38 C
Phnom Penh

លោក ហ៊ុន សែន ប្រាប់​ពលរដ្ឋ​កុំ​ស្លន់ស្លោ​និង​ភ័យខ្លាច​ចំពោះ​ជំងឺ អូមីក្រុង ដែល​ជា Covid-19 បំប្លែង​ថ្មី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន បាន​ប្រាប់​ទៅ​ពលរដ្ឋ​កុំ​ស្លន់ស្លោ និង​ភ័យខ្លាច​ចំពោះ​ជំងឺ Covid-19 បំប្លែង​ថ្មី​ឈ្មោះ អូមីក្រុង ដោយ​ថា​ជំងឺ​នេះ​មិនទាន់​បង្ក​ភាព​មហន្តរាយ និង​សម្លាប់​មនុស្ស​នៅឡើយ​ទេ។

ការ​អះអាង​របស់​លោក ហ៊ុន សែន គឺ​ផ្ទុយពី​អង្គការ​សុខភាព​ពិភពលោក ដែល​កំពុង​បង្ហាញ​ក្ដី​បារម្ភ​ពី​វីរុស Covid-19 បំប្លែង​ខ្លួន​ថ្មី​ប្រភេទ អូមីក្រុង ទោះបី​ជំងឺ​ប្រភេទ​ថ្មី​នេះ​នៅ​មិនទាន់​ធ្វើ​ឲ្យ​អ្នក​ឆ្លង​ស្លាប់​ក៏ដោយ។

ក្នុង​ពិធី​ដាក់​សម្ពោធ​ឱ្យ​ប្រើប្រាស់​សណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ នៅ​ថ្ងៃ​ពុធ ទី​១៥ ធ្នូ នេះ លោក ហ៊ុន សែន អះអាង​ថា លោក​មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​ប្រកាស​អាសន្ន​របស់​អ្នក​នាំពាក្យ​អង្គការ​សុខភាព​ពិភពលោក និង​ប្រទេស​ខ្លះ ដោយ​ហាក់ដូចជា​ជំងឺ Covid-19 អូមីក្រុង ជា​ជំងឺ​មហន្តរាយ​ខ្ពស់ បើ​ទោះបី​នៅ​ទ្វីប​អាហ្វ្រិក ដែល​រក​ឃើញ​ករណី​ជំងឺ​នេះ​មុនគេ មិនទាន់​មាន​អ្នក​ស្លាប់​នៅឡើយ​នោះ។

លោក​បន្ត​ថា កម្ពុជា​កំពុង​រៀបចំ​បើក​ទទួល​ភ្ញៀវ​ទេសចរ​បរទេស និង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ឡើងវិញ ខណៈ​ភ្ញៀវ​ទេសចរ​បរទេស​មក​លេង​កម្ពុជា មិន​តម្រូវ​ឱ្យ​ធ្វើ​ចត្តាឡីស័ក ដែល​បង្ក​ភាព​ងាយស្រួល​មួយ​កម្រិត​ទៀត​ដល់​ភ្ញៀវ​ទេសចរ។ លោក​លើកឡើង​ថា ករណី​នេះ បាន​ធ្វើ​ឱ្យ​លោក​អន់ចិត្ត ព្រោះ​ជំងឺ Covid-19 អូមីក្រុង មិនទាន់​សម្លាប់​មនុស្ស​ច្រើន​ទេ ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​នាំគ្នា​ភ័យ​ស្លន់ស្លោ​ខ្លាំង​បែប​នេះ។

លោក ហ៊ុន សែន ក៏​បាន​ប្រាប់​ទៅ​ពលរដ្ឋ​កុំ​ឱ្យ​ភ័យ​ស្លន់ស្លោ​ជ្រុល​ពេក ដោយ​លោក​ថា ជំងឺ​អូមីក្រុង មិនទាន់​សម្លាប់​មនុស្ស​ច្រើន​ដូច​ជំងឺ Covid-19 ប្រភេទ Delta និង​អាល់ហ្វា នោះ​ទេ ខណៈ​កម្ពុជា​ទើប​រក​ឃើញ​ជំងឺ Covid-19 អូមីក្រុង តែ​មួយ​ករណី​ប៉ុណ្ណោះ។

ទាក់ទង​នឹង​ករណី​ឆ្លង​រាលដាល​នៃ​ជំងឺ Covid-19 នេះ លោក ហ៊ុន សែន ជា​បុរស​ដើរ​បញ្ច្រាស​ទិស​ក៏​ធ្លាប់​ប្រាប់​ពលរដ្ឋ​ខ្មែរ​កុំ​ឱ្យ​ខ្លាច​ជំងឺ Covid-19 និង​បាន​ព្រមាន​ដេញ​អ្នក​សារព័ត៌មាន​ចេញ បើ​សិន​ពួកគេ​ពាក់​ម៉ាស់​ចូលរួម​ក្នុង​សន្និសីទ​របស់​លោក​កាល​អំឡុង​ដើម​ឆ្នាំ​២០២០ ខណៈ​ជំងឺ Covid-19 កាលពី​ពេល​នោះ កំពុង​ឆ្លង​រីក​រាលដាល​នៅ​តាម​បណ្ដា​ប្រទេស​ផ្សេងៗ​នោះ។

បច្ចុប្បន្ន ក្រសួង​សុខាភិបាល​កម្ពុជា បាន​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង និង​ស្លាប់​ដោយ​ជំងឺ Covid-19 បាន​ថយ​ចុះ​ជាបន្តបន្ទាប់​ចាប់តាំង​ពី​ក្រសួង​ឈប់​ធ្វើ​តេស្ដ​តាម​ឧបករណ៍​តេស្ដ​រហ័ស ដោយ​មក​ធ្វើ​តេស្ដ​ម៉ាស៊ីន CPR វិញ។

គិត​ត្រឹម​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២១ កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ Covid-19 ចំនួន​ជាង ១២​ម៉ឺន​នាក់ (១២០៣៩០​នាក់) ក្នុង​នោះ​ករណី​នាំចូល​ពីក្រៅ​ប្រទេស​ចំនួន​ជិត ២​ម៉ឺន​នាក់ (១៩៨៥៣​នាក់) ខណៈ​អ្នកជំងឺ​ព្យាបាល​ជាសះស្បើយ​ចំនួន​ជាង ១១​ម៉ឺន ៦​ពាន់​នាក់ (១១៦៧៤៦​នាក់) ចំណែក​ឯ​អ្នក​ស្លាប់​ចំនួន​សរុប​ជិត ៣​ពាន់​នាក់ (២៩៩៥​នាក់)៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស