29 C
Phnom Penh

ក្រុម​អ្នក​ឃ្លាំមើល៖ លោក ហ៊ុន សែន សាហាវ​ជាង ប៉ុល ពត ដែល​ហ៊ាន​ប្រកាស​រំលាយ​ក្រុម​ប្រឆាំង​ឲ្យ​រលត់​ពី​ផែនដី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​នៅ​កម្ពុជា លោក ហ៊ុន សែន ប្ដេជ្ញា​ថា លោក​នឹង​នៅតែ​បន្ត​កាន់​តំណែង​ជា​អ្នក​ការពារ​សន្តិភាព​រហូត​ក្រុម​អ្នក​ប្រឆាំង​នឹង​លោក រលាយ​រលត់​ពី​ផែនដី​សិន ទើប​លោក​ត្រួសត្រាយ​បើក​ផ្លូវ​សម្រាប់​ក្មេង​ជំនាន់​ក្រោយ​ឱ្យ​បន្ត​តំណែង​នេះ។

លោក ហ៊ុន សែន អះអាង​នៅ​ថ្ងៃ​អង្គារ ទី​២៣ វិច្ឆិកា នេះ​ថា លោក​នឹង​យក​ឈ្នះ​ជាមួយ​ក្រុម​អ្នក​ប្រឆាំង​នឹង​លោក​ឱ្យ​បាន ដើម្បី​ការពារ​សន្តិភាព​ជូន​ពលរដ្ឋ​ខ្មែរ ហើយ​លោក​នឹង​ធ្វើ​ឱ្យ​ដៃគូ​ប្រជែង​នយោបាយ​ទាំងនោះ​ទាល់ច្រក​គ្រប់​គ្នា ទើប​លោក​ត្រួសត្រាយ​បើក​ផ្លូវ​ឱ្យ​ក្មេង​ជាន់​ក្រោយ​បន្ត​តំណែង​របស់​លោក។ ដូច្នេះ​នៅ​ពេលនេះ លោក​នឹង​នៅតែ​បន្ត​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ច្រើន​ឆ្នាំ​តទៅទៀត​ដើម្បី​ការពារ​សន្តិភាព​ជូន​ពលរដ្ឋ​ខ្មែរ។

មេដឹកនាំ​ដែល​ឧស្សាហ៍​ប្រមាថ​ជីវិត​គូប្រជែង​នយោបាយ​របស់​ខ្លួន​រូប​នេះ គំរាម​ថា បើ​ទោះបីជា​លោក​អូស​បន្លាយ​អាណត្តិ​របស់​លោក​ប៉ុន្មាន​ឆ្នាំ​តទៅមុខ​ទៀត គឺ​ស្រេច​តែ​លោក​ប៉ុណ្ណោះ ឲ្យ​តែ​ប្រជាជន​បោះឆ្នោត​ឲ្យ​លោក​កាន់​អំណាច​បន្ត​ទៀត ហើយ​លោក​នឹង​មិន​ឱន​ក្បាល​ចំពោះ​ការ​គាបសង្កត់​ណា​មួយ ដែល​នាំ​ឱ្យ​មាន​អស្ថិរភាព និង​បាត់បង់​សន្តិភាព​របស់​ប្រទេស​កម្ពុជា​នោះ​ឡើយ។

ការ​អះអាង​នេះ ធ្វើឡើង​ក្នុង​បំណង​ចំអក​ឱ្យ​អ្នក​នយោបាយ​ដែល​តែង​រិះគន់​ពី​ការ​ដឹកនាំ​របស់​បក្ស​កាន់​អំណាច ជាពិសេស​អ្នក​ដែល​មិន​ពេញចិត្ត​នឹង​ការ​កាន់កាប់​អំណាច​ក្នុង​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​លោក ហ៊ុន សែន សព្វថ្ងៃ​នេះ។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​២៣ វិច្ឆិកា នេះ​ថា ការ​លើកឡើង​របស់​លោក ហ៊ុន សែន គ្រាន់តែ​បង្ហាញ​ពី​ភាព​សាហាវ​យង់ឃ្នង​របស់​លោក​ជាង​ការ​ដឹកនាំ​របស់​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ប៉ុណ្ណោះ។

លោក គឹម សុខ រិះគន់​ថា កម្ពុជា​ដែល​ក្រោម​ការ​ដឹកនាំ​របស់​អតីត​កម្មាភិបាល​ដែល​សល់​ពី​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម លោក ហ៊ុន សែន បាន​កាឡៃ​ពាក្យ​សន្តិភាព​ដើម្បី​ប្រកាស​កម្ចាត់​ជាតិសាសន៍​ខ្មែរ​ខ្លួនឯង​ជា​ចំហ​តែម្តង ដែល​បង្ហាញ​ពី​ការ​ដឹកនាំ​ព្រៃផ្សៃ​របស់​របប​ខ្មែរក្រហម​ដែល​បាន​ប្រែ​រូប​ស្ថិត​ក្នុង​ការ​ដឹកនាំ​របស់​បក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ។

អ្នកវិភាគ​នយោបាយ​រូប​នេះ​បញ្ជាក់​ថា កម្ពុជា​ដែល​ក្រោម​ការ​ដឹកនាំ​របស់​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ទោះ​ជា​ព្យាយាម​បំផ្លាញ​ពូជសាសន៍​ខ្មែរ ក៏​នៅតែ​លួច​ប្រព្រឹត្ត​ដោយ​ស្ងាត់ៗ​ដែរ ហើយ​មិន​ហ៊ាន​ប្រកាស​ជា​ចំហ​ដូច​មេដឹកនាំ​កម្ពុជា​ដែល​លើក​បន្តុប​ដោយ​រដ្ឋាភិបាល​វៀតណាម ក្នុង​សម័យ​បច្ចុប្បន្ន​នេះ​ទេ។

ក្រុម​អ្នក​សង្កេតការណ៍​រិះគន់​ថា កម្ពុជា​ដែល​ក្រោម​ការ​ដឹកនាំ​ជិត ៤០​ឆ្នាំ​របស់​លោក ហ៊ុន សែន មក​នេះ មិនទាន់​អាច​រក​សន្តិភាព​ជូន​ពលរដ្ឋ​ខ្មែរ​បាន​នៅឡើយ​ទេ ខណៈ​សន្តិភាព​ដែល​បក្ស​កាន់​អំណាច​តែង​ប្រកាស​អរគុណ​សន្តិភាព​កន្លងមក គឺជា​សន្តិភាព​ក្រោម​ការ​ភ័យខ្លាច​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រង​ការ​គំរាម​ចាប់​ខ្លួន​ពី​សំណាក់​មេដឹកនាំ​អតីត​បក្ស​កុម្មុយនីស្ត​មួយ​នេះ​តែប៉ុណ្ណោះ។

ចាប់តាំង​ពី​លោក ហ៊ុន សែន កាន់កាប់​អំណាច​ពី​ឆ្នាំ​១៩៨៥ មក ត្រូវ​គេ​មើល​ឃើញ​ថា កម្ពុជា​មាន​តែ​ការ​បែកបាក់​សាមគ្គី​រវាង​ជាតិ​ឯង​កាន់តែ​ធំ​ទៅៗ​តាំងពី​ដើម​រហូត​មក ក្នុង​នោះ​ព្រឹត្តិការណ៍​បែកបាក់​ជាតិ​ធំៗ​ដែល​គេ​បាន​កត់សម្គាល់ គឺ​ការ​ផ្ដួល​រំលំ​ដៃគូ​នយោបាយ​របស់​ខ្លួន​តាម​រូបភាព​ផ្សេងៗ រួម​មាន​ការ​ផ្ដួល​រំលំ​កម្លាំង​នយោបាយ​បក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច ដោយ​ការ​បង្កើត​ឱ្យ​មាន​រដ្ឋប្រហារ​បង្ហូរ​ឈាម​ថ្ងៃ​ទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧។

ចុងក្រោយ​នេះ ដើម្បី​រំលាយ​កម្លាំង​បក្ស​ប្រឆាំង​ដែល​ជា​គូប្រជែង​ដែល​មាន​ប្រៀប​ជាង​ខ្លួន បក្ស​កាន់​អំណាច​បាន​រំលោភ​រដ្ឋធម្មនុញ្ញ​កែ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដើម្បី​លុប​ឈ្មោះ​គណបក្ស​សង្គ្រោះ​ជាតិ ចេញពី​ឆាក​នយោបាយ​ក្នុង​បំណង​ដឹកនាំ​ប្រទេស​ដោយ​ឯក​បក្ស​ដូច​សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស