33 C
Phnom Penh

តំណាង​ស្ថានទូត​ចិន​គ្រោង​ចុះ​វាយតម្លៃ​វិភាគ​ហានិភ័យ​លើ​ផ្លែ​មៀន​ប៉ៃលិន​ដើម្បី​នាំចេញ​ទៅ​ចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​កសិកម្ម​កម្ពុជា អះអាង​ថា នៅ​សប្តាហ៍​ទី​១​នៃ​ខែ​មករា ឆ្នាំ​២០២២ ខាងមុខ​នេះ តំណាង​ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​នៅ​កម្ពុជា គ្រោង​នឹង​ចុះ​វាយតម្លៃ​វិភាគ​ហានិភ័យ​លើ​ផ្លែ​មៀន​ប៉ៃលិន ដោយ​ជ្រើសរើស​សម្រិតសម្រាំង​យក​ចម្ការ​មួយ​ចំនួន​ជា​តំណាង​ក្នុង​ការ​សិក្សា​វាយតម្លៃ​នេះ។

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០២១ នេះ​ថា បច្ចុប្បន្ន ដំណើរការ​ចរចា​បើក​ទីផ្សារ​ផ្លែ​មៀន​ប៉ៃលិន ទៅកាន់​ប្រទេស​ចិន បាន​ឈាន​ដល់​ដំណាក់កាល​វាយតម្លៃ​ហានិភ័យ ដោយ​ចុះ​ពិនិត្យ​ផ្ទាល់​ដល់​ចម្ការ និង​រោងចក្រ​វេច​ខ្ចប់​សម្លាប់​សមាសភាព​ចង្រៃ​ហើយ។

ប្រភព​ដដែល​អះអាង​ថា ដើម្បី​មាន​លទ្ធភាព​ចរចា​បើក​ទីផ្សារ​ឱ្យ​បាន​លឿន​ឈាន​ដល់​ការ​អនុញ្ញាត​នាំចូល​ទៅ​ប្រទេស​ចិន ចាំបាច់​ត្រូវតែ​បំពេញ​លក្ខខណ្ឌ​ស្តង់ដារ​អនាម័យ ស្តង់ដារ​គុណភាព និង​សុវត្ថិភាព​ឱ្យ​បាន​ពេញលេញ ដែល​ទាមទារ​ឱ្យ​ម្ចាស់​ចម្ការ​ត្រូវ​អនុវត្ត​បច្ចេកទេស​ដាំដុះ​តាម​គោលការណ៍​នៃ​ការ​អនុវត្ត​កសិកម្ម​ល្អ និង​ត្រូវការ​សាងសង់​រោងចក្រ​វេច​ខ្ចប់​សម្លាប់​សមាសភាព​ចង្រៃ​តាម​ស្តង់ដារ​ផង​ដែរ។

ក្រសួង​កសិកម្ម អំពាវនាវ​ឱ្យ​ម្ចាស់​ចម្ការ សហគមន៍​កសិកម្ម​ផ្លែ​មៀន​ប៉ៃលិន និង​ម្ចាស់​រោងចក្រ​វេច​ខ្ចប់​សម្លាប់​សមាសភាព​ចង្រៃ ត្រៀម​លក្ខណៈ​ជាស្រេច​ចូលរួម​សហការ​ជាមួយ​មន្ត្រី​អគ្គនាយកដ្ឋាន​កសិកម្ម ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ និង​ជោគជ័យ​តាម​ការ​គ្រោងទុក។ បន្ថែម​ពី​នេះ ម្ចាស់​ចម្ការ​ផ្លែ​មៀន និង​ម្ចាស់​រោងចក្រ ត្រូវតែ​នាំគ្នា​ដាក់​ពាក្យ​ស្នើសុំ​ចុះបញ្ជី​នាំចេញ​ផ្លែ​មៀន​ប៉ៃលិន ទៅកាន់​ប្រទេស​ចិន ឱ្យ​បាន​រួសរាន់​ផង​ដែរ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៣ ធ្នូ នេះ​ថា ការ​ជំរុញ​ឱ្យ​ម្ចាស់​ចម្ការ​ផ្លែ​មៀន​រៀបចំ​ចម្ការ​តាម​ស្តង់ដារ​ដែល​ភាគី​ចិន បាន​តម្រូវ​ជា​រឿង​ល្អ​ហើយ​ដើម្បី​ឱ្យ​ផ្លែ​មៀន​ខ្មែរ​អាច​នាំចេញ​ទៅ​បរទេស​បាន​កាន់តែ​ច្រើន ប៉ុន្តែ​ក្រសួង​ត្រូវតែ​មាន​ផែនការ​ច្បាស់លាស់​ដើម្បី​ជួយ​កសិករ​ឱ្យ​ពួកគាត់​មាន​លទ្ធភាព​អាច​អនុវត្ត​តាម​តម្រូវការ​របស់​ភាគី​ចិន​បាន។

បណ្ឌិត យ៉ង សាំងកុមារ លើកឡើង​ថា ដើម្បី​ជួយ​ម្ចាស់​ចម្ការ​ផ្លែ​មៀន និង​ម្ចាស់​រោងចក្រ​វេច​ខ្ចប់ ក្រសួង​កសិកម្ម​ត្រូវតែ​មាន​ផែនការ​បញ្ជូន​មន្ត្រី​ជំនាញ​របស់​ខ្លួន​ទៅ​ជួយ​ដឹកនាំ​ប្រជាពលរដ្ឋ​ធ្វើការ​នេះ​ដោយ​ផ្ទាល់ ដើម្បី​ឱ្យ​ប្រាកដ​ថា ម្ចាស់​ចម្ការ​ទាំងនោះ​ពិតជា​អាច​អនុវត្ត​តាម​ស្តង់ដារ​ដែល​គេ​បាន​តម្រូវ​បាន​ត្រឹមត្រូវ​ប្រាកដ​មែន។

មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​រូប​នេះ​បញ្ជាក់​ថា ក្រៅពី​ការ​ជួយ​កសិករ​ឱ្យ​អាច​អនុវត្ត​តាម​គោលការណ៍​ស្តង់ដារ​របស់​ភាគី​ចិន ដែល​បាន​តម្រូវ​ហើយ​នោះ ក្រសួង​ក៏​ត្រូវ​ជួយ​ចរចា​តម្លៃ​ទីផ្សារ​ផ្លែ​មៀន​ឱ្យ​កសិករ​ផង​ដែរ ព្រោះ​ថា​បើ​កសិករ​អាច​ធ្វើ​តាម​ការ​ណែនាំ​បាន​ត្រឹមត្រូវ​ហើយ​នោះ ប៉ុន្តែ​តម្លៃ​ដែល​ពួកគាត់​លក់​ចេញ​ចុះ​ថោក នោះ​ការ​ខាតបង់ គឺ​រឹត​តែ​ធ្ងន់ធ្ងរ​ជាង​មុន​ថែមទៀត។

ជុំវិញ​បញ្ហា​នេះ កាលពី​អំឡុង​ខែ​សីហា ឆ្នាំ​២០២១ កន្លងទៅ ម្ចាស់​ចម្ការ​ផ្លែ​មៀន​ម្នាក់​ត្រូវ​សាលាដំបូង​ខេត្ត​បាត់ដំបង សម្រេច​ឲ្យ​ជាប់​ពន្ធនាគារ ១០​ខែ ដោយ​ចោទប្រកាន់​ពី​បទ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍ បន្ទាប់ពី​ម្ចាស់​ចម្ការ​រូប​នោះ​បាន​រិះគន់​អាជ្ញាធរ ថា​មិន​ជួយ​រក​ទីផ្សារ​ផ្លែ​មៀន​ឱ្យ​កសិករ​តាម​បណ្តា​ខេត្ត​បណ្តោយ​ព្រំដែន​ខ្មែរ-ថៃ ដែល​បាន​កកស្ទះ​លក់​មិន​ចេញ​រាប់​ម៉ឺន​តោន​នៅ​ពេល​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស