36 C
Phnom Penh

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ថា​ការ​នាំចេញ​រយៈពេល​១១​ខែ​ឆ្នាំ​២០២១ ធ្លាក់​ចុះ​បើ​ធៀប​ឆ្នាំ​២០២០

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល ១១​ខែ​ក្នុង​ឆ្នាំ​២០២១ ពេល​ដែល​ប្រទេស​កម្ពុជា​ញាំញី​ដោយ​ហានិភ័យ​នៃ​ការ​រីក​រាលដាល​នៃ​មេរោគ Covid-19 នេះ អត្រា​នាំចេញ​ប្រចាំ​ឆ្នាំ​របស់​កម្ពុជា បាន​ធ្លាក់​ចុះ ០,១២% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២០។

លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២១ នេះ ក្នុង​ពិធី​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ​២០២១ និង​លើក​ទិសដៅ​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ​២០២២ នេះ​ថា ការ​នាំចេញ​របស់​កម្ពុជា ក្នុង​ឆ្នាំ​២០២១ មាន​ចំនួន​ជិត ១៦​ពាន់​លាន​ដុល្លារ​អាមេរិក (១៥៧២៩​លាន​ដុល្លារ) ដែល​ចំនួន​នេះ​បាន​ធ្លាក់​ចុះ​ចំនួន ០,១២% ធៀប​នឹង​តម្លៃ​នាំចេញ​សម្រាប់​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២០ មាន​ចំនួន​ជាង ១៧​ពាន់​លាន​ដុល្លារ (១៧២១៥​លាន​ដុល្លារ)។

លោក ប៉ាន សូរស័ក្ដិ បាន​ថ្លែង​ក្នុង​ពិធី​បូក​សរុប​ការងារ​នោះ​ថា ការ​រំខាន​បង្ក​ដោយ​ជំងឺ Covid-19 ដែល​បាន​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ សង្គម សេដ្ឋកិច្ច​របស់​កម្ពុជា រួម​នឹង​ការ​ទទួល​រង​ឥទ្ធិពល​ពី​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ បម្រែបម្រួល​អាកាសធាតុ ការ​ប្រែប្រួល​ថ្លៃ​ប្រេងឥន្ធនៈ ព្រមទាំង​ការ​ប្រទាញប្រទង់​គ្នា​ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ​រវាង​មហាអំណាច​ពិភពលោក គឺ​សុទ្ធសឹងតែ​ជា​ចំណោទ​បញ្ហា​សម្រាប់​វិស័យ​ពាណិជ្ជកម្ម​របស់​កម្ពុជា ដែល​ទាមទារ​ដំណោះស្រាយ។

លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម

ទោះ​យ៉ាងណា រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ថ្លែង​ថា ក្រសួង​ប្ដេជ្ញា​បន្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ Covid-19 ជាពិសេស​ការ​រក្សា​ឱ្យ​បាន​នូវ​សន្តិសុខ​ស្បៀង ការ​បន្ត​ស្វែងរក​ទីផ្សារ​ថ្មី និង​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ជំរុញ​វិស័យ​ពាណិជ្ជកម្ម​ឱ្យ​កាន់តែ​រីកចម្រើន តាមរយៈ​ការ​កែប្រែ​បញ្ហា​ប្រឈម​ទៅ​ជា​ឱកាស​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​ស៊ីជម្រៅ ការ​កាត់បន្ថយ​ចំណាយ ការ​បង្កើត​បរិយាកាស​អំណោយ​ផល​ដល់​ការ​ធ្វើ​ធុរកិច្ច និង​ការ​វិនិយោគ ព្រមទាំង​ការ​ពង្រឹង​ភាព​ប្រកួតប្រជែង​នៃ​ទំនិញ​នាំចេញ​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស