28 C
Phnom Penh

ពលរដ្ឋ​ប្រមូល​ផ្ដុំ​នៅ​មុខ​ស្នងការដ្ឋាន​ខេត្ត​កំពង់ស្ពឺ​ដើម្បី​គាំទ្រ​តំណាង​ពួកគេ​ដែល​អាជ្ញាធរ​កោះហៅ

បទវិភាគ

ពលរដ្ឋ​រាប់​រយ​គ្រួសារ​ក្នុង​ខេត្ត​កំពង់ស្ពឺ បាន​ប្រមូល​ផ្តុំ​គ្នា​គ្រោង​បោះ​តង់​នៅ​មុខ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ ក្រោយ​អាជ្ញាធរ​កោះហៅ​តំណាង​សហគមន៍​របស់​ពួកគេ​ឱ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​អង្គារ ទី​៣០ វិច្ឆិកា។

ពលរដ្ឋ​រាប់​រយ​គ្រួសារ​មកពី​ឃុំ​ត្រពាំងជោ និង​ឃុំ​រស្មីសាមគ្គី ស្រុក​ឱរ៉ាល់ និង​ឃុំ​អមលាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២១ បាន​វេច​អង្ករ ចានឆ្នាំង ខ្ទះត្នោត ឧស និង​ចង្ក្រានបាយ ជាដើម ក្នុង​គោលបំណង​ទៅ​បោះ​តង់​ស្នាក់​នៅ​មុខ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ ដើម្បី​បង្ហាញ​ការ​គាំទ្រ​តំណាង​សហគមន៍​របស់​ពួកគេ និង​ជា​ការ​ដាក់​សម្ពាធ​ដើម្បី​កុំ​ឱ្យ​អាជ្ញាធរ​ចាប់​ខ្លួន​តំណាង​សហគមន៍​ទាំងនោះ​ដោយ​យក​លេស​ណា​មួយ។

ពលរដ្ឋ​រាប់​រយ​គ្រួសារ​មកពី​ឃុំ​ត្រពាំងជោ និង​ឃុំ​រស្មីសាមគ្គី ស្រុក​ឱរ៉ាល់ និង​ឃុំ​អមលាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នាំគ្នា​ប្រមូល​ផ្ដុំ​នៅ​មុខ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ ដើម្បី​គាំទ្រ​តំណាង​សហគមន៍​ដែល​អាជ្ញាធរ​កោះហៅ។ (រូបថត​ពី​ហ្វេសប៊ុក ថេង សាវឿន)

ប្រភព​ដដែល​អះអាង​ថា តំណាង​សហគមន៍​មាតា​ធម្មជាតិ ៣​រូប ត្រូវ​បាន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ កោះហៅ​ទៅ​សាកសួរ​នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​អង្គារ ទី​៣០ វិច្ឆិកា ដែល​អាជ្ញាធរ​បាន​ចោទប្រកាន់​ថា ពួកគេ​បាន​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ គំរាម និង​ជេរប្រមាថ​ជា​សាធារណៈ ប៉ុន្តែ​ត្រូវ​ប្រជាពលរដ្ឋ​បដិសេធ​ថា​ជា​ការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន។

ពលរដ្ឋ​រងគ្រោះ​ព្រមាន​ថា ពួកគេ​នឹង​ដេក​យាម​តំណាង​របស់​ពួកគេ​រហូត​អាជ្ញាធរ​អនុញ្ញាត​ឱ្យ​តំណាង​សហគមន៍​ទាំងនោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ ទើប​ប្រជាពលរដ្ឋ​ទាំងនោះ​សុខចិត្ត។ បើ​មិន​ដូច្នោះ​ទេ ពួកគេ​នឹង​ដេក​នៅ​មុខ​ស្នងការដ្ឋាន​នគរបាល​នេះ​បន្ត​ទៀត ដើម្បី​បង្ហាញ​ពី​ភាព​អយុត្តិធម៌​ដែល​អាជ្ញាធរ​បាន​ប្រព្រឹត្ត​លើ​តំណាង​របស់​ខ្លួន។

ពលរដ្ឋ​រាប់​រយ​គ្រួសារ​មកពី​ឃុំ​ត្រពាំងជោ និង​ឃុំ​រស្មីសាមគ្គី ស្រុក​ឱរ៉ាល់ និង​ឃុំ​អមលាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នាំគ្នា​ប្រមូល​ផ្ដុំ​នៅ​មុខ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ ដើម្បី​គាំទ្រ​តំណាង​សហគមន៍​ដែល​អាជ្ញាធរ​កោះហៅ។ (រូបថត​ពី​ហ្វេសប៊ុក ថេង សាវឿន)

ជុំវិញ​បញ្ហា​នេះ អភិបាល​រង​ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា នេះ បាន​ចេញ​មក​អះអាង​ចំពោះ​មុខ​ពលរដ្ឋ​ដែល​បាន​ឈរ​ត្រៀបត្រា​នៅ​មុខ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នេះ​ថា លោក​នឹង​ទៅ​ដោះស្រាយ​បញ្ហា​ដីធ្លី​នេះ​ដល់​មូលដ្ឋាន​ផ្ទាល់​តែម្តង ដូច្នេះ​លោក​សំណូមពរ​ឱ្យ​ពលរដ្ឋ​នាំគ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ ដើម្បី​រក្សា​សណ្ដាប់ធ្នាប់​សង្គម។ បន្ទាប់ពី​ការ​សន្យា​របស់​អភិបាល​រង​ខេត្ត​នេះ​រួច​មក ពលរដ្ឋ​រួម​នឹង​តំណាង​សហគមន៍​របស់​ពួកគេ ក៏​បាន​យល់ព្រម​នាំគ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ​នៅ​រសៀល​ថ្ងៃ​អង្គារ ដដែល​នេះ។

មន្ត្រី​ជាន់ខ្ពស់​សហគមន៍​កសិករ​កម្ពុជា លោក ញ៉ឹល ភាព បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៣០ វិច្ឆិកា ថា លោក​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ទម្លាក់​ចោល​បទ​ចោទ​ទាំងអស់​លើ​សកម្មជន​បរិស្ថាន ជាពិសេស​លើ​តំណាង​សហគមន៍​មាតា​ធម្មជាតិ​នៅ​ពេលនេះ ត្បិត​ការ​ចោទប្រកាន់​របស់​អាជ្ញាធរ​មក​លើ​ពួកគេ គឺ​ធ្វើ​ឡើង​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​នោះ​ទេ។

លោក ញ៉ឹល ភាព សំណូមពរ​ឱ្យ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ពិនិត្យ​មើល​មន្ត្រី​ខិលខូច​របស់​ខ្លួន​ឱ្យ​បាន​ហ្មត់ចត់ ដើម្បី​ទប់ស្កាត់​អំពើពុករលួយ​ឱ្យ​មាន​ប្រសិទ្ធភាព ជាពិសេស​អំពើពុករលួយ​ដែល​កំពុង​តែ​កើតឡើង​ជា​ប្រព័ន្ធ​នៅ​មូលដ្ឋាន​សព្វថ្ងៃ​នេះ។

កាល​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០២១ កន្លងទៅ ពលរដ្ឋ​រាប់​រយ​នាក់​នៅ​ក្នុង​ឃុំ​ត្រពាំងជោ ស្រុក​ថ្ពង ឃុំ​អមលាំង និង​ឃុំ​រស្មីសាមគ្គី ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ បាន​ជួបជុំ​គ្នា​នៅ​តំបន់​ព្រៃ​អភិរក្ស​សហគមន៍​មាតា​ធម្មជាតិ​ស្ថិត​ក្នុង​ឃុំ​ត្រពាំងជោ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ដើម្បី​ឃាត់​គ្រឿងចក្រ​ដែល​កំពុង​ឈូស​ឆាយ​ដី​ព្រៃ​អភិរក្ស​សហគមន៍​មាតា​ធម្មជាតិ​ទំហំ​ជាង ៤០០​ហិកតារ ក្នុង​ចំណោម​ផ្ទៃដី​សរុប ២៨០០​ហិកតារ ដែល​អាជ្ញាធរ​បាន​ឃុបឃិត​គ្នា​លក់​ឲ្យ​ឈ្មួញ​តាំងពី​ឆ្នាំ​២០១៥ មក។

តំបន់​ព្រៃ​អភិរក្ស​សហគមន៍​មាតា​ធម្មជាតិ ឃុំ​ត្រពាំងជោ ស្រុក​ឱរ៉ាល់ ត្រូវ​បាន​ក្រសួង​បរិស្ថាន ចេញ​សេចក្តី​ប្រកាស​បង្កើត​ឡើង​ក្នុង​ចំណោម​សហគមន៍​ព្រៃឈើ ២៣​ទីតាំង​ផ្សេង​ទៀត​កាលពី​អំឡុង​ខែ​សីហា ឆ្នាំ​២០១០ ដើម្បី​ថែទាំ អភិរក្ស​ជីវចម្រុះ និង​ប្រើប្រាស់​ផល និង​អនុផល​ព្រៃឈើ​តាម​លក្ខណៈ​ប្រពៃណី​ដែល​សមស្រប​តាម​សក្ដានុពល​របស់​ធនធាន​ធម្មជាតិ​ទាំងនោះ ដើម្បី​បម្រើ​សេចក្តី​ត្រូវការ​របស់​ពលរដ្ឋ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស