25 C
Phnom Penh

លោក ហ៊ុន សែន ជំរុញ​ឱ្យ​វៀតណាម​រៀបចំ​កិច្ចព្រមព្រៀង​ជាមួយ​កម្ពុជា​លើ​វិស័យ​កសិកម្ម​ឱ្យ​កាន់តែ​ល្អ​ប្រសើរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ជំរុញ​ឱ្យ​វៀតណាម រៀបចំ​កិច្ចព្រមព្រៀង​ជាមួយ​កម្ពុជា​លើ​វិស័យ​កសិកម្ម​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​រវាង​ប្រទេស​ទាំង​ពីរ និង​ឱ្យ​កាន់តែ​រីក​ធំធាត់​ជាង​ពេល​បច្ចុប្បន្ន​នេះ។

លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ថា លោក​លើក​ទឹកចិត្ត​ឲ្យ​មាន​ការ​រៀបចំ​កិច្ចព្រមព្រៀង​រវាង​កម្ពុជា-វៀតណាម ជាពិសេស​លើ​វិស័យ​កសិកម្ម ដូចជា​ការ​ធ្វើ​កសិកម្ម​តាម​ព្រំដែន ការ​ផ្គត់ផ្គង់​វត្ថុធាតុដើម ការ​អភិវឌ្ឍ​ពូជ ការ​ប្រើប្រាស់​ទឹក​តាម​ព្រំដែន និង​ការ​ប្រយុទ្ធ​ប្រឆាំង​សត្វល្អិត​ចង្រៃ​ជាដើម។

លោក​អះអាង​ថា វិស័យ​កសិកម្ម-ពាណិជ្ជកម្ម​រវាង​កម្ពុជា-វៀតណាម គឺ​បំពេញ​ឲ្យ​គ្នា​ទៅវិញ​ទៅមក ក្នុង​នោះ​លោក ហ៊ុន សែន បាន​ជំរុញ​ឲ្យ​ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​ប្រទេស​វៀតណាម ផ្ដោត​ការ​យកចិត្ត​ទុកដាក់​ជំរុញ​វិស័យ​កសិកម្ម-ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​មាន​ការ​រីក​ធំធាត់​ថែមទៀត។

នៅ​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០២១ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​ជួប​ពិភាក្សា​ជាមួយ​អគ្គរដ្ឋទូត​ថ្មី​ប្រទេស​វៀតណាម ប្រចាំ​នៅ​កម្ពុជា លោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ដោយ​បាន​លើក​ទឹកចិត្ត​ឲ្យ​ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​ប្រទេស​វៀតណាម នេះ ផ្ដោត​ការ​យកចិត្ត​ទុកដាក់​ជំរុញ​វិស័យ​កសិកម្ម-ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​មាន​ការ​រីក​ធំធាត់​ជាង​ពេល​បច្ចុប្បន្ន​នេះ។

អគ្គរដ្ឋទូត​ថ្មី​ប្រទេស​វៀតណាម ប្រចាំ​នៅ​កម្ពុជា លោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ជួប​ពិភាក្សា​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នា​វិមាន​សន្តិភាព ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០២១។

អគ្គរដ្ឋទូត​ថ្មី​នៃ​ប្រទេស​វៀតណាម ប្រចាំ​នៅ​កម្ពុជា លោក ង្វៀន ហ៊ុយតាំង បាន​អះអាង​ក្នុង​ជំនួប​នោះ​ថា លោក​នឹង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ពូន​ជ្រំ​ទំនាក់ទំនង​ជាមួយ​កម្ពុជា​ឲ្យ​បាន​កាន់តែ​ធំធាត់ ជាពិសេស​តាមរយៈ​វិស័យ​នយោបាយ ការទូត សន្តិសុខ ការពារ​ជាតិ វិស័យ​ពាណិជ្ជកម្ម វិស័យ​សេដ្ឋកិច្ច វិស័យ​កសិកម្ម និង​វិស័យ​ដទៃ​ទៀត​ផង​ដែរ។

ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៤ វិច្ឆិកា នេះ​ថា វិស័យ​កសិកម្ម​របស់​កម្ពុជា​បច្ចុប្បន្ន​កំពុងតែ​ពឹងផ្អែក​លើ​ប្រទេស​វៀតណាម​ខ្លាំង​ណាស់ ទាំង​ការ​នាំចូល និង​ការ​នាំចេញ ដែល​មិន​មែន​ជា​រឿង​ល្អ​នោះ​ទេ​សម្រាប់​កម្ពុជា។

បណ្ឌិត យ៉ង សាំងកុមារ លើកឡើង​ថា កម្ពុជា​ត្រូវការ​ជំនួយ​ស្ទើរតែ​មិន​អាច​ខ្វះ​បាន​លើ​វិស័យ​កសិកម្ម​របស់​ខ្លួន​ពី​ប្រទេស​វៀតណាម ដូចជា​ការ​នាំចូល​ពូជ​ផ្សេងៗ ដូចជា​ពូជស្រូវ ពូជ​ដំឡូងមី ឬ​ជី​សម្រាប់​ប្រើ​លើ​ដំណាំ ជាដើម។ ដោយឡែក​ការ​នាំចេញ​របស់​កម្ពុជា រឹត​តែ​ពឹងផ្អែក​លើ​ប្រទេស​វៀតណាម​កាន់តែ​ខ្លាំង​ថែមទៀត ដូចជា​ផល​ស្រូវ ដំណាំ​ម្រេច និង​កសិផល​ផ្សេង​ទៀត ជាដើម ដែល​បញ្ហា​នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា វិស័យ​កសិកម្ម​របស់​កម្ពុជា​មិន​អាច​លូតលាស់​បាន​ទេ បើ​គ្មាន​ប្រទេស​វៀតណាម​ជួយ​ជ្រោមជ្រែង។

លោក​បន្ត​ថា វិស័យ​កសិកម្ម​របស់​កម្ពុជា​នៅ​ពេលនេះ គឺ​ត្រូវការ​ការ​ផ្ទេរ​បច្ចេកវិទ្យា និង​ចំណេះ​ខ្លាំង​ណាស់​ពី​ប្រទេស​ជិតខាង​ដែល​មាន​បច្ចេកវិទ្យា​ខ្ពស់​លើ​វិស័យ​នេះ ដើម្បី​ពង្រីក​វិស័យ​កសិកម្ម​របស់​ខ្លួន​ឱ្យ​កាន់តែ​ទូលំទូលាយ ដូចជា​ការ​កែច្នៃ​ពូជ​ដោយ​ខ្លួនឯង រួម​មាន​ពូជស្រូវ ពូជ​ដំឡូងមី ពូជ​ស្វាយចន្ទី និង​ជី​សម្រាប់​ប្រើ​លើ​ដំណាំ ជាដើម ដើម្បី​ចៀសវាង​ការ​ចំណាយ​លុយ​ពី​កសិករ​ខ្មែរ​កាន់តែ​ច្រើន​ក្នុង​ការ​នាំចូល​ពី​ប្រទេស​វៀតណាម ដូច​កសិករ​ខ្មែរ​កំពុង​អនុវត្ត​សព្វថ្ងៃ​នេះ។

ក្នុង​សមាជ​ជាតិ​លើក​ទី​១៣ របស់​បក្ស​កុម្មុយនីស្ត​វៀតណាម កាលពី​ដើម​ឆ្នាំ​២០២១ មេដឹកនាំ​បក្ស​កុម្មុយនីស្ត​វៀតណាម អះអាង​ថា ទំនាក់ទំនង​កម្ពុជា-វៀតណាម ជា​ទំនាក់ទំនង​ដែល​គ្មាន​ការ​ប្រែប្រួល និង​មាន​ស្ថិរភាព​យូរអង្វែង​ជាមួយ​នឹង​ចំណង​សាមគ្គី​ជា​ប្រវត្តិសាស្ត្រ និង​ការ​ប្ដេជ្ញា​ចិត្ត​ខាង​នយោបាយ​របស់​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​នៃ​ប្រទេស​ទាំង​ពីរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស