40.3 C
Phnom Penh

ជំនួប​កំពូល​ចិន-អាស៊ាន​ដែល​មាន​វត្តមាន​លោក ស៊ី ជីនពីង ប្រព្រឹត្ត​ទៅ​ដោយ​ពុំ​មាន​មេ​រដ្ឋប្រហារ​ភូមា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេ​រដ្ឋប្រហារ​នៅ​ភូមា កាន់តែ​ភ្ញាក់​ខ្លួន​ថា​ត្រូវ​គេ​ផាត់​ចោល​គ្រប់​វេទិកា​អាស៊ាន-អន្តរជាតិ បើ​សូម្បី​សំណើ​របស់​ចិន ត្រូវ​គេ​ទាត់​ចោល​ទៅ​ហើយ​នោះ បើ​ទោះ​ជា​សំណើ​របស់​ប្រទេស​ណា​ទៀត​ក៏​អាស៊ាន​ទាត់​ចោល​ដូចនេះ​ដែរ។

នៅទីបំផុត មេដឹកនាំ​ចិន លោក ស៊ី ជីនពីង សម្រេច​ចូលរួម​ប្រជុំ​ជាមួយ​មេដឹកនាំ​អាស៊ាន​ដែល​គេ​ហៅ​ថា​កិច្ចប្រជុំ​កំពូល​ចិន-អាស៊ាន ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ទោះ​ជា​សំណើ​របស់​ចិន សុំ​ឱ្យ​មេដឹកនាំ​យោធា​ភូមា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង មក​ចូលរួម​ប្រជុំ​ត្រូវ​បាន​ទាត់​ចោល។ កិច្ចប្រជុំ​នេះ បាន​ធ្វើឡើង​ដោយ​ពុំ​មាន​តំណាង​យោធា​ភូមា​ណា​ម្នាក់​ចូលរួម​ប្រជុំ​នោះ​ទេ។

អវត្តមាន​របស់​មេដឹកនាំ​ភូមា គឺ​មកពី​អាស៊ាន ជាពិសេស​សមាជិក​ខ្លាំង ៤​ប្រទេស​បាន​ទាត់​ចោល​សំណើ​របស់​ចិន ដែល​សុំ​ឱ្យ​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ចូលរួម​ប្រជុំ​ដែល​ប្រេសិត​ចិន​ប្រាប់​ថា កិច្ចប្រជុំ​កំពូល​លើក​នេះ​មាន​សារសំខាន់​ណាស់ ព្រោះ​មាន​វត្តមាន​ប្រធានាធិបតី ស៊ី ជីនពីង ហើយ​ជា​កិច្ចប្រជុំ​ដែល​ឆ្លុះបញ្ចាំង​អំពី​សមិទ្ធផល​នៃ​ទំនាក់ទំនង​ចិន-អាស៊ាន​រយៈពេល ៣០​ឆ្នាំ។

ប្រទេស​ដែល​ទាត់​ចោល​សំណើ​របស់​ចិន គឺ​សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​ប្រ៊ុយណេ។ កិច្ចប្រជុំ​នេះ ប្រព្រឹត្ត​ទៅ​ក្រោម​ការ​សម្របសម្រួល​រួម​គ្នា​ដោយ​ប្រទេស​ចិន និង​ប្រ៊ុយណេ ដែល​ជា​ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ​២០២២។

នេះ​ជា​លើក​ទី​ពីរ​ហើយ​ក្នុង​រយៈពេល​ពីរ​ខែ ដែល​មេដឹកនាំ​រដ្ឋប្រហារ​ភូមា ត្រូវ​បាន​ក្រុម​សមាជិក​ក្នុង​តំបន់​អាស៊ាន​បដិសេធ​ជា​ផ្លូវការ ហើយ​ក្លាយ​ជា​ការ​អាម៉ាស់​ដ៏​ធំ​មួយ​ទៀត​ចំពោះ​មេដឹកនាំ​របប​យោធា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង (Min Aung Hlaing) ដែល​ស្វែងរក​ភាព​ស្រប​ច្បាប់​ឱ្យ​របប​សឹក​របស់​ខ្លួន។

សមាជិក​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​មួយ​នេះ​កំពុង​ស្ថិត​ក្នុង​ភាព​ចលាចល​នយោបាយ​ចាប់តាំង​ពី​រដ្ឋប្រហារ​យោធា​កាលពី​ខែ​កុម្ភៈ ដឹកនាំ​ដោយ​លោក មីន អ៊ុងឡាំង ដែល​នាំ​ឱ្យ​ប្រទេស​ភូមា​ប្រឈម​មុខ​នឹង​ការ​តស៊ូ​ទូទាំង​ប្រទេស​ប្រឆាំង​ការ​គ្រប់គ្រង​របស់​មេ​រដ្ឋប្រហារ​រូប​នេះ ហើយ​បង្ក​ឲ្យ​មាន​ការ​បង្ក្រាប​យ៉ាង​ឃោរឃៅ​លើ​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​របប​នេះ។ លើស​ពី​នេះ របប​នេះ​កំពុង​ប្រឈម​មុខ​នឹង​ការ​ប្រជែង​គ្នា​ទាមទារ​ឱ្យ​មាន​ការ​ទទួលស្គាល់​រវាង​រដ្ឋាភិបាល​ឯកភាព​ជាតិ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សមាជិក​សភា​មកពី​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) និង​សម្ពន្ធភាព​ជនជាតិ​ភាគតិច​របស់​ប្រទេស​នេះ ហើយ​និង​រដ្ឋាភិបាល​រដ្ឋប្រហារ​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង។

កិច្ចប្រជុំ​នៅ​ថ្ងៃ​ចន្ទ ទី​២២ ខែ​វិច្ឆិកា នេះ គឺជា​ការ​ប្រារព្ធ​ខួប ៣០​ឆ្នាំ​នៃ​ការ​បង្កើត​ទំនាក់ទំនង​រវាង​ចិន និង​អាស៊ាន។ កិច្ចប្រជុំ​កំពូល​ដែល​មេដឹកនាំ​ចិន លោក ស៊ី ជីនពីង (Xi Jinping) និង​ប្រមុខ​រដ្ឋាភិបាល​មកពី​សមាជិក​អាស៊ាន​ចូលរួម​កិច្ចប្រជុំ គឺ​បង្អួច​សម្រាប់​ប្រទេស​ភូមា ត្រូវ​ទុក​ឱ្យ​នៅ​ទំនេរ។

កិច្ចប្រជុំ​កំពូល​ចិន-អាស៊ាន ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០២១។

លោក Sun Guoxiang បេសកជន​ពិសេស​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​នៅ​ក្រសួង​ការបរទេស​ចិន បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ភូមា នៅ​មុន​ពេល​កិច្ចប្រជុំ​កំពូល ដោយ​បាន​ជួប​ប្រជុំ​ជាមួយ​លោក មីន អ៊ុងឡាំង ដោយ​បាន​បញ្ចុះបញ្ចូល​ថា អាស៊ាន-ចិន​នឹង​បើក​កិច្ចប្រជុំ​កំពូល​នៅ​ថ្ងៃ​ទី​២២ វិច្ឆិកា គឺ​ចិន​ចង់​ឲ្យ​តំណាង​ជាន់ខ្ពស់​ភូមា​ចូលរួម​ប្រជុំ តែ​សុំ​ឱ្យ​ផ្ដល់​ដំណោះស្រាយ​ជាបន្ទាន់​ឱ្យ​ស្រប​នឹង​គោលការណ៍ ៥​ចំណុច ដែល​មេដឹកនាំ​អាស៊ាន​បាន​ឯកភាព​គ្នា​កាលពី​ក្នុង​ខែ​មេសា ដែល​របប​សឹក​ភូមា​មិន​បាន​អនុវត្ត​នោះ​ទេ។

នៅ​មុន​ពេល​មក​ដល់​ភូមា ប្រេសិត​ចិន​រូប​នេះ​ក៏​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​សិង្ហបុរី និង​ប្រ៊ុយណេ ហើយ​ត្រូវ​បាន​ប្រទេស​ពីរ​នេះ​ប្រាប់​ថា លោក មីន អ៊ុងឡាំង មិន​ត្រូវ​បាន​ស្វាគមន៍​នៅ​ឯ​កិច្ចប្រជុំ​កំពូល​នេះ​ទេ។

ប្រឈម​មុខ​នឹង​ការ​ប្រឆាំង​របស់​អាស៊ាន លោក Sun បាន​ប្រាប់​លោក មីន អ៊ុងឡាំង នៅ​ក្នុង​កិច្ចប្រជុំ​ក្នុង​រដ្ឋធានី Naypyitaw របស់​ប្រទេស​ភូមា កាលពី​ចុង​សប្តាហ៍​មុន​ថា ប្រទេស​ចិន​ត្រូវតែ​ទទួល​យក​ជំហរ​របស់​អាស៊ាន ដែល​ប្រឆាំង​វត្តមាន​របស់​តំណាង​យោធា​ភូមា។

លោក មីន អ៊ុងឡាំង ត្រូវ​បាន​ដក​ចេញពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​កាលពី​ខែ​មុន តាម​ការ​ទទូច​របស់​រដ្ឋ​សមាជិក​មួយ​ចំនួន រួម​មាន​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី និង​ប្រ៊ុយណេ បន្ទាប់ពី​លោក​មិន​បាន​គោរព​តាម​ការ​ប្ដេជ្ញា​ចិត្ត​របស់​លោក​ចំពោះ​អាស៊ាន ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នយោបាយ​ដែល​បណ្តាល​មកពី​ការ​ឡើង​កាន់​អំណាច​របស់​យោធា។

ការ​បដិសេធ​មិន​អនុញ្ញាត​ឱ្យ​ប្រេសិត​អាស៊ាន​ជួប​ជាមួយ​ទីប្រឹក្សា​រដ្ឋ​ដែល​ត្រូវ​បាន​គេ​ឃុំឃាំង គឺ​អ្នកស្រី អ៊ុងសាន ស៊ូជី គឺ​ជា​ចំណុច​អវិជ្ជមាន​ធ្ងន់ធ្ងរ​ដែល​នាំ​ឱ្យ​អាស៊ាន​ចោទ​របប​សឹក​ភូមា​ថា​គេច​ចេញពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​មេដឹកនាំ​របប​សឹក។

ខណៈ​ដែល​រារាំង​មិន​ឱ្យ​លោក មីន អ៊ុងឡាំង ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​របស់​ខ្លួន អាស៊ាន​ក៏​បាន​យល់ព្រម​ការ​សុំ​ចូលរួម​របស់​ក្រុម​រដ្ឋាភិបាល​ឯកភាព​ជាតិ ដោយ​បាន​អញ្ជើញ​ជា​ផ្លូវការ​លោក​បណ្ឌិត Tu Hkawng ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ធម្មជាតិ និង​អភិរក្ស​បរិស្ថាន​របស់​រដ្ឋាភិបាល​នេះ ចូលរួម​សន្និសីទ​អន្តរជាតិ​ស្ដីពី​អាកាសធាតុ និង​គ្រោះ​មហន្តរាយ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​សប្ដាហ៍​នេះ។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ភូមា Irrawaddy ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​២២ វិច្ឆិកា នេះ។

បណ្ឌិត Tu Hkawng នឹង​ចូលរួម​កិច្ចប្រជុំ​នេះ​ដែល​មាន​រយៈពេល ៣​ថ្ងៃ ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អង្គារ ទី​២៣ វិច្ឆិកា។

លោក Tu Hkawng បាន​ប្រាប់ The Irrawaddy ថា តាមរយៈ​វត្តមាន​របស់​លោក​នៃ​កិច្ចប្រជុំ​អាស៊ាន គឺ​ចាប់ពី​ពេលនេះ​តទៅ អាស៊ាន​ដែល​ជា​អង្គការ​តំបន់ ចាប់ផ្ដើម​ទទួលស្គាល់​រដ្ឋាភិបាល​ឯកភាព​ជាតិ​ភូមា ដែល​ជា​ក្រុម​ប្រឆាំង​របស់​យោធា។ លោក​បញ្ជាក់​ថា ការ​ទទួលស្គាល់​រដ្ឋាភិបាល​ឯកភាព​ជាតិ គឺជា​ការ​ទទួលស្គាល់​សិទ្ធិ​របស់​ប្រជាជន​ភូមា។ ដោយ​ឆ្លុះបញ្ចាំង​អំពី​ការ​ទាត់​ចោល​មិន​ឱ្យ​មេ​រដ្ឋប្រហារ​ភូមា​ចូលរួម​ប្រជុំ​កំពូល​អាស៊ាន-ចិន នៅ​ពេលនេះ ហើយ​បែរជា​បើក​ផ្លូវ​ឱ្យ​តំណាង​រដ្ឋាភិបាល​ឯកភាព​ជាតិ ឬ​រដ្ឋាភិបាល​ស្រមោល ចូលរួម​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ធម្មជាតិ និង​បរិស្ថាន មាន​ន័យ​ថា អាស៊ាន​បាន​កំពុង​ប្រែ​ក្លាយ​ជា​អង្គការ​តំបន់​មួយ​រឹងមាំ​មិន​ត្រូវការ​ឥទ្ធិពល​ប្រទេស​ណា ហើយ​សូម្បី​ប្រទេស​ចិន ដែល​មាន​ឥទ្ធិពល​ខ្លាំង​លើ​ប្រទេស​ខ្លះ​នៃ​សមាគម​អាស៊ាន ក៏​អាស៊ាន​មិន​រណប​ដែរ។

ក្នុង​ន័យ​នេះ​ទៀត អាស៊ាន​បាន​កំពុង​ផ្ដល់​មេរៀន​ទៅ​របប​សឹក​ភូមា​ថា សមាជិក​មួយ​នេះ អនាគត​អាច​ប្រឈម​នឹង​ការ​ដាក់​ទណ្ឌកម្ម​ណា​មួយ​ទៀត​ពី​អាស៊ាន បើ​នៅតែ​មិន​អនុវត្ត​នូវ​គោលការណ៍​ប្រាំ​ចំណុច​រស់​មេដឹកនាំ​អាស៊ាន​ទៀត​នោះ។

គោលការណ៍​ប្រាំ​ចំណុច​របស់​អាស៊ាន ដែល​តម្រូវ​ឱ្យ​ពួក​យោធា​អនុវត្ត គឺ៖

  • ទី​១ ការ​បញ្ចប់​អំពើ​ហិង្សា។
  • ទី​២ ការ​ដោះលែង​អ្នក​ជាប់ឃុំ​ទាំងអស់។
  • ទី​៣ ការ​បើក​ឱ្យ​ប្រេសិត​អាស៊ាន​ជួប​ភាគី​ក្រុម​ប្រឆាំង។
  • ទី​៤ ទទួល​យក​ជំនួយ​មនុស្សធម៌
  • និង​ទី​៥ បើក​ការ​ចរចា​ជាមួយ​ក្រុម​ប្រឆាំង​ដោយ​ឆ្ពោះ​ទៅ​រក​ការ​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស