34 C
Phnom Penh

តុលាការ​ចេញ​ដីកា​ឱ្យ​ចាប់​ខ្លួន​អតីត​ស្នងការ​នគរបាល​ខេត្ត​កណ្តាល លោក ស្រេង សុខា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូង​ខេត្ត​កណ្តាល បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​អតីត​ស្នងការ​នគរបាល​ខេត្ត​កណ្តាល លោក ស្រេង សុខា ហៅ ទ្រី ក្រោយពី​តុលាការ​បាន​កាត់ទោស​ដាក់​ពន្ធនាគារ​ជាង ១​ឆ្នាំ ពី​បទ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​អ្នក​កាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត។

ក្នុង​ដីកា​ចេញ​ដោយ​ចៅក្រម​ជំនុំជម្រះ លោក រស់ ផុនចាន់និមល ចុះ​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២១ បាន​បង្គាប់​ទៅ​សមត្ថកិច្ច​ឱ្យ​ចាប់​អតីត​ស្នងការ​នគរបាល​ខេត្ត​កណ្តាល លោក ស្រេង សុខា ហៅ ទ្រី យក​មក​ដាក់​ពន្ធនាគារ។ ដីកា​បង្គាប់​នេះ ធ្វើឡើង​ដើម្បី​ឆ្ពោះ​ទៅ​រក​កាត់ទោស​អតីត​ស្នងការ​នគរបាល​រូប​នេះ​ដាក់​ពន្ធនាគារ ១​ឆ្នាំ ៦​ខែ ពី​បទ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​អ្នក​កាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត ប្រព្រឹត្ត​នៅ​ភូមិ​កោះគរ សង្កាត់​រកាខ្ពស់ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល កាលពី​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០២០។

លោក ស្រេង សុខា ត្រូវ​បាន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង សម្រេច​ផ្អាក​ការងារ​ស្នងការ​រង​នគរបាល​ខេត្ត​កណ្តាល បណ្ដោះអាសន្ន កាលពី​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០២០។

កាលពី​ឆ្នាំ​២០១៩ អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បាន​ប្រកាស​បើក​ការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​ទ្រព្យសម្បត្តិ និង​បំណុល​របស់​លោក ស្រេង សុខា ស្នងការ​រង​ខេត្ត​កណ្ដាល ក្រោយពី​មាន​ការ​ចែករំលែក​តាម​បណ្ដាញ​សង្គម Facebook ករណី​ស្នងការ​រង​រូប​នេះ​បាន​ជូន​ថ្លៃ​បណ្ណាការ​ចំនួន ១០​ម៉ឺន​ដុល្លារ ចិញ្ចៀន​ពេជ្រ និង​រថយន្ត Lexus 570 មួយ​គ្រឿង​ដែល​មាន​តម្លៃ ២២​ម៉ឺន​ដុល្លារ​ជូន​ទៅ​ខាង​ស្រី​ក្នុង​ថ្ងៃ​ភ្ជាប់​ពាក្យ។

ប៉ុន្តែ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ឱម យ៉ិនទៀង លើកឡើង​ថា លោក ស្រេង សុខា មិន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ពុករលួយ​ទេ ក្រោយពី​អង្គភាព​នេះ​បើក​ការ​ស៊ើបអង្កេត​នោះ ដោយសារ​បណ្ណាការ​ទឹកប្រាក់​រាប់​ម៉ឺន​ដុល្លារ​ជា​លុយ​ក្លែងក្លាយ ខណៈ​ចិញ្ចៀន​ពេជ្រ និង​រថយន្ត Lexus 570 មួយ​គ្រឿង​ដែល​មាន​តម្លៃ ២២​ម៉ឺន​ដុល្លារ​ជា​របស់​ខ្ចី​គេ​ប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស