31 C
Phnom Penh

អ្នក​ឃ្លាំមើល៖ មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប​នៅតែ​បន្ត​រស់​ក្រោម​ឥទ្ធិពល​វៀតណាម​ដដែល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក​រិះគន់​ថា មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​បាន​លើក​បន្តុប​កាលពី​ជាង ៤០​ឆ្នាំ​មុន នៅតែ​រក្សា​តួនាទី​របស់​ខ្លួន​រស់​ក្រោម​ឥទ្ធិពល​វៀតណាម​ដដែល ព្រោះ​ថា​ក្នុង​ជំនួប​ទល់មុខ​ប្រធាន​រដ្ឋ​វៀតណាម លោក ង្វៀន ស៊ួនហ្វុក (Nguyen Xuan Phuc) កាល​ពី​ថ្ងៃ​ទី​២១ ធ្នូ លោក ហ៊ុន សែន នៅតែ​បន្ត​បំពេញ​មហិច្ឆតា​ឈ្លានពាន​របស់​វៀតណាម​លើ​កម្ពុជា​ដដែល។

អ្នកវិភាគ​នយោបាយ​ឯករាជ្យ និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២២ ធ្នូ នេះ​ថា មេដឹកនាំ​បក្ស​កាន់​អំណាច​ព្យាយាម​បន្ត​ឋានៈ​ជា​អាយ៉ង​របស់​វៀតណាម​គ្រប់​រូបភាព ដូចជា​ការ​បន្ត​ទំនាក់ទំនង​ក្រោម​លេស​លើក​កម្ពស់​ទំនាក់ទំនង​គ្រប់​ជ្រុងជ្រោយ​កម្ពុជា-វៀតណាម ការ​អភិវឌ្ឍ​ពាណិជ្ជកម្ម​តាម​បែប​ថ្មី តភ្ជាប់​ខឿន​សេដ្ឋកិច្ច​កម្ពុជា-វៀតណាម ពន្លឿន​ផែនការ​ពាណិជ្ជកម្ម​តាម​ព្រំដែន និង​ពង្រឹង​បន្ថែម​នូវ​កិច្ចសហប្រតិបត្តិការ​នានា ជាដើម។

លោក គឹម សុខ បញ្ជាក់​ថា កិច្ចសហប្រតិបត្តិការ​រវាង​មេដឹកនាំ​បក្ស​អំណាច​កម្ពុជា និង​មេដឹកនាំ​កុម្មុយនីស្ត​វៀតណាម​ទាំងនេះ បើ​មិន​អាច​អនុវត្ត​ឱ្យ​មាន​តម្លាភាព​ទេ គឺ​ដូចជា​ជួយ​រុញ​ល្បឿន​រណសិរ្ស​របស់​ប្រទេស​វៀតណាម ឈ្លានពាន​អធិបតេយ្យភាព​កម្ពុជា​ឱ្យ​កាន់តែ​ឆាប់​ទទួល​បាន​ជោគជ័យ​តែប៉ុណ្ណោះ។

អ្នកវិភាគ​រូប​នេះ​រិះគន់​ថា ក្នុង​ជម្លោះ​ដែនសមុទ្រ​ចិន​ខាងត្បូង លោក ហ៊ុន សែន បាន​អំពាវនាវ​ដល់​ភាគី​វិវាទ​ទាំងអស់​ឱ្យ​គោរព​តាម​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២ ឬ UNCLOS-1982 ប៉ុន្តែ​ពេល​លោក ហ៊ុន សែន ជួប​ទល់មុខ​ជាមួយ​នឹង​ប្រធាន​រដ្ឋ​វៀតណាម លោក ង្វៀន ស៊ួនហ្វុក បែរជា​មិន​ហ៊ាន​ទាមទារ​ឲ្យ​ភាគី​វៀតណាម គោរព​ច្បាប់​សមុទ្រ​នេះ​ជាមួយ​នឹង​កម្ពុជា ដើម្បី​ការពារ​ដែនសមុទ្រ​របស់​ខ្លួន​ទៅវិញ។

លោក គឹម សុខ បញ្ជាក់​ថា តាម​លក្ខខណ្ឌ​ភូមិសាស្ត្រ​ជាក់ស្ដែង​របស់​កម្ពុជា​សព្វថ្ងៃ​នេះ កោះត្រល់​ពិតជា​កម្មសិទ្ធិ​របស់​កម្ពុជា​មិន​អាច​ប្រកែក​បាន ព្រោះ​ថា​កោះ​ខ្មែរ​មួយ​នេះ​មាន​រយៈ​ចម្ងាយ​ត្រឹមតែ ១៥​គីឡូម៉ែត្រ​តែប៉ុណ្ណោះ​ពី​ឆ្នេរ​ខេត្ត​កំពត​របស់​ប្រទេស​កម្ពុជា គឺ​ស្ថិត​ក្នុង​រង្វង់ ១៩,៣​គីឡូម៉ែត្រ​ដែល​កំណត់​ដោយ​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២ ដែល​កំពុងតែ​ធរមាន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ជំនួប​រវាង​មេដឹកនាំ​បក្ស​កាន់​អំណាច​ជាមួយ​មេដឹកនាំ​កុម្មុយនីស្ត​វៀតណាម ដើម្បី​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់ៗ​មួយ​ចំនួន​ជាមួយ​កម្ពុជា សម្រាប់​ការ​អនុវត្ត​បន្ត​ក្នុង​ឆ្នាំ​២០២២ ខាងមុខ​នេះ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កូនប្រុស​ច្បង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្វាគមន៍​ប្រធាន​រដ្ឋ​វៀតណាម លោក ង្វៀន ស៊ួនហ្វុក (Nguyen Xuan Phuc) កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០២១។ (រូបថត​ពី​ហ្វេសប៊ុក​លោក ហ៊ុន សែន)

កាលពី​ថ្ងៃ​ទី​២១ និង​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០២១ នេះ ប្រធានាធិបតី​ថ្មី​នៃ​ប្រទេស​វៀតណាម លោក ង្វៀន ស៊ួនហ្វុក បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ទៅ​កម្ពុជា ដើម្បី​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់​មួយ​ចំនួន និង​បន្ត​ពង្រឹង​ឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង​ទ្វេភាគី​ក្នុង​ស្មារតី​ជា​អ្នក​ជិតខាង​ល្អ និង​ដើម្បី​ជា​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅវិញ​ទៅមក។

ទាក់ទិន​នឹង​ទំនាក់ទំនង​កម្ពុជា-វៀតណាម​នេះ ក្រសួង​ការបរទេស​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០២១ អំពី​លទ្ធផល​នៃ​កិច្ចប្រជុំ​លើក​ទី​១៩ របស់​គណៈកម្មការ​ចម្រុះ​កម្ពុជា-វៀតណាម ស្ដីពី​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ថា កម្ពុជា-វៀតណាម នឹង​តភ្ជាប់​សេដ្ឋកិច្ច​ឆ្នាំ​២០៣០ នៅ​ចុង​ឆ្នាំ​២០២២ នេះ។

ប្រភព​ដដែល​អះអាង​ថា ភាគី​ទាំង​ពីរ​បាន​ឯកភាព​សម្រួល​ឆ្លងកាត់​ទំនិញ​ក្រោម​បទបញ្ញត្តិ​នៃ​កិច្ចព្រមព្រៀង​ទ្វេភាគី តំបន់ និង​អន្តរជាតិ ដែល​កម្ពុជា-វៀតណាម​ជា​ហត្ថលេខី ព្រមទាំង​កិច្ចព្រមព្រៀង​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ដែល​នឹង​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០២២ ខាងមុខ​នេះ​តទៅ។

ដោយឡែក​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ សរសេរ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២២ ធ្នូ នេះ​ថា ក្នុង​ជំនួប​របស់​លោក​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​វៀតណាម លោក Phan Van Giang នៅ​ថ្ងៃ​ទី​២២ ខែ​ធ្នូ នេះ បាន​ប្ដេជ្ញា​ចិត្ត​បន្ត​ពង្រឹង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត សំដៅ​គាំទ្រ​គ្នា​ទៅវិញ​ទៅមក រក្សា​ចំណង​មិត្តភាព​ជា​ប្រពៃណី កសាង​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ​សម្រាប់​បម្រើ​ឲ្យ​ផលប្រយោជន៍​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ។

ក្រុម​អ្នក​សង្កេតការណ៍​រិះគន់​ថា នាយករដ្ឋមន្ត្រី​របស់​កម្ពុជា​ពិតប្រាកដ គឺ​វៀតណាម​ទៅវិញ​ទេ ខណៈ​លោក ហ៊ុន សែន ប្រៀប​ដូចជា​នាយករដ្ឋមន្ត្រី​ស្រមោល​របស់​ខ្មែរ​នោះ តែង​សម្បទាន​គ្រប់​បែប​យ៉ាង រួម​ទាំង​ការ​អនុញ្ញាត​ឲ្យ​វៀតណាម​បង្ហូរ​ជនជាតិ​របស់​គេ​ឲ្យ​មក​រស់នៅ​ដោយ​សេរី និង​ដោយ​ខុសច្បាប់​ក្នុង​ទឹកដី​ខ្មែរ និង​ការ​កាត់​ទឹកដី​ខ្មែរ​ឲ្យ​វៀតណាម តាមរយៈ​កិច្ចព្រមព្រៀង​ខុសច្បាប់​ជាច្រើន​ចាប់តាំង​ពី​ឆ្នាំ​១៩៧៩ មក​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស