​ពលរដ្ឋ​ស្លូតត្រង់​ពី​អំពើ​អយុត្តិធម៌​ក្នុង​សង្គម​ជាតិ ហើយ​នាំគ្នា​កសាង​អំពើ​ល្អ​សម្រាប់​ពលរដ្ឋ​របស់​ខ្លួន​ឱ្យ​បាន​កាន់តែ​ច្រើន។

លោក សម រង្ស៊ី អះអាង​ថា បើ​ទោះបីជា​លោក​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ចោទប្រកាន់ ឬ​ស្អប់​យ៉ាងណាក៏ដោយ ប៉ុន្តែ​ជំហរ​រួបរួម​ដែល​លោក​ចង់​បាន គឺ​ការ​រួប​រួមគ្នា​លើ​អំពើ​ល្អ ដើម្បី​ចូលរួម​គ្នា​អភិវឌ្ឍ​កម្ពុជា​ឱ្យ​ក្លាយ​ជា​សង្គម​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​យុត្តិធម៌​ត្រឹមត្រូវ និង​រីកចម្រើន ហើយ​លោក​សង្ឃឹម​ថា គណបក្ស​កាន់​អំណាច​នឹង​យល់​ពី​បំណង​ល្អ​របស់​លោក​ចំពោះ​ជាតិ​មាតុភូមិ និង​ពលរដ្ឋ​ខ្មែរ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ជាប់​គាំង​វិបត្តិ​នយោបាយ​យ៉ាង​ធ្ងន់ធ្ងរ ដែល​បង្ក​ឡើង​ដោយ​បក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២២ វិច្ឆិកា នេះ​ថា ការ​រួបរួម​គ្នា​រវាង​ខ្មែរ​និង​ខ្មែរ គឺជា​រឿង​ល្អ​ប្រសើរ និង​ចាំបាច់​បំផុត​សម្រាប់​ប្រទេស​ជាតិ ហើយ​លោក​ក៏​មិន​បដិសេធ​ការ​រួបរួម​សាមគ្គី​នេះ​ដែរ ទោះ​ភាគី​ខ្មែរ​ណា​ក៏ដោយ ឲ្យ​តែ​មាន​ការ​រីកចម្រើន និង​មាន​វឌ្ឍនភាព​ដល់​ប្រទេស​កម្ពុជា។

លោក​បន្ត​ថា ប្រសិនបើ​មាន​ការ​រួបរួម​រវាង​ភាគី​លោក សម រង្ស៊ី និង​គណបក្ស​កាន់​អំណាច​ដូច​ការ​អំពាវនាវ​នោះ ត្រូវតែ​រួបរួម​ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​សម្រាប់​កម្ពុជា មិនមែន​រួបរួម​ដើម្បី​បុគ្គល ឬ​ក្រុម​ណា​មួយ​នោះ​ទេ។

លោក ហ៊ុន កុសល បញ្ជាក់​ថា ប្រភព​ដែល​នាំ​ឲ្យ​ជាប់​គាំង​នយោបាយ​នៅ​កម្ពុជា គឺ​ការ​ចាប់​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដាក់​គុក និង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​អយុត្តិធម៌ ដូច្នេះ​ដំណោះស្រាយ​ល្អ​សម្រាប់​ស្ថានភាព​ជាតិ គឺ​ការ​ស្ដារ និង​សង​នូវ​លទ្ធិប្រជាធិបតេយ្យ​ដល់​ពលរដ្ឋ​ខ្មែរ​វិញ នោះ​ទើប​ជា​ការ​រួបរួម​ដែល​ត្រឹមត្រូវ។

ជុំវិញ​បញ្ហា​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​កាលពី​ពាក់កណ្តាល​ខែ​កញ្ញា ឆ្នាំ​២០២១ បាន​អះអាង​ថា លោក​បាន​ធ្វើ​ច្រើន​ណាស់​ក្នុង​ការ​ដឹកនាំ​ជាតិ​រក​ការ​បង្រួបបង្រួម​ជាតិ​រវាង​ខ្មែរ​និង​ខ្មែរ ប៉ុន្តែ​ភាគី​នយោបាយ​ក្រុម​ប្រឆាំង​មិន​យល់​អំពី​ការ​បង្រួបបង្រួម​ជាតិ​នេះ​ទេ ហើយ​នៅ​ពេលនេះ​គ្មាន​កិច្ចការ​នយោបាយ​ណា​ដែល​ត្រូវ​ដោះស្រាយ​ដោយ​ការ​ចរចា​ជាមួយ​ក្រុម​ប្រឆាំង​នោះ​ដែរ។

លោក ហ៊ុន សែន ព្រមាន​ថា សូម​ឈប់​ស្រមើស្រមៃ​បន្ត​ទៀត​ទៅ​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​រស់​ឡើងវិញ ហើយ​លោក​នឹង​លើកលែង​ទោស​ឱ្យ​ក្រុម​ប្រឆាំង​ទាំងនោះ ឬ​នឹង​ធ្វើការ​ចរចា​រក​ដំណោះស្រាយ​នយោបាយ ព្រោះ​តែ​លោក​ខ្លាច​អន្តរជាតិ​នោះ។ ប៉ុន្តែ​ពួក​អ្នក​ដែល​មាន​ទោស ត្រូវ​ទៅ​ទទួល​ទោស​ជាប់​គុក​ពីរ​ភាគ​បី​សិន ទើប​អាច​គិត​ដល់​រឿង​ការ​លើកលែង​ទោស ឬ​បន្ធូរបន្ថយ​ទោស។

ជុំវិញ​ការ​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​នេះ សហភាព​អឺរ៉ុប និង​បណ្តា​ប្រទេស​លោកសេរី​ជាច្រើន នៅតែ​ជំរុញ​ឱ្យ​អ្នក​នយោបាយ​ខ្មែរ​វិល​ទៅ​រក​ការ​ចរចា​បញ្ចប់​ជម្លោះ​នយោបាយ ដោយ​តម្កល់​ផល​ប្រយោជន៍​ជាតិ​ឱ្យ​ធំ​ជាង​ផលប្រយោជន៍​បុគ្គល ឬ​បក្ស​របស់​ខ្លួន។ ប៉ុន្តែ​មកទល់​ពេលនេះ ពន្លឺ​នៃ​កិច្ច​ចរចា​នយោបាយ​នៅ​កម្ពុជា​នៅ​មិនទាន់​មាន​នៅ​ឡើយ​ទេ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស