34 C
Phnom Penh

អ្នក​ឃ្លាំមើល​ថា​លោក ហ៊ុន សែន មាន​ចេតនា​ណែនាំ​កូនប្រុស​ទៅ​មេដឹកនាំ​វៀតណាម​ឱ្យ​មាន​ទំនាក់ទំនង​ល្អ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន ទទួល​ប្រធានាធិបតី​វៀតណាម លោក ង្វៀន ស៊ួនហ្វុក (Nguyen Xuan Phuc) ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា ឱ្យ​ទៅ​ទទួលទាន​អាហារ​ពេល​ព្រឹក​នៅ​ភូមិគ្រឹះ​របស់​លោក ដោយ​មាន​វត្តមាន​កូនប្រុស​ទាំង​បី​របស់​លោក​ផង​ដែរ គឺ​លោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានិត និង​លោក ហ៊ុន ម៉ានី។

មេដឹកនាំ​ខ្មែរ​ដែល​ប្ដេជ្ញា​កាន់​អំណាច​តំណ​ពូជ លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២២ ធ្នូ នេះ​ថា នៅ​ក្នុង​ពិធី​ទទួលទាន​អាហារ​ពេល​ព្រឹក​ជា​លក្ខណៈ​គ្រួសារ​នេះ លោក ហ៊ុន សែន និង​មេដឹកនាំ​កុម្មុយនីស្ត​វៀតណាម បាន​ពិភាក្សា​គ្នា​លើ​ការ​ដោះស្រាយ​បញ្ហា​ធំៗ​ជាច្រើន ដែល​បម្រើ​ផលប្រយោជន៍​ឲ្យ​ជាតិ និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ។

បុរស​ខ្លាំង​នៅ​កម្ពុជា​រូប​នេះ​អះអាង​ថា ប្រធានាធិបតី​ថ្មី​វៀតណាម លោក ង្វៀន ស៊ួនហ្វុក បាន​កោត​សរសើរ​ចំពោះ​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ និង​សំខាន់ៗ​ដែល​កម្ពុជា និង​វៀតណាម សម្រេច​បាន ជាពិសេស​ការ​អភិវឌ្ឍ​ជាតិ ស្ថិរភាព​នយោបាយ លើក​កម្ពស់​តួនាទី និង​មុខមាត់​ប្រទេស​កម្ពុជា​ក្នុង​តំបន់ និង​លើ​ឆាក​អន្តរជាតិ។

ការ​លើកឡើង​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​បែប​នេះ គឺ​បន្ទាប់ពី​លោក​បាន​ជួប​ជាមួយ​មេដឹកនាំ​វៀតណាម ដែល​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា​រយៈពេល ២​ថ្ងៃ​នៅ​ដើម​សប្តាហ៍​នេះ។

ប្រធានាធិបតី​ថ្មី​របស់​វៀតណាម លោក ង្វៀន ស៊ួនហ្វុក បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​មក​កម្ពុជា​រយៈពេល​ពីរ​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​២១ និង​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០២១ ដើម្បី​បន្ត​ពង្រឹង​ឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង​ទ្វេភាគី ក្នុង​ស្មារតី​ជា​អ្នក​ជិតខាង​ល្អ​រវាង​កម្ពុជា-វៀតណាម។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២២ ធ្នូ នេះ​ថា ក្នុង​ជំនួប​របស់​លោក ហ៊ុន សែន រួម​ជាមួយ​កូនៗ​របស់​គាត់​ជាមួយ​នឹង​មេដឹកនាំ​វៀតណាម គឺជា​ការ​សម្ដែង​នូវ​ភាព​ជិតស្និទ្ធ​កាន់តែ​ស៊ីជម្រៅ​មួយ​កម្រិត​ទៀត​ក្នុង​នាម​ជា​មេដឹកនាំ​ដែល​ធ្លាប់​អនុវត្ត​តាម​ផែនការ​របស់​វៀតណាម​កន្លងមក។

លោក ម៉ែន ណាត លើកឡើង​ថា ក្នុង​ជំនួប​នេះ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន មាន​ចេតនា​ណែនាំ​ឱ្យ​មេដឹកនាំ​វៀតណាម លោក ង្វៀន ស៊ួនហ្វុក មាន​ទំនាក់ទំនង​កាន់តែ​ល្អ​បន្ថែម​ទៀត​ជាមួយ​កូនប្រុស​របស់​លោក ជាពិសេស​លោក ហ៊ុន ម៉ាណែត ដែល​អាច​នឹង​ត្រូវ​ស្នង​តំណែង​បន្ត​អំណាច​របស់​គាត់​ទៅ​ថ្ងៃ​ក្រោយ ដើម្បី​សុំ​ការ​ជ្រោមជ្រែង​ពី​រដ្ឋាភិបាល​វៀតណាម ដូច​ដែល​លោក​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ពី​វៀតណាម ដូច្នោះ​ដែរ។

លោក​បន្ត​ថា បញ្ហា​នេះ​មិន​ចម្លែក​ទេ​សម្រាប់​មេដឹកនាំ​ដែល​ល្មោភ​អំណាច និង​ប្ដេជ្ញា​កាន់កាប់​អំណាច​ត​វង្ស​ត្រកូល​ដូច​លោក ហ៊ុន សែន ព្រោះ​ថា​មេដឹកនាំ​ដែល​ប្រកាន់​ជំហរ​ដឹកនាំ​តាម​បែប​កុម្មុយនីស្ត​ដោយ​ការ​កាន់​អំណាច​មួយ​ជីវិត​បែប​នេះ តែងតែ​រឹតចំណង​ចង​ជា​គ្រួសារ​ជាមួយ​មេដឹកនាំ​កុម្មុយនីស្ត​ជានិច្ច ដើម្បី​ថែរក្សា​អំណាច​តំណពូជ​របស់​ខ្លួន។

កាលពី​អំឡុង​ខែ​មេសា ឆ្នាំ​២០២១ លោក ហ៊ុន សែន ធ្លាប់​បាន​ផ្ញើ​លិខិត​ជូន​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​វៀតណាម លោក ង្វៀន ហ៊្វូចុង ដោយ​លើក​សរសើរ​ពី​កូនប្រុស​របស់​គាត់ គឺ​លោក ហ៊ុន ម៉ាណែត ថា​មាន​សមត្ថភាព​អាច​ផ្តល់​ក្តី​សង្ឃឹម​ដល់​ពលរដ្ឋ​កម្ពុជា​បាន ជាពិសេស​បាន​ទទួល​ស្នាដៃ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នៃ​ការ​រីក​រាលដាល​នៃ​វីរុស Covid-19 កន្លងមក។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា លោក ហ៊ុន សែន ទំនង​ជា​ដឹង​ច្បាស់​ហើយ​ថា ដើម្បី​បង្កើន​ឥទ្ធិពល​កូនប្រុស​របស់​គាត់​ក្នុង​ជួរ​គណបក្ស និង​មន្ត្រី​រដ្ឋាភិបាល​ផ្សេង​ទៀត​ដើម្បី​ឲ្យ​ពួកគេ​ទទួលស្គាល់​ក្នុង​ការ​ស្នង​អំណាច​នេះ គ្មាន​ជម្រើស​ផ្សេង​ណា​ក្រៅពី​ពឹង​ចៅហ្វាយ​ចាស់​របស់​ខ្លួន គឺ​រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម ឱ្យ​ជួយ​ជ្រោមជ្រែង​កូន​របស់​គាត់​ឡើង​កាន់​អំណាច​បន្ត​ពី​ខ្លួន​នោះ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស