27 C
Phnom Penh

ក្រុម​តស៊ូ​មតិ៖ កម្ពុជា​នឹង​ទទួល​ប្រយោជន៍​ច្រើន​មិន​អស់ បើ​មាន​ប្រជាធិបតេយ្យ​ពិត​ប្រាកដ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក​លើកឡើង​ថា នៅ​ពេល​ដែល​កម្ពុជា​មាន​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស​ពិតប្រាកដ ពេល​នោះ​ទាំង​រដ្ឋាភិបាល និង​ពលរដ្ឋ​ខ្មែរ នឹង​ទទួល​បាន​នូវ​ផលប្រយោជន៍​គ្មាន​ដែន​កំណត់​ពី​ការ​ចង​សម្ពន្ធភាព​ជាមួយ​ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ​សេរី​ជឿនលឿន​លើ​ពិភពលោក ហើយ​កម្ពុជា​ក៏​នឹង​មាន​ភាព​ថ្កុំថ្កើង​រុងរឿង​ស្មើ​មុខ​លើ​ឆាក​អន្តរជាតិ​ទៅ​ថ្ងៃ​អនាគត​ផង​ដែរ។

ប្រធាន​ប្រតិបត្តិ​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD) លោក ទូច វិបុល បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​អង្គារ ទី​២៨ ធ្នូ នេះ​ថា ប្រសិនបើ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន អាច​ស្ដារ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ឲ្យ​បាន​ត្រឹមត្រូវ​ដូច​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ នោះ​កម្ពុជា​នឹង​មាន​នីតិរដ្ឋ​រឹងមាំ​ដែល​អាច​ធ្វើ​កិច្ចសហប្រតិបត្តិការ​ល្អ​គ្រប់​ជ្រុងជ្រោយ​ជាមួយ​បណ្តា​ប្រទេស​លើ​សកលលោក ទាំង​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិស័យ​សំខាន់ៗ​ដទៃ​ទៀត។

លោក ទូច វិបុល អះអាង​ថា នៅ​ពេល​កម្ពុជា​អាច​សហការ​ជាមួយ​បណ្តា​ប្រទេស​លោកសេរី​កាន់តែ​ច្រើន នោះ​កម្ពុជា​នឹង​អាច​បង្កើត​ការងារ និង​ការ​ប្រកួតប្រជែង​រក​ភាព​រីកចម្រើន​ឲ្យ​ប្រទេស​របស់​ខ្លួន​គ្រប់​ផ្នែក គ្រប់​វិស័យ​ទាំងអស់។ បន្ថែម​ពី​នេះ ក៏​អាច​ស្រូប​យក​ការ​វិនិយោគ​កាន់តែ​ច្រើន​ពី​បរទេស ដែល​អាច​ជួយ​ជំរុញ​កត្តា​ជីវភាព​របស់​ពលរដ្ឋ​កាន់តែ​ធូរធារ និង​ថ្លៃថ្នូរ។

ប្រធាន​ប្រតិបត្តិ​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ​រូប​នេះ សម្ដែង​ការ​សោកស្តាយ​ចំពោះ​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​ដែល​បាន​ប្រើ​ចំណាត់ការ​រឹត​បន្តឹង​នានា​លើ​សកម្មជន​នយោបាយ សកម្មជន​សង្គម មេដឹកនាំ​បក្ស​ប្រឆាំង និង​ការ​រំលោភ​ច្បាប់​ប្រទេស​ពី​សំណាក់​អ្នក​មាន​អំណាច​ដូច​សព្វថ្ងៃ​នេះ។ លោក​ថា សកម្មភាព​រំលោភ​ច្បាប់​ទាំងនោះ​កាន់តែ​ធ្វើ​ឲ្យ​កម្ពុជា​ធ្លាក់​ក្នុង​វិបត្តិ​គ្រប់​បែប​យ៉ាង ហើយ​បាន​រុញច្រាន​ឲ្យ​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​ធ្វើ​ចំណាកស្រុក​ដូច​សព្វថ្ងៃ​នេះ​ប៉ុណ្ណោះ។

ចំណែក​ឯ​អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​បញ្ចេញ​ទស្សនៈ​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​ទី​២៨ ខែ​ធ្នូ នេះ​ថា កម្ពុជា​គឺជា​ប្រទេស​មួយ​ដែល​គេ​ចាត់ទុក​ថា​មាន​សន្តិភាព​ខាង​ក្រៅ ប៉ុន្តែ​គ្មាន​យុត្តិធម៌​សង្គម បង្កើត​រូបភាព​អភិវឌ្ឍន៍ ប៉ុន្តែ​ខ្លឹមសារ​គឺ​រំលោភ​សិទ្ធិមនុស្ស ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់បង់​ដី​ស្រែ​ចម្ការ រហូត​នាំគ្នា​ធ្វើ​ចំណាកស្រុក​ស្ទើរតែ ១​ភាគ​៤ ទៅ​ហើយ​នៃ​យុវជន​កម្ពុជា​ពេញ​វ័យ​ទាំងអស់។

បណ្ឌិត ឡៅ ម៉ុងហៃ អះអាង​ថា កម្ពុជា​នៅ​ពេលនេះ​កំពុង​អនុវត្ត​គោល​នយោបាយ​បាត់បង់​អព្យាក្រឹត​ដូច​ដែល​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន ដោយ​ការ​ប្រកាន់​យក​ទំនាក់ទំនង​លម្អៀង​ទៅ​រក​មហាអំណាច​កុម្មុយនីស្ត​ចិន ដែល​កំពុង​តែ​ទាញ​កម្ពុជា​ឲ្យ​ធ្លាក់​ចូល​ក្នុង​ជម្លោះ​រវាង​មហាអំណាច​កុម្មុយនីស្ត និង​មហាអំណាច​លោកសេរី ដែល​នឹង​បំផ្លាញ​ផលប្រយោជន៍​កម្ពុជា​ខ្លួនឯង​យ៉ាង​ធ្ងន់ធ្ងរ។

មាត្រា​១ នៃ​រដ្ឋធម្មនុញ្ញ​ចែង​ថា កម្ពុជា​ជា​រដ្ឋ​ឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត្យ ដោយឡែក​មាត្រា​៥១​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា បាន​ចែង​ដែរ​ថា កម្ពុជា​អនុវត្ត​របប​នយោបាយ​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស។

ទាក់ទិន​នឹង​បញ្ហា​នេះ មេដឹកនាំ​ខ្មែរ​ដែល​ប្ដេជ្ញា​កាន់​អំណាច​មួយ​ជីវិត លោក ហ៊ុន សែន ធ្លាប់​បាន​អះអាង​ក្នុង​វេទិកា​អនាគត​អាស៊ី​ដែល​សំដៅ​ទៅ​បណ្តា​ប្រទេស​លោកសេរី ជាពិសេស​សហរដ្ឋ​អាមេរិក​កាលពី​ពេល​ថ្មីៗ​នេះ​ថា កម្ពុជា​នឹង​មិន​យក​អធិបតេយ្យ​របស់​ខ្លួន​ទៅ​ដោះដូរ​នឹង​ជំនួយ​របស់​រដ្ឋ​បរទេស​ជា​ដាច់ខាត ប៉ុន្តែ​ទន្ទឹម​នោះ លោក ហ៊ុន សែន ក៏​បាន​អួត​ពី​មហាអំណាច​កុម្មុយនីស្ត​ចិន​ដែរ​ថា គឺជា​ប្រទេស​ដែល​បាន​ផ្តល់​ជំនួយ​ដែល​អាច​ធ្វើ​ឲ្យ​កម្ពុជា​ឯករាជ្យ​ទាំង​វិស័យ​នយោបាយ និង​សេដ្ឋកិច្ច ដូច្នេះ​កម្ពុជា​មាន​តែ​ពឹង​ចិន​ប៉ុណ្ណោះ មិន​អាច​ពឹង​បរទេស​ណា​ផ្សេង​ទេ។

ជុំវិញ​ការ​អះអាង​នេះ ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ជាង ៤០​ឆ្នាំ​មក​នេះ បាន​យក​វាសនា​ប្រទេស​ជាតិ​របស់​ខ្លួន​ទៅ​ផ្ញើ​នឹង​រដ្ឋ​បរទេស​ជា​បន្តបន្ទាប់ ក្នុង​នោះ កាលពី​ទសវត្ស​ឆ្នាំ​៨០ មេដឹកនាំ​ខ្មែរ​រូប​នេះ​ដាក់​កម្ពុជា​ឲ្យ​ទៅ​ជា​ចំណុះ​របស់​វៀតណាម ហើយ​រហូត​ដល់​ពេលនេះ ក៏​ចាប់ផ្តើម​យក​វាសនា​ជាតិ​ទៅ​ផ្ញើ​នឹង​មិត្ត​ដែកថែប​ចិន​វិញ​ម្តង ខណៈ​ប្រទេស​លោកសេរី​ទាមទារ​ឲ្យ​ស្ដារ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ត្រូវ​បុរស​ខ្លាំង​របស់​កម្ពុជា​ច្រានចោល​ជាច្រើន​លើក​ច្រើនសា៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស