34 C
Phnom Penh

លោក ហ៊ុន សែន ព្រមាន​វាយ​ខ្នោះ​ភ្លាមៗ​អ្នក​រឹង​ទទឹង​មិន​ប្រគល់​ដី​ព្រៃលិចទឹក​នៅ​ជុំវិញ​បឹង​ទន្លេសាប​ឲ្យ​រដ្ឋ​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន នៅ​ថ្ងៃ​ព្រហស្បតិ៍ នេះ បាន​ព្រមាន​វាយ​ខ្នោះ​ភ្លាមៗ​ចំពោះ​ជន​ណា​ដែល​រឹង​ទទឹង មិន​ព្រម​ប្រគល់​ដី​ព្រៃលិចទឹក​នៅ​ជុំវិញ​បឹង​ទន្លេសាប​ឲ្យ​រដ្ឋាភិបាល​វិញ ហើយ​ចំណែក​អ្នក​ដែល​ចុះហត្ថលេខា​ប្រគល់​ដី​ព្រៃលិចទឹក​ដែល​បាន​កាន់កាប់​នោះ​ឲ្យ​រដ្ឋាភិបាល​វិញ នឹង​ត្រូវ​រួច​ខ្លួន។

ក្នុង​ពិធី​សម្ពោធ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ និង​សមិទ្ធផល​នានា​ក្នុង​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា ប្រសិនបើ​បុគ្គល​ណា​ប្រគល់​ដី​ដែល​ខ្លួន​បាន​ឈូស​ឆាយ​រំលោភ​ពី​ព្រៃលិចទឹក​នៅ​តាម​បណ្ដា​ខេត្ត​ក្នុង​តំបន់​បឹង​ទន្លេសាប មក​ឱ្យ​រដ្ឋ គឺ​ពួកគេ​រួច​ខ្លួន ហើយ​ថា ប្រសិនបើ​បុគ្គល​ណា​នៅ​រឹង​ទទឹង ត្រូវ​តាម​វាយ​ខ្នោះ​ឲ្យខាងតែ​បាន។

មន្ត្រី​ការពារ​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក លោក ស៊ឹង សែនករុណា ទាមទារ​ឲ្យ​រដ្ឋាភិបាល​មាន​វិធានការ​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​ចំពោះ​មន្ត្រី ឬ​បុគ្គល​ណា​ដែល​បាន​បំពាន​ច្បាប់ ឈូស​ឆាយ ឬ​កាន់កាប់​ដី​ព្រៃលិចទឹក​នៅ​ក្បែរ​បឹង​ទន្លេសាប​នេះ ជាជាង​ការ​អនុវត្ត​ដែល​មាន​ស្តង់ដារ​ពីរ គឺ​មន្ត្រី​ខិលខូច​កាប់​បំផ្លាញ និង​កាន់កាប់​ដី​ព្រៃ​របស់​រដ្ឋ​ដោយ​ខុសច្បាប់​អាច​រួច​ខ្លួន ហើយ​ពលរដ្ឋ​ស្លូតត្រង់​បែរជា​មាន​ទោស​ក្នុង​ករណី​ការពារ​ដីធ្លី​របស់​ខ្លួន​ទៅវិញ។

លោក ស៊ឹង សែនករុណា បាន​ថ្លែង​ប្រាប់ The Cambodia Daily ឲ្យ​ដឹង​ថា អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស ទោះ​មក​សារភាព​ក៏​មិន​អាច​រួច​ខ្លួន​ទាំងស្រុង​ទេ។ ចំណែក​ការ​បន្ធូរបន្ថយ​ទោស ឬ​យ៉ាង​ណា គឺ​អាស្រ័យ​តុលាការ​ដែល​បង្ហាញ​អង្គ​ហេតុ និង​អង្គ​ច្បាប់​ច្បាស់លាស់ និង​ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់​បទបញ្ជា​កាលពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ឲ្យ​អភិបាល​ខេត្ត​ជាប់​បឹង​ទន្លេសាប ត្រូវ​ចាត់​វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​រាល់​សកម្មភាព​កាប់​រាន​ព្រៃលិចទឹក​យក​ជា​កម្មសិទ្ធិ ដោយ​ប្រើ​កម្លាំង​ចម្រុះ​ដែល​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ទប់ស្កាត់​ការ​ទន្ទ្រាន​ដី​ព្រៃ​ទាំងនោះ​ឱ្យ​បាន​ទាន់​ពេលវេលា។

ក្រោយ​ពី​បញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា បាន​ចេញ​សេចក្តី​សម្រេច​បង្កើត​ក្រុម​ការងារ​ចុះ​ពិនិត្យ និង​ស្រាវជ្រាវ​ការ​ទន្ទ្រាន​ដី​ព្រៃលិចទឹក​នៅ​តំបន់​ទន្លេសាប ស្ថិតនៅ​ខេត្ត​ចំនួន​៦ រួម​មាន​ខេត្ត​កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង កំពង់ធំ សៀមរាប និង​ខេត្ត​បន្ទាយមានជ័យ ក្នុង​នោះ​មាន​ក្រសួង​ពាក់ព័ន្ធ​ដូចជា​ក្រសួង​ធនធាន​ទឹក ក្រសួង​កសិកម្ម ក្រសួង​បរិស្ថាន អាជ្ញាធរ​ទន្លេសាប អាជ្ញាធរ​ដែនដី ដើម្បី​អនុវត្ត​វិធានការ​ត្រួតពិនិត្យ​នេះ​រួម​គ្នា។

សារព័ត៌មាន VOD បាន​ដកស្រង់​សម្ដី​របស់​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក សៅ សុខា ថា ប្រតិបត្តិការ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ព្រៃលិចទឹក​នេះ គឺ​អាជ្ញាធរ​បាន​រារាំង​មិន​ឱ្យ​មាន​ការ​ចូល​ទៅ​ឈូស​ឆាយ បង្កបង្កើនផល និង​ធ្វើ​សកម្មភាព​ផ្សេងៗ​នៅ​តំបន់​ការពារ​នៅ​ជុំវិញ​បឹង​ទន្លេសាប​ទៀត​ឡើយ។ លោក​បន្ត​ថា ពាក់ព័ន្ធ​បទល្មើស​ព្រៃលិចទឹក​នៅ​តំបន់​បឹង​ទន្លេសាប​នេះ មន្ត្រី​រាជការ និង​ពលរដ្ឋ​ចំនួន ១៣​នាក់​នៅ​ខេត្ត​កំពង់ឆ្នាំង បាន​ចេញ​មក​សារភាព និង​ប្រគល់​ដី​ជាង ២​ពាន់​ហិកតារ​ជូន​រដ្ឋាភិបាល​វិញ។

បើ​តាម​កំណត់ហេតុ​កិច្ចប្រជុំ​ក្រុម​ការងារ​អនុវត្ត​បទបញ្ជា​នាយករដ្ឋមន្ត្រី​របស់​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង កាលពី​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២១ បាន​បញ្ជាក់​ថា អ្នក​កាន់កាប់​អាស្រ័យផល​ដី​ព្រៃលិចទឹក ១៣​នាក់​ដែល​បាន​សារភាព និង​ប្រគល់​ដី​ជូន​រដ្ឋ​វិញ​នោះ រួម​មាន៖

  • ស្នងការ​រង​នគរបាល​ខេត្ត​កំពង់ឆ្នាំង លោក ស៊ុំ សុជាតិ មាន​ដី ៦៧៥​ហិកតារ
  • នាយការិយាល័យ លោក កែវ ណារុន មាន​ដី ៣២​ហិកតារ
  • មេបញ្ជាការ​សឹក​រង​ស្រុក​កំពង់លែង លោក យឹម សារ៉ាត់ មាន​ដី ៦០ហិកតារ
  • និង​ពលរដ្ឋ​ផ្សេង​ទៀត​ដែល​មាន​ផ្ទៃដី​សរុប​ជាង ២​ពាន់​ហិកតារ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស