35 C
Phnom Penh

ពលរដ្ឋ​ស្នើ​នាយករដ្ឋមន្ត្រី​លុប​ចោល​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ប៉ះពាល់​ដល់​បរិវេណ​ដី​ព្រៃកោងកាង​នៅ​ខេត្ត​ព្រះសីហនុ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ បាន​សំណូមពរ​លោក ហ៊ុន សែន ជួយ​និរាករណ៍ ឬ​លុប​ចោល​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ទាំងឡាយ​ណា​ដែល​អាជ្ញាធរ​ខេត្ត​នេះ​ឃុបឃិត​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ​បុគ្គល​ឯកជន ជាន់​លើ​បរិវេណ​ដីលិចទឹក ឬ​ព្រៃកោងកាង​យក​មក​ដាក់​ជា​សម្បត្តិ​រដ្ឋ​គ្រប់គ្រង​វិញ។

ពួកគេ​អះអាង​ថា ទីតាំង​បរិវេណ​ដី​ព្រៃលិចទឹក ឬ​ព្រៃកោងកាង​ដែល​ជា​ជម្រក​ត្រី​បន្ត​ពូជ​មាន​ទីតាំង​នៅ​ក្នុង​ស្រុក​ស្ទឹងហាវ និង​ស្រុក​ព្រៃនប់ ជាដើម បាន​ក្លាយ​ជា​កម្មសិទ្ធិ​បុគ្គល​មាន​ទ្រព្យ និង​អំណាច​ស្ទើរ​ទាំងស្រុង​ទៅ​ហើយ ដោយ​ពួកគេ​បាន​ឃុបឃិត​ជាមួយ​អភិបាល​ខេត្ត​ព្រះសីហនុ និង​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត លួច​ធ្វើ​ប្លង់ ឬ​ប័ណ្ណ​កម្មសិទ្ធិ​នាំ​ឲ្យ​បាត់បង់​ធនធាន​ធម្មជាតិ​ទាំងនេះ​ធ្ងន់ធ្ងរ។

ពលរដ្ឋ​បាន​ចោទ​លោក គួច ចំរើន និង​លោក ចេង ស្រុង ដែល​បន្ត​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​បុគ្គល​ឯកជន​ជាន់​លើ​បរិវេណ​ដី​ព្រៃកោងកាង ឬ​ព្រៃលិចទឹក​ដែល​ជា​ជម្រក​ត្រី​បន្ត​ពូជ​ក្នុង​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ជាបន្តបន្ទាប់​មកនេះ។

ពលរដ្ឋ​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​០៣ ខែ​វិច្ឆិកា លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ បាន​អនុញ្ញាត​ឲ្យ​លោក មាស សូលឡុង សាងសង់​សួន​អភិរក្ស​ត្រចៀកកាំ​ទេសចរណ៍​លើ​ដី​មាន​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ចំនួន ៧​ប័ណ្ណ មាន​ទីតាំង​នៅ​ភូមិ​ព្រែកសង្កែ ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ គ្របដណ្ដប់​នៅ​លើ​ដី​ព្រៃលិចទឹក ឬ​ព្រៃកោងកាង។ ពលរដ្ឋ​អះអាង​ថា ការ​សាងសង់​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជម្រក​ត្រី​សមុទ្រ​បន្ត​ពូជ​ធ្ងន់ធ្ងរ។

អ្នកស្រី ជៀប សុធារី អ្នក​សម្របសម្រួល​នៃ​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា ឈ្មួញ​និង​មន្ត្រី​មាន​អំណាច​មួយ​ចំនួន​បន្ត​មាន​មហិច្ឆតា​រំលោភ​ដី​បរិវេណ​ព្រៃលិចទឹក​នៅ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ យក​ធ្វើ​កម្មសិទ្ធិ​ឯកជន​ជាបន្តបន្ទាប់។ ការ​រំលោភបំពាន​យក​ដី​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​នេះ ក៏​មាន​មន្ត្រី​មួយ​ចំនួន​កំពុង​បម្រើ​ការងារ​នៅ​តាម​ស្ថាប័ន​ពាក់ព័ន្ធ​ខ្លះ​នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ជួយ​សម្រួល​ដើម្បី​បាន​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ជា​ថ្នូរ​ចែក​ផល​ប្រយោជន៍​ឲ្យ​គ្នា​ទៅវិញ​ទៅមក។

អ្នកស្រី សុធារី ចាត់ទុក​សកម្មភាព​ឃុបឃិត​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​គ្របដណ្ដប់​នៅ​លើ​បរិវេណ​ដី​ព្រៃកោងកាង​នេះ ថា​អនុវត្ត​ផ្ទុយ​នឹង​បទបញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ដាក់​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ថែរក្សា​ការពារ​ដី​ព្រៃលិចទឹក ឬ​ព្រៃកោងកាង​ឲ្យ​បាន​គង់វង្ស។

លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៦ បាន​ដាក់​បញ្ជា និង​ណែនាំ​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី ឲ្យ​និរាករណ៍ ឬ​ដកហូត​ប័ណ្ណ​កម្មសិទ្ធិ​កាន់កាប់​អចលនវត្ថុ វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ និង​លិខិត​បញ្ជាក់​ការ​កាន់កាប់​ដី​របស់​មន្ទីរ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​អាជ្ញាធរ​ដែនដី​ខេត្ត​ជាប់​សមុទ្រ​ទាំង​៤ រួម​មាន​ខេត្ត​កំពត ខេត្ត​កែប ខេត្ត​ព្រះសីហនុ និង​ខេត្ត​កោះកុង ដែល​ពាក់ព័ន្ធ​ដី​ព្រៃកោងកាង។

ទោះ​ជា​បែប​នេះ​ក្តី គេ​សង្កេត​ឃើញ​ថា បរិវេណ​ដី​ព្រៃលិចទឹក ឬ​ដី​ព្រៃកោងកាង​រាប់​ពាន់​ហិកតារ ជាពិសេស​ខេត្ត​ព្រះសីហនុ ត្រូវ​បាន​លោក គួច ចំរើន និង​លោក ចេង ស្រុង ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​នេះ​អនុវត្ត​ផ្ទុយ​បទបញ្ជា​លោក​នាយករដ្ឋមន្ត្រី ដោយ​បាន​បន្ត​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ​បុគ្គល​ឯកជន​កាន់កាប់​ជាច្រើន​ហិកតារ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស