28 C
Phnom Penh

បណ្ឌិត សូ ណារ៉ូ៖ អ្នក​ដែល​សម្លាប់​ស្មារតី​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក សម រង្ស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​មួយ​រូប អះអាង​ថា មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​សម្លាប់​ស្មារតី​គណបក្ស​សង្គ្រោះ​ជាតិ គឺ​មាន​តែ​លោក សម រង្ស៊ី តែ​ម្នាក់​ប៉ុណ្ណោះ ហើយ​ភស្តុតាង​ជាក់ស្តែង​ដែល​មិន​អាច​ប្រកែក​បាន គឺ​នៅ​ថ្ងៃ​សមាជ​គណបក្ស​ភ្លើង​ទៀន កាលពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០២១ កន្លងទៅ​នេះ ហើយ​ក៏​ជា​ថ្ងៃ​ធ្វើ​អត្តឃាត​នយោបាយ​របស់​គាត់​ដែរ។

អតីត​អគ្គ​ទីប្រឹក្សា​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី បណ្ឌិត សូ ណារ៉ូ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ថា ការ​ប្រកាស​គាំទ្រ​គណបក្ស​ភ្លើង​ទៀន​របស់​លោក សម រង្ស៊ី គឺជា​អាវុធ​ដ៏​មុត​ស្រួច​មួយ​កម្ទេច​ស្មារតី​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាង​ធ្ងន់ធ្ងរ ដែល​មិន​អាច​ស្រោចស្រង់​បាន ហើយ​បាន​ធ្វើ​ឱ្យ​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ទទួល​ជោគជ័យ​ទាំងស្រុង​ក្នុង​យុទ្ធសាស្ត្រ​បំបែកបំបាក់​របស់​គាត់​កន្លងមក។

ប៉ុន្តែ​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នេះ​ដែរ​ថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ជា​អ្នក​ដែល​ប្រកាស​លទ្ធផល​នៃ​ការ​បំបែកបំបាក់​គណបក្ស​សង្គ្រោះ​ជាតិ តាម​ការ​ចង់​បាន​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ទៅវិញ។

បណ្ឌិត សេង សារី បញ្ជាក់​ថា លោក កឹម សុខា ជា​មេ​បក្ស​ដែល​អសកម្ម និង​ជា​មេ​បក្ស​ដែល​ចម្លែក ព្រោះ​ថា​មេ​បក្ស​រូប​នេះ​មិន​បាន​ប្រើ​តួនាទី​របស់​ខ្លួន​ដើម្បី​ការពារ​ផលប្រយោជន៍​របស់​គណបក្ស​នោះ​ទេ ប៉ុន្តែ​បែរជា​ហាមឃាត់​សម្ពន្ធមិត្ត និង​សហការី​របស់​ខ្លួន ដូចជា​លោក សម រង្ស៊ី ជាដើម មិន​ឱ្យ​ប្រើ​ឈ្មោះ​របស់​ខ្លួន​ដើម្បី​យុទ្ធនាការ​តស៊ូ​ដើម្បី​បក្ស​ប្រឆាំង​ទៅវិញ។

ក្នុង​កិច្ចពិភាក្សា​ដែល​សម្បូរ​ដោយ​ទស្សនៈ​វោហារស័ព្ទ​នយោបាយ​ផ្ទុយ​គ្នា​នេះ បណ្ឌិត សូ ណារ៉ូ ចោទ​ជា​សំណួរ​ថា បើ​លោក សម រង្ស៊ី ពិត​ជា​នៅតែ​រក្សា​ស្មារតី​ដើម «សម រង្ស៊ី និង កឹម សុខា ជា​មនុស្ស​តែ​មួយ» មែន តើ​ហេតុ​អ្វី​បាន​ជា​លោក សម រង្ស៊ី មិន​បាន​ប្រកាស​បដិសេធ​អំពី​ការ​សង្ស័យ​ថា លោក​ជា​អ្នក​នៅ​ពីក្រោយ​គណបក្ស​ភ្លើង​ទៀន ដើម្បី​កុំ​ឱ្យ​គណបក្ស​ភ្លើង​ទៀន​កេង​ចំណេញ​នយោបាយ​ពី​ស្មារតី​រួម​របស់ សម រង្ស៊ី និង កឹម សុខា កន្លងមក។

បណ្ឌិត សូ ណារ៉ូ បញ្ជាក់​ថា នៅ​ពេល​អតីត​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ចេញ​មុខ​ប្រកាស​គាំទ្រ​គណបក្ស​ភ្លើង​ទៀន វា​គឺជា​ការ​ធ្វើ​អត្តឃាត​នយោបាយ​របស់​គាត់​ផង និង​ជា​ការ​បំផ្លាញ​ស្មារតី​រួបរួម «សម រង្ស៊ី និង កឹម សុខា ជា​មនុស្ស​តែ​មួយ» ផង ហើយ​ក៏​ជា​ដំណើរការ​នយោបាយ​របស់​បក្ស​ប្រឆាំង​ដែល​លោក ហ៊ុន សែន ចង់​បាន​ផង។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មន្ត្រី​បក្ស​ប្រឆាំង​ភាគី​លោក សម រង្ស៊ី និង​ភាគី​លោក កឹម សុខា បន្ទោស​គ្នា​ទៅវិញ​ទៅមក​ដោយ​ការ​ទម្លាក់​កំហុស​ដាក់​គ្នា​អំពី​ការ​បំបែក​ស្មារតី​គណបក្ស​សង្គ្រោះ​ជាតិ​រៀងៗ​ខ្លួន។

កាលពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​ថា សកម្មភាព​នយោបាយ​របស់​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី មិន​ដែល​ចាត់ទុក​ស្មារតី «សម រង្ស៊ី និង កឹម សុខា ជា​មនុស្ស​តែ​មួយ» នោះ​ទេ។ ការ​លើកឡើង​របស់​លោក កឹម សុខា គឺ​បន្ទាប់ពី​លោក សម រង្ស៊ី បាន​បង្ហាញ​ជំហរ​នៅ​ពីក្រោយ​គណបក្ស​ភ្លើង​ទៀន កាលពី​ពេល​ថ្មីៗ​នេះ ប៉ុន្តែ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី អះអាង​ថា ការ​លើកឡើង​របស់​លោក កឹម សុខា មិនមែន​ជា​ឆន្ទៈ​ពិតប្រាកដ​របស់​គាត់​នោះ​ទេ។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក គឹម សុខ បញ្ចេញ​ប្រតិកម្ម​នៅ​លើ​បណ្ដាញ​សង្គម​របស់​លោក​នៅ​ថ្ងៃ​ទី​១ ធ្នូ នេះ​ដែរ​ថា ប្រសិនបើ​លោក សម រង្ស៊ី បាន​លើកឡើង​តែ​មួយ​ប្រយោគ​ថា «ទោះ​យ៉ាងណា ខ្លួន​នៅតែ​គោរព​ការ​សម្រេច​ចិត្ត​របស់​លោក កឹម សុខា ហើយ​គាត់​នៅតែ​ជា​ដៃគូ​របស់​លោក​ដដែល» នោះ​សារ​នយោបាយ​របស់​លោក កឹម សុខា នឹង​គ្មាន​តម្លៃ​នយោបាយ​អ្វី​ទាំងអស់។

លោក គឹម សុខ បញ្ជាក់​ថា នៅ​ពេល​លោក សម រង្ស៊ី ប្រតិកម្ម​បញ្ច្រាស​ដូច​ដែល​លោក​បាន​ធ្វើ​កន្លងមក​នេះ គឺ​គ្រាន់តែ​បង្ហាញ​ប្រាប់​មហាជន​ថា លោក​ជា​មនុស្ស​រអៀស​ខ្លួន​ក្នុង​ការ​បំបែក​ព្រលឹង​គណបក្ស​សង្គ្រោះ​ជាតិ​ប៉ុណ្ណោះ។

ចំណែក​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សួន សុរីដា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១ ធ្នូ នេះ​ថា អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី គឺជា​មេ​បក្ស​ចម្លែក​យ៉ាង​ពិតប្រាកដ ដោយសារតែ​លោក សម រង្ស៊ី តែង​ប្រើ​មធ្យោបាយ​គ្រប់​រូបភាព​ដើម្បី​ទាញ​យក​ប្រជាប្រិយភាព​ផ្ទាល់ខ្លួន រហូត​ដល់​រំលោភ​លក្ខន្តិកៈ​គណបក្ស រំលោភ​រដ្ឋធម្មនុញ្ញ ដែល​នាំ​ឲ្យ​គ្រោះថ្នាក់​ដល់​សមាជិក និង​អ្នកគាំទ្រ​នៅ​មូលដ្ឋាន​រហូតដល់​ពេល​បច្ចុប្បន្ន​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស