31 C
Phnom Penh

ក្រុម​សិទ្ធិមនុស្ស​អំពាវនាវ​ឱ្យ​ពលរដ្ឋ​តាមដាន​លើ​ការ​ស្ដារ​សិទ្ធិមនុស្ស​ជាជាង​រឿង​ចោរ​ប្លន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៅ​កម្ពុជា លើកឡើង​ថា ព្រឹត្តិការណ៍​ប្លន់​ប្រដាប់​អាវុធ​ដែល​បាន​កើត​លើ​មនុស្ស​ដែល​ល្បីៗ​ក្នុង​សង្គម ដូចជា​ឧកញ៉ា អ៊ាន សៀវម៉ី និង​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក លោក William Guang ជាដើម គឺជា​ព្រឹត្តិការណ៍​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ពិតមែន ប៉ុន្តែ​កិច្ចការ​ដែល​សំខាន់​ជាង​នេះ គឺ​ពលរដ្ឋ​ខ្មែរ​គួរ​តែ​នាំគ្នា​ឃ្លាំមើល​ការ​ស្ដារ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​របស់​រដ្ឋាភិបាល​វិញ​ល្អ​ជាង ព្រោះ​ថា​វា​ជា​កិច្ចការ​ដែល​មាន​ប្រយោជន៍​សម្រាប់​ប្រទេស​ជាតិ​ទាំងមូល។

អ្នក​នាំពាក្យ​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២១ ធ្នូ នេះ​ថា អំពើ​ចោរកម្ម​នៅ​កម្ពុជា​តែងតែ​កើត​មាន​ជា​ធម្មតា​ទៅ​ហើយ រីឯ​ការ​បង្ក្រាប តាមដាន ស៊ើបអង្កេត និង​កាត់សេចក្តី គឺជា​ភារកិច្ច​របស់​សមត្ថកិច្ច​ប៉ុណ្ណោះ ចំណែក​ពលរដ្ឋ​មិន​គួរ​ផ្ដោត​ការ​យកចិត្ត​ទុកដាក់​ខ្លាំង​ពេក​ទេ​លើ​ករណី​ទាំងនេះ ព្រោះ​ថា​នៅ​មាន​ភាព​អយុត្តិធម៌​សង្គម​ច្រើន​ទៀត​ដែល​កំពុង​ត្រូវការ​ពលរដ្ឋ​ចូលរួម​ដោះស្រាយ។

លោក ស៊ឹង សែនករុណា បញ្ជាក់​ថា កិច្ចការ​សង្គម​ដែល​ពលរដ្ឋ​គួរ​តែ​យកចិត្ត​ទុកដាក់​តាមដាន​សព្វថ្ងៃ​នេះ​មាន​ច្រើន​ណាស់ ដូចជា៖

  • សិទ្ធិ​បញ្ចេញមតិ​របស់​ពលរដ្ឋ​ដែល​ត្រូវ​បាន​រឹតត្បិត
  • វិបត្តិ​នយោបាយ​កំពុង​ជាប់​គាំង
  • ទណ្ឌកម្ម​អន្តរជាតិ​កំពុង​សង្កត់​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា
  • ការ​រំលោភ​បំពាន​សិទ្ធិ​ការងារ​របស់​កម្មករ​និយោជិត​កំពុង​តែ​កើតមាន
  • និង​ការ​ធ្លាក់​ចុះ​នៃ​ការ​អនុវត្ត​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ជាដើម។

មន្ត្រី​ការពារ​សិទ្ធិមនុស្ស​រូប​នេះ​អះអាង​ថា ជុំវិញ​ករណី​ប្លន់​ប្រដាប់​អាវុធ​នេះ ប្រសិនបើ​អាជ្ញាធរ​រក​ឃើញ​ថា​ជនសង្ស័យ​ពិត​ជា​បាន​ធ្វើ​សកម្មភាព​ប្លន់​ប្រាកដ​មែន ត្រូវតែ​អនុវត្ត​ទៅ​តាម​ច្បាប់ ប៉ុន្តែ​មុន​នឹង​ឈាន​ទៅ​ដល់​ការ​ចោទប្រកាន់​ដើម្បី​កាត់ទោស សមត្ថកិច្ច​គួរ​តែ​ស៊ើបអង្កេត​ឱ្យ​បាន​ច្បាស់លាស់​ជា​មុន​សិន ដើម្បី​បង្កើន​នូវ​ជំនឿ​ទុកចិត្ត​ពី​ពលរដ្ឋ​របស់​ខ្លួន​លើ​ករណី​នេះ។

នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០២១ នេះ មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក សៅ សុខា អះអាង​ថា ចោរ​ប្លន់​ប្រដាប់​ដោយ​អាវុធ​ចូល​ប្លន់​ទ្រព្យសម្បត្តិ​ដល់​គេហដ្ឋាន​អ្នក​លក់​ឡេ ឧកញ៉ា អ៊ាន សៀវម៉ី កាលពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២១ កន្លងទៅ ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធហត្ថ​បង្ក្រាប​បាន​ហើយ ដែល​មាន​មេខ្លោង​ជា​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក ឈ្មោះ William Guang ក្នុង​នោះ​សមត្ថកិច្ច​បាន​ដកហូត​បាន​វត្ថុតាង​បាន​មួយ​ចំនួន រួម​ទាំង​កាំភ្លើង ៥​ដើម​ផង​ដែរ។

ដោយឡែក​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ក្រុង​ភ្នំពេញ លោក រ័ត្ន ស្រ៊ាង បាន​អះអាង​ថា ប្រធាន​គណបក្ស​ខ្មែរ​ក្រោក ឈ្មោះ William Guang បាន​សារភាព​ថា ខ្លួន​ពិត​ជា​បាន​ដឹកនាំ​បក្ខពួក​ធ្វើ​សកម្មភាព​ចូល​ប្លន់​ប្រាកដ​មែន ដោយ​ឈ្មោះ William Guang ជា​អ្នកបញ្ជា​ឱ្យ​ធ្វើ​សកម្មភាព​ប្លន់​ដោយ​ផ្ទាល់ ដោយសារ​តែ​ខ្លួន​ស្អប់​អ្នក​លក់​ឡេ​អនឡាញ សៀវម៉ី ដែល​តែង​បង្ហោះ​បង្អួត​ទ្រព្យសម្បត្តិ​តាម​បណ្ដាញ​សង្គម​រហូត​មក។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ករណី​ប្លន់​នេះ​ទំនង​ជា​ព្រឹត្តិការណ៍​នយោបាយ​ដែល​បាន​បង្កើត​ឡើង​ដោយ​បក្ស​កាន់​អំណាច ដើម្បី​បង្វែរ​ការ​ចាប់​អារម្មណ៍​របស់​មហាជន​ចេញពី​ព្រឹត្តិការណ៍​អាក្រក់ៗ​ដែល​កំពុង​កើតមាន​លើ​រដ្ឋាភិបាល​កម្ពុជា ដូចជា​ការ​ប្រតិកម្ម​របស់​និស្សិត​ប្រទេស​ភូមា លើ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ដោយ​ការ​យក​រូប​របស់​លោក​ជាន់​នឹង​បាតជើង និង​ដុត​ចោល​តាម​ទី​សាធារណៈ​កាលពី​ពេល​ថ្មីៗ​នេះ​តែប៉ុណ្ណោះ។

ប្រភព​ដដែល​បញ្ជាក់​ថា ប្រសិនបើ​ករណី​ប្លន់​នេះ​ជា​ព្រឹត្តិការណ៍​ដែល​គ្មាន​ការ​រៀបចំ ដើម្បី​បង្កើត​ជា​ព្រឹត្តិការណ៍​នយោបាយ​បង្វែរ​ចំណាប់​អារម្មណ៍​មហាជន​ទេ​នោះ មាន​ន័យ​ថា​គោលនយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​ដាក់​ចេញ​កន្លងមក គឺ​គ្មាន​ប្រសិទ្ធភាព​អ្វី​ទាំងអស់ ព្រោះ​បញ្ហា​អសន្តិសុខ​សង្គម​នៅតែ​កើត​មាន​លើ​ពលរដ្ឋ​ដដែល៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស