24 C
Phnom Penh

លោក ហ៊ុន សែន ជំរុញ​ឱ្យ​សមាជិក​បក្ស​ខ្លួន​នៅ​អាមេរិក​ធ្វើ​បាតុកម្ម​ដើម្បី​សួរ​ពី​វិធានការ​ដក​សញ្ជាតិ​អាមេរិក

បទវិភាគ

លោក ហ៊ុន សែន ជំរុញ​ឱ្យ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​រស់នៅ​សហរដ្ឋ​អាមេរិក ងើប​ឡើង​តវ៉ា​ដើម្បី​សួរ​ទៅ​អាមេរិក​ពី​វិធានការ​ដក​សញ្ជាតិ​អាមេរិក ដូច​ការ​អះអាង​របស់​លោក សម រង្ស៉ី មែន​ឬ​មិនមែន។

ការ​ជំរុញ​របស់​លោក ហ៊ុន សែន ធ្វើឡើង​នៅ​ក្នុង​ពិធី​ដាក់​សម្ពោធ​ឱ្យ​ប្រើប្រាស់​ស្ពាន​មិត្តភាព​កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ឬ​ស្ពាន​ភ្ជាប់​និស្ស័យ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ។ លោក ហ៊ុន សែន បង្ហាញ​ការ​ហួសចិត្ត​ចំពោះ​ការ​លើកឡើង​របស់​លោក សម រង្ស៊ី ដែល​ព្រមាន​ដក​សញ្ជាតិ​អាមេរិក​ពី​ពលរដ្ឋ​ខ្មែរ​ដែល​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា។ លោក​ចាត់ទុក​ការ​លើកឡើង​របស់​លោក សម រង្ស៊ី ថា​ផ្ដាច់ការ​តាំង​ពី​មិនទាន់​ឡើង​កាន់​អំណាច។

លោក ហ៊ុន សែន បន្ត​ថា មន្ត្រី​ខ្មែរ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​មួយ​ចំនួន​ដែល​កំពុង​បម្រើ​ការងារ​រៀងរាល់​ថ្ងៃ​ក៏​មាន​សញ្ជាតិ​អាមេរិក​ដែរ ប៉ុន្តែ​បច្ចុប្បន្ន​មិនទាន់​មាន​អ្នក​ណា​ម្នាក់​ត្រូវ​រដ្ឋាភិបាល​អាមេរិក​ដក​សញ្ជាតិ​អាមេរិក​នៅឡើយ។

ករណី​នេះ លោក ហ៊ុន សែន ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ជា​សមាជិក​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​រស់នៅ​អាមេរិក ត្រូវ​ងើប​ឈរ​ឡើង​ធ្វើ​បាតុកម្ម​សួរ​ទៅ​សមាជិក​សភា​សហរដ្ឋ​អាមេរិក ថា​ពិតជា​ដក​សញ្ជាតិ​មែន​ឬ​អត់ បើ​ដក​មែន​ត្រូវ​រៀបចំ​បង្វេច​មក​ស្រុក​ខ្មែរ​វិញ។

នៅ​ថ្ងៃ​ដដែល​នេះ​ដែរ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ចំអក​ឱ្យ​ក្រុម​ប្រឆាំង​ដែល​រិះគន់​អំពី​បញ្ហា​សាំង​ឡើងថ្លៃ ដោយ​លោក​ជំរុញ​ឱ្យ​អ្នក​ទាំងនោះ​មិន​ចាំបាច់​ប្រើប្រាស់​មធ្យោបាយ​ធ្វើ​ដំណើរ​ទេ ហើយ​នាំគ្នា​ដើរ​ដោយ​ថ្មើរជើង​ល្អ​ជាង។

មេដឹកនាំ​ដែល​ក្រាញ​អំណាច​ជិត ៤០​ឆ្នាំ​រូប​នេះ បាន​ហៅ​ក្រុម​អ្នក​រិះគន់​ចំពោះ​ដំណោះស្រាយ​នយោបាយ​លើ​សេវា​សាំង​ឡើងថ្លៃ​នេះ ថា​ជា​ក្រុម​ដែល​ទិតៀន​មិន​ចេះ​ចប់ តែ​ខ្លួន​ប្រើប្រាស់​មធ្យោបាយ​ធ្វើ​ដំណើរ​មិន​ចេះ​ឈប់ឈរ។

លោក​អះអាង​ថា សាំង​ឡើងថ្លៃ​នេះ​មិនមែន​តែ​កម្ពុជា​មួយ​ទេ ពោល​ប្រទេស​នៅ​លើ​ពិភពលោក​ទាំងអស់ ក៏​ត្រូវ​ប្រឈម​មុខ​ចំពោះ​ការ​ឡើងថ្លៃ​ដូច​គ្នា​នេះ​ដែរ។ លោក​បន្ថែម​ថា ប្រសិនបើ​អ្នក​ប្រឆាំង​ដែល​ទើសទាល់​នឹង​សាំង​ឡើងថ្លៃ​នេះ ពួកគេ​គួរ​ឈប់​ប្រើប្រាស់​មធ្យោបាយ​ធ្វើ​ដំណើរ​ដូចជា​ឡាន និង​ម៉ូតូ​តទៅទៀត​ទៅ។

លោក​អះអាង​ថា មិន​ពេញចិត្ត​នឹង​សាំង​ឡើងថ្លៃ ប៉ុន្តែ​នាំគ្នា​សម្រុក​ដើរ​កម្សាន្ត​នៅ​ថ្ងៃ​បុណ្យ​អុំទូក នាំ​ឱ្យ​រថយន្ត​ស្ទះ​ផ្លូវ​ស្ទើរ​ធ្វើ​ដំណើរ​ទៅ​ណា​មិន​រួច។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ពាណិជ្ជកម្ម កាលពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឱ្យ​ដឹង​ថា ដើម្បី​ជួយ​សម្រួល​ជីវភាព​ពលរដ្ឋ និង​ដោយ​មាន​ការ​រួម​ចំណែក​ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ផង លោក ហ៊ុន សែន សម្រេច​បញ្ចុះ​តម្លៃ​លក់​រាយ​ប្រេងឥន្ធនៈ​ចំនួន ៤​សេន​ដុល្លារ​ក្នុង​មួយ​លីត្រ។ សេចក្តី​ប្រកាស​ព័ត៌មាន​បន្ត​ថា ការ​អនុវត្ត​នេះ​គិត​ចាប់ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២១។

បើ​ទោះ​ជា​បែប​ណា លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ធ្លាប់​បញ្ជាក់​ថា សាំង​ឡើងថ្លៃ​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ខ្លាំង​សម្រាប់​អ្នក​ដែល​មាន​ជីវភាព​ក្រីក្រ ជាពិសេស​អ្នក​ដែល​មាន​មុខរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ។ ការ​ឡើងថ្លៃ​ប្រេងឥន្ធនៈ​នេះ វា​បាន​ជំរុញ​ឱ្យ​ទំនិញ​សព្វសារពើ​នៅ​លើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា ក៏​ត្រូវ​បង្ខំ​ចិត្ត​ឡើង​ទៅតាម​នោះ​ដែរ។

លោក វន់ ពៅ អះអាង​ថា អ្វី​ដែល​ចម្លែក​សម្រាប់​កម្ពុជា នៅ​ត្រង់​តម្លៃ​ប្រេងឥន្ធនៈ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ធ្លាក់​ចុះ តែ​តម្លៃ​ប្រេងសាំង​នៅ​កម្ពុជា​នៅតែ​លក់​រាយ​ក្នុង​តម្លៃ​ខ្ពស់​ដដែល៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស