31 C
Phnom Penh

លោក ហ៊ុន សែន អួត​ថា​រដ្ឋាភិបាល​លោក​មិន​មែន​កញ្ជើ​ធ្លុះ​ទេ បើ​មិន​មាន​វិបត្តិ​កូវីដ-១៩ លោក​នឹង​អភិវឌ្ឍ​ឱ្យ​ផ្អើល​ប្រទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​ដែល​ឧស្សាហ៍​ប្រើ​កណ្ដាប់ដៃ​ដែក លោក ហ៊ុន សែន អួត​ថា រដ្ឋាភិបាល​របស់​លោក​មិនមែន​ជា​រដ្ឋាភិបាល​កញ្ជើ​ធ្លុះ​នោះ​ទេ ហើយ​បើសិនជា​មិន​មាន​ការ​ផ្ទុះឡើង​នៃ​ជំងឺ Covid-19 លោក​នឹង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ប្រទេស​ជាតិ​ឱ្យ​ផ្អើល​ប្រទេស​កម្ពុជា​ជា​មិនខាន។

លោក ហ៊ុន សែន បាន​អះអាង​ក្នុង​ពិធី​សម្ពោធ​អគារ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៣ ធ្នូ នេះ​ថា ប្រសិនបើ​គ្មាន​ជំងឺ​រាតត្បាត Covid-19 កើតឡើង​ទេ រដ្ឋាភិបាល​កម្ពុជា​អាច​មាន​លទ្ធភាព​ប្រើ​ថវិកា​ជាតិ​ដែល​ខ្លួន​បាន​សន្សំ​ប្រមាណ​ជាង ៣​ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​អភិវឌ្ឍ​ឱ្យ​ផ្អើល​កម្ពុជា​ម្តង ប៉ុន្តែ​ដោយសារ​ជំងឺ Covid-19 ថវិកា​នេះ​ត្រូវ​បាន​ប្រើ​អស់​ប្រមាណ​ជា​ពាក់កណ្តាល​ទៅ​ហើយ។

បុរស​ខ្លាំង​នៅ​កម្ពុជា​រូប​នេះ​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ចំណាយ​លុយ​ដែល​ខ្លួន​សន្សំ​អស់​ជាង ៣០​លាន​ដុល្លារ​អាមេរិក​ឯណោះ​សម្រាប់​ចិញ្ចឹម​ប្រជាពលរដ្ឋ​របស់​ខ្លួន ក្នុង​ពេល​មាន​វិបត្តិ Covid-19 តាមរយៈ​កម្មវិធី​ជំនួយ​សង្គម​ឧបត្ថម្ភ​គ្រួសារ​ក្រីក្រ​រង​ផល​ប៉ះពាល់​ដោយសារ​វីរុស Covid-19។ បើ​មិន​ដូច្នោះ​ទេ លោក​នឹង​កសាង​ស្ពាន​ឆ្លង​ទន្លេ​ឱ្យ​ស្អេកស្កះ ដូចជា​ស្ពាន​ឆ្លង​ស្ទឹង​ព្រែកត្នោត ជាដើម យ៉ាង​ឆ្ងាយ​បំផុត​ត្រឹមតែ​មួយ​គីឡូម៉ែត្រ​ឱ្យ​មាន​ស្ពាន​មួយ​ពេញ​ដងទន្លេ។

ការ​អះអាង​នេះ ធ្វើឡើង​ដើម្បី​បង្ហាញ​ពី​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ឯក​បក្ស​របស់​បក្ស​កាន់​អំណាច ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ដែល​រង​ការ​រំខាន​ដោយសារ​ផល​ប៉ះពាល់​នៃ​ការ​រីក​រាលដាល​ជំងឺ Covid-19។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៣ ធ្នូ នេះ​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន ជា​រដ្ឋាភិបាល​កញ្ជើ​អត់​បាត ហើយ​អ្នក​ចាំ​ត្រង​សម្បត្តិ​ជាតិ​កម្ពុជា​ពី​កញ្ជើ​អត់​បាត​នេះ គឺ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន ពួក​ឧកញ៉ា​មន្ត្រី​ជិតស្និទ្ធ​នឹង​គ្រួសារ ហ៊ុន ក្នុង​នោះ​ទ្រព្យសម្បត្តិ​ជាតិ​ទាំងនោះ​ក៏​ហៀរហូរ​ធ្លាក់​ទៅ​ប្រទេស​វៀតណាម និង​ចិន ផង​ដែរ។

លោក គឹម សុខ អះអាង​ថា ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​កម្ពុជា ពិត​ជា​មាន​ចំណែក​នៃ​ជំងឺ Covid-19 មែន ប៉ុន្តែ​បញ្ហា​ធំ​នោះ គឺ​ទីផ្សារ​អនុគ្រោះ​ពន្ធ​របស់​សហរដ្ឋ​អាមេរិក GSP និង EBA របស់​អឺរ៉ុប ត្រូវ​បាន​ព្យួរ​ដោយសារ​តែ​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ ត្បិត​ទីផ្សារ​ធំៗ​ទាំងនេះ​មាន​ចំណែក​ជួយ​ជំរុញ​ការ​នាំចេញ​របស់​កម្ពុជា​យ៉ាង​តិច ៧៥% នៃ​តួលេខ​នាំចេញ​សរុប​របស់​កម្ពុជា​កន្លងមក។

អ្នកវិភាគ​រូប​នេះ​បញ្ជាក់​ថា បើ​កុំ​តែ​មាន​ជំងឺ Covid-19 ប្រហែល​លោក ហ៊ុន សែន គ្មាន​លេស​បំភ័ន្ត​ភ្នែក​ពលរដ្ឋ​ខ្មែរ​នោះ​ទេ ព្រោះ​ថា​ទ្រព្យសម្បត្តិ​ជាតិ​របស់​កម្ពុជា ដូចជា​ឈើ​ប្រណិត កៅស៊ូ រ៉ែ មច្ឆជាតិ ជាដើម ហូរ​ស្ទើរ​ខ្សោះ​ពី​កម្ពុជា​ចូល​ទៅ​បង្កើន​ផល​ចំណេញ​សេដ្ឋកិច្ច​របស់​វៀតណាម រាប់​ពាន់​លាន​ដុល្លារ​ជា​រៀងរាល់​ឆ្នាំ។

ជុំវិញ​ការ​ប្រើប្រាស់​ថវិកា​ជាតិ​នេះ កាលពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០២០ លោក ហ៊ុន សែន បាន​ត្អូញត្អែរ​ពី​ការ​ខ្វះខាត​ថវិកា​ដែល​នឹង​ត្រូវ​ចំណាយ​លើ​ថ្លៃ​ទិញ​ថ្នាំបង្ការ​ជំងឺ Covid-19 បញ្ជាទិញ​ត្រឹមតែ ១​លាន​ដូស​ប៉ុណ្ណោះ ប៉ុន្តែ​ដើម្បី​បាន​លុយ​ទិញ​ថ្នាំបង្ការ​ចាក់​ជូន​ពលរដ្ឋ​ដូច​សព្វថ្ងៃ​នេះ គាត់​បាន​ពី​ការ​រៃអង្គាស​ពី​ឧកញ៉ា​ធំៗ​ដែល​បាន​ថវិកា​សរុប​ប្រមាណ​ជាង ៥០​លាន​ដុល្លារ​អាមេរិក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស