29 C
Phnom Penh

បទវិភាគ៖ តើ​លោក ហ៊ុន សែន ចង់​ឃើញ​ប្រទេស​កម្ពុជា​បែប​ណា​ក្រោយ​សម័យកាល​របស់​គាត់?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន តែងតែ​អួត​អំពី​ការ​កាន់​អំណាច​ក្នុង​រយៈពេល​ដ៏​យូរ​របស់​លោក ប៉ុន្តែ​លោក​មិន​ដែល​ខ្វល់​អំពី​ភាព​ក្រីក្រ​របស់​ពលរដ្ឋ​ខ្មែរ និង​ប្រទេស​ជាតិ​នោះ​ឡើយ។ លើស​ពី​នេះ​ទៀត លោក​ក៏​មិន​ដែល​លើកឡើង​អំពី​ភាព​ទុច្ចរិត​របស់​លោក​ក្នុង​ការ​ដណ្តើម​អំណាច​អំពី​លោក ប៉ែន សុវណ្ណ អតីត​មេ​របស់​លោក ការ​កម្ចាត់​ក្រុម​គណបក្ស​ប្រឆាំង និង​សហការី​របស់​លោក​ក្នុង​ជួរ​បក្ស​នោះ​ឡើយ។

ការ​កាន់​អំណាច​យូរ​ជា​មោទកភាព​របស់​លោក ហ៊ុន សែន តែ​ប្រហែល​មិនមែន​ជា​មោទកភាព​របស់​ជាតិ​នោះ​ឡើយ ស្រប​ពេល​ដែល​ពលរដ្ឋ​នឹង​កាន់តែ​ក្រ ហើយ​សេដ្ឋកិច្ច​របស់​ប្រទេស​ចុះ​ទន់ខ្សោយ​ជា​លំដាប់។

ទោះបី​ការ​គ្រប់គ្រង​អំណាច​ដ៏​យូរ​របស់​លោក​បន្សល់​ទុក​នូវ​ផល​លំបាក​យ៉ាង​ធ្ងន់ធ្ងរ​សម្រាប់​ជាតិ​ដូច​បច្ចុប្បន្ន​នេះ​ក្តី លោក ហ៊ុន សែន តែង​ប្រកាស​ថា លោក​នៅតែ​អាច​បន្ត​កាន់​អំណាច ១០​ឆ្នាំ​ទៅ​មុខ​ទៀត​បាន និង​ចង់​ឲ្យ​កូនប្រុស​របស់​លោក​គ្រប់គ្រង​អំណាច​បន្ត​ពី​លោក​ថែមទៀត​ផង។

ការ​ប្រកាស​របស់​លោក ហ៊ុន សែន អំពី​ការ​គាំទ្រ​លោក ហ៊ុន ម៉ាណែត ដែល​ជា​កូនច្បង​របស់​លោក​សម្រាប់​បេក្ខភាព​នាយករដ្ឋមន្ត្រី​បន្ត​តំណែង​ពី​លោក អាច​ជា​បច្ច័យ​បន្ថែម​សម្រាប់​ការ​វិភាគ​លើ​ចេតនា​របស់​លោក ហ៊ុន សែន ចំពោះ​ប្រទេស​កម្ពុជា​ក្រោយ​សម័យកាល​របស់​លោក។ ប៉ុន្តែ​បើ​ធ្វើ​ការ​វិភាគ​លើ​ចេតនា​របស់​លោក ហ៊ុន សែន សម្រាប់​ប្រទេស​កម្ពុជា​ក្នុង​ពេល​អនាគត គេ​គួរតែ​ពិនិត្យ​មើល និង​វិភាគ​លើ​អ្វី​ដែល​លោក ហ៊ុន សែន បាន​ធ្វើ​ចំពោះ​ពលរដ្ឋ និង​ប្រទេស​ជាតិ​ក្នុង​ពេល​ដែល​គាត់​កំពុង​គ្រប់គ្រង​អំណាច។

បើ​និយាយ​អំពី​ប្រវត្តិ​នៃ​ការ​ច្បាម​អំណាច និង​ការ​គ្រប់គ្រង​ប្រទេស​កម្ពុជា​របស់​លោក ហ៊ុន សែន ក្នុង​រយៈពេល​ជិត ៤០​ឆ្នាំ​នេះ គេ​អាច​ធ្វើការ​សន្និដ្ឋាន​បាន​ថា លោក​ជា​មនុស្ស​ម្នាក់​ដែល​គិតតែ​អំពី​អំណាច​ផ្ទាល់ខ្លួន និង​ផល​ប្រយោជន៍​គ្រួសារ​ជា​ធំ ដោយ​មិន​ខ្វល់​អំពី​ភាព​ហិនហោច​របស់​ជាតិ និង​សីលធម៌​ជា​មនុស្ស​ក្នុង​សង្គម​បច្ចុប្បន្ន​នេះ​ទេ។

ប៉ុន្តែ​ជា​ការ​ឆ្លើយតប​នឹង​ការ​សន្និដ្ឋាន​នេះ ក្រុម​អ្នក​ការពារ​លោក ហ៊ុន សែន អាច​ជំទាស់​ដោយ​អះអាង​ថា លោក ហ៊ុន សែន ពុំ​មាន​ពេលវេលា និង​ធនធាន​គ្រប់គ្រាន់​ក្នុង​ការ​កសាង​សង្គម​កម្ពុជា​មួយ​ដ៏​រុងរឿង និង​លើកស្ទួយ​ជីវភាព​ពលរដ្ឋ​ខ្មែរ​ឲ្យ​បាន​ខ្ពង់ខ្ពស់​នោះ​ឡើយ។

ប្រសិនបើ​គេ​ស្តាប់​ទស្សនៈ​នេះ​ដោយ​គ្មាន​ការ​ពិចារណា វា​ហាក់ដូចជា​នេះ​ជា​ហេតុផល​ឡូស៊ិក ឬ​សមហេតុ​សមផល​ខ្លះ​ដែរ។ ប៉ុន្តែ​ផ្ទុយទៅវិញ បើ​ផ្អែក​លើ​ហេតុផល​ពេលវេលា លោក ហ៊ុន សែន បាន​គ្រប់គ្រង​អំណាច​ជិត ៤០​ឆ្នាំ ឬ​ស្មើ​នឹង​ពាក់កណ្តាល​ជីវិត​មនុស្ស​ទៅ​ហើយ។ ដូច្នេះ ពេលវេលា​បែប​នេះ គឺ​ល្មម​គ្រប់គ្រាន់​ក្នុង​ការ​កសាង​សង្គម​ជាតិ​មួយ​ដ៏​ខ្លាំងក្លា ប្រសិនបើ​មេដឹកនាំ​នៃ​ប្រទេស​នោះ​មាន​ឆន្ទៈ​នយោបាយ​គិត​ជាតិ​ពិតប្រាកដ។

បើ​គេ​ពិនិត្យ​មើល​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង និង​ប្រទេស​ជប៉ុន ប្រទេស​ទាំង​ពីរ​នេះ​បាន​បញ្ចប់​ភាព​ក្រីក្រ​បំផុត​តែ​ក្នុង​រយៈពេល​ចន្លោះ​ពី ១០ ទៅ ២០​ឆ្នាំ​ក្រោយ​សង្គ្រាម​បិទ​បញ្ចប់។ ប្រទេស​ទាំង​ពីរ​នេះ​បាន​ក្លាយ​ជា​ប្រទេស​មាន​សេដ្ឋកិច្ច និង​បច្ចេកវិទ្យា​រីកចម្រើន​ដ៏​ខ្លាំងក្លា និង​មាន​អរិយធម៌​ដ៏​ស៊ីវិល័យ​ក្នុង​ចំណោម​បណ្តា​ប្រទេស​ជឿនលឿន​ដទៃ​ទៀត​ក្នុង​ពិភពលោក​រហូត​មក​ទល់​ពេល​បច្ចុប្បន្ន​នេះ។

រឿង​ដ៏​ល្អ​ទាំងនេះ បាន​កើតឡើង​បន្ទាប់ពី​ប្រទេស​ទាំង​ពីរ​នេះ​ទទួល​បាន​ជំនួយ និង​ការ​គាំទ្រ​ពី​បណ្តា​ប្រទេស​ប្រជាធិបតេយ្យ ដូចជា​សហរដ្ឋ​អាមេរិក និង​បាន​ផ្លាស់ប្ដូរ​របប​ដឹកនាំ​ផ្ដាច់ការ​ក្នុង​ប្រទេស​របស់​ពួកគេ។

គេហទំព័រ www.britannica.com បាន​ចុះផ្សាយ​ថា ភាព​ជឿនលឿន​រុងរឿង​របស់​ប្រទេស​កូរ៉េ​ខាងត្បូង បាន​ប្រើ​ពេល​ប្រមាណ ៣០​ឆ្នាំ​ប៉ុណ្ណោះ ក្នុង​ការ​កសាង​សេដ្ឋកិច្ច​ជាតិ​ដ៏​ខ្លាំងក្លា ដែល​បាន​ធ្វើ​ឱ្យ​ចំណូល​របស់​ពលរដ្ឋ​ម្នាក់ៗ​កើន​ឡើង​ជាង​មួយ​រយ​ដង និង​បាន​ប្រែក្លាយ​កូរ៉េ​ខាងត្បូង​ទៅជា​ប្រទេស​ឧស្សាហកម្ម​មួយ​ដ៏​ខ្លាំងក្លា​ប្រកប​ដោយ​ធនធាន​មនុស្ស​ដែល​មាន​ជំនាញ​ខ្ពស់។

ស្រដៀង​គ្នា​ដែរ អត្ថបទ​របស់​អ្នកនិពន្ធ​ឈ្មោះ Gary Mullinax ដែល​បាន​សរសេរ​ក្នុង​សៀវភៅ​មួយ​ឈ្មោះ “ជប៉ុន​ទំនើបភាវូបនីយកម្ម” ហើយ​ត្រូវ​បាន​គេ​ដកស្រង់​យក​មក​ចុះផ្សាយ​នា​ឆ្នាំ​១៩៩៩ ក្នុង​គេហទំព័រ medium.com ថា ជប៉ុន​បាន​ប្រែក្លាយ​ពី​សង្គម​ក្រីក្រ​បំផុត​មួយ​ក្នុង​លោក​ទៅជា​ប្រទេស​បច្ចេកវិទ្យា​ទី​មួយ​ក្នុង​លោក តែ​ក្នុង​រយៈពេល​តិច​ជាង ៤០​ឆ្នាំ​ប៉ុណ្ណោះ។

ការ​លើកឡើង​អំពី​ប្រទេស​កូរ៉េ​ខាងត្បូង និង​ប្រទេស​ជប៉ុន គឺជា​ឧទាហរណ៍​ដែល​អាច​បញ្ជាក់​ថា ពេលវេលា ៤០​ឆ្នាំ គឺជា​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ការ​កសាង​ប្រទេស​កម្ពុជា​ឲ្យ​ក្លាយ​ជា​សង្គម​ទំនើប និង​ជឿនលឿន​ដ៏​ខ្លាំងក្លា​មួយ ប្រសិនបើ​លោក ហ៊ុន សែន មាន​ឆន្ទៈ និង​មាន​សមត្ថភាព។

ហេតុផល​មួយ​ទៀត​ដែល​ថា លោក ហ៊ុន សែន ពុំ​មាន​ធនធាន​គ្រប់គ្រាន់​ក្នុង​ការ​កសាង​កម្ពុជា​ឲ្យ​ក្លាយ​ជា​ប្រទេស​ដ៏​ទំនើប​នោះ ក៏​ហាក់ដូចជា​មិន​ត្រឹមត្រូវ​ដែរ។ ជាក់ស្តែង ក្នុង​អំឡុង​ពេល​គ្រប់គ្រង​អំណាច​ផ្ដាច់ការ​របស់​គាត់ លោក ហ៊ុន សែន បាន​ធ្វើ​ឲ្យ​គ្រួសារ និង​បក្ខពួក​របស់​គាត់​ក្លាយ​ជា​អ្នក​មាន​លុយកាក់ និង​ទ្រព្យសម្បត្តិ​ហូរហៀរ​មហាសាល។

គ្រួសារ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន

ម្យ៉ាង​វិញ​ទៀត ដូច​ឧទាហរណ៍​ខាងដើម ប្រទេស​កូរ៉េ​ខាងត្បូង និង​ប្រទេស​ជប៉ុន ក៏​ជា​ប្រទេស​ក្រីក្រ​បំផុត និង​ស្ទើរ​ក្លាយ​ជា​ផេះ​បន្ទាប់ពី​ចប់​សង្គ្រាម ប៉ុន្តែ​ប្រទេស​ទាំង​ពីរ​បាន​ក្លាយ​ជា​ប្រទេស​ជឿនលឿន​ដ៏​អស្ចារ្យ ដោយសារតែ​មាន​ការ​កែទម្រង់​ប្រព័ន្ធ​ដឹកនាំ​តាម​បែប​ប្រជាធិបតេយ្យ និង​មាន​ជំនួយ​គាំទ្រ​ពី​បណ្តាល​ប្រទេស​ប្រជាធិបតេយ្យ ដូចជា​សហរដ្ឋ​អាមេរិក និង​ប្រទេស​ខ្លះ​ក្នុង​សហគមន៍​អឺរ៉ុប ជាដើម។

ចំណែក​ស្ថានភាព​នៃ​ប្រទេស​កម្ពុជា ក៏​មិន​ខុស​ពី​កូរ៉េ​ខាងត្បូង និង​ជប៉ុន ប៉ុន្មាន​ដែរ។ កម្ពុជា​រង​ការ​ខូចខាត​ខ្ទេចខ្ទាំ​ដោយ​សង្គ្រាម ហើយ​មាន​ឱកាស​ទទួល​បាន​ការ​ជួយ​ទំនុកបម្រុង​ពី​សហគមន៍​អន្តរជាតិ​ដូច​គ្នា​តាមរយៈ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១។ ផ្ទុយទៅវិញ លោក ហ៊ុន សែន មិនមែន​ត្រឹមតែ​មិន​ចាប់​យក​ឱកាស​នោះ​សម្រាប់​កសាង​ប្រទេស​ជាតិ​ទេ តែ​ថែមទាំង​បំផ្លាញ​គោលការណ៍​ប្រជាធិបតេយ្យ​ស្របតាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ទៅវិញ។

ការ​បំផ្លាញ​ប្រជាធិបតេយ្យ​នេះ អាច​ជា​ការ​រាំង​ខ្ទប់​នូវ​កិច្ចប្រឹងប្រែង និង​សហប្រតិបត្តិការ​របស់​សហគមន៍​អន្តរជាតិ​ក្នុង​ការ​កសាង​ប្រទេស​ឲ្យ​ក្លាយ​ជា​សង្គម​ទំនើប​មួយ។

ដូច្នេះ គេ​អាច​សន្និដ្ឋាន​បាន​ថា វា​មិនមែន​ជា​រឿង​ខ្វះ​ធនធាន​នោះ​ទេ ប៉ុន្តែ​ពលរដ្ឋ​កម្ពុជា​អភ័ព្វ​ដែល​ខ្វះ​មេដឹកនាំ​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​អភិវឌ្ឍ​សង្គម​មួយ​ឲ្យ​មាន​ភាព​ជឿនលឿន​រុងរឿង។

អ្នក​សង្កេតការណ៍​ខ្លះ​និយាយ​ថា លោក ហ៊ុន សែន គឺជា​ឧបសគ្គ​ដ៏​ធំ​បំផុត​ក្នុង​ការ​អភិវឌ្ឍ​ជាតិ និង​ជា​ដើមចម​ដែល​ធ្វើ​ឲ្យ​សង្គម និង​ពលរដ្ឋ​ខ្មែរ​ជួប​ភាព​ក្រីក្រ​ដូច​បច្ចុប្បន្ន​នេះ។

រយៈពេល ៤០​ឆ្នាំ និង​ឱកាស​នៃ​ការ​ទទួល​បាន​ធនធាន​សម្រាប់​អភិវឌ្ឍ​ជាតិ គឺ​គ្រប់គ្រាន់ ប៉ុន្តែ​បញ្ហា​ចម្បង​បំផុត​នោះ គឺ​លោក ហ៊ុន សែន គ្មាន​ឆន្ទៈ​ក្នុង​ការ​លើក​ស្ទួយ​ជាតិ​សាសន៍​មួយ​នេះ​ទេ។

ដូច្នេះ តើ​លោក ហ៊ុន សែន ចង់​ឃើញ​កម្ពុជា​ជា​ប្រទេស​ដ៏​រុងរឿង និង​ខ្លាំងក្លា​សម្រាប់​ពេល​អនាគត​ដែរ​ទេ?

ថ្វីបើ​មាន​ការ​ពិបាក​ឆ្លើយ​ជំនួស​លោក ហ៊ុន សែន មែន ប៉ុន្តែ​គេ​អាច​ធ្វើការ​សន្និដ្ឋាន​តាមរយៈ​ការ​វិភាគ​លើ​ចេតនា និង​ឆន្ទៈ​របស់​លោក ហ៊ុន សែន បាន។ លោក ហ៊ុន សែន មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការ​កសាង​ប្រទេស​ជាតិ​ក្រោម​ការ​គ្រប់គ្រង​អំណាច​របស់​លោក​អស់​រយៈពេល​ជិត ៤​ទសវត្សរ៍​កន្លងមក​នេះ និង​មាន​ធនធាន​គ្រប់គ្រាន់​តាមរយៈ​ជំនួយ និង​កិច្ចសហការ​របស់​សហគមន៍​អន្តរជាតិ។

ប៉ុន្តែ​ប្រទេស និង​ពលរដ្ឋ​ងើប​មិន​រួច​ពី​ភាព​ក្រីក្រ​តោកយ៉ាក អាច​ដោយសារ​តែ​លោក ហ៊ុន សែន គ្មាន​ចេតនា ឬ​ឆន្ទៈ​ផ្ដោត​លើ​ការ​កសាង​ជាតិ និង​លើក​កម្ពស់​ជីវភាព​ពលរដ្ឋ ជាជាង​ការ​ផ្ដោត​លើ​អំណាច​ផ្ទាល់ខ្លួន និង​ការ​បំប៉ន​ភាព​លោភលន់​មិន​ចេះ​ឆ្អែតឆ្អន់​របស់​ក្រុម​គ្រួសារ និង​បក្ខពួក​របស់​លោក​ទៅវិញ។ ជាមួយ​គ្នា​នេះ លោក ហ៊ុន សែន ប្រកាស​បន្ត​កាន់​អំណាច ១០​ឆ្នាំ​ទៀត និង​គាំទ្រ​លើក​កូនច្បង​របស់​លោក គឺ​លោក​ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ឲ្យ​បន្ត​តំណែង​ស្នង​ត្រកូល​របស់​លោក​ថែមទៀត។ ការ​ប្រកាស​បែប​នេះ មាន​ន័យ​ថា លោក​ចង់​រក្សា និង​បន្ត​អ្វី​ដែល​លោក​បាន និង​កំពុង​ធ្វើ។

លោក ហ៊ុន ម៉ាណែត កូនប្រុស​ច្បង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

លើស​ពី​នេះ​ទៅ​ទៀត វា​ក៏​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​ថា ការ​គ្រប់គ្រង និង​ពង្រឹង​អំណាច​របស់​លោក ហ៊ុន សែន គឺ​មិនមែន​ដើម្បី​ប្រទេស និង​ពលរដ្ឋ​របស់​លោក​នោះ​ទេ ប៉ុន្តែ​ដើម្បី​តែ​គ្រួសារ​វង្ស​ត្រកូល​របស់​គាត់​ប៉ុណ្ណោះ។ ដើម្បី​ធ្វើ​បែប​នេះ​បាន លោក ហ៊ុន សែន ត្រូវតែ​ប្រមូល​ផ្តុំ និង​អនុវត្ត​អំណាច​ផ្ដាច់ការ ដោយ​ដាក់​អ្វីៗ​ទាំងអស់​ឲ្យ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង ឬ​ជា​កម្មសិទ្ធិ​របស់​លោក និង​ក្រុម​គ្រួសារ​របស់​លោក រួម​ទាំង​ប្រទេស​កម្ពុជា និង​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ។

ដូច្នេះ ការ​ប្រកាស​គាំទ្រ​កូន​របស់​លោក​ក្នុង​ការ​បន្ត​តំណែង​ពី​លោក គឺជា​ចេតនា​យ៉ាង​ពិតប្រាកដ​របស់​លោក ហ៊ុន សែន ដើម្បី​រក្សា​ផ្លូវ​ដែល​លោក​កំពុង​ដើរ ដើម្បី​ការពារ​សុវត្ថិភាព​របស់​លោក​ក្រោយ​អស់​អំណាច​ប៉ុណ្ណោះ។ ដើម្បី​ធ្វើ​ដូច្នេះ​បាន លោក ហ៊ុន ម៉ាណែត ដែល​នឹង​បន្ត​តំណែង​ពី​ឪពុក​របស់​លោក ហាក់​គ្មាន​ជម្រើស​អ្វី​ក្រៅតែ​អនុវត្ត​អំណាច​ផ្ដាច់ការ​តាម​គន្លង​របស់​ឪពុក​របស់​លោក​នោះ​ឡើយ។

ប្រសិនបើ​រឿង​នេះ​កើតឡើង​មែន នោះ​ពលរដ្ឋ​ខ្មែរ​ដោយ​រួម​ទាំង​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ផង ត្រូវតែ​បន្ត​រស់នៅ​ក្រោម​អំណាច​ផ្ដាច់ការ ក្នុង​សង្គម​ក្រីក្រ សង្គម​ដែល​ញាំញី​ដោយ​អំពើពុករលួយ និង​សង្គម​អយុត្តិធម៌​ត​ជំនាន់​ទៅ​មុខ​ទៀត។

ដូច្នេះ អ្វី​ដែល​លោក ហ៊ុន សែន ចង់​ឃើញ​ប្រទេស​កម្ពុជា​ក្រោយ​រជ្ជកាល​អំណាច​របស់​លោក​នោះ គឺ​ការ​បន្ត​ដាក់​ប្រទេស និង​ពលរដ្ឋ​ខ្មែរ​ឲ្យ​ស្ថិត​ក្នុង​ភាព​ក្រីក្រ ក្រោម​ការ​គ្រប់គ្រង​នៃ​គ្រួសារ​ត្រកូល ហ៊ុន យ៉ាង​ណែន​ក្នុង​ដៃ ហើយ​អ្វីៗ​គ្រប់យ៉ាង រួម​ទាំង​ប្រទេស​ជាតិ និង​គណបក្ស​កាន់​អំណាច​ផង គឺជា​កម្មសិទ្ធិ​ផ្ដាច់មុខ​របស់​គ្រួសារ​មួយ​នេះ​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស