31 C
Phnom Penh

បទវិភាគ៖ តើ​អ្នក​នយោបាយ​ខ្មែរ​រូប​ណា​គួរតែ​ជា​និមិត្តរូប​នៃ​ការ​បង្រួបបង្រួម​ជាតិ?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្ពុជា​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក ហ៊ុន សែន ប្រមាណ ៤០​ឆ្នាំ​កន្លងមក​នេះ បាន​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ក្រីក្រ​បំផុត​ក្នុង​លោក។ ភាគី​ខ្មែរ​ពាក់ព័ន្ធ​ដទៃ​ទៀត និង​សហគមន៍​អន្តរជាតិ បាន​ខិតខំ​ចូលរួម​អភិវឌ្ឍ​ដោយ​ចំណាយ​ថវិកា​រាប់​ពាន់​លាន​ដុល្លារ តែ​នៅ​ពុំ​អាច​លើក​ស្ទួយ​ប្រទេស​នេះ​ឱ្យ​ងើប​ផុត​ពី​ជម្រៅ​នៃ​ភាព​ក្រីក្រ​នោះ​បាន។

ក្រុម​អ្នក​តាមដាន​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា បាន​ចោទប្រកាន់​ថា ការ​អភិវឌ្ឍ​របស់​កម្ពុជា​ទៅ​មុខ​មិន​រួច គឺ​ដោយសារតែ​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ខ្វះ​អភិបាលកិច្ច​ល្អ និង​ញាំញី​ទៅ​ដោយ​អំពើពុករលួយ​ចាក់ស្រេះ​ស៊ីជម្រៅ​ផ្ទៃក្នុង​ជាតិ​យ៉ាង​ធ្ងន់ធ្ងរ ប៉ុន្តែ​សកម្មជន​សិទ្ធិមនុស្ស និង​អ្នក​នយោបាយ​តែងតែ​លើកឡើង​អំពី​បញ្ហា​ចម្បង​សម្រាប់​ប្រទេស​កម្ពុជា គឺ​ការ​បែកបាក់​ជាតិ​ទៅវិញ។

បើ​គេ​ពិនិត្យ​មើល​ប្រវត្តិ​នៃ​ប្រទេស​នានា​ក្នុង​ពិភពលោក​នេះ គេ​ពិបាក​រក​ឃើញ​ប្រទេស​ណា​មួយ​ដែល​ថា​មិន​ដែល​ជួប​ការ​បែកបាក់​ជាតិ​សោះ​ក្នុង​ប្រវត្តិ​របស់​ខ្លួន។ ជាមួយ​គ្នា​នេះ ប្រទេស​ខ្លះ​ក៏​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​បង្រួបបង្រួម​ជាតិ រីឯ​ប្រទេស​ខ្លះ​មិន​អាច​ធ្វើ​បាន​ទាល់តែសោះ។

តើ​អ្វី​ជា​កត្តា​ចម្បង​ក្នុង​ការ​ជួយ​ឲ្យ​ប្រទេស​ខ្លះ​អាច​រក​ឃើញ​ផ្លូវ​បង្រួបបង្រួម​ជាតិ?

ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ កម្ពុជា​ក៏​ធ្លាប់​ជួប​រឿង​វិបត្តិ​បែកបាក់​ជាតិ​ជាច្រើន​លើក​ច្រើនគ្រា ហើយ​ក៏​ធ្លាប់​ទទួល​បាន​ការ​ឯកភាព​ជាតិ និង​បាន​ធ្វើ​ឲ្យ​ប្រទេស​ខ្លាំងក្លា​រុងរឿង​ផង​ដែរ។ ក្នុង​សម័យ​ព្រះបាទ​ជ័យវរ្ម័នទី៧ ព្រះអង្គ​បាន​ជួប​នូវ​វិបត្តិ​ធ្ងន់ធ្ងរ​នៃ​ការ​បែកបាក់​ជាតិ​តាមរយៈ​ជម្លោះ​សាសនា​រវាង​ក្រុម​អ្នក​កាន់​ពុទ្ធសាសនា និង​ព្រហ្មញ្ញសាសនា។ ប៉ុន្តែ​នោះ​ជា​រឿង​ដែល​ព្រះអង្គ​បាន​ជួប​ក្នុង​ដំណាក់កាល​ដំបូងៗ​នៃ​ការ​ឡើង​គ្រងរាជ្យ​របស់​ព្រះអង្គ។ ដោយ​មាន​ព្រះ​បញ្ញាញាណ និង​ព្រះទ័យ​ទូលាយ ព្រះអង្គ​បាន​រក​ឃើញ​ផ្លូវ​បង្រួបបង្រួម​ជាតិ ហើយ​ព្រះអង្គ​បាន​ជ្រើសរើស​យក និង​អនុវត្ត​ផ្លូវ​នោះ​ប្រកប​ដោយ​ភាព​ជោគជ័យ។ កាលនោះ ព្រះបាទ​ជ័យវរ្ម័នទី៧ បាន​អនុវត្ត​វិធី​ទទួល​យក និង​គោរព​ចំពោះ​សាសនា​ទាំង​ពីរ។

តាមរយៈ​សិលាចារឹក​លើ​ជញ្ជាំង​ប្រាសាទ​នានា​ក្នុង​បរិវេណ​ប្រាសាទ​អង្គរ​ខ្មែរ គេ​បាន​បង្ហាញ​នូវ​រូប​សំណាក និង​ប្រវត្តិ​នៃ​សកម្មភាព​នានា​ក្នុង​សម័យកាល​នោះ​ដោយ​ព្រះបាទ​ជ័យវរ្ម័នទី៧​ផ្ទាល់​ព្រះអង្គ​ឯង បាន​បង្ហាញ​នូវ​ការ​ប្រតិបត្តិ​នូវ​សាសនា​ទាំង​ពីរ​ក្នុង​ពេល​តែ​មួយ ដើម្បី​ធ្វើជា​គំរូ​ដល់​មន្ត្រី និង​ប្រជានុរាស្ត្រ​របស់​ព្រះអង្គ។ ភាព​ជោគជ័យ​នៃ​ការ​បង្រួបបង្រួម​ជាតិ​នោះ​ហើយ​ដែល​ធ្វើ​ឱ្យ​ព្រះបាទ​ជ័យវរ្ម័នទី៧ កសាង​ប្រទេស​ខ្មែរ​បាន​រុងរឿង​ខ្លាំងក្លា​នា​សម័យ​នោះ។

ក្នុង​ទសវត្ស​ឆ្នាំ​១៨៦០ លោក Abraham Lincoln ដែល​ជា​ប្រធានាធិបតី​ទី​១៦ នៃ​សហរដ្ឋ​អាមេរិក បាន​ឡើង​កាន់​អំណាច​ក្នុង​កាលៈទេសៈ​ដែល​ជាតិសាសន៍​នេះ​មាន​ការ​បែកបាក់​ខ្លាំងក្លា។ សង្គ្រាម​ស៊ីវិល​រវាង​បណ្តា​រដ្ឋ​ភាគ​ខាងជើង និង​រដ្ឋ​ភាគ​ខាងត្បូង បាន​ត្របាក់​យក​ជីវិត​មនុស្ស​រហូត​ដល់ ៧៥​ម៉ឺន​នាក់​គិត​ត្រឹម​ដើម​ឆ្នាំ​១៨៦៥។ ប៉ុន្តែ​លោក Abraham Lincoln បាន​ផ្សះផ្សា​ការ​បែកបាក់​នោះ និង​បាន​ធ្វើ​ឲ្យ​អាមេរិក​ទទួល​បាន​ឯកភាព​ជាតិ។

វិធី​ដែល​លោក Abraham Lincoln បាន​ប្រើ​នោះ គឺ​ការ​មិន​ធ្វើ​ឲ្យ​ក្រុម​ប្រឆាំង ឬ​សត្រូវ​របស់​គាត់​ឈឺចាប់។ ក្រុម​មន្ត្រី​ខ្លះ​ក្នុង​គណបក្ស​សាធារណរដ្ឋ​របស់​គាត់​នា​ពេល​នោះ បាន​រិះគន់​លោក​ថា​ជា​មេដឹកនាំ​ទន់ខ្សោយ ដោយ​ចង់​ឃើញ​គាត់​ប្រើ​អំណាច និង​ចាត់​វិធានការ​ខ្លាំងក្លា​លើ​ក្រុម​ប្រឆាំង។

សារព័ត៌មាន Time (time.com) នៅ​សហរដ្ឋ​អាមេរិក បាន​ចុះផ្សាយ​ថា ក្នុង​ឱកាស​ស្បថ​ចូល​កាន់​តំណែង​នា​ថ្ងៃ​ទី​៤ ខែ​មីនា ឆ្នាំ​១៨៦៥ លោក Abraham Lincoln មិន​បាន​ប្រើប្រាស់​ឱកាស​នោះ​អួតអាង​អំពី​ជ័យជម្នះ និង​លើក​តម្កើង​ប្រជាប្រិយភាព​របស់​ខ្លួន​នោះ​ទេ ហើយ​ក៏​មិន​បាន​ធ្វើការ​ត្មះតិះដៀល​ថ្កោលទោស ឬ​វាយប្រហារ​ក្រុម​ប្រឆាំង​ឲ្យ​អាម៉ាស់​មុខ​នោះ​ដែរ។

សារព័ត៌មាន​នេះ​បាន​បន្ត​ថា ផ្ទុយទៅវិញ​គាត់​បាន​យក​ឱកាស​នោះ​ផ្សះផ្សា​ជាតិ ដោយ​បាន​ថ្លែង​អំពី​ភាព​រងគ្រោះ​របស់​ជនជាតិ​អាមេរិកាំង​ទាំងអស់ រួម​ទាំង​ក្រុម​កាន់​អំណាច និង​ក្រុម​ប្រឆាំង​ដែល​សុទ្ធតែ​ទទួល​រង​ការ​ឈឺចាប់ និង​ប៉ះពាល់​ដោយ​សង្គ្រាម​ស៊ីវិល​ដែល​បណ្តាល​មកពី​ការ​បែកបាក់​ជាតិ។

ស្រដៀង​គ្នា​នេះ​ដែរ លោក Nelson Mandela ដែល​បាន​ក្លាយ​ជា​ប្រធានាធិបតី​នៃ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ក្នុង​ឆ្នាំ​១៩៩៤ បាន​ផ្សះផ្សា​ជាតិ​របស់​លោក​តាមរយៈ​វិធី​មិន​សងសឹក ឬ​មិន​ធ្វើ​ឲ្យ​ក្រុម​អ្នក​ចាញ់​រង​ការ​ឈឺចាប់។ មុន​ពេល​ឡើង​កាន់​អំណាច​របស់​លោក រដ្ឋាភិបាល​នៃ​ប្រទេស​នេះ​គ្រប់គ្រង​ដោយ​ពួក​ស្បែក​ស ដែល​មាន​ការ​រើសអើង​ប្រកាន់​ពូជសាសន៍ ធ្វើ​ទុក្ខបុកម្នេញ​យ៉ាង​ឃោរឃៅ​លើ​ពួក​ស្បែក​ខ្មៅ​ម្ចាស់​ទឹកដី។ លោក Nelson Mandela គឺជា​ជនជាតិ​ស្បែក​ខ្មៅ​មួយ​រូប​ដែល​បាន​ធ្វើការ​ប្រឆាំង​នឹង​ទង្វើ​ឃោរឃៅ​របស់​រដ្ឋាភិបាល​នៃ​ពួក​ស្បែក​ស​យ៉ាង​ខ្លាំងក្លា ហើយ​លោក​ត្រូវ​គេ​ចាប់​ដាក់​ពន្ធនាគារ​ជាច្រើន​លើក​ច្រើនសា។ បន្ទាប់ពី​ឡើង​កាន់​អំណាច លោក​បាន​អត់ឱន និង​បាន​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នក​កាន់​អំណាច​ក្នុង​រដ្ឋាភិបាល​មុន​ដែល​ធ្លាប់​ធ្វើ​ទុក្ខបុកម្នេញ​លើ​រូបលោក​ផង​ដែរ។ ដោយសារតែ​លោក Nelson Mandela បាន​ជោគជ័យ​ក្នុង​ការ​ផ្សះផ្សា និង​ការ​បង្រួបបង្រួម​ជាតិ ទើប​ប្រទេស​អាហ្វ្រិក​ខាងត្បូង បាន​ស្គាល់​លទ្ធិប្រជាធិបតេយ្យ និង​ការ​រីកចម្រើន​ដូច​បច្ចុប្បន្ន​នេះ។

បើ​គេ​ធ្វើការ​អង្កេត​លើ​វិធី​របស់​មេដឹកនាំ​ជាតិ​ទាំង​បី​ខាងលើ គេ​អាច​ធ្វើ​សំយោគ​សេចក្តី​មួយ​ថា ឆន្ទៈ​មេដឹកនាំ​គឺជា​កត្តា​សំខាន់​បំផុត​ក្នុង​ការ​បង្រួបបង្រួម និង​ផ្សះផ្សា​ជាតិ។ បន្ទាប់ពី​មាន​ឆន្ទៈ​មោះមុត​ដើម្បី​បុព្វហេតុ​នេះ​ហើយ ទើប​គេ​ឃើញ​មេដឹកនាំ​ទាំងនោះ​ប្រើ​វិធី​ប្រហាក់ប្រហែល​គ្នា គឺ៖

  • ទី​១ ការ​អនុញ្ញាត​ឱ្យ​មាន​សេរីភាព​នៃ​ជំនឿ ឬ​គំនិត ទោះបីជា​ជំនឿ ឬ​គំនិត​នោះ​ផ្ទុយពី​ការ​យល់​ឃើញ​របស់​ខ្លួន​ក៏ដោយ។ នេះ​ជា​ឧទាហរណ៍​មួយ​ដែល​ព្រះបាទ​ជ័យវរ្ម័នទី៧ បាន​ធ្វើ​ក្នុង​រជ្ជកាល​របស់​ព្រះអង្គ។
  • ទី​២ ការ​អត់ឱន​ដល់​គូបដិបក្ខ មិន​សងសឹក និង​មិន​បង្ក​ការ​ឈឺចាប់​ដល់​គូបដិបក្ខ ឬ​ក្រុម​ប្រឆាំង ថ្វីបើ​ខ្លួន​មាន​ឱកាស​ធ្វើ​ដូច្នោះ​ក៏ដោយ។ បើ​គេ​សិក្សា​អំពី​បុគ្គលិក​លក្ខណៈ​វីរបុរស​ជាតិ​ទាំង​បី​នោះ គេ​ឃើញ​មាន​ការ​ទទួល​បាន​នូវ​ឥទ្ធិពល​ខាង​ធម្មសាសន៍​ទាក់ទង​នឹង​នាយកធម៌ ព្រមទាំង​ព្រហ្មវិហារ​ធម៌​ផង​ដែរ។

ការ​ធ្វើ​បែប​នេះ គឺជា​វិធី​ព្យាបាល​សង្គម​ដើម្បី​បញ្ចប់​គំនុំ​គុំកួន និង​អំពើ​ហិង្សា​លើ​គ្នា​ទៅវិញ​ទៅមក ហើយ​នេះ​គឺជា​ផ្លូវ​ដែល​លោក Abraham Lincoln និង​លោក Nelson Mandela ជ្រើសរើស និង​ធ្វើ​បាន​ជោគជ័យ​សម្រាប់​ជាតិ​របស់​គេ។ ដូច្នេះ ជាតិ​មួយ​ដែល​កំពុង​បែកបាក់​ប្រាកដ​ជា​ត្រូវការ​មេដឹកនាំ​ដែល​មាន​ឆន្ទៈ​ចង់​បង្រួបបង្រួម​ជាតិ​នោះ​ពិតប្រាកដ។

ដូច្នេះ តើ​អ្នក​នយោបាយ​ខ្មែរ​រូប​ណា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ដែល​ជ្រើស​យក​ផ្លូវ​ដូច​មេដឹកនាំ​ទាំង​បី​រូប​ខាងលើ?

ក្នុង​ចំណោម​អ្នក​នយោបាយ​ខ្មែរ​ដែល​កំពុង​មាន​ឥទ្ធិពល និង​លេចធ្លោ​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន គឺ​លោក ហ៊ុន សែន លោក កឹម សុខា និង​លោក សម រង្ស៊ី។ បើ​គេ​ពិនិត្យ​មើល​លក្ខណៈ​សម្បត្តិ​មេដឹកនាំ​នយោបាយ​ទាំង​បី​រូប​នេះ ពួកគាត់​ម្នាក់ៗ​សុទ្ធតែ​មាន​ប្រវត្តិ និង​លក្ខណៈ​សម្បត្តិ​ខុសៗ​គ្នា។

លោក ហ៊ុន សែន គឺជា​កូន​កសិករ​បាន​ទទួល​ការ​អប់រំ​តិចតួច មាន​ប្រវត្តិ​ជា​យោធា​កងទ័ព​ព្រៃ​ខ្មែរក្រហម ទាហាន និង​បាន​ក្លាយ​ជា​អ្នក​នយោបាយ​លេចធ្លោ​តាមរយៈ​ការ​ធ្វើ​តាម​បញ្ជា​រដ្ឋាភិបាល​វៀតណាម ដើម្បី​ជា​ថ្នូរ​ដូរ​យក​មុខនាទី និង​អំណាច។ ក្រោយៗ​មក លោក​បាន​ពង្រឹង​អំណាច​របស់​លោក​តាមរយៈ​មធ្យោបាយ​ទុច្ចរិត​នានា ដោយ​ប្រើ​អាវុធ អំពើ​ហិង្សា​ឃោរឃៅ និង​ល្បិចកល​ផ្សេងៗ​ដើម្បី​ផ្តួល​គូបដិបក្ខ​របស់​លោក​ទាំង​ក្រៅ និង​ក្នុង​បក្ស​របស់​លោក។ ថ្វីបើ​លោក​មាន​ឱកាស​បង្រួបបង្រួម និង​ផ្សះផ្សា​ជាតិ​តាមរយៈ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នា​ឆ្នាំ​១៩៩១ ក្តី ក៏​លោក​បំផ្លាញ​ឱកាស​នោះ​ចោល និង​ដើរ​តាម​ផ្លូវ​ឃោរឃៅ​របស់​លោក​វិញ​ដដែល។

លោក កឹម សុខា គឺជា​កូន​កសិករ​បាន​រៀន​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​ផ្នែក​គីមីវិទ្យា​នៅ​ប្រទេស​ឆេកូ។ លោក​ធ្លាប់​បាន​ទទួល​ការ​បណ្តុះបណ្តាល​ផ្នែក​សិទ្ធិមនុស្ស​អន្តរជាតិ​ជាច្រើន​លើក​ច្រើនសា និង​ធ្លាប់​បង្កើត​អង្គការ​សិទ្ធិមនុស្ស​ជាតិ​មួយ​នា​ដើម​ទសវត្ស​ឆ្នាំ​១៩៩០ មុន​នឹង​លោក​ក្លាយ​ជា​អ្នក​នយោបាយ​លេចធ្លោ​មួយ​រូប បន្ទាប់ពី​ជាប់​ឆ្នោត​ជា​សមាជិក​សភា​ក្នុង​ខេត្ត​តាកែវ មកពី​កូតា​គណបក្ស​ប្រជាធិបតេយ្យ​សេរីនិយម​ព្រះពុទ្ធសាសនា ដឹកនាំ​ដោយ​សម្តេច​បវរ​សេដ្ឋា សឺន សាន។ លោក​បាន​ទាមទារ​ឲ្យ​រដ្ឋសភា​បង្កើត​គណៈកម្មការ​សិទ្ធិមនុស្ស​របស់​សភា​ជាតិ ដើម្បី​ជួយ​ជនរងគ្រោះ​ដោយ​ការ​រំលោភ​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​កម្ពុជា។

ក្រោយ​មក លោក​ក្លាយ​ជា​ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស​នៅ​រដ្ឋសភា និង​ព្រឹទ្ធសភា រហូត​ដល់​ចុង​ឆ្នាំ​២០០២ បន្ទាប់ពី​លោក​ចាកចេញ​ពី​ឆាក​នយោបាយ​មក​បង្កើត​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា។ លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​របប​លោក ហ៊ុន សែន ចាប់​ដាក់​ពន្ធនាគារ​ពីរ​លើក គឺ​លើក​ទី​១ នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០០៥ និង​លើក​ទី​២ នៅ​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧។ ការ​ចាប់​ខ្លួន​លើក​ទី​១ គឺ​ដោយសារតែ​លោក​ធ្វើ​យុទ្ធនាការ​ដើម្បី​លើក​ស្ទួយ​សិទ្ធិមនុស្ស និង​សេរីភាព​បញ្ចេញមតិ​នៅ​កម្ពុជា រីឯ​ការ​ចាប់​ខ្លួន​លើក​ទី​២ គឺ​ដោយសារតែ​លោក​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ទទួល​ការ​គាំទ្រ​ពី​ពលរដ្ឋ​ខ្មែរ​កាន់តែ​ច្រើន​ឡើង។ មុន​ពេល​គេ​ចាប់​ខ្លួន​ម្តងៗ លោក កឹម សុខា តែងតែ​មាន​ឱកាស​ចាកចេញ​ពី​ប្រទេស ប៉ុន្តែ​លោក​មិនព្រម​ធ្វើ​ដូច្នោះ​ទេ ដោយ​សុខចិត្ត​ទទួល​រង​ការ​ចាប់​ខ្លួន និង​ជាប់​ពន្ធនាគារ។ លោក កឹម សុខា តែងតែ​អះអាង​ថា លោក​ជ្រើសរើស​យក​ផ្លូវ​អហិង្សា​ក្នុង​ការ​ធ្វើ​នយោបាយ​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​នៅ​កម្ពុជា ដោយ​មិន​គុំកួន​សងសឹក និង​មិន​បង្ក​ការ​ឈឺចាប់​ដល់​អ្នក​ដទៃ

ចំណែក​លោក សម រង្ស៊ី វិញ គឺជា​កូន​នាម៉ឺន​មន្ត្រី​ជាន់ខ្ពស់​ក្នុង​សម័យ​សង្គម​រាស្ត្រនិយម។ លោក​រៀន​ចប់​ថ្នាក់​សេដ្ឋវិទូ​នៅ​ប្រទេស​បារាំង និង​បាន​ក្លាយ​ជា​អ្នក​នយោបាយ​ដ៏​លេចធ្លោ​មួយ​រូប បន្ទាប់ពី​លោក​ទទួល​បាន​ការ​តែងតាំង​ពី​សម្តេច​ក្រុមព្រះ​នរោត្តម រណឫទ្ធិ ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក្នុង​ឆ្នាំ​១៩៩៣។

ក្រោយ​ពី​មាន​ជម្លោះ​ជាមួយ​សម្តេច​ក្រុមព្រះ និង​ត្រូវ​បាន​គេ​បណ្តេញ​ចេញពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក​បាន​ចេញ​មក​បង្កើត​គណបក្ស​នយោបាយ​របស់​ខ្លួន​នា​ពាក់កណ្តាល​ទសវត្ស​ឆ្នាំ​១៩៩០ ដែល​គណបក្ស​នោះ​មាន​ឈ្មោះ​ថា គណបក្ស​ជាតិ​ខ្មែរ ក្រោយ​មក​មាន​ឈ្មោះ​ថា​គណបក្ស សម រង្ស៊ី និង​ក្រោយ​មក​ទៀត​ដូរ​ទៅជា​គណបក្ស​ភ្លើង​ទៀន។

ពេល​ខ្លះ លោក សម រង្ស៊ី ជា​សត្រូវ​ស៊ីសាច់​ហុតឈាម​ជាមួយ​លោក ហ៊ុន សែន និង​ពេល​ខ្លះ​ទៀត គាត់​ជា​មិត្ត​ដ៏​ផ្អែមល្ហែម​ត្រជាក់​នឹង​គ្នា​ដែរ។ ពេល​ប្រឆាំង​ខ្លាំងក្លា​នឹង​លោក ហ៊ុន សែន លោក សម រង្ស៊ី បាន​ប្រកាស​ថា «មាន​ស៊ី​អត់​សែន មាន​សែន​អត់​ស៊ី» ហើយ​គាត់​ក្លាយ​ជា​អ្នក​នយោបាយ​មួយ​រូប​ដែល​បាន​រត់​ចេញពី​ប្រទេស​ច្រើន​ជាងគេ​បង្អស់ ដើម្បី​គេច​ពី​ការ​ចាប់​ខ្លួន​ពី​សំណាក់​របស់​លោក ហ៊ុន សែន។ ជាទូទៅ គេ​កត់សម្គាល់​ថា លោក សម រង្ស៊ី គឺជា​អ្នក​នយោបាយ​ប្រឆាំង​ដែល​មាន​ប្រើ​វោហារសាស្ត្រ​បែប​ហិង្សា​ជាងគេ។

បើ​គេ​សង្កេត​លើ​សកម្មភាព និង​ការ​ថ្លែង​សារ​នយោបាយ​របស់​អ្នក​នយោបាយ​ខ្មែរ​ទាំង​បី​រូប​នេះ​ខាងលើ លោក កឹម សុខា គឺជា​អ្នក​នយោបាយ​ដែល​រមែង​បង្ហាញ​នូវ​សារ​នយោបាយ និង​កាយវិការ​អហិង្សា និង​អធ្យាស្រ័យ​ចំពោះ​គូបដិបក្ខ។ ឧទាហរណ៍ លោក កឹម សុខា បាន​ទៅ​ចូលរួម​បុណ្យ​សព​ឪពុកក្មេក​របស់​លោក ហ៊ុន សែន ដែល​បាន​ចោទ និង​ចាប់​គាត់​ដាក់​ពន្ធនាគារ​ក្តី និង​បាន​ទៅ​គោរព​ព្រះ​សព​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ដោយ​ផ្ទាល់ ថ្វីបើ​ព្រះអង្គ​ធ្លាប់​ចូលរួម​ប្តឹង​ឱ្យ​គេ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ខណៈ​ដែល​លោក កឹម សុខា កំពុង​ជាប់​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង នា​ចុង​ឆ្នាំ​២០១៧ ក្តី។

ជា​គោលការណ៍​សត្យានុម័ត ហិង្សា​រមែង​នាំ​មក​នូវ​គំនុំ​សងសឹក ហើយ​ការ​សងសឹក​រមែង​បង្កើត​នូវ​ហិង្សា​ដែល​ជា​ដើមចម​នៃ​ការ​បែកបាក់​ជាតិ​ឥត​ឈប់​ឥត​ឈរ។ ដូច្នេះ អ្វី​ដែល​លោក កឹម សុខា បាន​ធ្វើ​កន្លងមក​នេះ អាច​ជា​វិធី​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ​តាម​យន្តការ​អហិង្សា។

សូម​បញ្ជាក់​ថា បទវិភាគ​នេះ​មិន​ឆ្លុះបញ្ចាំង​អំពី​ទស្សនៈ​របស់​សារព័ត៌មាន The Cambodia Daily ទាំងស្រុង​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស