29 C
Phnom Penh

លោក ស ខេង បារម្ភ​ពី​អនាគត​ជាតិ​ដោយសារ​កុមារ​កំពុង​ពាក់ព័ន្ធ​ជាមួយ​គ្រឿងញៀន​ច្រើន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង សម្ដែង​ក្ដី​បារម្ភ​ចំពោះ​អនាគត​អ្នក​ស្នង​តំណែង​ប្រទេស​ជាតិ ដោយសារតែ​កុមារ​អាយុ​ក្រោម ១៨​ឆ្នាំ​ជាច្រើន​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន​ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន។

ការ​បារម្ភ​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​សមត្ថកិច្ច​បង្ក្រាប និង​រឹបអូស​គ្រឿងញៀន​បាន​ជាង ២​តោន ដោយ​គិត​ត្រឹម​ខែ​ធ្នូ ឆ្នាំ​២០២១ នេះ។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​មណ្ឌល​នីតិសម្បទា​នៅ​ខេត្ត​កណ្ដាល កាលពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០២១ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​សម្ដែង​ការ​ព្រួយបារម្ភ​ចំពោះ​ស្ថានភាព​កុមារ​កម្ពុជា​ដែល​កាន់តែ​មាន​ចំនួន​ច្រើន​ឡើង​កំពុង​ពាក់ព័ន្ធ​ជាមួយ​គ្រឿងញៀន។ បញ្ហា​នេះ លោក​ថា​ជា​ការ​ព្រួយបារម្ភ​ណាស់​ទាក់ទង​នឹង​ទំពាំង​ស្នង​ឫស្សី ប្រសិនបើ​ទំពាំង​វា​ពុក​តាំងពី​ពេលនេះ​ទៅ​ហើយ​នោះ វា​ជា​បញ្ហា​ទៅ​អនាគត​សម្រាប់​ប្រទេស​ជាតិ។

លោក ស ខេង បាន​ចាត់ទុក​បញ្ហា​គ្រឿងញៀន​ជា​ជំងឺ​រ៉ាំរ៉ៃ​ធំ​របស់​សង្គម​កម្ពុជា ដោយសារតែ​បច្ចុប្បន្ន ការ​ផលិត ចែកចាយ និង​ជួញដូរ​កំពុង​មាន​ទម្រង់​ធំ​ឡើងៗ និង​ខ្លាំង​ជាង​មុន​ទៅ​ទៀត។ លោក​បន្ត​ថា ក្នុង​ខែ​ធ្នូ ពេញ​មួយ​ខែ​នេះ សមត្ថកិច្ច​បាន​បង្ក្រាប​គ្រឿងញៀន​ប្រមាណ​ជាង ២​តោន ដែល​ជា​ករណី​មិន​ធម្មតា​ឡើយ។ លើស​នេះ លោក​ថា​គ្រឿងញៀន​សព្វថ្ងៃ​នេះ​កំពុងតែ​បំផ្លាញ​មនុស្ស ដោយ​បច្ចុប្បន្ន​មិន​ទាន់​មាន​ថ្នាំ​ព្យាបាល​នោះ​ទេ។

នៅ​ក្នុង​ពិធី​នោះ លោក ស ខេង ក៏​បាន​បង្ហាញ​របាយការណ៍​ថា ចំនួន​អនីតិជន​ដែល​កំពុង​ជាប់​ពន្ធនាគារ​នៅ​ទូទាំង​ប្រទេស​ជាង ១​ពាន់​នាក់ (១៤២២​នាក់) ដោយ​ក្នុង​នោះ អនីតិជន​ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ជិត ៥០០​នាក់ (៤៥២​នាក់) ឬ​ស្មើ​នឹង ៣៨,៨% ដែល​ចំនួន​នេះ លោក​ថា​ជា​ក្ដី​បារម្ភ​មួយ​របស់​កម្ពុជា ខណៈ​ចំនួន​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ជាក់ស្ដែង​មាន​ច្រើន​ជាង​របាយការណ៍​នេះ​ទៅ​ទៀត។

បើ​តាម​ក្រសួង​មហាផ្ទៃ ឱ្យ​ដឹង​ថា ក្នុង​រយៈពេល ១១​ខែ​ឆ្នាំ​២០២១ នេះ សមត្ថកិច្ច​ចាប់​យក​សារធាតុ​ញៀន​មាន​ការ​កើន​ឡើង​ទ្វេដង បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី ១១​ខែ​ឆ្នាំ​២០២០។

ចំណែក​អង្គការ​សហប្រជាជាតិ ក៏​បាន​ចេញ​ផ្សាយ​របាយការណ៍​វាយតម្លៃ​មួយ​កាលពី​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០២១ ដោយ​ថា កម្ពុជា​គឺ​ជា​គោលដៅ​នៃ​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​ប្រើប្រាស់​សម្រាប់​ចរាចរណ៍ ផលិត និង​ចែកចាយ​គ្រឿងញៀន ហើយ​បើ​ទោះបីជា​មាន​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ Covid-19 ក្តី ប៉ុន្តែ​ការ​ចរាចរ ផលិត និង​ចែកចាយ​គ្រឿងញៀន​មិន​មាន​ការ​ថយ​ចុះ​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស