27.5 C
Phnom Penh

អង្គការ​ជិត​១០០​ស្ថាប័ន​សម្ដែង​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ចាប់​ឃុំ​ខ្លួន​តំណាង​សហគមន៍​ដីធ្លី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​សង្គម​ស៊ីវិល​ជិត ១០០​ស្ថាប័ន​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស​នៅ​កម្ពុជា សម្ដែង​ការ​សោកស្តាយ និង​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចោទប្រកាន់ ការ​ចាប់​ឃុំ​ខ្លួន​តំណាង​សហគមន៍​ដីធ្លី សកម្មជន​ការពារ​ព្រៃឈើ និង​ធនធាន​ធម្មជាតិ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​កាលពី​ពេល​ថ្មីៗ​នេះ។

បណ្ដាញ​សម្ព័ន្ធ​សហជីព​សហគមន៍​មូលដ្ឋាន រួម​ទាំង​ជនជាតិ​ដើម​ភាគតិច បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​ការ​ចោទប្រកាន់ និង​ដោះលែង​តំណាង​សហគមន៍​ដីធ្លី សកម្មជន​ការពារ​ព្រៃឈើ​ធនធាន​ធម្មជាតិ​ទាំងអស់​ឱ្យ​មាន​សេរីភាព​ឡើងវិញ​ដោយ​ឥត​លក្ខខណ្ឌ។

ប្រភព​ដដែល​អះអាង​ថា ការ​ចាប់​ឃុំ​ខ្លួន​សកម្មជន​សង្គម​ដែល​ធ្វើឡើង​ដោយ​រដ្ឋាភិបាល​កម្ពុជា​សព្វថ្ងៃ​នេះ គឺជា​ការ​គំរាមកំហែង បំភិតបំភ័យ និង​ធ្វើ​ទុក្ខបុកម្នេញ​ដោយ​ផ្ទាល់ និង​ប្រយោល​ក្នុង​ការ​បម្រើ​សង្គម​ជាតិ ដើម្បី​រួម​ចំណែក​លើក​កម្ពស់​សិទ្ធិមនុស្ស កិច្ចការពារ​បរិស្ថាន និង​សម្បត្តិ​ធម្មជាតិ​នានា​របស់​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ខាងលើ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​សកម្មជន​ដែល​កំពុង​ជាប់​ឃុំ​សព្វថ្ងៃ​នេះ​ឱ្យ​មាន​សេរីភាព​ឡើងវិញ ដើម្បី​ឱ្យ​ពួកគេ​បាន​ជួបជុំ​ក្រុម​គ្រួសារ និង​បាន​បន្ត​រួម​ចំណែក​បម្រើ​កិច្ចការ​សង្គម​ជាតិ​បន្ត​ទៀត ត្បិត​ពួកគេ​មិន​បាន​ប្រព្រឹត្ត​ប្រាសចាក​ពី​បម្រាម​នៃ​ច្បាប់​របស់​កម្ពុជា​ណា​មួយ​នោះ​ឡើយ។

អង្គការ​សមាគម​ជិត ១០០​ស្ថាប័ន បាន​នាំគ្នា​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ ដោយ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​សកម្មជន​សង្គម​ដែល​ត្រូវ​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន​សព្វថ្ងៃ​នេះ ដូចជា​លោក ឆន ផល្លា លោក លី ចន្ទតារ៉ាវុធ និង​កញ្ញា ស៊ុន រដ្ឋា ជាដើម ឱ្យ​មាន​សេរីភាព​ឡើងវិញ​ដោយ​ឥត​លក្ខខណ្ឌ ដើម្បី​ឱ្យ​ពួកគេ​បាន​ចូលរួម​កិច្ចការ​សង្គម​ជាតិ​បន្ត​ទៀត។

ជុំវិញ​បញ្ហា​នេះ របាយការណ៍​សង្គម​ស៊ីវិល បង្ហាញ​ថា រយៈពេល ១​ឆ្នាំ​ចុងក្រោយ​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​ប្រើ​យុទ្ធសាស្ត្រ​បណ្តឹង​ផ្លូវច្បាប់ ដើម្បី​បំបាក់​ស្មារតី និង​បំបិទ​សំឡេង​តវ៉ា​នានា​ចំពោះ​អ្នក​ដែល​រិះគន់​លើ​ការ​ដឹកនាំ​មិន​ត្រឹមត្រូវ​របស់​ខ្លួន ក្នុង​នោះ​សកម្មជន​ការពារ​សិទ្ធិមនុស្ស សកម្មជន​នយោបាយ និង​សកម្មជន​បរិស្ថាន​ប្រមាណ​ជា ៤០​នាក់​ហើយ​ដែល​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​នា​ពេល​កន្លងមក។

កាលពី​ចុង​ឆ្នាំ​២០២០ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស អ្នកស្រី Mary Lawlor បាន​សម្ដែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​រឹត​បន្តឹង​លើ​អង្គការ​សង្គម​ស៊ីវិល ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​អ្នក​តស៊ូ​មតិ​ដើម្បី​យុត្តិធម៌​សង្គម ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស និង​សកម្មជន​បរិស្ថាន​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា។

មាត្រា​៤១ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​សេរីភាព​ខាង​ការ​បញ្ចេញមតិ​របស់​ខ្លួន សេរីភាព​ខាង​សារព័ត៌មាន សេរីភាព​ខាង​ការ​បោះពុម្ព​ផ្សាយ និង​សេរីភាព​ខាង​ការ​ប្រជុំ។ លើស​ពី​នេះ មាត្រា​៣៥ ក៏​បាន​ចែង​ផង​ដែរ​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស