28 C
Phnom Penh

មន្ត្រី​សង្គម​ស៊ីវិល​ថា​សាលាដំបូង​ខេត្ត​ព្រះសីហនុ​រឹតត្បិត​មិន​ឱ្យ​ចូល​ស្តាប់​សវនាការ​តាម​ការ​ស្នើសុំ​របស់​ជនរងគ្រោះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​សិទ្ធិមនុស្ស​មួយ​ចំនួន​ប្រចាំ​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា សាលាដំបូង​ខេត្ត​ព្រះសីហនុ បាន​រឹតត្បិត ឬ​ហាម​ពួកគាត់​ចូល​ស្តាប់​ក្នុង​សវនាការ ទោះ​មាន​ការ​ស្នើសុំ​របស់​ភាគី​ជនរងគ្រោះ​ទៅកាន់​រដ្ឋបាល​សាលាដំបូង​ខេត្ត​ព្រះសីហនុ ត្រឹមត្រូវ​បែប​ណា​ក្តី។

អ្នកស្រី ជៀប សុធារី អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ប្រចាំ​ខេត្ត​ព្រះសីហនុ ស្ថិត​ក្នុង​ចំណោម​អង្គការ​សមាគម​ច្រើន​ទៀត បាន​ស្នើ​ឲ្យ​មន្ត្រី​ដែល​ពាក់ព័ន្ធ​រួម​មាន​លោក កោ វណ្ឌី ប្រធាន​សាលាដំបូង​ខេត្ត និង​លោក សៀង សុខ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ ជាពិសេស​លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ជួយ​បកស្រាយ​ចំពោះ​ការ​រឹតត្បិត​មន្ត្រី​សង្គម​ស៊ីវិល​ចូល​ស្តាប់​ក្នុង​សវនាការ ដែល​ធ្វើឡើង​ជា​សាធារណៈ​នេះ។

អ្នកស្រី​បន្ត​ថា តើ​ការ​ដាក់​បម្រាម​ហាម​មន្ត្រី​សង្គម​ស៊ីវិល​ពួកគាត់​មិន​ឲ្យ​ចូល​ស្តាប់​ក្នុង​សវនាការ​របស់​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ជាបន្តបន្ទាប់​មក​នេះ គឺជា​ការ​ណែនាំ​ទូទាំង​ប្រទេស ឬ​ជា​បទបញ្ជា​ថ្មី​របស់​ក្រសួង​យុត្តិធម៌ ឬ​ក៏​ជា​បទបញ្ជា​ពិសេស​របស់​សាលាដំបូង​ខេត្ត​ព្រះសីហនុ។

អ្នកស្រី ជៀប សុធារី បន្ថែម​ថា សមត្ថកិច្ច​ដែល​យាម​ការពារ​នៅ​ច្រក​ផ្លូវ​ចូល បាន​ហាមឃាត់​ដោយ​បញ្ជាក់​ថា​ជា​បញ្ជា​ដាច់ខាត​របស់​លោក លី ចាន់ដារ៉ា ប្រធាន​រដ្ឋបាល​សាលាដំបូង​ខេត្ត​ព្រះសីហនុ ហាម​អ្នកស្រី​ចូល​ស្តាប់​ក្នុង​សវនាការ។

អ្នកស្រី​បញ្ជាក់​ទៀត​ថា ករណី​នេះ​សូម្បីតែ​ចៅក្រម និង​លោក​ព្រះរាជអាជ្ញា​មួយ​ចំនួន​នៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ក៏​មាន​ចម្ងល់​ដែរ​ថា ហេតុ​អ្វី​បាន​ជា​លោក លី ចាន់ដារ៉ា ប្រធាន​រដ្ឋបាល​សាលាដំបូង​ខេត្ត ហាម​មន្ត្រី​សង្គម​ស៊ីវិល​ចូល​ស្តាប់​សវនាការ។

ទោះ​ជា​បែប​នេះ​ក្តី សារព័ត៌មាន The Cambodia Daily នៅ​មិនទាន់​អាច​ទាក់ទង​លោក លី ចាន់ដារ៉ា ប្រធាន​រដ្ឋបាល​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​បំភ្លឺ​ជុំវិញ​ការ​រឹតត្បិត​មន្ត្រី​សង្គម​ស៊ីវិល​មិន​ឲ្យ​ចូល​ស្តាប់​ក្នុង​សវនាការ​នៃ​សាលាដំបូង​ខេត្ត​នេះ​បាន​ទេ នៅ​ថ្ងៃ​ពុធ ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០២១៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស