28 C
Phnom Penh

ពលរដ្ឋ​បន្ទោស​លោក គួច ចំរើន និង​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ​ថា​ធ្វើ​ឲ្យ​បាត់បង់​ទ្រព្យសម្បត្តិ​សាធារណៈ

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម បាន​រិះគន់​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី លោក ចេង ស្រុង និង​លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ ថា​ក្រោយពី​អ្នក​ទាំង​ពីរ​ចូល​កាន់​តំណែង គឺ​បាន​ធ្វើ​ឲ្យ​ធនធាន​ធម្មជាតិ និង​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ក្នុង​ខេត្ត​នេះ​កាន់តែ​បាត់បង់​ទៅៗ។

ប្រភព​ដដែល​បាន​លើកឡើង​ថា មន្ត្រី​ទាំង​ពីរ​នេះ​បាន​ឃុបឃិត​គ្នា​ចេញ​ប្លង់​កម្មសិទ្ធិ​ឲ្យ​បក្ខពួក និង​សាច់ញាតិ​របស់​ខ្លួន​នៅ​លើ​បរិវេណ​ដី​សាធារណៈ​របស់​រដ្ឋ ដូចជា​ព្រៃកោងកាង គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ដី​ព្រៃ​ឧទ្យាន​ជាតិ​រាម បឹង​អូរ​ធម្មជាតិ និង​បរិវេណ​ដី​រក្សា​ប្រភព​ទឹក​ស្អាត​ក្បាលឆាយ ជាដើម។

ពួកគេ​និយាយ​ថា លោក ចេង ស្រុង ប្រធាន​មន្ទីរ​សុរិយោដី ដោយ​មាន​ការ​ឯកភាព​ពី​លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ បាន​ចេញ​ប្លង់ ឬ​ប័ណ្ណ​កម្មសិទ្ធិ​ចំនួន ៧​ប័ណ្ណ​ឲ្យ​ទៅ​ឈ្មោះ មាស សូលឡុង ក្នុង​ទំហំ​ផ្ទៃដី​ជាង ៣០​ហិកតារ គ្របដណ្ដប់​នៅ​លើ​បរិវេណ​ដី​ព្រៃកោងកាង​នៅ​ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ដោយ​អនុវត្ត​ផ្ទុយ​នឹង​បទបញ្ជា​របស់​លោក ហ៊ុន សែន ឲ្យ​ថែរក្សា​ការពារ​ដី​ព្រៃលិចទឹក ឬ​ព្រៃកោងកាង​ឲ្យ​បាន​គង់វង្ស។

ប្រភព​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០២១ លោក គួច ចំរើន បាន​អនុញ្ញាត​ឲ្យ​លោក មាស សូលឡុង សម្អាត​ទីតាំង និង​សាងសង់​ផ្ទះ​ត្រចៀកកាំ​លើ​ដី​មាន​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ចំនួន ៧​ប័ណ្ណ នៅ​ភូមិ​ព្រែកសង្កែ ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នាំ​ឲ្យ​បាត់បង់​ដី​ព្រៃលិចទឹក ឬ​ព្រៃកោងកាង​ដែល​ជា​ជម្រក​ត្រី​សមុទ្រ​បន្ត​ពូជ​នៅ​មូលដ្ឋាន​នេះ​ធ្ងន់ធ្ងរ។

អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​ឈ្មួញ និង​មន្ត្រី​មាន​អំណាច​មួយ​ចំនួន​មាន​មហិច្ឆតា​រំលោភ​ដី​បរិវេណ​ព្រៃលិចទឹក​នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ យក​ធ្វើ​កម្មសិទ្ធិ​ឯកជន បាន​បន្ត​កើតមាន​ជាបន្តបន្ទាប់។ អ្នកស្រី​ថា បើ​ទោះបី​ពួកគេ​ដឹង​ថា ដី​ព្រៃលិចទឹក​ទាំងនោះ​ជា​ដី​សាធារណៈ​របស់​រដ្ឋ​បែប​ណា​ក្តី ក៏ប៉ុន្តែ​មាន​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ខ្លះ​កំពុង​បម្រើ​ការងារ​ក្រោម​ឱវាទ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ជួយ​សម្រួល​ផ្តល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ឬ​ប្លង់​ប្រព័ន្ធ​ជូន​បុគ្គល និង​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​ផង​ដែរ។

ក្រុម​អ្នក​ឃ្លាំមើល​ស្នើ​ដល់​លោក ហ៊ុន សែន និង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ត្រួតពិនិត្យ​ចំពោះ​ការ​ឃុបឃិត​គ្នា​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​កាន់កាប់​ដីធ្លី​នៅ​តំបន់​ព្រៃកោងកាង និង​រក្សា​ព្រៃ​ទាំងនោះ​ឲ្យ​មាន​ប្រសិទ្ធភាព។

អំឡុង​ខែ​មិថុនា ឆ្នាំ​២០១៦ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ណែនាំ​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី ឲ្យ​និរាករណ៍ ឬ​ដកហូត​ប័ណ្ណ​កម្មសិទ្ធិ​កាន់កាប់​អចលនវត្ថុ វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ និង​លិខិត​បញ្ជាក់​ការ​កាន់កាប់​ដី​របស់​មន្ទីរ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​អាជ្ញាធរ​ដែនដី​ខេត្ត​ជាប់​សមុទ្រ​ទាំង​៤ មាន​ខេត្ត​កំពត ខេត្ត​កែប ខេត្ត​ព្រះសីហនុ និង​ខេត្ត​កោះកុង ដែល​មាន​ការ​ពាក់ព័ន្ធ​ដី​ព្រៃកោងកាង។

ទោះ​ជា​បែប​នេះ​ក្តី គេ​សង្កេត​ឃើញ​ថា បរិវេណ​ដី​ព្រៃលិចទឹក ឬ​ដី​ព្រៃកោងកាង​រាប់​ពាន់​ហិកតារ​នៅ​តាម​តំបន់​ឆ្នេរសមុទ្រ​មួយ​ចំនួន​នៅ​ខេត្ត​ទាំងនោះ ត្រូវ​ឈ្មួញ និង​បុគ្គល​មាន​ទ្រព្យ​ចាក់​ដី​លុប​កាន់កាប់​ជា​កម្មសិទ្ធិ​ឯកជន​ជាបន្តបន្ទាប់ ផ្ទុយពី​ការ​លើកឡើង​របស់​លោក ហ៊ុន សែន ឲ្យ​រដ្ឋបាល​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​នីមួយៗ​ថែរក្សា​បរិវេណ​ដី​ព្រៃកោងកាង​ឲ្យ​បាន​គង់វង្ស៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស